មន្ត្រីនាំពាក្យរដ្ឋាភិបាលឲ្យដឹងថា រដ្ឋាភិបាលកំពុងប្រើកញ្ចប់ថវិកាចុះអន្តរាគមន៍ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅតាមបណ្ដាខេត្តមួយចំនួន ជាពិសេសខេត្តជាប់ដងទន្លេមេគង្គ។ មន្ត្រីរដ្ឋាភិបាលឲ្យដឹងបន្ថែមថា មកទល់ពេលនេះ ពលរដ្ឋជាង ១ម៉ឺន (១០.៨៥៧) គ្រួសារ ត្រូវបានជម្លៀសចេញពីទឹកជំនន់ គិតចាប់ពីចុងខែសីហា មកទល់ពេលនេះ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់អាស៊ីសេរី នៅថ្ងៃទី២០ ខែកញ្ញាថា រដ្ឋាភិបាលបានផ្ដល់ជំនួយសង្គ្រោះបន្ទាន់នៅហ្នឹងកន្លែង ដើម្បីជួយពលរដ្ឋក្រីក្ររងគ្រោះដោយទឹកជំនន់។ លោកថា ក្រោយពីទឹកស្រករដ្ឋាភិបាលនឹងមានគោលនយោបាយដោះស្រាយបញ្ហាប្រឈមផ្សេងៗ ទៀត រួមមាន ការជួសជុលហេដ្ឋារចនាសម្ព័ន្ធ ផ្ដល់ជំនួយមនុស្សធម៌ និងផ្ដល់ពូជស្រូវដល់កសិករជាដើម។ លោកបញ្ជាក់ថា រដ្ឋាភិបាលបានប្រើកញ្ចប់ថវិកាក្នុងការដោះស្រាយបញ្ហានេះជាអាទិភាព៖ «ព្រោះឥឡូវកំពុងដោះស្រាយគ្រោះមហន្តរាយនៅជាក់ស្តែង នៅហ្នឹងកន្លែង ក្រោយពីទឹកស្រកទៅ យើងមានការដោះស្រាយផ្សេងៗ ទៀត ជួសជុលហេដ្ឋារចនាសម្ព័ន្ធ ជួយដល់អ្នកស្រុក និងពូជស្រូវ ខាងក្រសួងកសិកម្មគេត្រៀមលក្ខណៈ។ ហ្នឹងដោះស្រាយភ្លាមៗ ជួយជនរងគ្រោះ។ រីឯបន្តវេន យើងមានកញ្ចប់ថវិកា ធ្វើបន្តទៀត ព្រោះឥឡូវយើងមិនទាន់វាយតម្លៃ » ។
លោក ផៃ ស៊ីផាន បន្ថែមថា មកទល់ពេលនេះ រដ្ឋាភិបាលមិនទាន់អាចវាយតម្លៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ស្រូវ និងដំណាំកសិកម្មនៅទូទាំងប្រទេសថា មានប៉ុន្មានហិកតារជាក់លាក់នៅឡើយទេ ព្រោះមន្ត្រីជំនាញកំពុងបូកសរុបរបាយការណ៍។
អាស៊ីសេរីបានព្យាយាមទាក់ទង អ្នកនាំពាក្យគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី ដើម្បីសុំការអធិប្បាយបន្ថែមលើបញ្ហានេះ តែទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកទទួលនៅថ្ងៃទី២០ កញ្ញា។ ចំណែកអ្នកនាំពាក្យក្រសួងធនធានទឹក លោក ចាន់ យុត្ថា ក៏មិនលើកទូរស័ព្ទដែរ។
មកទល់ពេលនេះ រដ្ឋាភិបាលកំពុងបូកសរុបទំហំផលប៉ះពាល់ ពីគ្រោះមហន្តរាយទឹកជំនន់ នៅខេត្តចំនួន ៨ តាមដងទន្លេមេគង្គ និងខេត្តមួយចំនួនទៀត នៅជាប់ដងទន្លេសេសាប។ មន្ត្រីរដ្ឋាភិបាលអះអាងថា គិតចាប់ពីចុងខែសីហា មកទល់ពេលនេះ មានពលរដ្ឋ ជាង ១ម៉ឺនគ្រួសារ (១០.៨៥៧) ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព និងមានពលរដ្ឋជិត ៣២ម៉ឺននាក់ បានរងផលប៉ះពាល់។
គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់កាសែតក្នុងស្រុក (VOD) ថា គ្រោះទឹកជំនន់នេះ ធ្វើឲ្យប៉ះពាល់ស្រូវកសិកម្ម និងដំណាំផ្សេងទៀត ចំនួនជាង ២ម៉ឺន ៣ពាន់ (២៣.២៤៩) ហិកតារ ប៉ះពាល់សត្វពាហនៈជាង ៣ម៉ឺនក្បាល (៣០.៤៦៦) ដែលត្រូវជម្លៀសចេញទៅកាន់ទីទួលសុវត្ថិភាព។
ទន្ទឹមនឹងនេះ ខេត្តដែលរងគ្រោះធ្ងន់ធ្ងរជាងគេ គឺខេត្តនៅជាប់ដងទន្លេមេគង្គលើ និងទន្លេមេគង្គក្រោម។ គណៈកម្មាធិការគ្រប់គ្រងមហន្តរាយបន្ថែមថា ពលរដ្ឋនៅខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ និងកំពុងចាម រងគ្រោះធ្ងន់ធ្ងរ។ រីឯនៅខេត្តកំពត ខេត្តព្រះសីហនុ កោះកុង និងខេត្តដទៃទៀត រងគ្រោះដោយសារចំនួនទឹកភ្លៀងមិនធ្ងន់ធ្ងរនោះទេ។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាព សង្គមកម្ពុជា លោក សន ជ័យ យល់ថា រដ្ឋាភិបាលមានផែនការជួយជនរងគ្រោះដោយទឹកជំនន់ ចាំបាច់ត្រូវមានលក្ខណៈវិទ្យាសាស្ត្រជាងមុន។ មានន័យថា រដ្ឋាភិបាលត្រូវរៀបចំគោលនយោបាយជួយជនរងគ្រោះជាក់ស្ដែង និងច្បាស់លាស់។ លោកថា រដ្ឋាភិបាលត្រូវមានគោលនយោបាយ សង្គ្រោះពលរដ្ឋ ដែលងាយរងគ្រោះជាអាទិភាព គឺជាចំណុចត្រូវសង្កត់ធ្ងន់ ក្នុងការរៀបចំគោលនយោបាយដោះស្រាយបញ្ហាប្រឈមនេះ៖ «ការត្រៀមបង្ការ និងការរៀបចំគោលនយោបាយ ដើម្បីជួយជនរងគ្រោះហ្នឹង គួរតែមានរូបភាពមួយ ដែលមានលក្ខណៈជាក់លាក់ជាងកន្លងមក។ កម្ពុជាស្រួលណាស់ ងាយគេចផុតពីបញ្ហាគ្រោះធម្មជាតិរញ្ជួយដីផ្សេងៗ ប៉ុន្តែទសវត្សរ៍ចុងក្រោយនេះ គ្រោះទឹកជំនន់នេះ ហើយ ដំណោះស្រាយគួរតែជាមេរៀនមួយ យើងអាចរៀនសូត្រពីប្រទេសជិតខាង ពីថ្នាក់តំបន់ ដើម្បីធានាថា ពលរដ្ឋយើងនឹងកាត់បន្ថយបានច្រើន ពីកម្រិតភាពងាយរងគ្រោះ និងការខូចខាតបាត់បង់ទ្រព្យសម្បត្តិ » ។
អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក គន់ គីម ថ្មីៗ នេះ បានចុះពិនិត្យស្ថានភាពទឹកជំនន់របស់ពលរដ្ឋមួយចំនួន នៅឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលមានជិត ១៥០គ្រួសារ (១៤៧) កំពុងស្នាក់នៅបណ្ដោះអាសន្ន នៅទីទួលសុវត្ថិភាព។ រីឯអាជ្ញាធរបានរៀបចំអំពូលភ្លើង ទឹកស្អាត និងស្នាក់ការប៉ុស្តិ៍សុខភាព សម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះ។
ស្ថាប័នរដ្ឋាភិបាលមួយនេះអះអាងថា ប្រជាពលរដ្ឋ ៩០ភាគរយដែលជម្លៀសទៅទីទួលសុវត្ថិភាព គឺបានទទួលជំនួយមនុស្សធម៌រួចហើយ ហើយក៏កំពុងបន្តទទួលបន្ថែមទៀត។
ទន្ទឹមនឹងនេះ ទឹកជំនន់ បង្កផលប៉ះពាល់លំនៅឋានពលរដ្ឋជាង ៦ម៉ឺន ២ពាន់ (៦២.៣១៣) ខ្នង ក្នុងនោះ ផ្ទះពលរដ្ឋ ៥៦ខ្នង បានលិចទាំងស្រុង។ លើសពីនេះ ទឹកជំនន់ក៏ជន់លិចសាលារៀនចំនួនជាង ២០០កន្លែង (២៣៧) វត្តអារ៉ាម ១៥២កន្លែង មណ្ឌលសុខភាព ២៦កន្លែង និងអណ្ដូងទឹកជាង ៧០០កន្លែង (៧៥៤)។
គណៈកម្មាធិការជំនាញបន្ថែម ខេត្តនៅជាប់ដងទន្លេសាបមួយចំនួន ក៏ទទួលរងគ្រោះដោយទឹកភ្លៀងដែរ ដូចជា ខេត្តបាត់ដំបង និងពោធិ៍សាត់។ ទោះយ៉ាងណា ក្នុងរបាយការណ៍មិនបានបង្ហាញពីពលរដ្ឋរងគ្រោះដល់អាយុជីវិតនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
