ទឹកភ្លៀង​លិច​ខេត្ត​មួយ​ចំនួន​នៅ​កម្ពុជា​តែ​ក្រសួង​ថា​មិនទាន់​ដល់​ចំណុច​ប្រកាស​អាសន្ន

0:00 / 0:00

បន្ទាប់ពី​ភ្លៀង​ធ្លាក់​ជា​គំហុក​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ខេត្ត​យ៉ាងតិច​ចំនួន​៧ នៅ​ទូទាំង​ប្រទេស​កម្ពុជា បាន​ជន់​លិច ដោយ​ទឹកភ្លៀង។ ក្រសួង​ធនធាន​ទឹក បញ្ជាក់​ថា ពលរដ្ឋ​ប្រាកដជា​រង​ផល​ប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង​នេះ តែ​យ៉ាងណា ទឹកនឹង​ស្រក​វិញ​ក្រោយពេល​ភ្លៀង។ ក្រសួង​ក៏​អំពាវនាវ​អោយ​ពលរដ្ឋ​ដែល​រង​ការ​ប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង​នេះ អោយ​បន្ត​ការប្រុងប្រយ័ត្ន បើ​ទោះ​ជា​ជំនន់​នេះ​មិនសូវ​ជា​ធ្ងន់ធ្ងរ​ក៏ដោយ។

ក្រោយ​សេចក្ដី​ប្រកាស នៅ​ថ្ងៃ​១៩ កញ្ញា របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ដែល​ព្យាករណ៍​ថា ស្ថានភាព​ទឹកភ្លៀង​នឹង​កើន​ឡើង​ពី​មធ្យម​ទៅ​ច្រើន នៅ​តាម​តំបន់​ខ្ពង់រាប និង​វាលទំនាប ព្រមទាំង​តំបន់​សមុទ្រ​ថែម​ទៀត​ផង​នោះ ជំនន់​ទឹកភ្លៀង បាន​បណ្ដាល​ឱ្យ ខេត្ត​ចំនួន ៧ នៅ​ទូទាំង​ប្រទេស​កម្ពុជា​លិច។

ខេត្ត​ដែល​លិច​នោះ​រួមមាន ខេត្ត​កំពង់ធំ ត្បូងឃ្មុំ កំពង់ស្ពឺ ឧត្តរមានជ័យ ពោធិ៍សាត់ កំពង់ឆ្នាំង និង​ខេត្ត​ស្វាយរៀង​ជាដើម។

អគ្គនាយករង​កិច្ចការ​បច្ចេកទេស នៃ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក ម៉ៅ ហាក់ អោយ​ដឹង​ថា នេះ​គឺជា​ជំនន់​ទឹកភ្លៀង ដូច្នេះ​ការ​ស្រក​នឹង​ឆាប់រហ័ស​បន្ទាប់ពី​ភ្លៀង។ លោក​បញ្ជាក់​ថា ពលរដ្ឋ​ពិតជា​ជៀស​មិន​ផុត ពី​រង​ផល​ប៉ះពាល់​នោះ​ទេ ប៉ុន្តែ​បច្ចុប្បន្ន​ពួកគាត់​មិនទាន់​ជា​រង​ការ​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​ឡើយ៖ «នេះ​ជា​ជំនន់​ទឹកភ្លៀង​បាទ ការ​លិច​នឹង​ឆាប់​ស្រក​ទឹក​វិញ អញ្ចឹង​ការ​ប៉ះពាល់ គឺ​វា​តែងតែ​មាន​ការ​ប៉ះពាល់​ខ្លះ​ហើយ តែ​វា​មិនទាន់​ជា​ប៉ះពាល់​ខ្លះ​នៅឡើយ​ទេ»។

ជាមួយ​គ្នា​នេះ​ដែរ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ញឹម វណ្ណដា អះអាង​ថា បច្ចុប្បន្ន​កម្ពុជា​មិន​ទាន់​មាន​ទឹកជំនន់​នោះ​ទេ គឺ​គ្រាន់តែ​មានការ​ជន់​លិច​ដោយ​ទឹកភ្លៀង​បន្តិចបន្តួច​ប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា ឆ្នាំនេះ​ប្រហែលជា​ទឹក​តិច​ផង៖ «អត់​អី​ទេ មិន​ទាន់​មាន​ទឹកជំនន់​អី​ទេ តែ​គ្រាន់​ថា ទឹក​លិច​ថា ! ទឹក​ទើបតែ​១៨​ម៉ែត្រ​នៅ​ក្រចេះ»។

លោក ញឹម វណ្ណដា បញ្ជាក់​ដែរ​ថា អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នក​ទទួល​បន្ទុក​ក្នុង​ដោះស្រាយ បញ្ហា​នេះ។ រីឯ​លោក​នៅ​ខាង​ថ្នាក់​ជាតិ នឹង​មិន​ដណ្ដើម​ដែន​សមត្ថកិច្ច​របស់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​នោះ​ទេ តែ​លោក​នឹង​ជួយ​នៅ​ពេល​ដែល​ថ្នាក់​ខេត្ត​រាយការណ៍​មក។

អគ្គនាយករង កិច្ចការ​បច្ចេកទេស នៃ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក ម៉ៅ ហាក់ អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ដែល​រង​ការ​ប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង​នេះ អោយ​បន្ត​ការប្រុងប្រយ័ត្ន ពិសេស​យកចិត្តទុកដាក់​មើល​កូនចៅ​តូចៗ បង្ការ​គ្រោះថ្នាក់​ផ្សេងៗ​ដោយ​យថាហេតុ ហើយ​ក្រសួង កំពុង​ធ្វើ​ការ​អប់រំ​ផ្សព្វផ្សាយ​ពី​ការ​បង្ការ​ពី​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើត​ចេញពី​ជំនន់​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។