សហគមន៍​នេសាទ​ត្រើយកោះ​ខេត្ត​កំពត​ប្រឈម​នឹង​បញ្ហា​ខ្វះ​ស្បៀង

ដោយ វោហារ ជាតិ
2014-12-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​នេសាទ​សហគមន៍​ត្រើយកោះ នេសាទ​ត្រី​​នៅ​ព្រែក​មួយ​ក្បែរ​ក្រុង​កំពត កាល​ពី​ថ្ងៃ​ទី​១០ ធ្នូ ឆ្នាំ​២០១៤។
អ្នក​នេសាទ​សហគមន៍​ត្រើយកោះ នេសាទ​ត្រី​​នៅ​ព្រែក​មួយ​ក្បែរ​ក្រុង​កំពត កាល​ពី​ថ្ងៃ​ទី​១០ ធ្នូ ឆ្នាំ​២០១៤។
RFA/Vohar Cheath

ប្រជា​នេសាទ​សហគមន៍​ត្រើយកោះ ខេត្ត​កំពត កំពុង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​បទល្មើស​នេសាទ​ដែល​ពួក​គាត់​អះអាង​ថា កំពុង​កើត​មាន​យ៉ាង​អានាធិបតេយ្យ​លើ​ផ្ទៃ​សមុទ្រ ធ្វើ​ឲ្យ​ពួកគាត់​រស់​នៅ​ពឹង​ពាក់​លើ​តែ​ការ​ប្រកប​របរ​នេសាទ​ចិញ្ចឹម​ជីវិត មិន​អាច​នេសាទ​បន្ត​ទៅ​ទៀត​បាន​ទៅ​អនាគត ព្រោះ​ជលផល​សមុទ្រ​ថយ​ចុះ​ដោយសារ​ការ​នេសាទ​ខុសច្បាប់ ដូច​ជា​ប្រើ​ឧបករណ៍​ឆក់​ធ្វើ​ឲ្យ​ផុត​ពូជ​ត្រី។

សហគមន៍​ត្រើយកោះ​ស្ថិត​លើ​មាត់​ព្រែក​ដៃ​សមុទ្រ​មួយ​ក្បែរ​ក្រុង​កំពត ដែល​មាន​ប្រជា​នេសាទ​​ប្រមាណ ៥០០​គ្រួសារ ភាគ​ច្រើន​រស់​នៅ​ពឹង​ផ្អែក​លើ​របរ​នេសាទ​សមុទ្រ។

ជា​ទម្លាប់​ប្រចាំ​ថ្ងៃ ប្រជា​សហគមន៍​ដែល​ភាគច្រើន​ជា​ជនជាតិ​ចាម​មួយ​នេះ នាំ​គ្នា​បើក​ទូក​ចេញ​ពី​ភូមិ​មាត់​ព្រែក ទៅ​នេសាទ​នៅ​សមុទ្រ​រាល់ៗ​ល្ងាច ហើយ​ត្រឡប់​វិញ​ពេល​ព្រឹក។ កន្លង​មក​ពួក​គាត់​តែង​ដឹក​ត្រី បង្គា មឹក ដែល​នេសាទ​បាន​ត្រឡប់​មក​ផ្ទះ​វិញ ឲ្យ​ប្រពន្ធ​កូន​ដែល​រង់​ចាំ​នៅផ្ទះ​ដើម្បី​យក​ទៅ​លក់។ ក៏​ប៉ុន្តែ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពួក​គាត់​ខ្លះ​ត្រឡប់​មក​ផ្ទះ​វិញ​ទូក​ទទេ​ក៏​មាន ព្រោះ​នេសាទ​មិន​បាន។

សំឡេង​ត្អូញត្អែរ​រួម៖ «អត់​មាន ព្រោះ​ពេល​ហ្នឹង​ឆក់​ច្រើន​ពេក ពួក​ខ្ញុំ​ទៅ​ចាប់​វា​អត់​អស់​សោះ​មួយ​រយៈ​ហ្នឹង។ អត់​បាន​អី​ផង ចូល​ផ្ទះ​មិន​បាន​ថ្លៃ​ប្រេង​ផង។ ពួក​ខ្ញុំ​ឥឡូវ​ដាច់​បាយ​ហើយ ចត​ទូក​ចោល​មាន​ទៅ​ណា បី​បួន​ថ្ងៃ​ហើយ​អត់​មាន​អ្នក​ណា​ចេញ ចេញ​អត់​រួច​ថ្លៃ​ប្រេង​ផង ជំពាក់​ថ្លៃ​ប្រេង​គេ​ងាប់​ហើយ»

ពួកគាត់​ត្អូញត្អែរ​ថា នេសាទ​មិន​បាន​ដូច្នេះ ព្រោះ​មាន​អ្នក​នេសាទ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​ច្រើន​ពេក ដូច​ជា​ប្រើ​ប្រដាប់​ឆក់​ជាដើម ដែល​បណ្ដាល​ឲ្យ​ជលផល​សមុទ្រ​កាន់​តែ​ខ្សត់​ខ្សោយ។ ពួកគាត់​បាន​និយាយ​ដោយ​ចំហ​ដោយ​ចោទ​អ្នក​នេសាទ​នៅ​ភូមិ​តានេន ក្នុង​ស្រុក​ដំណាក់ចង្អើរ ខេត្ត​កែប ថា​ជា​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ​ប្រើ​ឧបករណ៍​ឆក់​ទាំង​នោះ។

អ្នក​នេសាទ ម៉ាត់ រីម ផ្ទះ​សង់​លើ​មាត់​ព្រែក កំពុង​ចត​ទូក​នៅ​ក្រោយ​ផ្ទះ​ជាមួយ​ទូក​អ្នក​នេសាទ​ដទៃ​ទៀត​បញ្ជាក់​ថា ការ​ប្រើប្រាស់​ឧបករណ៍​ឆក់​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រជា​សហគមន៍​នេសាទ​ដែល​ប្រើ​ឧបករណ៍​ជា​លក្ខណៈ​គ្រួសារ​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ៖ «ប្រើ​ឧបករណ៍​ឆក់​និង​អូស​ទៅ​អស់​ហើយ មួយ​មង​ស្មើ​ខ្ញុំ​អូស​ពីរ​ថ្ងៃ។ ខ្ញុំ​អូស​មួយ​យប់​បាន​បង្គា​ធំ​មួយ​គី​ឡូ ពីរ​គីឡូ​ទេ ពួក​វា​អូស​ប្រើ​ឧបករណ៍​ឆក់​ក្នុង​មួយ​យប់​មួយ​មង ៥-៦-៧ គីឡូ ទៅ ១០​គីឡូ»

ចំណែក​អ្នក​នេសាទ​ម្នាក់​ទៀត គឺ​លោក ឌត ម៉ាត់ បាន​បន្ទរ​បែប​ចំអក​ដាក់​មន្ត្រី​ជលផល និង​អាជ្ញាធរ​ខេត្ត​ថា មិន​រវល់​បង្ក្រាប​បទ​ល្មើស​នេសាទ​ទាំង​នោះ ដែល​បាន​កើត​ឡើង​ដដែល​ជា​ដដែល​អស់​រយៈពេល​ជាង ១០​ឆ្នាំ​មក​ហើយ។

ដែន​នេសាទ​របស់​សហគមន៍​ត្រើយ​កោះ មាន​លើ​ផ្ទៃ​សមុទ្រ​ក្នុង​ខេត្ត​កំពត និង​មួយ​ផ្នែក​ទៀត​ក្នុង​ដែន​សមុទ្រ​ខេត្ត​កែប ដែល​ជា​ដែន​នេសាទ​សាធារណៈ។ ដែន​សមុទ្រ​ក្នុង​ខេត្ត​កែប​នេះ​ហើយ​ដែល​ពួក​គាត់​ចោទ​ថា មាន​បទល្មើស​នេសាទ​ច្រើន​ជាង​គេ ហើយ​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ជលផល​មិន​ចាត់​វិធាន​ការ​បង្ក្រាប។

ក្រៅ​ពី​នេះ​ពួកគាត់​បាន​ចោទ​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​រួម​គំនិត​ទទួល​ប្រាក់​សំណូក​ពី​​អ្នក​នេសាទ​ខុស​ច្បាប់​ទៀត​ផង។ ប្រជា​នេសាទ ឈ្មោះ ព្រំ ឌល់ការីម ឲ្យ​ដឹង​ថា លោក​តែងតែ​រាយការណ៍​ទៅ​មន្ត្រី​ជលផល​អំពី​បទ​ល្មើស​នេះ តែ​លោក​មិន​ឃើញ​មាន​ការ​បង្ក្រាប​សោះ (សំឡេង​រួម)។

ចំណែក​លោក កែវ ម៉ាត់ នឹង​លោក ឌត ម៉ាត់ ក៏​បាន​អះអាង​ប្រហាក់​ប្រហែល​គ្នា​ដែរ៖ «មាន​អ្នក​នៅ​ពី​ក្រោយ​ខ្នង​បទល្មើស​ហ្នឹង​តែម្ដង ប៉ុន្តែ​មិន​ដឹង​លោក​ណា យើង​មិន​ហ៊ាន​ចោទ​គេ។ ប៉ុន្តែ​ខ្ញុំ​ថា​ឲ្យ​អស់​តែម្ដង បើ​អា​ធំ​មិន​ធ្វើ អា​តូច​មិន​ដែល​ហ៊ាន​ធ្វើ​ទេ ខ្ញុំ​ជឿជាក់​អ៊ីចឹង​តែម្ដង។ តាម​ខ្ញុំ​ថា ខ្លះ​គេ​យក​ខែ ខ្លះ​គេ​យក​ថ្ងៃ ព្រោះ​អី​មាន​ខ្សែរយៈ​គេ​ទូរស័ព្ទ​ទៅ​សួរ គេ​ចង់​ដឹង។ … ខ្ញុំ​ដឹង​ខ្លះ​ថា ក្នុង​ទូក​១ ក្នុង​១​ថ្ងៃ ២​ម៉ឺន ក្នុង​ជំនាញ​មួយ មិន​ដឹង​ជំនាញ​ណា​ខ្លះ​ទេ។ ទាំង​អស់​ព្រែក​តានេន បើ​ថា​មាន ១០០​ទូក ដាក់​ឆក់​ទាំង ១០០​ទូក​ហ្នឹង...»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ដំណាង​អ្នក​នេសាទ​ភូមិ​តានេន ស្ថិត​ក្នុង​ខេត្ត​កែប និង​នាយ​ខណ្ឌ​ជលផល ខេត្ត​កំពត លោក សូ សារិន បាន ដើម្បី​សុំ​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​នេះ​ទេ។ ក៏​ប៉ុន្តែ មន្ត្រី​ជល​ផល​ខេត្ត​កែប លោក ចក់ ស៊ីនាថ បាន​ទទួល​ស្គាល់​ថា កន្លងមក​ប្រជា​នេសាទ​នៅ ភូមិ​តានេន បាន​ប្រព្រឹត្ត​បទល្មើស​នេសាទ​នេះ​មែន តែ​ក្រោយមក​អាជ្ញាធរ​ខេត្ត​បាន​ចុះ​បង្ក្រាប និង​បាន​អប់រំ​ពួកគាត់​ឲ្យ​ឈប់​នេសាទ​ប្រើ​ឧបករណ៍​ឆក់​ទៀត​ហើយ៖ «ពាក់ព័ន្ធ​ជាមួយ​បញ្ហា​ហ្នឹង​ដោយសារ​ខាង​យើង​បាន​ផ្សព្វផ្សាយ​ច្បាប់​ជលផល​ដល់​ពួកគាត់ ហើយ​ក៏​យក​ឧបករណ៍​ដុត​ជា​និមិត្តរូប នៅ​ពេល​ដែល​យើង​ផ្សព្វ​ផ្សាយ​ហើយ​ អភិបាល​ខេត្ត​ក៏​បាន​ចុះ​ណែ​នាំ​ច្រើន​ហើយ អធិការកិច្ច​របស់​ខណ្ឌ​គាត់​ចុះ​រាល់​ថ្ងៃ អ៊ីចឹង​វា​អត់​មាន​នរណា​ទៅ​លួច​ធ្វើ​អី​ដាក់​ឧបករណ៍​ដូច​ការ​ចោទ​ប្រកាន់​ទេ ព្រោះ​ថា ពួក​យើង​ចុះ​រាល់​ថ្ងៃ»

ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ថា អាជ្ញាធរ​ជលផល​ឃុបឃិត​បទល្មើស​ជាមួយ​អ្នក​នេសាទ​ខុស​ច្បាប់​នោះ លោក ចក់ ស៊ីនាថ បដិសេធ​ថា ​នោះ​ជា​ការ​យល់​ច្រឡំ ព្រោះ​ថា អាជ្ញាធរ​តែង​ចុះ​បង្ក្រាប​ហើយ​មិន​ដែល​ប្រទះ​ការ​នេសាទ​ខុសច្បាប់​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ ការ​អះអាង​នេះ ត្រូវ​បាន​ប្រជា​នេសាទ​ត្រើយកោះ ឆ្លើយ​តប​ទៅ​វិញ​ថា គឺជា​ការ​អះអាង​មិន​ទទួល​ខុសត្រូវ ​យក​រួចខ្លួន ហើយ​បទ​ល្មើស​នេសាទ​កំពុងតែ​កើតមាន​នៅ​ពាសពេញ​សមុទ្រ​ដដែល។

ប្រធាន​សហគមន៍​នេសាទ​ខេត្ត​កែប លោក ចក់ នី ក៏​បញ្ជាក់​ដែរ​ថា បទ​ល្មើស​នេសាទ​នៅ​ខេត្ត​កែប កំពុង​កើត​មាន​យ៉ាង​អាធិបតេយ្យ តែ​សហគមន៍​លោក​មិន​ហ៊ាន​ចេញ​បង្ក្រាប​ដោយសារ​អាជ្ញាធរ​​បាន​ព្រមាន​មិន​ឲ្យ​មន្ត្រី​សហគមន៍​លោក​ចេញ​មុខ​ធ្វើ​សកម្មភាព។

ដើម្បី​រក្សា​ការពារ​ធនធាន​ធម្មជាតិ​និង​ជលផល​សមុទ្រ​ពី​ការ​បំផ្លិចបំផ្លាញ សហគមន៍​នេសាទ​មួយ​ចំនួន​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ប្រជា​សហគមន៍ ​នៅ​ក្នុង​ខេត្ត​កែប និង​ខេត្ត​កំពត។ សហគមន៍​ទាំង​នោះ​មាន​ដូចជា សហគមន៍​ត្រើយកោះ សហគមន៍​ត្រពាំង​សង្កែ សហគមន៍​ប្រជា​នេសាទ​ខេត្ត​កែប ជាដើម។

ដោយ​ឡែក​សហគមន៍​ត្រើយកោះ បាន​ធ្វើ​សកម្មភាព​ចេញ​មុខ​ចាប់​ឃាត់​ទូក​នេសាទ​ខុស​ច្បាប់​ញឹក​ញាប់​ក្នុងរយៈ​ពេល​កន្លង​មក ហើយ​ប្រគល់​ជន​ល្មើស និង​វត្ថុ​តាង​ដូច​ជា​ទូក​នេសាទ​ឲ្យ​មន្ត្រី​ជល​ផល​ចាត់ការ​តាម​ច្បាប់ តែ​ពួក​គាត់​បាន​រអ៊ូរទាំ​ថា មន្ត្រី​ជល​ផល​បែរ​ជា​ដោះលែង​ជន​ល្មើស​ទៅ​វិញ។ ពួក​គាត់​បន្ថែម ដោយ​ឃើញ​អាជ្ញាធរ​ខេត្ត​មិន​អើពើ​បង្ក្រាប​បទល្មើស​ដូច្នេះ ទើប​ពួកគាត់​ចេញ​មុខ​បង្ក្រាប​​បទល្មើស​នេសាទ​រាល់​យប់​ដោយ​ខ្លួនឯង​ ក៏ប៉ុន្តែ​ពួកគាត់​ត្រូវ​បាន​តុលាការ​កោះហៅ​ទៅ​សាកសួរ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៤ ហើយ​បង្គាប់​មិន​ឲ្យ​ចេញ​មុខ​បង្ក្រាប​បទ​ល្មើស​បន្ត​ទៅ​ទៀត ដោយ​សំអាង​ថា​ ពួក​គាត់​ជា​ជនស៊ីវិល​មិន​មាន​សិទ្ធិ​បង្ក្រាប​បទល្មើស និង​ឃុំខ្លួន​មនុស្ស​បាន។

សព្វថ្ងៃ​បើ​ទោះ​ជា​មាន​សហគមន៍​ច្រើនយ៉ាង​នេះ​ក្ដី ក៏​បទល្មើស​ការ​កាប់​បំផ្លាញ​ព្រៃលិចទឹក ជា​ពិសេស​ព្រៃ​កោងកាង ដែល​ជា​ជម្រក​មច្ឆជាតិ ​និង​បទ​ល្មើស​នេសាទ​នឹង​នៅ​តែ​កើត​ឡើង​មិន​ចេះ​ចប់។ ពួកគាត់​បាន​អំពាវនាវ​ដល់​តំណាងរាស្ត្រ​និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ឲ្យ​ចុះ​មក​ពិនិត្យ​មើល​ស្ថានភាព​នេះ​ផ្ទាល់ ដើម្បី​លប់​បំបាត់​បទ​ល្មើស​នេសាទ​ឲ្យ​មាន​ប្រសិទ្ធភាព បើ​មិន​ដូច្នោះ​ទេ ជលផល​នេសាទ​និង​ហិនហោច​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​មិន​ខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

បងប្អូនប្រជានេសាទជាទីរាប់អាន ចូរអ្នកកុំតូចចិត្តអី អ្នកដឹងនាំ​របស់​យើងជាអ្នកកាន់ព្រះពុទ្ធសាសនា មិនសម្លាប់ជីវិតសត្វទេ អញ្ចឹងបាន​ជា​​គាត់បណ្តាយអោយមានបទល្មើសនេសាទទៅ ព្រោះអស់ត្រីថ្ងៃណា​ល្អថ្ងៃនោះ រាស្រ្តខ្មែរនិងលែងមានបាបទៀត។ តែមិនចាំបាច់រងចាំ​ដល់ថ្ងៃនោះទេ ឈប់នេសាទទៅមកទីក្រុងភ្នំពេញ ធ្វើការរោងច័ក្រ មានម៉ាស៊ីនត្រជាក់ មានប្រាក់ខែស៊ីស្រួលជាង ហើយថ្មីៗនេះសម្តេច​អគសេនាមហាបតីហ៊ុនសែន សុំអោយប្រទេសកូរេយកពលក​រខ្មែរឲ្យ​ច្រើនថែមទៀត អញ្ចឹងមិនយូទេខ្មែរនិងបានទៅបរទេសទាំងអស់​គ្នា​ហ្នឹង ឈប់ព្រួយទៅបងប្អូននេសាត ព្រោះយើងមានអ្នកដឹកនាំឆ្លាត​ណាស់​។

Dec 14, 2014 08:02 AM

គេហទំព័រ​ទាំងមូល