ពលរដ្ឋ​នៅ​ខេត្ត​កំពង់ធំ​ថា​ករណី​កាប់​រុក​រាន​ដី​ព្រៃ​លិច​ទឹក​កើត​ឡើង​ជា​ថ្មី​ទៀត

ដោយ សូត សុខប្រាថ្នា
2017-02-19
Share
បឹង​ទន្លេ​ឆ្មា ២០១៦ ៨៥៥ ១-ឧសភា-២០១៦៖ ព្រៃ​លិច​ទឹក​នៅ​តំបន់​អភិរក្ស​បឹង​ទន្លេ​ឆ្មា ត្រូវ​បាន​ភ្លើង​ឆេះ ឋិត​នៅ​ឃុំ​ពាមបាង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ។ RFA/Saut Sokprathna
RFA/Saut Sokprathna

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​កំពង់គោ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ បារម្ភ​ចំពោះ​ការ​រុក​រាន និង​ឈូស​ឆាយ​ដី​ព្រៃ​លិច​ទឹក​ជា​ថ្មី​ទៀត បន្ទាប់​ពី​ស្ងប់ស្ងាត់​មួយ​រយៈពេល។ ក្តី​បារម្ភ​នេះ បន្ទាប់​ពី​ព្រៃ​លិច​ទឹក​នៅ​តំបន់​បឹង​ចំនួន​ពីរ គឺ​បឹង​ព្រះ​ស្នែង និង​បឹង​ពងចាប ត្រូវ​បាន​គេ​ឈូស​ឆាយ និង​ចូល​ទៅ​កាប់​រុក​រាន​អស់​ជាច្រើន​ហិកតារ ដោយ​មិន​ទាន់​មាន​ការ​ទប់ស្កាត់​ពី​មន្ត្រី​ជំនាញ​នៅ​ឡើយ។ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ធំ បញ្ជាក់​ថា នឹង​បញ្ជូន​មន្ត្រី​របស់​ខ្លួន​ចុះ​ពិនិត្យ​មើល​បញ្ហា​នេះ។

ប្រជាពលរដ្ឋ​នៅ​ឃុំ​កំពង់គោ ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ចាត់​វិធានការ​ករណី​ឈូស​ឆាយ និង​កាប់​ទន្ទ្រាន​ដី​ព្រៃ​លិច​នៅ​តំបន់​ដែល​ពួក​គាត់​រស់នៅ។

សំណើ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ពលរដ្ឋ​នាំ​គ្នា​ចុះ​ឃ្លាំ​មើល​ស្ថានភាព​បទល្មើស​នៅ​តំបន់​បឹង​ព្រះ​ស្នែង និង​បឹង​ពងចាប ចាប់​ពី​ថ្ងៃ​ទី​៧ កុម្ភៈ ឃើញ​មាន​បទល្មើស​ផ្សេងៗ​គ្នា។ បទល្មើស​នៅ​តំបន់​បឹង​ព្រះ​ស្នែង ឃើញ​មាន​ត្រាក់ទ័រ​ចូល​ទៅ​ឈូស​ឆាយ​ដី​ព្រៃ​លិច​ទឹក​ជាង ១​ហិកតារ។ ចំណែក​នៅ​តំបន់​បឹង​ពងចាប ឃើញ​មាន​សកម្មភាព​ពលរដ្ឋ​មក​ពី​តំបន់​ផ្សេង​ចូល​ទៅ​កាប់​ទន្ទ្រាន​អស់​ជាង ៤​ហិកតារ និង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ កុម្ភៈ ឃើញ​ត្រាក់ទ័រ​មួយ​គ្រឿង​ទៀត​ចូល​ឈូស​ឆាយ​នៅ​តំបន់​បឹង​ព្រះ​ស្នែង ម្តង​ទៀត ដែល​ឈូស​ឆាយ​អស់​ព្រៃ​លិច​ទឹក​ប្រមាណ ៤០​ម៉ែត្រ​បួន​ជ្រុង។

ពលរដ្ឋ​នៅ​ឃុំ​កំពង់គោ មួយ​រូប​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ រៀបរាប់​ថា ករណី​ឈូស​ឆាយ និង​កាប់​រាន​ដី​ព្រៃ​លិច​ទឹក គឺ​មាន​ពលរដ្ឋ​មក​ពី​តំបន់​ផ្សេង ដែល​ត្រូវ​បាន​គេ​ជួល​ឲ្យ​ចូល​កាប់​ទន្ទ្រាន​ដី​ព្រៃ​ក្នុង ១​ហិកតារ​តម្លៃ​ឈ្នួល ១​លាន​រៀល។ ដោយឡែក​ត្រាក់ទ័រ​រុញ​ដី​វិញ គឺ​ជួល​ក្នុង ១​ម៉ោង​តម្លៃ ១៥​ម៉ឺន​រៀល​ទៅ ២០​ម៉ឺន​រៀល៖ «ខ្ញុំ​បារម្ភ​ដែរ ទី​មួយ​វា​បំផ្លាញ​ព្រៃ​ឈើ ម្យ៉ាង​ទៀត​មច្ឆា​អី​វា​រស់នៅ​មិន​បាន ដូចជា​សត្វ​ព្រៃ​សត្វ​អី វា​រស់នៅ​អត់​បាន»

ដី​ព្រៃ​លិច​ទឹក​សហគមន៍​នេសាទ​សាមគ្គី​កំពង់គោ មាន​ទំហំ​ជាង ២​ពាន់​ហិកតារ។ ព្រៃ​លិច​ទឹក​ក្នុង​ដែន​សហគមន៍​នេសាទ និង​ក្រៅ​ដែន​សហគមន៍​មួយ​នេះ កាល​ពី​ខែ​មីនា ឆ្នាំ​២០១៦ ត្រូវ​បាន​ភ្លើង​ឆេះ​អស់​ប្រមាណ ១០០​ហិកតារ។ កាលណោះ​ក៏​មាន​សេចក្តី​រាយការណ៍​ថា បទល្មើស​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​តំបន់​បឹង​ព្រះ​ស្នែង គឺ​កើត​មាន​ជាច្រើន​ហិកតារ​ដែរ។

ទាក់ទង​បញ្ហា​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ធំ លោក ប៉ែន វណ្ណរិទ្ធ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៨ កុម្ភៈ ថា បទល្មើស​ឈូស​ឆាយ និង​កាប់​រាន​ដី​ព្រៃ​លិច​ទឹក គឺ​កើត​មាន​នៅ​តំបន់​បឹង​រៀល ក្នុង​ស្រុក​កំពង់ស្វាយ ដូច​គ្នា ហើយ​មន្ត្រី​ជំនាញ​ក៏​បាន​ចាត់​វិធានការ​ហើយ​ដែរ ប៉ុន្តែ​ករណី​នេះ​លោក​នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នៅ​ឡើយ​ទេ។ យ៉ាង​នេះ​ក្តី លោក​ថា​នឹង​បញ្ជូន​មន្ត្រី​របស់​ខ្លួន​ចុះ​ពិនិត្យ​បញ្ហា​នេះ​តែ​ម្តង។ លោក​បញ្ជាក់​ថា ជុំវិញ​ស្ថានភាព​បទល្មើស​នេសាទ​វិញ នៅ​ខេត្ត​កំពង់ធំ បច្ចុប្បន្ន គឺ​ថយ​ចុះ​ច្រើន៖ «បាទ! ថយ​ចុះ​ច្រើន​បង ព្រោះ​កម្លាំង​ហ្នឹង​គឺ​ប្រើ​កម្លាំង​បញ្ជាការ​ឯកភាព​ខេត្ត​ហ្នឹង គឺ​ចុះ​ធ្វើ​ជា​ប្រចាំ»

លោក ប៉ែន វណ្ណរិទ្ធ អះអាង​ថា រយៈពេល​ជាង ១​ខែ​ដើម​ឆ្នាំ​២០១៧ មន្ត្រី​ជំនាញ និង​អាជ្ញាធរ​បង្ក្រាប​បទល្មើស​ប្រមាណ ២៧០​ករណី។ បទល្មើស​ទាំងនោះ​ដូចជា របាំង​សាច់​អួន ឬ​របាំង​លប​ណររ៉ាវ របាំង​ស្បៃ​មុង ឆ្នុក និង​ឧបករណ៍​ឆក់ ព្រម​ទាំង​បញ្ជូន​ជន​សង្ស័យ​ចំនួន ១៧​នាក់​ទៅ​តុលាការ។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​កំពង់ធំ លោក ញូង សាមឿន មាន​ប្រសាសន៍​ថា ការ​កាប់​រុក​រាន និង​ឈូស​ឆាយ​ដី​ព្រៃ​លិច​ទឹក គឺ​ជា​សកម្មភាព​ផ្ទុយ​ទៅ​នឹង​ច្បាប់​ជលផល។ បន្ថែម​ពី​នេះ លោក​មើល​ឃើញ​ថា ពលរដ្ឋ​ក្រីក្រ​ភាគច្រើន​ក្លាយ​ជា​ជន​រងគ្រោះ ដោយសារ​អ្នក​មាន​ប្រាក់ ឬ​មាន​អំណាច​ដែល​បាន​ជួល​ពួក​គេ​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជំនួស ដូចជា​ជួល​ទៅ​កាប់​រុក​រាន​ដី​ព្រៃ​លិច​ទឹក ឬ​កាប់​ព្រៃ​ឈើ៖ «គាត់​បង្ខំ​ចិត្ត​បើ​ទោះ​បី​ជា​ដឹង​ថា​ខុស​ទៅ​នឹង​ច្បាប់​ក៏ដោយ ដោយសារ​តែ​ជីវភាព​ក្រីក្រ»

ច្បាប់​ជលផល​ឆ្នាំ​២០០៦ មាត្រា​៩៨ បាន​កំណត់​ផ្ដន្ទាទោស​បទល្មើស​ថ្នាក់​ទី​១ ត្រូវ​ជាប់​ពន្ធនាគារ​ពី ៣​ឆ្នាំ​ទៅ ៥​ឆ្នាំ និង​រឹប​អូស​វត្ថុ​តាង​ដាក់​ជា​សម្បត្តិ​រដ្ឋ ឬ​បំផ្លាញ​ចោល។ បទល្មើស​ទាំងនោះ​រួម​មាន កាប់​ឆ្ការ ឬ​ឈូស​ឆាយ​ព្រៃ​លិច​ទឹក និង​ព្រៃ​កោងកាង ប្រើ​ឧបករណ៍​នេសាទ​ទំនើប ឬ​ឧបករណ៍​នេសាទ​បង្កើត​ថ្មី និង​នេសាទ​ជា​លក្ខណៈ​ឧស្សាហកម្ម​ក្នុង​រដូវ​បិទ​នេសាទ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល