ជំនន់ទឹកភ្លៀងកំពុងជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធនៅខេត្តមួយចំនួន
2024.11.06
ភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃទី៤ ខែវិច្ឆិកា បានបង្កជាជំនន់ទឹកភ្លៀង ជន់លិច ផ្ទះសម្បែងប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅខេត្តកំពង់ស្ពឺ តាកែវ និងខេត្តប៉ៃលិនជាដើម ។
មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានបើកទ្វារទឹក នៅសំណង់ធារាសាស្ត្រ ផ្ទះស្បូវ និងអូរដូនតា កាលពីព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា ដើម្បីរំដោះទឹកចេញពីស្ទឹង និងអូរ ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់នៃទឹកជំនន់។ មន្ទីរធនធានទឹកខេត្តប៉ៃលិន ឲ្យដឹងទៀតថា ទឹកបានជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅឃុំអូរអណ្ដូង និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ទន្ទឹមនឹងនេះ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឲ្យដឹងដែរថា កងកម្លាំង បានជួយសង្គ្រោះពលរដ្ឋជាង១រយគ្រួសារ ពីជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ចំណែក មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ និងខេត្តតាកែវ កាលពីថ្ងៃទី៤ ខែវិច្ឆិកា បានស្នើដល់រថយន្តដឹកទំនិញគ្រប់ប្រភេទ មិនឲ្យឆ្លងកាត់ជាបណ្ដោះអាសន្ន លើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំនុច គីឡូម៉ែត្រលេខ៤១ ដល់ ៤៣ តំបន់ផ្សារត្រាំខ្នារ ស្ថិតនៅក្នុងស្រុកគងពិសី និងចន្លោះគីឡូម៉ែត្រលេខ ៥៣ ដល់ ៥៥ តំបន់ផ្សារប៉ាង្គសី ស្ថិតនៅក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តទាំងពីរនេះ ស្នើដល់ម្ចាស់រថយន្តទាំងអស់ ដែលធ្វើដំណើរក្នុងទិសដៅពីភ្នំពេញ និងកំពត ឲ្យធ្វើដំណើរតាមផ្លូវជាតិលេខ២ ឬវាងតាមផ្លូវជាតិលេខ៤១ ជាបណ្ដោះអាសន្នរហូតដល់មានការជូនដំណឹងជាថ្មី។
រដ្ឋបាលស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឲ្យដឹងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក (Facebook) នៅរសៀលថ្ងៃទី៥ វិច្ឆិកា ថា ជំនន់ទឹកភ្លៀងនៅលើកំណាត់ផ្លូវជាតិលេខ៣ នៅមិនទាន់ស្រកនៅឡើយទេ ដោយសារតែភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខាងលើ ហើយហូរបុកខ្លាំងមកលើផ្លូវជាតិលេខ៣ និងមានការសាងសង់សំណង់រឹងនៅខាងមុខ ផ្លូវទឹក ដែលមិនអាចឲ្យទឹកហូរចេញបាន។ សមត្ថកិច្ចជំនាញ បានកាយរំដោះមុខទឹកនៅចំនុចសួនច្បាររបស់បុរី អេស ខេ (SK Real Estate) ស្ថិតនៅតំបន់នោះ ដើម្បីបញ្ចៀសការលិចលង់។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ ដើម្បីសាកសួរអំពីផលប៉ះពាល់ពលរដ្ឋ បណ្ដាលមកពីជំនន់ទឹកភ្លៀងនេះ បាននៅឡើយទេ នៅថ្ងៃទី៥ ខែវិច្ឆិកា។
គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន បើគ្មានការចាំបាច់កុំធ្វើដំណើរ ឬចេញទៅនេសាទ និងណែនាំកូនចៅកុំឱ្យនៅជិត ឬលេងតំបន់ងាយរងគ្រោះ ដើម្បីការពារកុំឱ្យកើតមានគ្រោះថ្នាក់កើតឡើង ជាយថាហេតុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។