ផល​ត្រី​កើន​ឡើង​ក្រោយ​សហគមន៍​នេសាទ​ខេត្ត​បាត់ដំបង​រួមគ្នា​អភិរក្ស​បឹង​នៅ​ឯកភ្នំ

ដោយ មួង ណារ៉េត
2019-01-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ឧបករណ៍​នេសាទ​ត្រី​ឈ្មោះ​ណរ៉ាវ នៅ​តំបន់​អភិរក្ស​ភូមិ​ថ្វាង ឃុំ​កោះជីវាំង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៥
ឧបករណ៍​នេសាទ​ត្រី​ឈ្មោះ​ណរ៉ាវ នៅ​តំបន់​អភិរក្ស​ភូមិ​ថ្វាង ឃុំ​កោះជីវាំង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៥
Photo Provided

ប្រជាពលរដ្ឋ​មួយ​ក្រុម រួមគ្នា​ចងក្រង​សហគមន៍​នេសាទ ដើម្បី​អភិរក្ស​ត្រី ដោយ​បាន​ជ្រើស​យក​បឹង​មួយ​កន្លែង នៅ​ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ធ្វើ​ការ​អភិរក្ស។ អ្នកភូមិ​បាន​ចំណាយ​ពេល​ជាង ១០​ឆ្នាំ ធ្វើ​ឱ្យ​សហគមន៍​របស់​ពួកគាត់ ទទួល​បាន​ជោគជ័យ ហើយ​មានឈ្មោះ​ល្បី​ជាងគេ​ក្នុង​ខេត្ត​បាត់ដំបង ដោយសារ​កំណើន​ត្រី​បាន​កើន​ឡើងជា​បន្តបន្ទាប់ ហើយ​នៅ​ឆ្នាំ​២០១៩​នេះ ធនធាន​មច្ឆា​ជាតិ​សំបូរ​ជាង​ឆ្នាំ​មុនៗ។

តើ​សហគមន៍​មួយ​នេះ​មាន​របៀប​ធ្វើការ​យ៉ាងណា​ទើប​ពួកគាត់​ទទួលជោគជ័យ​ដូច្នេះ?

ប្រជា​សហគមន៍​នេសាទ នៅ​ស្រុក​ឯក​ភ្នំ លើកឡើង​ថា បញ្ហា​សំខាន់​ដំបូង គឺ​ពួកគាត់​យល់​អំពី​សារៈសំខាន់ នៃ​ធនធាន​មច្ឆា​ជាតិ ដែល​ជួយ​ឱ្យ​ប្រជាពលរដ្ឋ រស់នៅ​តំបន់​នោះ អាច​រក​ប្រាក់​ចំណូល ពី​របរ​ធ្វើ​នេសាទ​ត្រី ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​បាន។ ម្ល៉ោះហើយ បានជា​ពួកគាត់​លះបង់​កម្លាំង​កាយ​កម្លាំង​ចិត្ត និង​ពេលវេលា ដោយ​មិន​គិត​ការ​នឿយ​ហាត់ ថែរក្សា​បឹង​អភិរក្ស​នេះ។

ប្រធាន​សហគមន៍​នេសាទ​ស្ដីក្រោម​រហាល​សួង លោក ភី ហឿន រៀបរាប់​ឱ្យ​ដឹង​ថា ពួកគាត់​ឃើញ​ចំនួន​ត្រី នៅ​តំបន់​បឹង​ទន្លេសាប ចេះតែ​ថយ​ចុះ​ជា​រៀងរាល់​ឆ្នាំ ហើយ​ប៉ះពាល់​ដល់​របរ​ធ្វើ​នេសាទ​ត្រី របស់​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ឯក​ភ្នំ ដែល​ធ្វើ​ឱ្យ​ពួកគាត់ មិន​អាច​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​បាន។ លោក​បន្ត​ថា ដោយ​ការ​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ពូជ​ត្រី អស់ពី​តំបន់​បឹង​ទន្លេសាប​ផង និង​ខ្លាច​ប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ ដល់​ជីវភាព​របស់​ពលរដ្ឋ​រស់នៅ​តំបន់​នោះ​ផង ទើប​ពួកគាត់​បាន​ប្រមូល​គ្នា​ចងក្រង ធ្វើជា​សហគមន៍​នេសាទ នៅ​ឆ្នាំ​២០០៣ ដោយ​ជ្រើស​យក​បឹងរាំង​ពេន៣ត ក្នុង​ឃុំ​ព្រែកហ្លួង ស្រុក​ឯកភ្នំ ធ្វើជា​ចំណុច​គោលដៅ ព្រោះ​មាន​ទីតាំង នៅ​ជាប់​ព្រៃ​លិចទឹក ដែល​ងាយស្រួល ក្នុង​ការ​ទាក់ទាញ​ត្រី​គ្រប់​ប្រភេទ អាច​មក​រស់នៅ​ទីនោះ​បាន។ លោក​ថា បឹង​នេះ​ដំបូង​ឡើយ​មាន​ផ្ទៃ​ទឹក មិន​ដល់​កន្លះ​ហិកតារ​នោះ​ទេ ហើយ​ទឹក​ក៏​រាក់​ទៀត ដូច្នេះ​មិនសូវ​មាន​ត្រី​រស់នៅ​នោះ​ទេ។ ក្រោយមក​ពួកគាត់​ក៏បាន​ផ្សព្វផ្សាយ​រក​ជំនួយ ទៅ​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ដែល​ស្រលាញ់​ធនធាន​ធម្មជាតិ យក​មក​ស្ដារ​បឹង​នេះ​បន្តិច​ម្ដងៗ​។ រហូត​មក​ទល់​សព្វថ្ងៃ​នេះ បឹង​នេះ​មាន​ផ្ទៃ​ទឹក​ជិត ២​ហិកតារ និង​មាន​ជម្រៅ​ប្រមាណ​៣​ម៉ែត្រ៖ «យើង​ស្ដារ​បឹង​ជម្រៅ​ប៉ុណ្ណា​ត្រី​ក៏​កើន​ឡើង​ទៅ​តាម​ទំហំ​នោះ​ដែរ ហើយ​ទឹក​ខែវស្សា​ឡើង​វា​លិច​ទទួល​ទឹក​បាន​ធម្មតា តូច​ក៏​ប៉ុណ្ណឹង​ធំ​ក៏​ប៉ុណ្ណឹង ដោយសារ​នៅ​ទីនោះ​វា​ជា​ព្រៃ​លិច​ទឹក ដូច្នេះ​ទឹក​ក្នុង​ដែន​អភិរក្ស​អំឡុង​ខែ​នេះ​ទឹក​ល្អ មិន​មាន​ធ្វើ​ឱ្យ​ត្រី​ពុល​អី​អត់​ទេ»

ប្រធាន​សហគមន៍​រូប​នេះ បន្ថែម​ទៀត​ថា ពួកគាត់​មាន​សមាជិក​ជាង​១០​នាក់ ដោយមាន​ផែនការ​ច្បាស់ ហើយ​មនុស្ស​យាម​ការពារ​បឹង​អភិរក្ស ទាំង​រដូវប្រាំង​នឹង​រដូវវស្សា។ ហើយ​ចាប់ពី​ឆ្នាំ​២០១០​មក ចំនួន​ត្រី​ក៏បាន​កើន​ឡើងជា​បន្តបន្ទាប់ ដោយ​ដំបូង​ឡើយ​បឹង​នេះ មាន​ត្រី​ប្រមាណ​១០០​គីឡូក្រាម ក្នុង​មួយ​ឆ្នាំ បាន​កើន​ឡើង​ដល់​ជាង ៥​តោន ក្នុង​មួយ​ឆ្នាំ ហើយ​ភាគច្រើន​ជា​ប្រភេទ​ត្រី​មេ​ពូជ ជាច្រើន​ប្រភេទ ដូចជា​ត្រី​អណ្ដែង ត្រី​រ៉ស់ ឆ្ពិន ឆ្ដោរ ក្រាញ់ និង​ត្រី​សណ្ដាយ​ជាដើម ក៏បាន​កើត​ចំនួន​ជា​បន្តបន្ទាប់៖ «ត្រី​ដែល​កើន​ឡើង​ឆ្នាំនេះ​យើង​មើល​ទៅ​ឃើញ​មាន​ត្រី​ដៀប ត្រី​ឆ្ដោរ​ច្រើនជាង​រាល់​ឆ្នាំ ហើយ​បន្ទាប់​មក​ទៀត​មាន​ត្រី​ឆ្លាត​ក៏​កើន​ឡើង​ដែរ និង​ត្រី​ឆ្ពិន ដែល​កន្លង​មក មិន​ដែល​មាន​ឆ្នាំនេះ​កើន​ជាង​រាល់​ឆ្នាំ​ដែរ»

ចំណែក​តំណាង​សហគមន៍​ម្នាក់ទៀត លោក ច្រិច ធឿន ថ្លែង​ឱ្យ​ដឹង​ថា ទម្រាំ​បាន​ជោគជ័យ​នេះ ពួកគាត់​បាន​ប្រឹក្សា ផ្លាស់ប្ដូរ​យោបល់​គ្នា​ជាប្រចាំ ដើម្បី​ការពារ​ត្រី នៅ​ក្នុង​ដែន​អភិរក្ស​ឱ្យ​បាន​គង់វង្ស ព្រោះ​ដំបូង​ឡើយ ប្រជាពលរដ្ឋ​មិន​មាន​ការ​យល់ដឹង អំពី​អត្ថប្រយោជន៍​តំបន់​អភិរក្ស​នោះ​ទេ ហើយ​ពួកគាត់​បាន​នាំគ្នា លួច​ធ្វើ​នេសាទ​នៅ​តំបន់​អភិរក្ស​ជា​ញឹកញាប់ ធ្វើ​ឱ្យ​ពួកគាត់​មានការ​លំបាក​យ៉ាង​ខ្លាំង ក្នុង​ការ​អភិរក្ស ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០១០​មក ពួកគាត់​ក៏បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដោយ​បាន​អប់រំ​ពលរដ្ឋ​ឱ្យ​យល់ដឹង​ពី​សារសំខាន់​ពី​ការ​អភិរក្ស​នេះ ហើយ​ក្រោយមក​អ្នកភូមិ ក៏បាន​ចូលរួម​ការពារ​បឹង​អភិរក្ស​ជាមួយ​សហគមន៍​រហូត​មក៖ «ខ្ញុំ​ចេះតែ​ជួយ​ហាម​ថាបើ​បងប្អូន​លះបង់​មិន​បានទេ សូម​ទៅ​នេសាទ​ឱ្យ​ឆ្ងាយ​ពី​កន្លែង​អភិរក្ស បើ​កន្លែង​នេះ​អត់​បានទេ ព្រោះ​បើ​ចាប់​បាន​អត់​មាន​ស្គាល់​គ្នា​គេ​គ្នាឯង​ទេ គឺ​បញ្ជូន​ទៅ​ដោះស្រាយ​នៅ​តុលាការ​ហើយ។ ត្រី​ឆ្ដោរ​មាន​ដល់​ទម្ងន់ ៧​កន្លែង​មួយ​ក្បាល​ក៏​មាន ព្រោះ​ខ្ញុំ​ឃើញ​វា​លោត​ម្ដងម្កាល​ពេល​វា​ផ្អើល​មនុស្ស ហើយ​អា​មួយ​ក្បាល​ទម្ងន់ ៥​គីឡូ​និង​៦​គីឡូក្រាម​ក៏​មាន​ដែរ»

ក្រៅពី​អភិរក្ស​ត្រី សហគមន៍​មួយ​នេះ ក៏បាន​អភិរក្ស​ព្រៃ​លិច​ទឹក នៅ​តំបន់​នោះ​ជាច្រើន​ហិកតារ​ដែរ ដើម្បី​ជា​ជម្រក​ដល់​សត្វ​ស្លាប និង​ធនធាន​មច្ឆា​ជាតិ បាន​រស់នៅ។

សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ព្រែកហ្លួង លោក ហួម កុសល មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​ថា សព្វថ្ងៃ​នេះ​បឹង​នេះ មាន​ត្រី​កើន​ឡើង​ដល់​ទៅ​ជាង ១០​តោន និង​ជាទី​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ដែល​ស្រលាញ់​ធនធាន​ធម្មជាតិ ទៅលេង​កម្សាន្ត​ប្រចាំ​ទៀត​ផង ព្រោះ​នៅ​លើ​ផ្ទៃ​បឹង​មាន​ត្រី​តូច​ធំ លោត​លើទឹក​យ៉ាង​ច្រើន​កកកុញ ជាពិសេស​ចន្លោះ​ពី​ខែ​ធ្នូ រហូតដល់​រដូវ​ទឹក​ឡើង។ លោក​អះអាង​ថា ការ​ជោគជ័យ​នេះ ដោយសារ​ការ​សាមគ្គី​របស់​ពលរដ្ឋ​ក្នុង​សហគមន៍ អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដោយ​មិន​ប្រកាន់​និន្នាការ​គណបក្ស​នយោបាយ៖ «ព្រោះ​អី​ខ្ញុំ​ក៏​ជា​ប្រជាពលរដ្ឋ​ម្នាក់​ដែរ ក្នុង​នាម​ខ្ញុំ​ជា​អាជ្ញាធរ​ខ្ញុំ​ស្រលាញ់​ធនធានធម្មជាតិ ដូច្នេះ​ខ្ញុំ​មាន​កិច្ចសហការ​ល្អ ហើយ​រាល់​ការដែល​សហគមន៍​ត្រូវការ​ទាំង​ការ​ប្រឈម និង​ការ​ដោះស្រាយ​គឺ​តែងតែ​មាន​អាជ្ញាធរ​ភូមិ​ឃុំ​ចូលរួម។ បើ​និយាយ​ទៅ ក្នុង​ឃុំ​ខ្ញុំ​មិន​មាន​បញ្ហា​បទល្មើស​នេសាទ​ទេ បើ​មាន​ជា​លក្ខណៈ​តូចតាច​ដូច​ដាក់​ស្បៃ មុង​និង​ឆក់​អី​មាន​ខ្លះ ព្រោះ​ក្នុង​សហគមន៍​មាន​គ្នា​ជាង ១០​នាក់ ហើយ​គាត់​អត់​មាន​ថវិកា ហើយ​គាត់​មានតែ​ទឹកចិត្ត​ដូច្នេះ​ហើយ​មាន​កន្លែង​ខ្លះ​ចន្លោះ»

លោក​បន្ថែម​ទៀត​ថា ទៅ​ថ្ងៃ​អនាគារ​សហគមន៍​គ្រោង​ពង្រីក​ផ្ទៃដី​បឹង​អភិរក្ស ឱ្យ​បាន ៥០​ហិកតារ និង​ផ្ទៃ​ដី​ព្រៃ​លិច​ទឹក ឱ្យ​បាន​ប្រមាណ ១​ពាន់​ហិកតារ​ក្នុង​ពេល​ឆាប់ៗ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បាត់ដំបង លោក យិន ម៉េងលី លើកឡើង​ថា សហគមន៍​មួយ​នេះ ទទួល​បាន​ជោគជ័យ​ជាងគេ ក្នុង​ចំណោម​សហគមន៍​ជាច្រើន​ទៀត នៅ​ក្នុង​ខេត្ត​បាត់ដំបង។ លោក​ថា ការ​ជោគជ័យ​នេះ​ដោយសារ​ការ​លះបង់​ខ្ពស់ របស់​ពលរដ្ឋ​ក្នុង​សហគមន៍ ព្រោះ​ពួកគាត់​ចំណាយ​កម្លាំងកាយ​ចិត្ត និង​ពេលវេលា ដោយ​មិន​មាន​ប្រាក់ខែ​នោះ​ទេ។ លោក​បន្ត​ថា កន្លែង​ផ្សេងទៀត ដែល​មិន​បាន​ជោគជ័យ ដោយសារ​ខ្វះ​ការ​សាមគ្គី នៅ​ក្នុង​សហគមន៍ ដោយសារ​មកពី​បញ្ហា​ជីវភាព​ផង និង​ការ​មិន​យល់​ពី​ប្រយោជន៍​រួម នៅ​ក្នុង​សហគមន៍​ផង ជាពិសេស​ខ្វះ​កិច្ចសហការ​ពី​អាជ្ញាធរ​មូលដ្ឋាន៖ «ខ្ញុំ​គ្រាន់តែ​ចង់​បញ្ជាក់​ថា អស់លោក​ដែល​ជា​អាជ្ញាធរ ជា​សមត្ថកិច្ច​ជំនាញ អស់លោក​មាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ ចំណែក​សហគមន៍​គាត់​មិន​មាន​ទេ គាត់​មានតែ​ឆន្ទៈ​ទេ ដូច្នេះ​សូម​ឱ្យ​អស់លោក​ធ្វើការ​ពិនិត្យ​ឡើងវិញ​ដែល​ជា​មន្ត្រី​ជា​អ្នក​បម្រើ​រាស្ត្រ​នោះ​សូម​ឱ្យ​អស់លោក​ចេះ​ខ្មាសអៀន​សហគមន៍​ផង ព្រោះ​គាត់​មាន​ឆន្ទៈ តែ​អស់លោក​មានមុខ​តំណែង​មិន​ធ្វើ​ការងារ»

សហគមន៍​នេសាទ​ស្ដី​ក្រោមរហាលសួង មាន​ទីតាំង​ក្បែរ​ដងស្ទឹងសង្កែ ប៉ែក​ខាងក្រោម ស្ថិត​ក្នុង​ភូមិ​កាច់​រទេះ ឃុំ​ព្រែកហ្លួង ស្រុក​ឯកភ្នំ និង​មាន​ចម្ងាយ​ប្រមាណ ២៥​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត​បាត់ដំបង។

ប្រធាន​សហគមន៍​លោក ភី ហឿត អះអាង​ថា ត្រី​តំបន់​អភិរក្ស​ទាំងនោះ ជា​ត្រី​មេពូជ នៅ​រដូវ​ទឹក​ឡើង ដែល​មាន​ទឹក​លិច​បឹង និង​ទីវាល​នៅ​តំបន់​នោះ ហើយ​ត្រី​មួយ​ចំនួន​ធំ ក៏បាន​ចេញពី​បឹង​ទៅ​បន្ត​ពូជ​នៅ​តំបន់​ផ្សេង ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ អាច​ធ្វើ​នេសាទ​រក​ប្រាក់​ចំណូល​បាន។ លោក​បន្ត​ថា បើ​ទោះ​ជា​សហគមន៍​មួយ​នេះ មាន​កំណើន​ត្រី​ច្រើន​ក៏ដោយ ក៏​សហគមន៍​មិនទាន់​គ្រប់គ្រាន់ ក្នុង​ការ​អភិវឌ្ឍន៍​នៅ​ឡើយ​ទេ គឺ​សហគមន៍ ត្រូវការ​ពង្រីក​អភិរក្ស​បឹងរាំង​ពេន៣ត​នេះ ឱ្យ​បាន​ធំ​ថែមទៀត ដើម្បី​ឱ្យ​មាន​គម្រប​បឹង​កាន់តែ​ធំ ដែល​អាច​អភិរក្ស​ត្រី បាន​ច្រើនជាង​មុន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល