ជំនន់​ទឹកភ្លៀង​បន្ត​លិចលង់​នៅ​ខេត្ត​មួយ​ចំនួន​ហើយ​ខូច​ខាត​ដំណាំ​ស្រូវ​ពលរដ្ឋ​​រាប់រយ​ហិកតារ

0:00 / 0:00

ជំនន់​ទឹកភ្លៀង​នៅតែ​បន្ត​ហក់​ឡើង បណ្ដាល​ឲ្យ​ខេត្ត​មួយ​ត្រូវ​ទឹក​លិច​ផ្លូវ ផ្ទះ និង​ផលដំណាំ​របស់​ប្រជាពលរដ្ឋ​អស់​ជាច្រើន​កន្លែង។ ស្របគ្នា​នេះ​ដំណាំ​ស្រូវ​របស់​កសិករ​នៅ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង រាប់រយ​ហិកតារ ត្រូវ​បាន​ទឹកជំនន់​ហូរ​ពី​ស្ទឹង​សង្កែ​លិច​ខូចខាត ហើយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​កំពុង​ខ្វល់ខ្វាយ​ខ្លាច​គ្មាន​ប្រាប់​សង​ធនាគារ ដែល​ពួកគាត់​ខ្ចី​យក​ធ្វើ​ដើម​ទុក​ដាំ​ដុះ​នា​ពេល​កន្លងមក។

នាយក​ខុទ្ទកាល័យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក ចាន់ យុត្ថា ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៩ កក្កដា ថា រហូត​មក​ទល់​ពេលនេះ នៅ​ខេត្ត​ខ្លះ ទឹកបាន​ស្រក​ជា​ធម្មតា​ហើយ ចំណែក​នៅ​ខេត្ត​កំពត កំពង់ស្ពឺ និង​ខេត្ត​កោះកុង ទឹកជំនន់​មិន​ទាន់​បាន​ធូរស្រាល​នៅឡើយ​ទេ។ លោក ចាន់ យុត្ថា អះអាង​ថា ដោយសារ​នៅ​ខេត្ត​កោះកុង​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ជាប់ៗ​គ្នា​ប្រមាណ​១០​ថ្ងៃ បណ្ដាល​ឲ្យ​ខូចខាត​ផ្លូវថ្នល់ និង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​អស់​ជាច្រើន​ខ្នង ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ពី​ចំនួន​តួលេខ​ដែល​រង​ការខូចខាត​ទាំងអស់​ប៉ុន្មាន​នោះ​ទេ៖ «នៅ​ចំណុច​តែ​២​ទេ ដោយ​នៅ​ព្រឹក​ទឹកឈូ មួយ ហើយ​មួយទៀត​នៅ​ព្រែក​ស្រែអំបិល​ព្រឹក​នេះ​ទឹក​បន្ត​ឡើង ប៉ុន្តែ​នៅ​ខាង​ក្បាល​ផ្នែក​ខាងលើ​ទឹក​ចាប់ផ្ដើម​នឹង ហើយ​វា​អាច​ប្រហែល​មួយ​យប់​ទៀត។ ដោយឡែក​នៅ​កំពង់ស្ពឺ​ត្រង់​ចំណុច​ពាមឃ្នៃ ដែល​ជា​ចំណុច​ប្រសប់​របស់​ស្ទឹង​ឃ្នាច ជាមួយ​ស្ទឹង​កណ្ដាល​បង្កើត​បាន​ជា​ទឹក​ព្រែក​ត្នោត ដូច្នេះ​ត្រង់​ចំណុច​ពាមឃ្នៃ ចាប់ពី​ព្រឹក​មក​ដល់​ពេល​នេះ ទឹក​ចាប់ផ្ដើម​ស្រក​ចុះ​ប្រហែល​១៥​សង់ទីម៉ែត្រ​ហើយ»។

ចំណែក​នៅ​ខេត្ត​បាត់ដំបង​ឯណោះ​វិញ ទឹកជំនន់​នៅ​ស្ទឹង​សង្កែ បាន​ហក់​ឡើង​សាជាថ្មី ហើយ​បណ្ដាល​ឲ្យ​ដំណាំ​ស្រូវ​របស់​ពលរដ្ឋ​ប្រមាណ ៥០០​ហិកតារ នៅ​ក្នុង​ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ រង​ការ​ខូចខាត។

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​រាជ​ដូន​កែវ ឃុំ​ព្រែកនរិន្ទ លោក រ៉េន សារ៉េត អះអាង​ថា ដំណាំ​ស្រូវ​របស់​លោក​ប្រមាណ ២​ហិកតារ​ត្រូវ​បាន​ទឹកជំនន់​លិច​ខូច​ប្រមាណ​៥​ថ្ងៃ​ហើយ។ កសិករ​រូប​នេះ អះអាង​ទៀត នៅ​ថ្ងៃ​ទី​១៩ កក្កដា ទឹកស្ទឹង​សង្កែ​បាន​ហក់​ឡើង​សាជាថ្មី ហើយ​ទឹកបាន​ហូរ​ចូល​លិច​ដំណាំ​ស្រូវ របស់​កសិករ​ខូចខាត​អស់​ជាច្រើន​រាប់​រយ​ហិកតារ។ លោក​បន្ថែម​ទៀត​ថា សព្វថ្ងៃ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​រង​ការខូចខាត​ផលដំណាំ​កំពុង​ព្រួយបារម្ភ​ខ្លាច​មិន​មាន​ប្រាក់​សង​ធនាគារ​ដែល​ពួកគាត់​បាន​ខ្ចី​យក​មក​ធ្វើ​ដើមទុន​ដាំ​ដុះ​កាល​ពី​ដើម​ឆ្នាំ៖ «ពី​ប្រាំង​មិញ​គឺ​ខាត​សណ្ដែក​ម្ដង​ហើយ ដោយសារ​សណ្ដែក​ថោក ហើយ​មកដល់​ឥឡូវនេះ​ស្រូវ​ខាត​ទៀត គឺ​បំណុល​ជាន់​លើ​បំណុល​ហើយ។ ខ្ញុំ​ចង់​ទៅ​ធ្វើ​លិខិតឆ្លងដែន​ទៅ​ថៃ ដោយសារតែ​អស់ជម្រើស​គឺ​មាន​តែ​វិធីសាស្ត្រ​នឹង​ឯង ព្រោះ​បំណុល​កាន់តែ​ច្រើន​ហើយ​គ្មាន​ការងារ​ធ្វើ»។

នាយក​ខុទ្ទកាល័យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​លោក ចាន់ យុត្ថា អះអាង​ថា ទឹកស្ទឹង​សង្កែ​នៅ​ខេត្ត​បាត់ដំបង ឡើង​ហើយ​ស្រក​វិញ​ឆាប់រហ័ស ដោយសារ​មាន​ទ្វារ​ទឹក​សម្រាប់​បើក​រំដោះ​ទឹកជា​ច្រើន​កន្លែង នៅ​ប៉ែក​ខាងលើ​ក្នុងស្រុក​បាណន់ និង​មាន​បឹង​ទន្លេសាប​នៅ​ប៉ែក​ខាងក្រោម​សម្រាប់​ទទួល​ទឹកជំនន់។ លោក​បន្ថែម​ថា ទឹកជំនន់​នៅ​ក្នុង​ខេត្ត​នេះ​មិនទាន់​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផលដំណាំ​របស់​ប្រជាកសិករ​នៅឡើយ​ទេ។ ក្រៅ​ពី​នេះ​លោក​ថា ទឹក​ទន្លេ​មេគង្គ ទន្លេបាសាក់ និង​ទន្លេសាប​ជាដើម នឹង​បន្ត​ហក់​ឡើង​ទៅ​មុខ​ទៀត ប្រមាណ​ពី ៣​ទៅ ៧​ថ្ងៃ ទើប​ទឹក​ចាប់ផ្ដើម​ស្រក​ទៅវិញ៖ «ទោះបីថា​ទឹក​នេះ​នៅ​បន្ត​ឡើង ប៉ុន្តែ​វា​មិនទាន់​ថា ឈាន​ទៅ​កម្រិត​ប្រកាស​ឲ្យ​មានការ​ប្រុង​ប្រយ័ត​ទេ។ ប៉ុន្តែ​ក៏​អំពាវនាវ​ដែរ​ចំពោះ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ និង​អ្នក​ធ្វើ​ដំណើរ​តាម​ទន្លេ​នឹង​សុំ​បង្កើន​ការ​ប្រុង​ប្រយ័ត ព្រោះ​ពេលនេះ​ទឹក​ឡើង​ខ្ពស់​គួរសម ហើយ​ល្បឿន​ក៏​ហូរ​លឿន ដូច្នេះ​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត​ដែរ»។

ដោយឡែក​ចំពោះ​ការខូចខាត​វិញ​លោក ចាន់ យុត្ថា ឲ្យ​ដឹង​ថា ក្រសួង​នឹង​ចុះ​វាយតម្លៃ​ការខូចខាត​ផលដំណាំ​របស់​ប្រជាពលរដ្ឋ ដើម្បី​ដាក់​ជូន​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​យក​ទៅ​ពិចារណា​ក្នុង​ការ​ជួយ​ដល់​កសិករ​នៅ​ពេល​ដែល​ទឹក​បាន​ស្រក​ទៅវិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។