អ្នកការពារព្រៃឈើសង្ស័យថា អាជ្ញាធរមានសមត្ថកិច្ច មានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ទើបបកស្រាយថា មិនដឹងពីការលួចនាំឈើកម្រចេញពីប្រទេសកម្ពុជាទៅទីក្រុងហុងកុងជាច្រើនឆ្នាំមកនេះ។
សកម្មជនការពារព្រៃឡង់កញ្ញា ឈាង លី សង្កេតឃើញថា ករណីកាប់ឈើចេញពីព្រៃឡង់ និងព្រៃអភិរក្ស នៅតែកើតមាននិងច្រើនជាងមុនទៅទៀត។ កញ្ញា សង្ស័យមានអំពើពុករលួយ ទើបការបង្ក្រាបការលួចនាំឈើចេញទៅក្រៅប្រទេស គ្មានប្រសិទ្ធភាព។
ទោះយ៉ាងណា សកម្មជនរូបនេះ នៅតែទាមទារឲ្យអាជ្ញាធរបើកការស៊ើបអង្កេតករណីលួចនាំកំណាត់ឈើប្រភេទជិតផុតពូជ និងកម្រទៅទីក្រុងហុងកុង និង ប្រទេសផ្សេងទៀត ឲ្យមានប្រសិទ្ធភាព៖ «គឺមានតែហាមឃាត់ និងទប់ស្កាត់អ្នកដឹកជញ្ជូនទាំងម៉ូតូ ទាំងផ្លូវគោក និងផ្លូវទឹក ត្រូវហាមឃាត់ទាំងអស់»។
ការទាមទារនេះ ក្រោយពេលដែលអាជ្ញាធរនៅទីក្រុងហុងកុង បានបញ្ចេញព័ត៌មានថា គយនៃទីក្រុងនេះ រឹបអូសបានកំណាត់ឈើប្រភេទជិតផុតពូជនាំចេញពីកម្ពុជាចំនួន ៧កុងតឺន័រ ស្មើនឹង ២១១តោន កាលពីចុងខែមេសា និងដើមខែឧសភា។ ការរឹបអូសឈើលើកនេះ គឺជាករណីធំបំផុតក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ។ អាជ្ញាធរទីក្រុងហុងកុងសន្និដ្ឋានថា ឈើដែលទើបរឹបអូសបាននេះ អាចមានតម្លៃសរុប ១សែន ៤ម៉ឺនដុល្លារអាមេរិក។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា និងអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ស្រី វុឌ្ឍី បានទេ នៅថ្ងៃទី១៦ ខែឧសភា។ តែលោក នេត្រ ភក្ត្រា បានប្រាប់សារព័ត៌មានក្នុងស្រុក (khmernas.com) ថា ក្រសួងបរិស្ថានមានភារកិច្ចតែអភិរក្សព្រៃឈើទេ ឯការនាំចេញឈើទៅក្រៅប្រទេស ឬការដឹកចរាចរឈើ គឺជាការងាររបស់ក្រសួងកសិកម្ម។
ក្រសួងកសិកម្ម បានចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី១៤ ខែឧសភាថា ក្រសួងមិនបានដឹងពីករណីនេះទេ។ ក្រសួងបន្តថា ក្នុងករណីការចាប់ឈើនេះ ជាការពិតមែន ក្រសួងអះអាងថា ជាករណីនាំចេញឈើខុសច្បាប់ ឬការរត់ពន្ធឈើខុសច្បាប់ ព្រោះខាងក្រសួងមិនដែលអនុញ្ញាតឲ្យក្រុមហ៊ុនឯកជននាំចេញប្រភេទឈើរងការគំរាមកំហែងចេញទៅទីក្រុងហុងកុង ឬក្រៅប្រទេសឡើយ។
តែយ៉ាងណា ក្រសួងកសិកម្មអះអាងថា កំពុងយកចិត្តទុកដាក់ស៊ើបអង្កេតស្រាវជ្រាវជាមួយក្រុមហ៊ុន និងស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកការពិត និងនាំអ្នកប្រព្រឹត្ត និងអ្នកពាក់ព័ន្ធទៅទទួលទោសតាមច្បាប់។ អ្នកការពារព្រៃឈើស្វាគមន៍ការស្រាវជ្រាវរកការពិត និងអ្នកប្រព្រឹត្តល្មើសក្នុងរឿងនេះ។ ប៉ុន្តែ ពួកគេ ទាមទារឲ្យអាជ្ញាធរស៊ើបអង្កេត និងបង្ហាញលទ្ធផល ឲ្យលឿន និងកុំរុញការទទួលខុសត្រូវដាក់គ្នាបន្តទៀត។
សកម្មជនព្រៃឈើលោក ហេង ស្រស់ ពន្យល់ថា អាជ្ញាធរ ៣ស្ថាប័នដែលជាប់ពាក់ព័ន្ធនឹងរឿងនេះ គឺក្រសួងបរិស្ថាន ជាអ្នកការពារព្រៃឈើ ក្រសួងកសិកម្ម មានសិទ្ធិដឹកជញ្ជូនឈើ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាអ្នកទទួលខុសត្រូវលើការនាំចេញ។
អ្នកការពារព្រៃឈើរូបនេះសង្ស័យថា ក្រុមហ៊ុនឯកជនធំមួយ ដែលមានអាជ្ញាប័ណ្ណប្រកបអាជីវកម្មព្រៃឈើត្រឹមត្រូវ ជាអ្នកលួចនាំឈើកម្រទាំងនោះចេញទៅទីក្រុងហុងកុង។
លោក ហេង ស្រស់ ជំរុញឲ្យស្ថាប័នជំនាញទាំង ៣ រកមូលហេតុ នឹងចាប់ខ្លួនអ្នកប្រព្រឹត្ត និងអ្នកពាក់ព័ន្ធឲ្យបានលឿនបំផុត។ បើពុំដូច្នោះទេ លោកយល់ថា ពលរដ្ឋ នឹងសង្ស័យ លើអាជ្ញាធរជំនាញ ជាអ្នកចូលរួមក្នុងអំពើពុករលួយ នៃការលួចនាំឈើកម្រទាំងនោះ៖ « បើសិនជាទាំងក្រសួង ទាំងអ្វីហ្នឹង នៅតែរុញដាក់គ្នាទៅវិញទៅមក ខ្ញុំគិតថា វាមានពាក់ព័ន្ធនឹងមន្ត្រី និងអ្នកមានអំណាច ព្រោះយើងដឹងស្រាប់ហើយ អ្នកដែលរកស៊ីកាប់បំផ្លាញព្រៃឈើនៅប្រទេសកម្ពុជា មិនមែនជាប្រជាពលរដ្ឋតូចតាច ជិះម៉ូតូ ដឹកពីហ្នឹង ទៅហុងកុងទេ។ សុទ្ធសឹងតែអ្នកដែលមានអំណាច មានងារជាឧកញ៉ា អ្នកដែលមានខ្នងក្រាស់នៅពីក្រោយ ទើបគាត់ហ៊ានរកស៊ីដឹកឈើពីកម្ពុជាយកទៅលក់នៅក្រៅប្រទេស»។
របាយការណ៍របស់អង្គការគំនិតផ្ដួចផ្ដើមសាកលប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន គ្លូបល អ៊ីនីធ្យីអេធីវ (Global Initiative Against Transnational Organized Crime) បង្ហាញថា កម្ពុជាបាត់បង់ដើមឈើគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលជិត ២០ឆ្នាំ (២០០១ ដល់ឆ្នាំ២០១៨) ចុងក្រោយ គឺក្នុងទំហំជាង ៥សែន (៥៥៧.០០០) ហិកតារ ស្មើនឹង ១១,៧ភាគរយ នៃតំបន់ការពារធម្មជាតិរបស់កម្ពុជា។ ដើមឈើ ដែលត្រូវកាប់បំផ្លាញខុសច្បាប់ភាគច្រើន ស្ថិតក្នុងតំបន់ព្រៃឡង់ និងដែនព្រៃព្រះរកា ក្នុងខេត្តព្រះវិហារ។
ជាមួយគ្នានេះ កាលពីចុងខែមីនា សមាគមបណ្ដាញយុវជនកម្ពុជា (CYN) បានរកឃើញថា ការកាប់បំផ្លាញឈើ ក្នុងព្រៃព្រះរកាភាគច្រើន គឺសំដៅទៅប្រភេទដើមឈើកម្រ និងមានតម្លៃថ្លៃ មានដូចជា ឈើទាល ស្ទៀង ផ្ដៀក ពពេល ផ្ចឹក ឧត្ដម គគីរ និងសុក្រំជាដើម។ ដើមឈើ រងកាប់បំផ្លាញទាំងនោះ មានទំហំមុខកាត់ ប្រហែលកន្លះម៉ែត្រ (៤៥សង់ទីម៉ែត្រ រហូតដល់ ១.៣៥ម៉ែត្រ) ឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។