ក្រុមយុវជនជិះកង់ដើម្បីបរិស្ថាន បានធ្វើដំណើរមកដល់ស្រុកឈូក ខេត្តកំពត នៅរសៀលថ្ងៃទី១៦ ឧសភា។
ពួកគេបានជិះកង់ចម្ងាយ ១១០គីឡូម៉ែត្រ ចេញពីទីស្នាក់ការសមាគមបណ្ដាញយុវជនកម្ពុជា នៅរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តកំពត។
នៅថ្ងៃនេះ ក្រុមយុវជនប្រមាណ ៣០នាក់ បានពាក់ឈុតសម្លៀកបំពាក់ជិះកង់ មានអាវពណ៌ខៀវ និងរូបជិះកង់ ហើយពួកគេបានសរសេរ ថា «ជិះកង់ ១.០០០គីឡូម៉ែត្រដើម្បីបរិស្ថាន»។
ព្រឹត្តិការណ៍ជិះកង់ ១ពាន់គីឡូម៉ែត្រ ដើម្បីបរិស្ថាន រៀបចំឡើងដោយក្រុមអង្គការសង្គមស៊ីវិលចំនួន ១៤ស្ថាប័ន ដើម្បីលើកកម្ពស់ការយល់ដឹង និងប្រមូលព័ត៌មានពីពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាប្រឈមរបស់ពួកគេបណ្ដាលមកពីបញ្ហាបរិស្ថាន និងបម្រែបម្រួលអាកាសធាតុ និងជំរុញឲ្យភាគីពាក់ព័ន្ធអនុវត្តគោលនយោបាយជាតិ-អន្តរជាតិ ព្រមទាំងទទួលខុសត្រូវចំពោះបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។
គិតត្រឹមរសៀលថ្ងៃទី១៦ ឧសភា នេះ ក្រុមយុវជន បានធ្វើដំណើរចម្ងាយប្រមាណ ៨០០គីឡូម៉ែត្រហើយ ក្រោយពីចេញដំណើរពីក្រុងបានលុង ខេត្តរតនគិរី កាលពីថ្ងៃទី៦ ឧសភា កន្លងទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។