សកម្មជនបរិស្ថាននិងការពារព្រៃឈើរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ថា កំពុងបំពានលើការសុំរបស់ព្រះមហាក្សត្រឱ្យទប់ស្កាត់និងបញ្ឈប់កុំឱ្យមានបទល្មើសព្រៃឈើបន្តទៀត។ ពួកគាត់ថារដ្ឋាភិបាលឯកបក្សហាក់ផ្ដល់ការសម្រេចចិត្តជាធំទៅលើបុគ្គលតែម្នាក់ គឺលោក ហ៊ុន សែន ក្នុងការអនុម័ត ឬបញ្ឈប់សកម្មភាពបំផ្លាញធនធានធម្មជាតិ។
ក្នុងថ្ងៃរុក្ខទិវា ៩ កក្កដា កន្លងទៅព្រះបាទនរោត្តមសីហមុនី ព្រះមហាក្សត្រខ្មែរ ទ្រង់បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យជួយទប់ស្កាត់និងបញ្ឈប់ការកាប់ឈើការកាប់រាន ដុត ឈូសឆាយដីព្រៃដើម្បីការពារធនធានធម្មជាតិនៅក្នុងប្រទេសសម្រាប់មនុស្សជំនាន់ក្រោយ៖ « ខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវចំពោះព្រះសង្ឃ អាជ្ញាធរដែនដី វិស័យឯកជន និងបងប្អូនជនរួមជាតិនៅទូទាំងប្រទេស សូមព្រះមេត្តា និងមេត្តាដាំដើមឈើគ្រប់ប្រភេទ ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ម្យ៉ាងទៀត សូមបងប្អូនជនរួមជាតិ ជួយទប់ស្កាត់និងបញ្ឈប់ការកាប់ឈើ ការកាប់រាន ដុត ឈូសឆាយដីព្រៃ ការបរបាញ់ ការដាក់អន្ទាក់ចាប់សត្វព្រៃដោយខុសច្បាប់ ហើយចូលរួម ថែរក្សា ការពារព្រៃឈើ ជាពិសេសភ្លើងឆេះព្រៃ » ។
ទោះបីមានការស្នើសុំបែបនេះពីព្រះមហក្សត្រក្ដី ថ្មីៗ នេះ រដ្ឋាភិបាលក្រុងភ្នំពេញបានចេញអនុក្រឹត្យសម្បទានដីព្រៃភ្នំតាម៉ៅ ១.១០០ហិកតារឱ្យទៅក្រុមហ៊ុនឯកជនធ្វើការអភិវឌ្ឍទៅវិញ។ ទន្ទឹមគ្នានេះ សហគមន៍ព្រៃឡង់បានរកឃើញឧក្រិដ្ឋកម្មព្រៃឈើកំពុងកើនឡើងក្នុងព្រៃនេះខណៈព្រៃមេត្តាធម្មជាតិកំពុងរងការគំរាមកំហែងធ្ងន់ធ្ងរពីអាជ្ញាធរមូលដ្ឋានក្នុងរយៈពេលមួយខែចុងក្រោយនេះ។
ព្រឹត្តិការណ៍ទាំងនេះបានទទួលការរិះគន់ពីប្រជាពលរដ្ឋទូទៅនិងសកម្មជនបរិស្ថានថារដ្ឋាភិបាលលោក ហ៊ុន សែន កំពុងបំពានលើការស្នើសុំរបស់ព្រះមហាក្សត្រតាមរយៈការចេញអនុក្រឹត្យបើកដៃឱ្យបក្សពួករបស់លោកកាប់ទន្ទ្រានព្រៃឈើយ៉ាងគឃ្លើន។
មន្ត្រីជាន់ខ្ពស់ប្រព័ន្ធផ្សព្វផ្សាយនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) និងជាសកម្មជនបរិស្ថាន លោក ម៉ា ចិត្រា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៨ សីហា ថា សកម្មភាពកាប់បំផ្លាញព្រៃឈើនៅតែបន្តកើតមាន និងកំពុងឈានទៅកម្រិតធ្ងន់ធ្ងរជាងមុន ទោះបីមានការអំពាវនាវពីអង្គព្រះមហាក្សត្រក្ដី។ លោកបន្តថា រដ្ឋាភិបាលកំពុងអនុវត្តផ្ទុយពីព្រះរាជឱង្ការរបស់ព្រះមហាក្សត្រដោយការចេញអនុក្រឹត្យប្រគល់ដីព្រៃភ្នំតាម៉ៅទៅឱ្យឧកញ៉ា ឡេង ណាវ៉ាត្រាឈូសឆាយ និងការបណ្ដោយឱ្យក្រុមទាហាន ង៧០ បំផ្លិចបំផ្លាញព្រៃមេត្តាធម្មជាតិនៅខេត្តកំពង់ស្ពឺ។ លោកបន្តទៀតថា រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធហាក់មិនមានចំណាត់ការណាមួយទៅលើរឿងនេះទេលើកលែងតែបញ្ហានៅភ្នំតាម៉ៅដែលទទួលរងការរិះគន់សន្ធឹកសន្ធាប់ពីមហាជននៅលើបណ្ដាញសង្គមតែប៉ុណ្ណោះ។ សកម្មជនរូបនេះបន្ថែមថាស្មារតីរបស់រដ្ឋាភិបាលកម្ពុជាក្នុងការការពារព្រៃឈើ និងធនធានធម្មជាតិមានតិចតួចបើប្រៀបធៀបជាមួយនឹងផលប្រយោជន៍ ដែលផ្ដល់ទៅក្រុមឈ្មួញនិងអ្នកមានអំណាច៖ « ខ្ញុំយល់ថា រដ្ឋាភិបាលសព្វថ្ងៃនេះ អាការការពារសម្បត្តិធម្មជាតិវានៅមានតិចតួច បើយើងប្រៀបធៀបទៅនឹងប្រយោជន៍សេដ្ឋកិច្ចសម្រាប់អ្នកមានអំណាច អ្នកមានឥទ្ធិពល អ្នកមានលុយ។ អ៊ីចឹងចរិតនៃការការពារព្រៃឈើហ្នឹង វានៅមានតិចតួចជាងចរិតនូវការគាំទ្រអ្នកមានអំណាច ឬអ្នកមានលុយឱ្យដកហូតព្រៃឈើហ្នឹង ដើម្បីសេដ្ឋកិច្ចពួកគាត់ » ។
ស្រដៀងគ្នានេះ សកម្មជនការពារព្រៃឈើ លោក ហេង ស្រស់ យល់ឃើញថា សកម្មភាពឈូសឆាយកាប់បំផ្លាញព្រៃឈើសព្វថ្ងៃកំពុងបង្ហាញថា រដ្ឋាភិបាលហាក់មិនបានផ្ដល់តម្លៃដល់ការអំពាវនាវរបស់ព្រះមហាក្សត្រនោះឡើយ។ការលើកឡើងនេះបន្ទាប់ពីលោកមើលឃើញថា រដ្ឋាភិបាលលោក ហ៊ុន សែន នៅតែបន្តផ្ដល់ដីសម្បទាននិងសិទ្ធិកាន់កាប់ឈូសឆាយព្រៃឈើទៅឱ្យក្រុមហ៊ុនឯកជន និងបុគ្គលមានអំណាចធ្វើអាជីវកម្ម។ លោកបន្តថារាល់ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចឬការផ្ដល់ដីទៅឱ្យក្រុមហ៊ុនឯកជនណាមួយក្រសួងពាក់ព័ន្ធមិនបានសិក្សាវាយតម្លៃទៅលើផលប៉ះពាល់នៅតំបន់នោះឱ្យបានត្រឹមត្រូវនោះឡើយ។ ទន្ទឹមគ្នានេះលោកថា មន្ត្រីរដ្ឋាភិបាលភាគច្រើនតែងតែធ្វើរបាយការណ៍កុហកទៅថ្នាក់លើបន្ទាប់ពីពួកគេទទួលលាភសក្ការៈពីឈ្មួញ ឬអ្នកមានអំណាចដើម្បីឱ្យរាជរដ្ឋាភិបាលអនុម័តប្រគល់ដីព្រៃទាំងនោះឱ្យក្រុមហ៊ុនឯកជន។ លោកបន្តថាបញ្ហានេះនៅតែបន្តកើតមាន និងកាន់តែធ្ងន់ធ្ងរឡើងដោយហេតុថា នៅក្នុងសង្គមកម្ពុជាសព្វថ្ងៃហាក់ផ្ដល់អំណាចក្នុងការសម្រេចចិត្តទៅលើបុគ្គលតែម្នាក់ជាក់ស្ដែងដូចបញ្ហាព្រៃឈើនៅភ្នំតាម៉ៅ៖ « ហើយយើងមើលសព្វថ្ងៃនេះថា បើសិនជាមានរឿងអ្វីមួយនៅក្នុងប្រទេសកម្ពុជា បើសិនជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញមុខស្រែកក្ដែងៗ ហើយរាល់ទង្វើទាំងអស់នោះនឹងត្រូវបានប្រព្រឹត្តឡើង ។ ឱ្យពលរដ្ឋគាត់ជាអ្នកវិនិច្ឆ័យចុះថា នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ តើនរណាគេជាអ្នក ដែលមានអំណាចនៅក្នុងការសម្រេចជោគវាសនារបស់ប្រទេសកម្ពុជា » ។
ទាក់ទិនរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត ភក្ត្រា និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បីសុំការឆ្លើយតបបាននៅឡើយទេនៅថ្ងៃទី៨ សីហា។
កាលពីថ្ងៃទី១៤ខែមករា ឆ្នាំ២០២២ ទីស្ដីការគណៈរដ្ឋមន្ត្រីបានប្រកាសឱ្យដឹងពីការដោះដូរដីព្រៃភ្នំតាម៉ៅ ១.១០០ហិកតារឱ្យទៅក្រុមហ៊ុនឯកជនចំនួនពីរធ្វើការអភិវឌ្ឍ។ ក្រោយមកមានរបាយការណ៍មួយបង្ហាញថា ផ្ទៃដីភ្នំតាម៉ៅ ៧០០ហិកតារ ត្រូវបានស្នើសុំដោយក្រុមហ៊ុន ធីភី ម៉ូរ៉លគ្រុប (TP Moral Group) របស់ឧកញ៉ា ឃុន សៀ ខណៈផ្ទៃដីមួយដែលមិនត្រូវបានប្រាប់ឱ្យដឹងទំហំ និងបញ្ជាក់ថា ជាផ្ទៃដីដែលមានទំហំធំជាងគេ ត្រូវបានលក់ទៅឱ្យក្រុមហ៊ុនអភិវឌ្ឍន៍របស់ឧកញ៉ា ឡេង ណាវ៉ាត្រា។
ប៉ុន្តែការឈូសឆាយដីព្រៃនេះត្រូវបានបញ្ឈប់ បន្ទាប់ពីលោក ហ៊ុន សែន នៅថ្ងៃទី៧ ខែសីហា បានបញ្ជាឱ្យលុបចោលរាល់គម្រោងអភិវឌ្ឍ និងការដោះដូរនៅភ្នំតាម៉ៅទាំងអស់ និងបានបញ្ជាឱ្យក្រុមហ៊ុនដែលឈូសឆាយព្រៃឈើនៅតំបន់ភ្នំតាម៉ៅត្រូវដាំដើមឈើឡើងវិញ។ សេចក្តីសម្រេចនេះ បានធ្វើឡើង បន្ទាប់ពីមានការរិះគន់ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងក្រុមយុវជនបរិស្ថាន។
ដោយឡែក ប្រជាសហគមន៍ឧត្ដមស្រែពស់នៅខេត្តកំពង់ស្ពឺវិញ ត្រូវបានក្រុមទាហាន និងក្រុមរថក្រោះ ង៧០ បាញ់គំរាមសម្លាប់ បន្ទាប់ពីពួកគាត់នៅបន្តចុះទៅការពារព្រៃមេត្តាធម្មជាតិពីការកាប់បំផ្លាញ។ ពលរដ្ឋអះអាងថាការឈូសឆាយព្រៃនេះធ្វើឡើងដោយក្រុមទាហាន និងក្រុងរថក្រោះ នៃអគ្គបញ្ជាការកងទ័ពជើងគោក ង៧០ តាំងពីខែមករា មកទល់នឹងខែកក្កដា ឆ្នាំ២០២២ នេះ។ ករណីនេះគេមិនទាន់ឃើញមានការអន្តរាគមន៍ណាមួយពីរដ្ឋាភិបាលនៅឡើយនោះទេ។
ក្រៅពីនោះ ក្រុមយុវជន CYN ថ្មីៗ នេះ បានរកឃើញឧក្រិដ្ឋកម្មព្រៃឈើនៅដែនជម្រកសត្វ ព្រៃឡង់ ប្រព្រឹត្តឡើងដោយ ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក ខេមបូឌា (MACLE LOGISTICS CAMBODIA) និង ក្រុមហ៊ុនវៀតណាម ភីអ៊ិនធី (PNT Co., Ltd.) ផងដែរខណៈដែនជម្រកសត្វព្រៃព្រះរកានិងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន្តនៅតែប្រឈមនឹងការបរបាញ់ដាក់អន្ទាក់សត្វខុសច្បាប់និងការកាប់បំផ្លាញព្រៃឈើ។
បើតាមរបាយការណ៍របស់អ្នកឃ្លាំមើលព្រៃឈើ គេនៅរកឃើញថាមានអាជីវកម្មឈើខុសច្បាប់រីករាលដាលខ្លាំងជាង ១០ឆ្នាំចុងក្រោយ រហូតមកទល់ពេលបច្ចុប្បន្ន ក្រោមពាក្យដីសម្បទានសេដ្ឋកិច្ចដែលរដ្ឋាភិបាលបានផ្តល់ឱ្យក្រុមហ៊ុនឯកជនជាច្រើននៅជុំវិញព្រៃអភិរក្សនៅខេត្តភាគឦសាន រួមមាន ខេត្តកំពង់ធំ ក្រចេះ និងខេត្តព្រះវិហារ បើទោះបីអង្គព្រះមហាក្សត្រទ្រង់បានអំពាវនាវឱ្យបញ្ឈប់សកម្មភាពទាំងនេះក្នុងថ្ងៃរុក្ខទិវាជារៀងរាល់ឆ្នាំក្ដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។