ទឹកទន្លេសេសាននៅភូមិស្រែគរចាស់ ឃុំស្រែគរ ស្រុកសេសាន ខែត្រស្ទឹងត្រែងឡើងជិត ៦ម៉ែត្រ បើធៀបកម្ពស់ទឹកទន្លេកាលពីថ្ងៃទី៨ តុលា។ អាជ្ញាធរឃុំស្រែគរអះអាងថា កម្ពស់ទឹកនេះ កំពុងគំរាមកំហែងអាយុជីវិតអ្នកភូមិធ្ងន់ធ្ងរ និង ប៉ះពាល់ដំណាំស្រូវរបស់ពលរដ្ឋមួយចំនួន។
ក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោមពីរ បានបិទទ្វារទឹកជាស្ថាពរ អស់រយៈពេលជាង កន្លះខែហើយ ខណៈទឹកទន្លេបានឡើងលិចភូមិ និងលំនៅឋានអ្នកភូមិស្រែគរចាស់ ជាងពីរសប្ដាហ៍ហើយដែរ គិតត្រឹមថ្ងៃទី១៣ តុលា។ អ្នកភូមិស្រែគរអះអាងថា រហូតមកទល់ពេលនេះ ពុំទាន់មានស្ថាប័នណាមួយរបស់រដ្ឋាភិបាលផ្ដល់ជំនួយមនុស្សធម៌ទឹកស្អាត អប់រំបញ្ហាអនាម័យ និងផ្ដល់ជាមធ្យោបាយទូកសម្រាប់អន្តរាគមន៍សង្គ្រោះពលរដ្ឋនៅឡើយទេ មានតែដាក់កម្លាំងសមត្ថកិច្ចចម្រុះយាមនៅច្រកផ្លូវចូលភូមិស្រែគរ ក្នុងបំណងរឹតត្បិតសេរីភាពចេញចូល។
ពលរដ្ឋរស់នៅភូមិស្រែគរចាស់ លោក ហ្វុត ឃឿន ឲ្យដឹងនៅថ្ងៃទី១៣ តុលាថា ថ្វីបើទឹកជំនន់លិចភូមិ និងលំនៅឋានពួកគាត់ក្ដី តែពួកគាត់នៅតែក្រាញននៀលមិនទទួលសំណងពីក្រុមហ៊ុន និងបានដឹកជញ្ជូនសម្ភារៈ សត្វចិញ្ចឹមតាមទូកដោយខ្លួនឯង ទៅកាន់ទីទួលខ្ពស់។ តែយ៉ាងណាលោកបារម្ភថា ស្រូវកសិកម្មរបស់ពលរដ្ឋច្រើនគ្រួសារត្រូវលិចលង់ទាំងស្រុង ហើយផ្លូវលំមួយចំនួនត្រូវខូចខាត បង្កការលំបាកដល់ការធ្វើដំណើរ។ លោកបញ្ជាក់ថា អ្នកភូមិខ្លះបានទៅរស់នៅដីចម្ការរបស់ខ្លួន ដែលនៅឆ្ងាយពីភូមិចាស់ ចាប់ពី៣ ទៅ ៥គីឡួម៉ែត្រ ចៀសផុតពីទឹកជំនន់ ហេតុនេះពួកគាត់ចង់ឲ្យអាជ្ញាធរផ្ដល់សេវាសាធារណៈដល់ពួកគាត់ដែលទៅរស់នៅតំបន់នោះ៖ «មានបំណងតែមួយគាត់ចង់រស់នៅភូមិចាស់ ដោយមានទីកន្លែង ចម្ការរបស់គាត់ កន្លែងទីទួលសុវត្ថិភាព គឺគាត់ទៅរស់នៅកន្លែងហ្នឹងបណ្ដោះអាសន្នសិន»។
ចំណែកពលរដ្ឋរស់នៅភូមិក្បាលរមាសចាស់ ខាងលើទំនប់លោក ប្រ៉ច រិទ្ធី ឲ្យដឹងថា រហូតមកទល់ពេលនេះ កម្ពស់ទឹកនៅមិនទាន់ឡើង លិចភូមិនៅឡើយទេ ពោលគឺកម្ពស់ទឹកឡើងត្រឹមច្រាំងទន្លេ ខ្ពស់ជាងថ្ងៃធម្មតា ជាង ២ម៉ែត្រ។ លើសពីនេះ អ្នកភូមិបានត្រៀមក្បូនបណ្ដែតទឹក និងទីទួលសុវត្ថិភាពរួចហើយ។ លោកចោទថា អាជ្ញាធរខែត្រនៅតែបន្តរឹតត្បិតសេរីភាពចេញចូលរបស់អ្នកខាងក្រៅ មិនឲ្យចូលតំបន់នោះក្រោមហេតុផលការពារសុវត្ថិភាព៖ «គេចង់ចាប់ខ្លួនដល់យើង ដើម្បីកុំឲ្យមានចលនាប្រឆាំងការអភិវឌ្ឍរបស់គាត់ គេចង់ចាប់ខ្លួនពួកខ្ញុំប៉ុន្មាននាក់។ ពលរដ្ឋនៅហ្នឹងគាត់ក្រោកឈរដោយខ្លួនឯង ហើយគាត់នឹងតស៊ូមតិរៀងៗខ្លួន ហើយពួកគាត់ក៏មិនព្រមចាកចេញដែរ»។
អាជ្ញាធរឃុំស្រែគរ ឲ្យដឹងថា កម្ពស់ទឹកនៅឃុំស្រែគរឡើងដល់ជាង ៧១ម៉ែត្រធៀបរយៈកម្ពស់នីវ៉ូទឹកសមុទ្រ និងឡើងជិត ៦ម៉ែត្រនៅភូមិស្រែគរចាស់ បង្កឲ្យផ្ទះពលរដ្ឋត្រូវលិចលង់ស្ទើរទាំងស្រុង។
មេឃុំស្រែគរលោក សៀក មេគង្គ ឲ្យដឹងថា ស្ថានភាពទឹកនៅភូមិស្រែគរចាស់ បានឡើងដល់កម្រិតប្រកាសអាសន្ន ហើយអាជ្ញាធរខែត្រគ្រោងរៀបចំកម្លាំងអន្តរាគមន៍សង្គ្រោះ។ លោករកឃើញថា ពលរដ្ឋបដិសេធមិនទទួលសំណង មានបញ្ហាប្រឈមច្រើនរួមមាន ការលំបាកធ្វើចរាចរ កង្វះទឹកស្អាត សុវត្ថិភាពកុមារ ខូចខាតស្រូវកសិកម្ម ទ្រព្យសម្បត្តិ និងការបោះបង់ការសិក្សារបស់កុមារជាដើម នៅគ្រាដែលទឹកជំនន់កំពុងគំរាមកំហែងលំនៅឋានពួកគាត់។ លោកថា អាជ្ញាធរឃុំបានរាយការណ៍បញ្ហានេះជូនថ្នាក់លើហើយ រីឯអាជ្ញាធរខែត្រក៏គ្រោងចុះអន្តរាគមន៍សង្គ្រោះពលរដ្ឋដែរ និងបានត្រៀមផ្ទះជាស្រេច ក្នុងការផ្ដល់សំណងជូនពលរដ្ឋ ប៉ុន្តែពលរដ្ឋមិនពេញចិត្តនឹងសំណង ហើយចង់នៅលើដីកំណើតដូនតារបស់ខ្លួនវិញ៖ «យើងចុះទៅតាមផ្ទះពួកគាត់ អប់រំពួកគាត់ឲ្យគាត់ប្រយ័ត្នប្រយែង បញ្ហាសុខភាព»។
របាយការណ៍អាជ្ញាធរឃុំស្រែគរអោយដឹងថា រយៈពេលប្រមាណ ៣ខែចុងក្រោយនេះ ពលរដ្ឋជាង ៦០គ្រួសារថ្មីទៀត នៅឃុំស្រែគរ បានយល់ព្រមទទួលសំណង និងចាកចេញពីភូមិចាស់ទៅរស់នៅភូមិថ្មី ហើយបច្ចុប្បន្នពលរដ្ឋរស់នៅឃុំក្បាលរមាស ៥៧គ្រួសារ និងឃុំស្រែគរ ជាង៦០គ្រួសារនៅមិនទាន់យល់ព្រមទទួលសំណងពីក្រុមហ៊ុននៅឡើយ។
អ្នកស្រាវជ្រាវផ្នែកបរិស្ថាន លោក ភូ ប៊ុនថាន់ រកឃើញថា អាជ្ញាធរខែត្របានដាក់កម្លាំងពង្រាយនោះ ទំនងពុំមែនត្រៀមសង្គ្រោះពលរដ្ឋនោះទេ ខណៈកម្លាំងសមត្ថកិច្ចដែលឈរជើងនៅតំបន់នោះ មិនចំទីតាំងដែលត្រូវជួយសង្គ្រោះ។ លើសពីនេះ សមត្ថកិច្ចទាំងនោះ ត្រូវពលរដ្ឋចោទថា បានរំខានដល់សេរីភាពធ្វើដំណើររបស់ពួកគាត់ និងរារាំងអ្នកខាងក្រៅមិនអោយចូលតំបន់នោះជាដើម៖ «ខ្ញុំគិតថា អាជ្ញាធរគួរតែចុះមូលដ្ឋាន មិនចាំបាច់ចុះខាងក្រៅទេ ព្រោះដាក់ខាងក្រៅមិនដឹងធ្វើអី ។ បើចុះមូលដ្ឋានទើបដឹងស្ថានភាពច្បាស់ជាក់ស្ដែងយ៉ាងម៉េច ហើយគួរជួយយ៉ាងម៉េច»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខែត្រស្ទឹងត្រែង លោក ហូ សំអុល យល់ថា ពលរដ្ឋដែលមិនទទួលសំណង ក៏ជាអ្នកដែលចូលរួមអភិវឌ្ឍន៍ថាមពលអគ្គិសនីជាមួយរដ្ឋាភិបាលដែរ ហេតុនេះជីវភាពរស់នៅ និងការផ្ដល់សេវាសាធារណៈដល់ពលរដ្ឋត្រូវបានធានាដោយអង្គការរដ្ឋ អនុលោមតាមច្បាប់។ លោកថា អាជ្ញាធរខែត្រគួរតែរកមធ្យោបាយអន្តរាគមន៍សង្គ្រោះពួកគាត់ ដោយផ្ដល់ជាថ្នាំពេទ្យ ទឹកស្អាត អប់រំផ្នែកអនាម័យ និងមធ្យោបាយសង្គ្រោះនានា ចៀសវាងបាតុភាពអាក្រក់កើតឡើងហើយអាជ្ញាធរខែត្រនឹងរងការរិះគន់៖ «ឆន្ទៈរបស់អាជ្ញាធរមានតែសកម្មភាពគាត់មិនសូវបានដិតដល់ ទៅហ្នឹងការឆ្លើយតបអ្វីដែលចង់បានពីពលរដ្ឋ»។
គម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលអនុម័តដោយគណៈរដ្ឋមន្ត្រី កាលពីខែវិច្ឆិកា ឆ្នាំ២០១២ គឺមាន ៣ក្រុមហ៊ុន ដែលដាក់ទុនវិនិយោគ ក្នុងនោះមានក្រុមហ៊ុនក្នុងស្រុកឈ្មោះ រ៉ូយ៉ាល់ គ្រុប (Royal Group) របស់លោកឧកញ៉ា គិត ម៉េង មានទុនវិនិយោគ ៣៩ភាគរយ ក្រុមហ៊ុនចិន ៥១ភាគរយ និងក្រុមហ៊ុនអគ្គិសនីវៀតណាម មានទុនវិនិយោគ ១០ភាគរយ។ ទំនប់នេះនឹងបើកឲ្យដំណើរការតួប៊ីនទី១ នៅដើមឆ្នាំ ២០១៨ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។