សហគមន៍​ព្រៃព្រះរការ​និង​ព្រៃ​ឡង់​ស្នើ​បង្ក្រាប​ម៉ាស៊ីន​កែច្នៃ​ឈើ​ដើម្បី​ទប់ស្កាត់​បទល្មើស​អារ​ឈើ

ដោយ ឡេង ម៉ាលី
2023.01.28
សហគមន៍​ព្រៃព្រះរការ​និង​ព្រៃ​ឡង់​ស្នើ​បង្ក្រាប​ម៉ាស៊ីន​កែច្នៃ​ឈើ​ដើម្បី​ទប់ស្កាត់​បទល្មើស​អារ​ឈើ ទិដ្ឋភាពបទល្មើសព្រៃឈើ​នៅតំបន់ព្រៃព្រះរកា នៃខេត្ត​ព្រះវិហារ កាលពីថ្ងៃទី១៣ ខែ​មករា ឆ្នាំ​២០២៣។
រូប៖ ​សហគមន៍ផ្ដល់ឱ្យ

ប្រជា​សហគមន៍​ព្រៃ​ព្រះរការ និង​ព្រៃ​ឡង់​ស្នើ​ឱ្យ​អាជ្ញាធរ​ចុះ​បង្ក្រាប​ម៉ាស៊ីន​កែច្នៃ​ឈើ ដើម្បី​ទប់ស្កាត់​បទល្មើស​អារឈើ​ដែល​កំពុង​កើតមាន​ជា​បន្តបន្ទាប់​។ អ្នកឃ្លាំមើល​បញ្ហា​ព្រៃឈើ​ ​ចោទ​ថា ការ​បើក​សិប្បកម្ម​កែ​ច្នៃ​ឈើ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​នៅ​ព្រៃ​អភិរក្ស​ ​នេះ​ ​ដោយសារតែ​អាជ្ញាធរ​ជា​អ្នក​ចាំ​ជួយ​ការពារ តាមរយៈ​ការ​សូកប៉ាន់​លុយ​ជាមួយនឹង​ជនល្មើស។

ប្រជា​សហគមន៍ និង​សកម្មជន​ព្រៃឈើ​អះអាង​ថា សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​នៅ​តំបន់​ការពារ​ព្រៃឈើ​បាន​រីក​ដុះដាល​ដោយ​បើក​ជំហរ និង​លួចលាក់ ជា​លក្ខណៈ​គ្រួសារ និង​ខ្នាត​ធំៗ​ដើម្បី​ធ្វើជា​គ្រឿង​សង្ហា​រឹម​សម្រាប់​យក​ទៅ​លក់​នៅ​រាជធានី​ភ្នំពេញ និង​នាំ​ទៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​។ ពួកគាត់​ថា ការ​មិន​អើពើ​ពី​សំណាក​អាជ្ញាធរ​ពាក់ព័ន្ធ​បែបនេះ ព្រៃ​អភិរក្ស​នៅ​កម្ពុជា​នឹង​ត្រូវ​ហិនហោច។

ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​ម្នាក់​ដែល​រស់នៅ​ភូមិ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ លោក ខាក់ ភារិទ្ធម៉ាស៊ី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៧ ខែ​មករា​ថា ឃុំ​មួយ​ចំនួន​ដែល​ជាប់​តំបន់​ព្រៃ​ព្រះរកា ចាប់​ផ្ដើម​ធ្វើ​សិប្បកម្ម​កែច្នៃ​ឈើ ធ្វើ​គ្រឿង​សង្ហា​រិម តាមរយៈ​ការទិញ​ឈើ​ខុសច្បាប់​ពី​ជនល្មើស ជា​បន្តបន្ទាប់​ដោយ​គ្មាន​ការ​បង្ក្រាប​ណាមួយ​ពី​សំណាក​អាជ្ញាធរ​មូលដ្ឋាន​នោះ​ទេ។

ពលរដ្ឋ​ដែល​តែង​ចុះ​ល្បាត​ព្រៃ​ព្រះរកា​ជា​ហូរហែ​រូប​នេះ សង្កេត​ឃើញ​ថា ឃុំ​ដែល​មាន​ឈ្មួញ​បើក​រកស៊ី​សិប្បកម្ម​កែ​ច្នៃ​ឈើ​ច្រើន ដូចជា​ឃុំ​ពោធិ៍ និង​ឃុំ​ប្រមេរ ដែល​មាន​ទីតាំង​ជាប់​នឹង​តំបន់​ព្រៃព្រះរកា។ លោក​ថា ដែនជម្រកសត្វព្រៃ​ព្រះ​រកា​កំពុង​រង់​ការ​កាប់​ទន្ទ្រាន​ពី​ជនល្មើស​យ៉ាង​អនាធិបតេយ្យ ដូច្នេះ​ស្នើ​ឱ្យ​អាជ្ញាធរ​គួរតែ​ពង្រឹង​ការអនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរឹង​លើ​ជនល្មើស និង​អាជីវកម្ម​ខុសច្បាប់។

លោក ខាក់ ភារិទ្ធម៉ាស៊ី៖ «បារម្ភ​ខ្លាំង​បើ​នៅ​តែ​មាន​ការ​កែច្នៃនៃ​ឈើ​ខុសច្បាប់ ដើម្បី​លក់​ឱ្យ​ឈ្មួញ​នៅ​ក្រៅ ហើយ​ណាមួយ​ទៀត​កាន់តែ​អន់ថយ​រិច​រឹល​ទៅ​ហើយ បើ​អាជ្ញាធរ​មិន​ចុះ​បង្ក្រាប​នូវ​ការ​កែឆ្នៃ​ឈើ​នេះ​ទេ ឈើ​យើង​កាន់តែ​បាត់បង់​ទៅៗ​ទៀត​។ អាជ្ញាធរ​ភូមិ​ឃុំ និង​ក្រសួង​ស្នើ​ឱ្យ​រឹត​បន្តឹង​ច្បាប់​នៃ​ការ​ជួញដូរ​ឈើ​ខុសច្បាប់​នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រះ​រកា​ទាំងអស់​មិន​ថា​នៅក្នុង​ឃុំ​ប្រមេរ មិន​ថា​ក្នុង​ពោធិ៍ ឱ្យ​ពង្រឹង​ច្បាប់​ឱ្យ​ម៉ត់ចត់»។

ចំណែក​ពលរដ្ឋ​ម្នាក់ទៀត រស់នៅ​ភូមិ​ប្រមេរ ដែល​ជា​អ្នក​ស៊ី​ឈ្នួល​កែច្នៃ​ឈើ​ឱ្យ​ថៅកែ​នៅ​ក្នុងភូមិ​របស់​ខ្លួន លោក រេន គ្រឿន លោក​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​សិប្បកម្ម​កែ​ច្នៃ​ឈើ​មាន​ច្រើន​នៅក្នុង​ស្រុក​ត្បែងមានជ័យ ហើយ​លោក​តែងតែ​ទៅ​ស៊ី​ឈ្នួល​កែច្នៃ​ឈើ​ឱ្យ​គេ​គ្រប់​ទីកន្លែង​។ លោក​បាន​និយាយ​ទាំង​សម្ដី​ភ័យៗ​ថា លោក​មិន​ស្គាល់ឈ្មោះ​ថៅកែ​ដែល​ជួល​លោក​នោះ​ទេ ហើយ​លោក​ក៏​មិន​ដឹង​ថា ឈើ​ដែល​លោក​កែច្នៃ​ធ្វើ​គ្រឿង​សង្ហា​រិម​នោះ មាន​ប្រភព​មកពីណា​នោះ​ដែរ។

លោក រេន គ្រឿន៖ «ច្បាប់​មិន​មាន​ឱ្យ​បើ​អាជីវកម្ម​នោះ​ទេ ប៉ុន្តែ​យើង​ឃើញ​ស្ទើរ​តែ​គ្រប់កន្លែង​វា​មាន​កើតឡើង​កែច្នៃ អាជីវកម្ម​កែច្នៃ​។ អ៊ីចឹង​បើ​កើតឡើង​ច្រើន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​កាប់បំផ្លាញ​ព្រៃឈើ​ដែរ​។ ទាក់ទង​រឿ​នេះ គឺ​យើង​ឃើញ​កន្លែង​មួយៗ​ហេតុ​អី​បានជា​នៅតែ​ធ្វើ​បន្ត​? ការ​បង្ក្រាប​គឺ​បង្ក្រាប​មែន​ប៉ុន្តែ មន្ត្រី​មួយចំនួន​ទៅ​បង្ក្រាប​ពាក់ព័ន្ធ​លុយកាក់​ទេ ត្រូវ​គ្នា​រ៉ូវ​គ្នា​យក​តែ​លុយ​ចេញ​ទៅ​បាត់»។

អ្នកឃ្លាំមើល​បញ្ហា​ឈើ​នៅ​តំបន់​ព្រៃ​ព្រះរ​កា និង​ព្រៃ​ឡង់​សង្កេត​ឃើញ​ថា សកម្មភាព​អារឈើ និង​ជួញដូរ​ឈើ​ខុសច្បាប់​កំពុងតែ​បើកចំហ​ដោយ​គ្មាន​ការ​បារម្ភ​ក្នុង​ការ​បង្ក្រាប​ពី​សំណាក​អាជ្ញាធរ​ពាក់ព័ន្ធ​នោះ​ទេ ខណៈ​ដែល​បច្ចុប្បន្ន​អ្នក​ដែល​គេ​ស្គាល់​ថា ជា​អ្នក​ជួញ​ដូរ​ឈើ ឬ​ជា​អ្នក​បើក​សិប្បកម្ម​កែច្នៃ​ឈើ​ទាំងនោះ តែងតែ​ឃើញ​មាន​វត្តមាន​អាជ្ញាធរ ចុះទៅ​យក​លុយ​ដើម្បី​ជា​ថ្នូរ​នឹង​ការ​លាក់បាំង​កុំឱ្យ​មានការ​បង្ក្រាប​ពី​សំណាក​មន្ត្រី​បរិស្ថាន។

អ្នកសម្របសម្រួល​នៃ​បណ្ដាញ​ព្រៃ​ឡង់ ខេត្ត​កំពង់ធំ លោក ហឿន សុភាព អះអាង​ថា ក្នុង​ចំណោម​ខេត្ត​ទាំង​៤​រួមមាន​ខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង ដែល​ជាប់​នឹង​តំបន់​ព្រៃឡង់ ស្ទើរ​តែ​ទាំងអស់​គឺ​មាន ម៉ាស៊ីន​កែច្នៃ​ឈើ​ខុសច្បាប់ ដោយ​គ្មាន​ការ​បង្ក្រាប​មន្ត្រី​បរិស្ថាន​នោះ​ឡើយ​។ លោក​បារម្ភ​ថា បើសិនជា​អាជ្ញាធរ​នៅ​មិន​អើពើ​បែបនេះ​ទៀត ព្រៃ​អភិរក្ស​ទាំងនោះ​នឹង​ក្លាយជា​ទីផ្សារ​ជួញដូរ​ឈើ​ពី​សំណាក​អ្នកមាន​លុយ​មានអំណាច។

លោក ហឿន សុភាព ៖ «ស៊ីឈ្នួល​គេ​អ៊ីចឹង បើ​ឱ្យ​ខ្ញុំ​លក់​ជាធំ ខ្ញុំ​អត់​លក់​ទេ​។ ខ្ញុំ​ធ្វើការ​ចល័ត​ហ្នឹង​បង​អើយ​! ជួល​កាល​នៅ​ទីនេះ ធ្វើ​ទីនោះ វា​ពាស​វាល​ពាស​កាល​រក​ទៀ​ង​មិនកើត​ទេ​។ បើ​ថា គេ​មក​ឌុក​ហើយ ធ្វើការ​មួយ​១​ថ្ងៃ​អ៊ីចឹង​ទៅ បើ​ស្អែក​ឡើង​ត្រូវ​សម្រាក សម្រាក​១​ថ្ងៃ​ទៀត​អ៊ីចឹង​ទៅ វា​មិនសូវ​ជាប់​ឋិតថេរ»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​ព្រះវិហារ លោក សុង ចន្ទសុជាតិ​  និង​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ ​លោក នេត្រ ភក្ត្រា បានទេ នៅ​ថ្ងៃទី​២៧ ខែមករា ដោយ​ហៅ​ទូរស័ព្ទ​ចូល​ជាច្រើន​ដង​តែ​គ្មាន​អ្នកទទួល។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី លើកឡើង​ថា ករណី​បើក​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​នេះ លោក​ធ្លាប់​បាន​ប្រជុំ​ប្រាប់​ទៅ​អាជ្ញាធរ​ដែនដី​ក្នុង​មូលដ្ឋាន​ដើម្បី​ធ្វើការ​ចុះ​បង្ក្រាប​ម្ដង​រួចមក​ហើយ​កាលពី​ចុងឆ្នាំ​២០២១ ប៉ុន្តែ​លោក​មិន​ដឹង​ថា​តើ​អាជ្ញាធរ​បាន​បង្ក្រាប​ឬក៏​អត់​នោះ​ទេ​។ តែ​យ៉ាងណា​លោក នឹង​យក​ព័ត៌មាន​នេះ​ដើម្បី​ស្រាវជ្រាវ​ម្ដង​ទៀត។

លោក អេង ហ៊ី៖ «​ពេល​យើង​ប្រជុំ​គណៈកម្មការ​ជាតិ​យើង​បាន​ណែ​នាំទៅ​អាជ្ញាធរ​ដែនដី​អស់ហើយ បើសិនជា​ករណី​គាត់​មិនទាន់​ធ្វើ អត់​អ៊ី​ទេ ខ្ញុំ​ទទួល​ព័ត៌មាន​ហ្នឹង ដើម្បី​ខ្ញុំ​រាយការណ៍​ទៅ​បន្ត​ដើម្បី​ឱ្យ​គាត់​ចុះ​ត្រួត​ពិនិត្យមើល​។ អាហ្នឹង​បើសិនជា​ខុសច្បាប់​យើង​បង្ក្រាប​ហើយ យើង​នឹងធ្វើ​ទៅតាម​ផ្លូវច្បាប់ ផ្លូវច្បាប់​យើង​មាន បើសិនជា​អ្វី​ដែល​យើង​ត្រូវ​អប់រំ អប់រំ បើសិន​អ្វី​ដែល​យើង​ត្រូវ​បង្ក្រាប​អនុវត្ត​ច្បាប់ គឺ​យើង​អនុវត្ត​ច្បាប់​ជាក់ស្ដែង​យើង​ទៅ​មើល​សិន»។

ដោយឡែក សកម្មជន​ការពារ​ព្រៃឈើ លោក សាន់ ម៉ាឡា មើល​ឃើញ​ថា  ​បញ្ហា​បើក​សិប្បកម្ម​កែច្នៃ​ឈើ​ខុស​នៅ​តំបន់​ព្រៃ​អភិរក្ស​នេះ ធ្វើ​ឱ្យ​ព្រៃឈើ​កាន់តែ​ហិនហោច​។ លោក​បន្ត​ថា ប្រសិនជា​អាជ្ញាធរ​មិន​ចាត់​វិធានការ​ឱ្យ​បាន​តឹងរ៉ឹង​ក្នុង​ពេល​ឆាប់ៗ​លើ​ឈ្មួញ​ទាំង​នោះ​ទេ សបញ្ជាក់​ឱ្យឃើញ​ថា​អាជ្ញាធរ​ពាក់ព័ន្ធ​គ្មាន​ទំនួល​ខុសត្រូវ​នឹង​ធន​ធម្មជាតិ​ដែល​បាត់បង់​នៅពេល​បច្ចុប្បន្ន​នេះ​ទេ។

លោក សាន់ ម៉ាឡា៖ «អាជ្ញាធរ​គួរតែ​បិទ សិប្បកម្ម​ទាំងនោះ​ចោល​ជាបន្ទាន់​មិនអាច​បណ្ដែត​បណ្ដោយ​ឱ្យ​សិប្បកម្ម​ទាំងអស់​នោះ​ទៅ​ផលិត​គ្រឿង​សង្ហារិម​ដែល​កើត​ចេញ​ពី​ឈើ​មិន​ស្របច្បាប់​នោះ​ទេ ដោយសារ​វា​បង្ក​មហន្តរាយ​ធ្ងន់ធ្ងរ​ដល់​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា​របស់​យើង​។ យើង​ឃើញ​សិប្បកម្ម​លក្ខណៈ​គ្រួសារ​តូចៗ​ជាច្រើន​ដែល​កំពុង​កែច្នៃ​ឈើ គឺ​ធ្វើ​ក្បែរ​ទៅ​ហ្នឹង​ផ្លូវ​ច្រកចូល​ក្នុង​ផែន​ជម្រក​សត្វព្រៃ​ព្រះរកា​ផង​ដែរ»។

របាយការណ៍​អង្កេត​លើក​ទី​២ របស់​ក្រុម​អ្នកស្រាវជ្រាវ​នៃ​សកល​វិទ្យាល័យ​កូពែនហេហ្គែន​ (Copenhagen) ​នៃ​ប្រទេស​ដាណឺម៉ាក​ (Denmark) ​ចេញផ្សាយ​កាលពី​ថ្មីៗ នេះ​ ​បង្ហាញ​ថា កម្ពុជា​បាន​បាត់បង់​ព្រៃឈើ​ជាង ១៤​ម៉ឺន​ហិកតារ​ (១៤៤.០០០) ​កាលពី​ឆ្នាំ​២០២០​។ ក្នុង​នោះ ការ​បាត់បង់​គម្រប​ព្រៃឈើ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ឡង់​បាន​កើនឡើង ២២% ព្រៃ​ព្រះ​រកា​កើនឡើង ៤៣% ​និង​ដែនជម្រកសត្វព្រៃ​សង្ឃរុក្ខាវ័ន​ចំនួន ៤៧%។ប្រជាពលរដ្ឋ​ភាគច្រើន​ដែល​អាស្រ័យ​ផល​លើ​អនុផល​ព្រៃឈើ​តាមរយៈ​ការ​ប្រមូល​ជ័រទឹក បេះ​ផ្លែឈើ ប្រមូល​ទឹកឃ្មុំ ដើម្បី​ប្រកប​របរ​ចិញ្ចឹមជីវិត​ជាប្រចាំ​ថ្ងៃ សោកស្តាយ​ពោះ​ទង្វើ​មិន​ខ្វល់ខ្វាយ​របស់​មន្ត្រី​បរិស្ថាន និង​អាជ្ញាធរ​ដែល​បណ្ដែតបណ្ដោយ​ឱ្យ​ព្រៃឈើ​បន្ត​បាត់បង់​កាន់តែ​ច្រើន​។ ប្រជាពលរដ្ឋ និង​សកម្មជន​ទទូច​ស្នើ​ឱ្យ​អាជ្ញាធរ​ទាំងនោះ​គួរតែ​ផ្លាស់ប្ដូរ​ឥរិយាបថ​ចោទប្រកាន់​លើ​ប្រជា​សហគមន៍ ងាក​មក​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ​ឱ្យ​បាន​គង់វង្ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។