អ្នក​ស្លាប់​ដោយ​ទឹក​ជំនន់​កើន​ដល់ ៤៣នាក់

0:00 / 0:00

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ប្រកាស​ថា អ្នក​ស្លាប់​ដោយ​ទឹក​ជំនន់​កើន​ដល់ ​៤៣នាក់ ក្នុង​នោះ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ មាន​ចំនួន​ ២៦នាក់ ​គិត​ត្រឹម​ថ្ងៃ​ទី២៦​ ខែតុលា។

របាយការណ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ​ឲ្យ​ដឹង​ថា​ គ្រោះ​ទឹក​ជំនន់​នេះ ​ក៏បាន បង្ក​ផល​ប៉ះពាល់​រាជធានី-ខេត្ត ​ចំនួន ២០​ ក្នុង​នោះ​ខេត្ត​បន្ទាយមានជ័យ​ធ្ងន់ធ្ងរ​ជាងគេ ​និង​ប៉ះពាល់​ប្រជាពលរដ្ឋ​សរុប​ជិត ១៥ម៉ឺនគ្រួសារ ហើយ​ប្រជាពលរដ្ឋ​ជាង​ ១ម៉ឺន​គ្រួសារ ​ត្រូវ​បាន​ជម្លៀស​រក​ទី​ទួល​សុវត្ថិភាព។ គ្រោះ​ទឹក​ជំនន់​នេះ​ ក៏​ប៉ះពាល់​ផ្ទះ​សម្បែង​ជាង ១៣ម៉ឺន​ខ្នង​ និង​ខូចខាត​ទាំង​ស្រុង ចំនួន​ ៦៣ខ្នង ហើយ​បាន​ជាន់​លិច​ស្រូវ​ជាង​ ២៧ម៉ឺន (២៧២.២៦៣)​ ហិកតារ ​និង​លិច​ដំណាំ​រួមផ្សំ​ជាង​ ៩ម៉ឺន​ (៩៦.៩៤៥​) ហិកតារ។ របាយការណ៍​ដដែល​ បង្ហាញ​ថា ​ហេដ្ឋារចនាសម្ព័ន្ធ​មាន​សាលារៀន វត្ត​អារាម​ ផ្លូវថ្នល់​ជា​ច្រើន​កន្លែង ​ក៏​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ផង​ដែរ។

កាលពីថ្ងៃទី២៦​ ខែតុលា ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន ​បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​ចំនួន ​៤ សិក្សា​អំពី​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ និង​ដោះ​ស្រាយ​ជា​បន្ទាន់ ដើម្បី​ស្ដារ​ជីវភាព​ប្រជាពលរដ្ឋ​ឡើងវិញ ​ក្រោយ​ទឹក​ជំនន់។ ទន្ទឹម​គ្នា​នោះ ​លោក ​ហ៊ុន ​សែន ​ក៏​បាន​ស្ដី​បន្ទោស​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​លោក​ អ៊ុក ​រ៉ាប៊ុន ​ថា​ អសកម្ម​ដោយ​មិនសូវ​ឃើញ​ចុះទៅ​ជនបទ​នោះ​ទេ។ ទោះ​យ៉ាង​ណា តាម​បទ​បញ្ជា​របស់​លោក ហ៊ុន សែន នោះ គឺ​ក្រសួង​ទាំង៤ ត្រូវ​ធ្វើ​សកម្មភាព​ជួសជុល និង​ត​ភ្ជាប់ ​ផ្លូវ ​ស្ពាន និង​ប្រព័ន្ធ​ប្រឡាយ​ទឹក​ ព្រមទាំង​ជំរុញ​ការ​ដាំដុះ​ឡើងវិញ​ ក្រោយ​ទឹក​ស្រក​ តាមរយៈ​ការ​ផ្តល់​គ្រាប់​ពូជ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​សង្គម​កម្ពុជា​ លោក​ សន ​ជ័យ ​មានប្រសាសន៍ថា​ រដ្ឋាភិបាល ត្រូវ​ធានា​ថា ​ពលរដ្ឋ​រងគ្រោះ​ទាំង​អស់ ​មាន​ស្បៀង​អាហារ ​និង​ទីជម្រក​សមរម្យ​ឡើង​វិញ និង​ពិនិត្យ​លទ្ធភាព​ជួយ​ដល់​កុមារ​តូចៗ ដែល​ងាយ​រង​គ្រោះ ហើយ​រដ្ឋាភិបាល ​គួរ​ធ្វើ​ការ​ជាមួយ​នឹង​វិស័យ​ឯកជន​ដូចជា​ធនាគារ ​និង​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ ដើម្បី​ជួយ​សម្រួល​ការ​សង​បំណុល​សម្រាប់​ពលរដ្ឋ​រង​គ្រោះ​ផ្ទួនៗ ​ពី​ទឹក​ជំនន់​ផង ​និង​ជំងឺ​​កូវីដ-១៩​ផង ឲ្យ​មាន​ប្រសិទ្ធភាព។ លោក​បន្ត​ថា​ សម្រាប់​ការ​ជួយ​រយៈ​ពេល​វែង​នោះ​ រដ្ឋាភិបាល​ និង​អាជ្ញាធរ​ពាក់ព័ន្ធ ​ត្រូវ​ធ្វើ​ការ​សិក្សា​ដោះស្រាយ​ទៅតាម​តំបន់ និង​ករណី​នីមួយៗ ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​គ្រោះ​ទឹកជំនន់​ទឹក​ភ្លៀង​នេះ​កើត​ឡើង​នៅ​ឆ្នាំ​បន្ត​បន្ទាប់​ទៀត​ បើ​ពុំ​នោះ​ទេ​ គ្រោះ​មហន្តរាយ​បែប​នេះ​ នឹង​ទាញ​ទម្លាក់​ប្រជា​ពល​រដ្ឋ ​ឲ្យ​ធ្លាក់​ក្នុង​ស្ថាន​ភាព​ក្រីក្រ​កាន់​ច្រើន​ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។