មន្ត្រី​ជំនាញ​អំពាវនាវ​ពលរដ្ឋ​នៅ​តាម​ដង​ទន្លេ​ឲ្យ​ប្រុងប្រយ័ត្ន​ពី​ទឹក​ជំនន់​ពីរ​ថ្ងៃ​ទៀត

ដោយ ឡេង ម៉ាលី
2017.07.27
ទឹក​ជំនន់ ព្រះវិហារ ២០១៧ ១៤៤០ ក្មេងៗ​ហែល​ទឹក​លេង​នៅ​ឃុំ​ម្លូព្រៃ២ ស្រុក​ឆែប ខេត្ត​ព្រះវិហារ ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៧។ រូបថត​អង្គការ​ពន្លក​ខ្មែរ
រូបថត​អង្គការ​ពន្លក​ខ្មែរ

អាកាសធាតុ​ព្យុះ​ភ្លៀង​ចាប់​ផ្ដើម​បង្ក​ឲ្យ​ជន់​លិចលង់​តំបន់​មួយ​ចំនួន ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ មន្ត្រី​គ្រប់គ្រង​គ្រោះ​មហន្តរាយ ព្រមាន​អំពី​ទឹក​ជំនន់​បន្ថែម​ទៀត ហើយ​ក៏​អំពាវនាវ​ដល់​ពលរដ្ឋ​នៅ​តាម​ដង​ទន្លេ ឲ្យ​ប្រុងប្រយ័ត្ន​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ទៅ​មុខ​ទៀត។

អនុប្រធាន​ព័ត៌មាន និង​ទំនាក់ទំនង​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក កែវ វី មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​២៧ កក្កដា ថា កម្ពស់​ទឹក​ទន្លេ​មេគង្គ​នៅ​ខេត្ត​ស្ទឹងត្រែង នឹង​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន​នៅ​ថ្ងៃ​ទី​២៨ កក្កដា៖ «ខ្ញុំ​បាន​ទទួល​ថា វា​ឡើង​ដល់​កម្ពស់ ១០​ម៉ែត្រ ៥៥​សង់ទីម៉ែត្រ​ហើយ។ ដូច្នេះ​វា​ជា​កម្រិត​មួយ​សល់ ប្រហែល​ជា​មួយ​តឹក​អី​ទៀត ប្រហែល​ជា​ស្អែក​វា​អាច​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន​ហើយ ហើយ​នៅ​ក្នុង​ខេត្ត​ក្រចេះ ប្រហែល​ជា​ខាន​ស្អែក​អី​បាន​ដល់​កម្រិត​ហ្នឹង។ បើ​ខេត្ត​កំពង់ចាម នៅ​ច្រើន​ណាស់ ប្រហែល​ជា ២​ម៉ែត្រ​អី​ទៀត​បាន​ដល់​កម្រិត​ប្រកាស​អាសន្ន។ ដូច្នេះ​យើង​មាន​ការ​ប្រុងប្រយ័ត្ន​តែ​ក្នុង ខេត្ត​ទាំង​ពីរ​លើ​ហ្នឹង​ទេ តែ​នៅ​តាម​បណ្ដា​ខេត្ត​តាម​ដង​ទន្លេ​មេគង្គ ជុំវិញ​ទន្លេសាប​ហ្នឹង ខាង​អាជ្ញាធរ​ខេត្ត​បាន​ប្រកាស​ជូន​ដំណឹង​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ហើយ»

ស្រប​នឹង​ការ​ព្រមាន​នេះ​ដែរ រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​នេះ​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើត​ឡើង​ដោយ​ទឹក​ជំនន់ ក្រោយ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​បន្តបន្ទាប់

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ មាន​ខេត្ត​មួយ​ចំនួន​បាន​លិចលង់ ដូចជា​ខេត្ត​ព្រះវិហារ ឧត្ដរមានជ័យ កំពង់ធំ និង​ខេត្ត​កំពត។ លោក កែវ វី ឲ្យ​ដឹង​ថា ការ​ខូចខាត​ធ្ងន់ធ្ងរ​ជាង​គេ គឺ​ខេត្ត​ព្រះវិហារ«ព្រឹក​មិញ​នេះ គឺ​ឡើង​ដល់​កម្រិត ១៣​ម៉ែត្រ ហើយ​នៅ​ក្នុង​ហ្នឹង ហើយ​តាម​ការ​រាយការណ៍ គឺ​មាន​ស្រុក​ជាំក្សាន្ត ស្រុក​ឆែប ស្រុក​គូលែន ហើយ​និង​ក្រុង​ព្រះវិហារ ហ្នឹង។ ដំណាំ​ស្រូវ​ដែល​ប៉ះពាល់​ដោយសារ​ការ​លិច​ទឹក​ហ្នឹង មាន​ចំនួន​ជាង ៤​ពាន់​ហិកតារ ហើយ​នៅ​ក្នុង​ស្រុក​ជាំក្សាន្ត យើង​មាន រងគ្រោះ​ស្លាប់​ចំនួន ២​នាក់ គឺ​ស្ត្រី​ម្នាក់ និង​កុមារ​ម្នាក់។ ស្ត្រី​ហ្នឹង​គាត់​មាន​ជំងឺ ប៉ុន្តែ​គាត់​ខ្យល់​គ​ដួល ក្នុង​ទឹក​ហ្នឹង គាត់​ស្លាប់​ទៅ។ មាន​ការ​ជម្លៀស​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​ភូមិ​ធម្មជាតិ ឃុំ​ស្រអែម ដោយសារ​ទំនប់​មួយ វា​អាច​រង​ការ​ខូចខាត។ ដូច្នេះ​យើង​បាន​ជម្លៀស​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ជា​គ្រួសារ​របស់​កងទ័ព​ឲ្យ​ទៅ​នៅ​ក្នុង​បន្ទាយ​របស់​កងទ័ព»

លោក​ថា បន្ទាប់​ពី​ខេត្ត​ព្រះវិហារ គឺ​ខេត្ត​ឧត្ដរមានជ័យ ក៏​មាន​ការ​ខូចខាត​ធ្ងន់ធ្ងរ​បង្គួរ​ដែរ ដូចជា​បាក់​ទំនប់​នៅ​ស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំងប្រាសាទ ហើយ​ជម្លៀស​ពលរដ្ឋ​ចេញ​ចំនួន ៤​ឃុំ។ រីឯ​ខេត្ត​កំពង់ធំ វិញ មាន​ស្រុក​សណ្ដាន់ និង​ស្រុក​កំពង់ស្វាយ មាន​ទឹក​លិចលង់​ខ្លះ ប៉ុន្តែ​ប្រសិន​បើទឹក​ស្ទឹងសែន​ក្នុង​ខេត្ត​កំពង់ធំ ឡើង​ជាង ៣​តឹក​ទៀត នឹង​ដល់​កម្រិត​ប្រកាស​អាសន្ន៖ «ខេត្ត​កំពង់ធំ វា​មួយ ឬ​ពីរ​ថ្ងៃ​ទៀត​លិច បើសិនជា​ភ្លៀង​នៅ​ឯ​លើ។ ប៉ុន្តែ​នៅ​លើ​ស្រឡះ​ហើយ​ប៉ុន្មាន ថ្ងៃ​នេះ»

ចំពោះ​ទឹក​ជំនន់​នៅ​ខេត្ត​កំពត ដែល​លិចលង់​ស្រុក​ទឹកឈូ កាល​ពី​ថ្ងៃ​ទី​២៦ កក្កដា លោក កែវ វី ថា​មិន​មាន​ការ​ខូចខាត​ធ្ងន់ធ្ងរ​ទេ ព្រោះ​ទឹក​នោះ​លិច​មាន​រយៈពេល​ខ្លី ដែល​បណ្ដាល​មក​ពី​ការ​បើក​ទ្វារ​ទំនប់​វារីអគ្គិសនី​កំចាយ៖ «ខេត្ត​កំពត វា​មាន​ការ​លិចលង់​ចំនួន ៤​ភូមិ ប៉ុន្តែ​អត់​ប៉ះពាល់​អី​ច្រើន​ទេ ដោយសារ​អា​ហ្នឹង​ការ​បើក ទឹក​ពី​វារីអគ្គិសនី​មក​ផង។ ទឹក​ច្រើន​វា​បើក​មក ប៉ុន្តែ​ថ្ងៃ​នេះ ដូច​ជា​អត់​មាន​ការ​ឡើង​អី​ថែម​ទៀត​ទេ»

ដូចជា​ការ​លិច​ផ្លូវ​ជាតិ​លេខ​៤ ក្នុង​ស្រុក​កំពង់សីលា ដែរ នៅ​ពេល​នេះ​លោក​ថា ទឹក​នៅ​តំបន់​ទាំងនេះ​បាន​ស្រក​ខ្លះ​ហើយ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក កែវ វី អនុប្រធាន​ព័ត៌មាន និង​ទំនាក់ទំនង​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ថ្លែង​ថា នៅ​ពេល​នេះ អាជ្ញាធរ​មូលដ្ឋាន​នៅ​តាម​បណ្ដា​ខេត្ត និង​ថ្នាក់​ជាតិ បាន​ត្រៀម​វិធានការ​សង្គ្រោះ​បន្ទាន់​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។