ប្រជាពលរដ្ឋនៅឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ ព្រួយបារម្ភចំពោះវាសនាព្រៃលិចទឹករាប់សិបហិកតារនៅតំបន់ហាមឃាត់ ដោយសារតែការរុករានកាប់ព្រៃលិចទឹកខុសច្បាប់ ហើយអាជ្ញាធរគ្មានវិធានការបង្ក្រាប។
ការបារម្ភនេះ បន្ទាប់ពីមានការចូលរុករាន និងមានយកគ្រឿងចក្រទៅភ្ជួរចូលតំបន់ហាមឃាត់នៅខាងលិចភ្នំជីមុស ជិតមាត់បឹងទន្លេសាប។ ឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរបានបដិសេធថា ពួកគេបានធ្វើការងារនេះជាប្រចាំហើយដែរ ប៉ុន្តែវាមិនដូចការលើកឡើងរបស់ពលរដ្ឋទេ។
ប្រជាពលរដ្ឋគ្រោងនឹងដាក់ពាក្យប្ដឹងទៅអាជ្ញាធរថ្នាក់លើបន្តទៀត ចំពោះករណីរុករានដីព្រៃលិចទឹកនៅឃុំចំណារលើ ស្រុកស្ទោង។ ការសម្រេចដូចនេះ បន្ទាប់ពីពួកគាត់យល់ថា អាជ្ញាធរមូលដ្ឋានអាចជាអ្នកពាក់ព័ន្ធជាមួយពលរដ្ឋដែលមានគ្រឿងចក្រយកទៅភ្ជួរលើតំបន់ដី ដែលរាជរដ្ឋាភិបាលហាមឃាត់ ទើបបានជាមិនព្រមចាត់វិធានការឱ្យមានប្រសិទ្ធភាពលើអ្នករុករានទាំងនោះ។
ពលរដ្ឋនៅឃុំចំណារលើ ម្នាក់ លោក តន ណាន មានប្រសាសន៍ថា ការរុករានដីព្រៃរាប់សិបហិកតារ នឹងបណ្ដាលឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលមានគោក្របីនៅក្នុងភូមិ ព្រោះបាត់បង់កន្លែងសម្រាប់លែងគោក្របីនៅរដូវប្រាំង ម្យ៉ាងគឺធ្វើឱ្យប៉ះពាល់ដល់ជម្រកត្រីពងកូនទៀតផងនៅពេលខាងមុខ៖ «មួយគ្រួសារបួនប្រាំ បីហិកតារ ពីរហិកតារអ៊ីចឹងទៅ។ ជួនណាអ្នកមានប្រាក់ មានអំណាចវិញ រាងក្រែល បួនប្រាំហិកតារ ប្រាំមួយ ប្រាំពីរហិកតារ បួនដប់ហិកតារអ៊ីចឹងទៅ»។
តំបន់ព្រៃលិចទឹកដែលពលរដ្ឋព្រួយបារម្ភ គឺនៅចំណុចខាងលិចភ្នំជីមុស ក្នុងឃុំចំណារលើ ស្រុកស្ទោង។ ចំណុចនោះហើយ អាជ្ញាធរខេត្តបានបែងចែងជាបីតំបន់ គឺតំបន់១ តំបន់២ និងតំបន់៣។ ចំណែកចំណុចដែលមានរុករានដីព្រៃពេលនេះ គឺត្រូវបានគេកំណត់ថា ជាដីតំបន់បី ដែលជាតំបន់មិនអនុញ្ញាតឱ្យមានការរុករានបន្ថែមទៀត ឬធ្វើទំនប់ប្រឡាយអ្វីឡើយ ក្រៅតែពីធ្វើលើដីធ្លាប់អាស្រ័យផលកន្លងមកប៉ុណ្ណោះ ប៉ុន្តែចាប់ពីក្រោយបុណ្យចូលឆ្នាំខ្មែរមក គឺសកម្មភាពរុករានពីសំណាក់ពលរដ្ឋខ្លះនៅស្រុកស្ទោង ចេះតែបន្តលើចំណុចហាមឃាត់។
ដោយឡែកពលរដ្ឋម្នាក់ទៀត ថ្លែងមិនឱ្យបញ្ចេញឈ្មោះឱ្យដឹងថា សកម្មភាពរុករានដីព្រៃលិចទឹកកើតឡើង គឺមានអាជ្ញាធរនៅពីក្រោយជុំវិញរឿងនេះតែម្ដង៖ «ដូចបងបានដឹងហើយ តំបន់បី គឺរដ្ឋាភិបាលហាមឃាត់មិនធ្វើទេ ប៉ុន្តែនេះដោយសារមានមន្ត្រីពាក់ព័ន្ធអ្នកមានអំណាចនៅពីក្រោយខ្នងហើយបានជាការធ្វើទាំងប៉ុន្មានកាប់ ដុត ភ្ជួរ។ រាយការណ៍ទៅស្រុក ស្រុកមិនចាត់ការ រាយការណ៍ទៅខេត្ត ខេត្តមិនចាត់ការ»។
ឆ្លើយតបការចោទប្រកាន់នេះ អភិបាលស្រុកស្ទោង លោក ព្រឹម រដ្ឋា មានប្រសាសន៍បដិសេធថា អាជ្ញាធរមិនបានពាក់ព័ន្ធ ឬនៅពីក្រោយរឿងនេះទេ។ លើសពីនេះទៀត អាជ្ញាធរតែងចាត់វិធានការលើករណីរុករានទន្ទ្រានដីព្រៃលិចទឹកនោះជានិច្ច រហូតចាត់មន្ត្រីខ្លួននៅឃ្លាំមើលសកម្មភាពទាំងនោះជាប្រចាំស្ទើរតែគ្មានពេលសម្រាកទៀតផង។
លោក ព្រឹម រដ្ឋា៖ «យើងបានចុះទៅឃាត់ហើយ យើងបានទៅមើលជាក់ស្ដែង វាមិនមែនដូចប្រជាជនរាយការណ៍ទេ។ អាហ្នឹងវាមិនមែនជាប្រជាជនទេ វាជាអង្គការ។ ខ្ញុំបានឱ្យអភិបាលរងជលផល ប៉ូលិស ប៉េអឹម គេចុះទៅមើលជាក់ស្ដែងហើយ។ គេមានការភ្ជួររាស់ស្រែអី ក៏វាប៉ះពាល់ស្រែ ឆ្លងភ្លឺឆ្លងអីហ្នឹង។ ឥឡូវយើងបានឱ្យគេផ្អាកសកម្មភាពឱ្យគេហើយ»។
អភិបាលស្រុកដដែលបញ្ជាក់ថា បើទោះបីជាអាជ្ញាធរបង្ក្រាបសកម្មភាពរុករានដីព្រៃនៅតំបន់ហាមឃាត់យ៉ាងណាក៏ដោយ ប៉ុន្តែពលរដ្ឋហាក់នៅតែមិនព្រមរាងចាលឡើយ។ លើសពីនេះទៀត លោកអះអាងថា អ្នកប្ដឹងនោះ គឺមិនមែនជាពលរដ្ឋរស់នៅទីនោះទេ ប៉ុន្តែជាអ្នកធ្វើការងារឱ្យអង្គការមួយដែលយកប្រាក់ពីគេមិនបានទើបប្ដឹងពីគេទៅ។ យ៉ាងណា ពលរដ្ឋដែលរាយការណ៍ពីបញ្ហានេះ បានច្រានចោលការលើកឡើងរបស់អភិបាលស្រុក ដោយថា នោះគ្រាន់តែជាការដោះសារយករួចខ្លួនប៉ុណ្ណោះ។ បន្ថែមលើនេះ ពលរដ្ឋគ្រោងនឹងប្ដឹងទៅនាយករដ្ឋមន្ត្រី ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះករណីនេះ ព្រមទាំងស្នើចាត់វិធានការលើមន្ត្រីរបស់ខ្លួនឱ្យបំពេញការងារដោយតម្លាភាពជាដើម។
ច្បាប់ជលផលឆ្នាំ២០០៦ មាត្រា ៩៨ ចែងពីបទល្មើសថ្នាក់ទី១ គឺត្រូវដាក់ពន្ធនាគារពី ៣ឆ្នាំ ទៅ ៥ឆ្នាំ និងត្រូវរឹបអូសយកវត្ថុតាងទាំងអស់ដាក់ជាសម្បត្តិរដ្ឋ ឬបំផ្លាញចោល។ បទល្មើសទាំងនោះរួមមានការកាប់ឆ្ការ ឬឈូស ឆាយព្រៃលិចទឹក និងព្រៃកោងកាង ឬហ៊ុមព័ទ្ធកាន់កាប់ដីព្រៃលិចទឹកទាំងនោះ។ សកម្មភាពបង្កឱ្យមានភ្លើងឆេះ ឬដុតព្រៃលិចទឹក និងព្រៃកោងកាង។ ការនេសាទដោយឧបករណ៍ឆក់ គ្រឿងផ្ទុះ និងសារធាតុពុល ឬនេសាទដោយបូម បាច ដែលបង្កគ្រោះមហន្តរាយដល់ធនធានជលផលជាដើម។ ចំណែកមាត្រា ១០២ វិញ គឺនិយាយពីការដាក់ទោសទណ្ឌដល់សកម្មភាពទាំងឡាយណាដែលបង្កឡើងដោយមន្ត្រីអាជ្ញាធរដែនដី មន្ត្រីនគរបាល កងយោធា និងមន្ត្រីផ្សេងៗទៀត ដែលធ្វើអន្តរាគមន៍ដោយផ្ទាល់ ឬប្រយោលជួយដល់អាជីវកម្មជលផល ឬរារាំងដល់មន្ត្រីជលផលក្នុងការបំពេញភារកិច្ច គឺត្រូវផ្ដន្ទាទោសពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងត្រូវពិន័យជាប្រាក់ពី ៥លានរៀល ដល់ ៥០លានរៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។