អ្នកអភិរក្សមច្ឆជាតិនៅទន្លេមេគង្គ និងទន្លេសាប ព្រួយបារម្ភពីវិនាសសកម្មពូជត្រីសំខាន់ៗ ខណៈទិន្នផលត្រីទឹកសាបបានថយចុះជាបន្តបន្ទាប់ស្ទើរ ជារៀងរាល់ឆ្នាំ។ ពួកគេអំពាវនាវប្រជាពលរដ្ឋទូទៅ និងអ្នកពាក់ព័ន្ធ ជួយទប់ស្កាត់ការនេសាទត្រីខុស ច្បាប់ បញ្ឈប់ ការទិញលក់ និង ឈប់ទទួលទានត្រីពងកូន ដែលជាប្រភពមេពូជដ៏សំខាន់ តាមរយៈអត្ថបទកំណាព្យស្ដីពី «ទំនួញមច្ឆជាតិ»។
សកម្មជនបរិស្ថាន និងជាអ្នកអភិរក្សមច្ឆជាតិ លោក ថាច ថាណារ៉ា បានជ្រើសរើសមធ្យោបាយប្រឆាំងការនេសាទត្រីខុសច្បាប់ ការទិញលក់ និងការទទួល ទានត្រីពងកូន នេះតាមរយៈអត្ថបទកំណាព្យរបស់លោក និងបានផ្សព្វផ្សាយក្នុងគេហទំព័រ និងបណ្ដាញសង្គមហ្វេសប៊ុករបស់អង្គការមិនរដ្ឋាភិបាលជាតិ និងអន្តរជាតិ។
លោក ថាច ថាណារ៉ា បានបង្ហាញពីមូលហេតុ ដែលនាំឱ្យលោកសរសេរអត្ថបទជាពាក្យកាព្យនេះឡើង គឺដោយសារលោកបានឃើញផ្ទាល់ភ្នែកនូវការហិនហោចពូជត្រី តាមរយៈការចាប់ត្រីមេពូជដែលកំពុងតែពងកូន នៅពេលលោកចុះសិក្សាស្រាវជ្រាវអំពីពូជត្រីនៅតាមដងទន្លេមេគង្គ និងដើរតាមទីផ្សារជាច្រើន ឃើញនៅមាននិន្នាការទិញលក់និងបរិភោគត្រីពង ក្នុងរយៈពេលប្រមាណ២០ឆ្នាំដែលលោកបានធ្វើការងារជាអ្នកអភិរក្សមច្ឆជាតិកន្លងមកនេះ មិនមានការថមថយចុះឡើយ។លោកបានដាក់ចំណងជើងអត្ថបទកំណាព្យរបស់គាត់នោះថា «ទំនួញមច្ឆជាតិ» ក្នុងន័យអប់រំឱ្យមានការអាណិតអាសូរដល់ត្រី និងលះបង់គំនិតចង់ទទួលទានតែត្រីពង និងសូមឱ្យបញ្ឈប់ការចាប់ត្រីពងមកលក់ដូរតទៅទៀត៖ «ខ្ញុំធ្វើការខាងហ្នឹងអ៊ីចឹងនឹកឃើញស្ដាយត្រី ដូចខ្ញុំចុះទៅខាងស្ទឹងត្រែងឃើញអ្នកនេសាទ ពួកគាត់ចាប់បានត្រីមេពូជសុទ្ធតែពងពេញពោះមកលក់ ហើយអ្នកទិញក៏ទិញមកទទួលទានដោយឥតស្ដាយស្រណោះពីការបាត់បង់ពូជត្រី ដល់អ៊ីចឹងខ្ញុំស្ដាយ ក៏សរសេរអត្ថបទកំណាព្យអំពី «ទំនួញមច្ឆជាតិ»។
អត្ថបទកំណាព្យស្ដីពី« ទំនួញមច្ឆជាតិ» ដែលចុះផ្សាយលើគេហទំព័របណ្តាញ ត្រីទន្លេមេគង្គ ឬហៅថា Mekomh Fish Network និងមានចែកចាយបន្តលើបណ្ដាញសង្គម ជាច្រើនផងនោះមានអត្ថន័យ និងខ្លឹមសារដើមដូច្នេះថា៖
អស់ឱមនុស្សលោកអើយ ចុះហេតុម្តេចឡើយអ្នកមិនប្រណី ខ្ញុំប្រឹងត្រដររស់ ពពោះពង ក្នុងផ្ទៃ លោកមិនប្រណី អភ័យដោះលែង តាមចាប់ប្រល័យឱ្យ សូន្យសង្ខារ ខុស ច្បាប់មាត្រាដែលបានកំណត់អ្នកចាប់ស្វះស្វែងប្រឹងរក គ្រប់ច្រក កន្លែង តំបន់ការពារ មិនខ្លាចរអែង ជលផលឡើយណា គិតតែអាត្មាមិនខ្វល់ឡើយ ណាពីការបាត់បង់ នាំគ្នាប្រឹងចាប់ អូសឆក់ ត្រជាក់ក្ដី ដើម្បីតម្រូវនៅលើទីផ្សារ។
អ្នកផ្សារប្រឹងលក់អួត ស្រែកលក់ក្តែងៗ អួតគេអួតអែងថា ត្រីពងមានជាតិ ចាប់ពីទន្លេ មេគង្គធម្មជាតិ សែនមានរសជាតិត្រីពងពេញពោះ ត្រីតូចត្រីធំពងពេញ ទាំងអស់ មិនដែលគិតសោះ ជិតវិនាសអស់មច្ឆាធម្មជាតិត្រីតូចត្រីធំ លើដៃប្រណមសំពះអង្វរ មេត្តាលើកលែងខ្ញុំទៅទុកពូជបន្ត តែចិត្តអមនុស្សធម៌ មិនប្រណីឡើយ មិនដែលគិតថា រក្សាវាទុកទៅថ្ងៃខាងមុខនៅបន្ត។
ចំណែកអ្នកទិញ ប្រញាយគ្នាទិញ ត្រីតូចត្រីធំត្រីពេញក្រមុំ ត្រីពងពេញពោះ សែនអរកន្លង អួតប្រាប់អ្នកផង មានរសជាតិឆ្ងាញ់ មិនបានរិះគិតថា ពុំចំណេញ ដណ្ដើមគ្នាទិញត្រីណាមានពង មិនគិតក្រែងថា ពងនោះឯងមានប៉ុន្មានទៅ មួយលានពីរលានរាប់ម្ដេចអស់ទៅ បើទុកវារស់នៅ ពេលពងញ៉ាស់ទៅតើច្រើនយ៉ាងណា បើទុកវារស់នៅ បន្តកូនចៅនៅក្នុងជលសារ សំបូរក្រៃណានៅក្នុងធម្មជាតិ បើយើងឈប់ទិញ អ្នកលក់មិនចំណេញ អ្នកចាប់សែនស្តាយ ឈប់ប្រឹងចំណាយស្វែងចាប់ពួកវា ខាតទាំងប្រេងសាំងខាតទាំងវេលា ខុសច្បាប់នានាលាលែងប្រព្រឹត្ត។
កូនអើយកូនមាសម្តាយ កូនកើតញាស់មកហើយ ម្តាយសប្បាយចិត្តពេកក្រៃ សង្ឃឹមថា កូនមាសស្ងួនពីសី ឆាប់ធំពេញវ័យបំពេញទីផ្សារ បម្រើមនុស្សលោកធ្វើជាអាហារ តែគួរអនិច្ចា កូនត្រូវមរណា ដោយមនុស្សចិត្តអប្រិយ លបលួចពួនស្ទាក់ ស្បៃមុងប្រល័យ មិនទាន់ពេញវ័យ តាមច្បាប់កំណត់ទន្លេបឹងបួ ស្ទឹងអូរពួនស្ទាក់ ចាប់មកប្រឡាក់ ធ្វើផ្អកត្រីនុយ មិនដែលធ្វើតាម ច្បាប់រដ្ឋបានហាម រដូវត្រីពងកូន វស្សាហាមឃាត់ ១មិថុនាកំណត់ ដោយច្បាប់រដ្ឋា ស្បៃមុងអួនអូស សន្ទូចឆៃរា នាមម៉ាញ់ ផងណា ហាមជាដាច់ខាត។
អង្គការបណ្ដាញ ត្រីទន្លេមេគង្គ ដែលជាបណ្ដាញតំបន់ទន្លេមេគង្គ ធ្វើការងារគាំទ្រដល់ដៃគូអភិរក្សបរិស្ថាន ជាពិសេសផ្ដោតលើការរក្សា ការពារពូជត្រីនៅអាងទន្លេមេគង្គ និងដើម្បីកសាងសមត្ថភាពបច្ចេកទេស និងបង្កើនការទំនាក់ទំនងផ្នែកវិទ្យាសាស្ត្រនៅក្នុងតំបន់បរិស្ថានចម្រុះ និងផលិតភាព បានសរសេរបញ្ជាក់នៅចុងបញ្ចប់នៃអត្ថបទកំណាព្យ «ទំនួញមច្ឆជាតិ» ថា៖ ប្រជានេសាទគ្រប់គ្នា រួមទាំងអ្នកទិញ អ្នកលក់ដូរផង គួរប្រលែងត្រីណាដែលមានពងកូនទៅវិញ ដើម្បីរក្សាវា ទុកដូចជាជង្រុកត្រីដែលចាប់មិនចេះអស់។
អង្គការដដែលនេះ ក៏បានសរសេរទៀតថា លោក ថាច ថាណារ៉ា គឺជាបុគ្គលឆ្នើម ប្រចាំឆ្នាំ២០១៨ -២០១៩ ក្នុងការអភិរក្សតំបន់ទន្លេមេគង្គដែលបានជ្រើសរើសដោយ គម្រោង«អច្ឆរិយភាពនៃទន្លេមេគង្គ»។
អនុប្រធាន វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍជលផលទឹកសាប នៃរដ្ឋបាលជលផល លោក តុប ចាន់អូន បានឱ្យអាស៊ីសេរី ដឹងពីជីវិត លោក ថាច ថាណារ៉ា ដែរថា ស្ទើរតែជិតពាក់កណ្តាលនៃជីវិតរបស់លោក គឺលោករស់នៅ និងធ្វើការងារជាមួយបរិស្ថាន ដោយអភិរក្ស និងការពារសម្បត្តិធម្មជាតិកុំឱ្យបាត់បង់ ក្នុងនោះរួមមានការងាររក្សាការពារពូជត្រីធម្មជាតិជាដើម៖ «និយាយរួមគាត់ជាអ្នកលះបង់លើការងារហ្នឹងច្រើនមែនទែន គ្រាន់តែឃើញរូបភាពលើបណ្ដាញសង្គមដឹងហើយ គឺគាត់ចុះទឹក ហែលទឹកចាប់ត្រី ដាក់ស្លាកហើយលែងទៅវិញ ក្នុងជាមន្ត្រីជើងចាស់មួយរូប គឺកម្រមានមន្ត្រីណាអាចធ្វើបាន នេះចង់និយាយពីការងារអភិរក្សធនធានធម្មជាតិរបស់គាត់ ...»។
ចំណែក លោក ថាច ថាណារ៉ា ផ្ទាល់វិញ ក៏បានបញ្ជាក់ដែរថា ការខិតខំរបស់គាត់នេះ ដោយសារលោកមិនអាចបិទភ្នែកមើលរំលងនូវទម្លាប់អាក្រក់របស់អ្នកនេសាទ និងអ្នកចូលចិត្តទទួលទានត្រីពងកូនមួយចំនួនធំ ដោយមិនគិតពីវិនាសសកម្មមច្ឆជាតិទៅថ្ងៃអនាគត ដើម្បីបម្រើមហិច្ឆតាចង់មានបានដោយកេងចំណេញពីធនធានធម្មជាតិ និងដើម្បីភាពឆ្ងាញ់តែមួយពេល៖ «អ្នកនេសាទ អត់គិតពីភាពហិនហោចពូជត្រីទេ គឺគាត់គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន អត់សោកស្ដាយ អត់គិតថា ជួយការពារឱ្យពូជមច្ឆាជាតិឱ្យនៅគង់វង្សបានយូរអង្វែងនោះឡើយ»។
លោកបន្តថា អ្វីដែលសោកស្ដាយ និងអំពាវនាវឱ្យឈប់ ចាប់ លក់ និងទទួលទានត្រីពងនេះ ព្រោះមកដល់ពេលនេះនៅតែមានអ្នកគិតមិនដល់អំពីទង្វើរបស់ខ្លួនក្នុងការចូលរួមធ្វើឱ្យហិនហោចពូជត្រីធ្ងន់ធ្ងរដោយផ្ទាល់ និងប្រយោល៖ «តាមខ្ញុំសិក្សាមើលទៅ គឺត្រីមួយដែលមានពង អាចមានកូនពី៧០ម៉ឺន ទៅមួយលានកូនចំពោះត្រីឆ្កោក ត្រីកំពូលបាយ ត្រីសណ្ដាយ ត្រីប្រាអីហ្នឹង គឺពងវាច្រើន អ៊ីចឹងយើងហូបមេវាមួយគឺស្មើនឹងយើងហូបត្រី៥០ម៉ឺនក្បាលអ៊ីចឹង»។
លោក ថាច ថាណារ៉ា ក៏ចង់ឱ្យប្រព័ន្ធផ្សព្វផ្សាយនានា ជាពិសេសបណ្ដាញសង្គមហ្វេសប៊ុក មេត្តាជួយបង្ហាញពីផលប៉ះពាល់ នៃការទទួលទានត្រីពង ដើម្បីជំរុញ និងលើកទឹកចិត្តអ្នកដែលធ្លាប់និយមបរិភោគត្រីពងឱ្យផ្លាស់ប្ដូរគំនិតចាស់ចោល និងឱ្យធ្វើពហិការជាបន្ទាន់ ហើយងាកមកចូលរួមអភិរក្សពូជត្រីឱ្យគង់វង្សបានយូរអង្វែងទៅមុខទៀត និងទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់នូវពូជត្រីសំខាន់ៗរបស់ខ្មែរ៖ «បើមានការផ្សព្វផ្សាយបន្តអំពីអត្ថបទទំនួញមច្ឆជាតិនេះ ខ្ញុំសប្បាយចិត្ត ព្រោះចង់ឱ្យពលរដ្ឋ និងអ្នកពាក់ព័ន្ធនានាបានយល់អំពីទំនួញមច្ឆាជាតិហ្នឹងវាយ៉ាងម៉េច យើងចាប់តាំងពីមេ ចាប់ទាំងកូន រហូតពេញវ័យចាប់ទៀត ចាប់ទាល់តែអស់អញ្ចឹងបើរដ្ឋបានយល់ដឹងឱ្យគាត់បានជួយថែរក្សាទុកឱ្យកូនខ្មែរជំនាន់ក្រោយ បានស្គាល់ពូជត្រីខ្មែរថា មានប្រភេទត្រីអ្វីខ្លះ ដូចជាប្រភេទត្រីតូចៗ ត្រីធំៗ ត្រីអីខ្លះដែលជិតផុតពូជ ត្រីអ្វីខ្លះដែលជាប្រភេទត្រីកម្រ ចាំបាច់ត្រូវការពារជាដើម»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
