ប្រជាពលរដ្ឋមួយចំនួននៅស្រុករុក្ខគិរី ខេត្តបាត់ដំបងរិះគន់អាជ្ញាធរថា ជួយសង្គ្រោះពលរដ្ឋរងគ្រោះទឹកជំនន់រើសអើងនិន្នាការគណបក្សនយោបាយ។ ពលរដ្ឋទាំងនេះកំពុងព្រួយបារម្ភខ្លាចដាច់ស្បៀងអាហារនៅពេលមុខ បន្ទាប់ទឹកជំនន់បានលិចផលដំណាំរបស់ពួកគេខូចខាត ស្របពេលដែលទឹកជំនន់នៅតាមបណ្ដាខេត្តមួយចំនួនបន្តលិចផលដំណាំរបស់ពលរដ្ឋមិនទាន់ស្រកវិញនៅឡើយ។
ប្រជាពលរដ្ឋនៅឃុំព្រែកជីក ស្រុករុក្ខគិរី លោក ចក់ បូថា ឱ្យដឹងនៅថ្ងៃទី១២ តុលាថា ជំនន់ទឹកភ្លៀងបានលិចផលដំណាំរបស់លោក រួមមានម្នាស់ ពោត សណ្ដែកគួរ និងត្រសក់ ប្រមាណ ២ហិកតារកន្លះបណ្ដាលឱ្យខូចខាតអស់។ លោកបន្ថែមថា ចាប់តាំងពីទឹកលិចផ្ទះ និងផលដំណាំមកពុំមានអាជ្ញាធរណាចុះមកសួរនាំ ឬចែកស្បៀងអាហារដល់ពូកលោកនៅឡើយទេ។ លោកព្រួយបារម្ភខ្លាចដាច់ស្បៀងនៅរដូវប្រាំងខាងមុខ ពីព្រោះទឹកបានជន់លិចផលដំណាំអស់ គ្មានប្រាក់ធ្វើដើមទុនដាំដុះជាថ្មីនោះទេ៖ «ខ្ញុំមានស្ថានភាពទឹកលិចធ្ងន់ធ្ងរណាស់ ប៉ុន្តែខ្ញុំអត់ថាអាជ្ញាធរយល់យ៉ាងម៉េចផង ព្រោះខ្ញុំអត់ដែលបានអំណោយតាំងពីដើមមក។ខ្ញុំមិនដឹងបានអីដោះស្រាយជីវភាពទេ បើសិនជាយើងលិចដំណាំអីអស់អីចឹងមិនមែនតែខ្ញុំម្នាក់ទេ ប្រជាពលរដ្ឋទូទៅនៅក្នុងព្រែកជីកហ្នឹងគាត់ខូចទាំងស្រុងហ្មង » ។
ស្រដៀងគ្នានេះ ពលរដ្ឋនៅឃុំព្រែកជីកម្នាក់ទៀត លោក សេង សុខអេង ថ្លែងថា ជំនន់ទឹកភ្លៀងបានលិចដំណាំពោត សណ្ដែក និងត្រសក់ របស់លោកជាង ១ហិកតារហិនហោចគ្មានសល់។ លោកប្រាប់ថា ដំណាំទាំងនេះលោកខ្ចីប្រាក់ពីធនាគារជាង ១ពាន់ដុល្លារ (១.០០០) អាមេរិកធ្វើដើមទុន ដោយរំពឹងថា នឹងសងគេវិញនៅពេលប្រមូលផល ប៉ុន្តែអ្វីៗ មិនបានដូចក្ដីស្រមៃឡើយ។ លោកឱ្យដឹងទៀតថា ស្រុករុក្ខគិរី ត្រូវបានជំនន់ទឹកភ្លៀងលិចចាប់ពីថ្ងៃទី៩ តុលា រហូតមកដល់ថ្ងៃទី១២ តុលាមានកន្លែងខ្លះទឹកបានស្រកវិញបន្តិច និងកន្លែងខ្លះទៀត ផលដំណាំបន្តត្រាំក្នុងទឹកនៅឡើយ។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋនៅតំបន់លោកជាច្រើនគ្រួសារប្រឈមនឹងដាច់ស្បៀងអាហារនៅពេលខាងមុខ ប្រសិនបើអាជ្ញាធរមិនបានចុះជួយដល់ពួកគាត់ ព្រោះពួកគាត់គ្មានរបររកប្រាក់ចំណូលដោះស្រាយជីវភាពឡើយ៖ «កាលពីខែខូចអស់មកពីគ្រោះធម្មជាតិ ដល់អាដាំបានហើយវាខូចហ្នឹងធម្មជាតិទៀត អីចឹងទុក្ខលំបាកណាស់រឿងបំណុលគេហ្នឹង។ ឥឡូវខ្ញុំមិនមានអីទេមានតែខ្ចីពីឯកជនយកទៅសងធនាគារវិញ ខ្ញុំអស់សង្ឃឹមហើយមិនដឹងបានអីទេថា បានដំណាំបន្តិចហ្នឹងគ្រាន់ដោះសងគេមួយខែៗ ដល់តែខែក្រោយមិនដឹងបានអីទេខ្ញុំ។អាជ្ញាធរគេគ្រាន់តែមើលហ្នឹងគេមិនចូលទេ ជូនណាគេអត់ទាំងមើលមុខផង ពីព្រោះគេរើសអើងខ្ញុំហ្នឹងមាននិន្នាការបក្សនយោបាយខុសគ្នា » ។
អាស៊ីសេរីមិនអាចទាក់ទងអភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ និងអភិបាលស្រុករុក្ខគិរី លោក ជា សម្បត្តិ ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១២ តុលា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ប៉ុន្តែអ្នកនាំពាក្យគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ លោក ឃុន សុខា ប្រាប់អាស៊ីសេរីថា ទឹកជំនន់អាចបន្តអូសបន្លាយទៅមុខទៀតរហូតដល់ចុងសប្ដាហ៍នេះ ដូច្នេះលោកអំពាវនាវឱ្យពលរដ្ឋមានការប្រុងប្រយ័តខ្ពស់។ចំណែកការចែកអំណោយពលរដ្ឋរងគ្រោះដោយទឹកជំនន់វិញ លោកថា អាជ្ញាធរបានធ្វើការងារនេះយ៉ាងសកម្ម និងដោយស្មើភាពគ្នាគ្រប់និន្នាការគណបក្សនយោបាយ៖ «បាទ ! អាហ្នឹងយើងអត់មានប្រកាន់រើសអើងគណបក្សនយោបាយណាទេ គឺពេលហ្នឹងគឺរងគ្រោះទាំងអស់គ្នា គឺអត់បានថា អ្នកនេះនៅបក្សនេះបក្សនោះអីទេ គឺប្រជាពលរដ្ឋទាំងអស់បានទទួលនូវភាពស្មើគ្នាក្នុងការទទួលជំនួយមនុស្សធម៌ » ។
ប្រធានអង្គការតម្លាភាពកម្ពុជា (TIC) លោក ប៉ិច ពិសី មានប្រសាសន៍ថា អាជ្ញាធរគួរតែយកចិត្តទុកដាក់ខ្ពស់ដល់ពលរដ្ឋ ដែលរងគ្រោះធម្មជាតិនេះ ជាពិសេស គួរចែកស្បៀងអាហារជូនពលរដ្ឋឱ្យបានស្មើភាពគ្នាគ្រប់និន្នាការគណបក្សនយោបាយ។ លោកបញ្ជាក់ថា ពលរដ្ឋរាប់ម៉ឺនគ្រួសារបានជួបគ្រោះអាសន្នផ្ទួនៗ ដោយគ្រោះបណ្ដាលមកពីជំងឺកូវីដ១៩ និងគ្រោះទឹកជំនន់ ដែលធ្វើឱ្យជីវភាពរបស់ពួកគាត់ជួបការខ្វះខាតកាន់តែខ្លាំង៖ «ហើយបើសិនជាគាត់មានបំណុលមានអីទៀត ដែលគាត់ពឹងផ្អែកទៅលើជីវភាពប្រចាំថ្ងៃដំណាំបន្លែគាត់ហ្នឹង ដើម្បីយកទៅលក់យកប្រាក់ចំណូលជួយគ្រួសារនិងសងបំណុលអីជាដើម។ អីចឹងបញ្ហានេះ យើងត្រូវការការចូលរួមពីខាងក្រសួង និងមន្ទីរពាក់ព័ន្ធហ្នឹងដើម្បីដោះស្រាយ បន្ទាន់ទៅលើការឆ្លើយតបដើម្បីសង្គ្រោះជាតិគាត់ពីហានិភ័យមួយរយៈហ្នឹង ពីព្រោះបើសិនជាជីវភាពគាត់ធ្លាក់ទៀត គាត់រឹតតែក្រមួយជំនាន់ទៀតហើយ » ។
របាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឱ្យដឹងថា គិតត្រឹមថ្ងៃទី១២ តុលា មានប្រជាពលរដ្ឋប្រមាណ ១០ម៉ឺននាក់ (១០០.០០០) ក្នុងខេត្តចំនួន ១៧ ដែលរងផលប៉ះពាល់ពីទឹកជំនន់ មានដូចជា រាជធានីភ្នំពេញ តាកែវ កំពង់ស្ពឺ បាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ មណ្ឌលគិរី ស្ទឹងត្រែង ស្វាយរៀង កោះកុង និងខេត្តព្រះវិហារជាដើម ក្នុងនោះមានខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ លិចលង់ធ្ងន់ធ្ងរជាងគេ។ មានប្រជាពលរដ្ឋចំនួន ១០នាក់ លង់ទឹកស្លាប់ និងម្នាក់ត្រូវរន្ទះបាញ់ស្លាប់ និងលិចសាលារៀនចំនួន ៥៤កន្លែង ខូចខាតស្រូវរបស់កសិករប្រមាណ ៧ម៉ឺន ៥ពាន់(៧៥.០០០) ហិកតារ និងដំណាំរួមផ្សំផ្សែងៗ ជាង ៤ម៉ឺន (៤០.០០០) ហិកតារ។ អាជ្ញាធរបានជម្លៀសពលរដ្ឋជាង ១ម៉ឺននាក់ (១០.០០០) ទៅកាន់ទីទូលមានសុវត្ថិភាព ហើយរហូតមកដល់រសៀលថ្ងៃទី១២ តុលាទឹកមិនទាន់ស្រកវិញនៅឡើយទេ៕