អាជ្ញាធរឃុំព្រែកមាស ខេត្តស្ទឹងត្រែង បារម្ភពីការបាត់បង់ប្រាក់ចំណូលអ្នកភូមិ ប្រសិនបើព្រៃឈើនៅក្នុងមូលដ្ឋាន ត្រូវបានគ្រប់គ្រងដោយអង្គការអភិរក្សសត្វស្លាបអន្តរជាតិ (Bird Life International)។ ចំណែកមន្ត្រីអង្គការអភិរក្សសត្វស្លាបអន្តរជាតិ ចង់ឲ្យសហគមន៍ប្ដូរឥរិយាបថទទួលបានប្រាក់ចំណូលបាន តាមរយៈភ្ញៀវទេសចរទៅវិញ បើសត្វស្លាប ឬសត្វព្រៃរាប់ពាន់ប្រភេទ និងព្រៃឈើត្រូវអភិរក្សឲ្យល្អនោះ។
អាជ្ញាធរឃុំព្រែកមាស ស្រុកសៀមប៉ាង ឲ្យដឹងនៅថ្ងៃទី២២ សីហា ថា បន្ទាប់ពីអង្គការអភិរក្សសត្វស្លាបពិភពលោក បានចុះសិក្សា និងគ្រប់គ្រងព្រៃឈើជាច្រើនឆ្នាំកន្លងមក ដើម្បីគ្រប់គ្រងទីតាំងព្រៃអភិរក្សសត្វស្លាបក្នុងព្រៃ មានចម្ងាយពីភូមិអ្នកស្រុកប្រហែល ១គីឡូម៉ែត្រ។ អ្នកភូមិបារម្ភពីការចូលព្រៃ ដើម្បីប្រមូលអនុផលព្រៃឈើនៅមូលដ្ឋាន ប្រសិនបើអង្គការនេះតឹងតែងមិនឲ្យអ្នកភូមិចូលព្រៃ ដើម្បីស្វែងរកអនុផលព្រៃឈើជាលក្ខណៈគ្រួសារ។
មេឃុំព្រែកមាស លោក ធួង លុន និយាយថា លោកពុំជំទាស់នឹងការអភិរក្សសត្វស្លាបរបស់អង្គការអភិរក្សសត្វស្លាបអន្តរជាតិនោះទេ ក៏ប៉ុន្តែការអភិរក្សនោះត្រូវធ្វើយ៉ាងណាឲ្យនៅឆ្ងាយពីព្រៃអាស្រ័យផលលក្ខណៈគ្រួសារសម្រាប់សហគមន៍។ លោកបន្តថា អាជ្ញាធរឃុំព្រែកមាស គ្រោងរៀបចំឯកសារស្នើសុំទៅក្រសួងមហាផ្ទៃ ដើម្បីគ្រប់គ្រងដីព្រៃនៅតំបន់នោះ ដែលគ្រប់គ្រងដោយសហគមន៍វិញ៖ «ជួនកាលយើងទៅបណ្ដើរឆ្កែ ដូចជាជ្រូកព្រៃ ដែលជ្រូកព្រៃមានកូនច្រើនក្នុងមួយឆ្នាំៗកូនច្រើនដែរ ប្រជាពលរដ្ឋទៅរកបាន គាត់ថានេះជាបទល្មើសបំផ្លាញសត្វដូច្នេះទៅវិញ»។
អាជ្ញាធរឃុំព្រែកមាស ស្រុកសៀមប៉ាង ឲ្យដឹងថា បច្ចុប្បន្នព្រៃឈើដែលនៅសេសសល់ប្រហែលជាង ២ម៉ឺនហិកតារ បន្ទាប់ពីការកាប់បំផ្លាញយកឈើប្រណិតស្ទើរជិតផុតពូជ ដោយក្រុមហ៊ុនរបស់ឧកញ៉ា ម៉ុង ឬទ្ធី និងប្រជាពលរដ្ឋ។
ទាក់ទិនការចោទប្រកាន់នេះ ប្រធានកម្មវិធីប្រចាំកម្ពុជា នៃអង្គការអភិរក្សសត្វស្លាបអន្តរជាតិ លោក ប៊ូ វីរសក្ស មានប្រសាសន៍បញ្ជាក់ថា អង្គការលោកមិនបានហាមឃាត់ការប្រមូលអនុផលព្រៃឈើរបស់អ្នកភូមិឡើយ ប្រសិនបើការប្រមូលអនុផលព្រៃឈើជាលក្ខណៈស្របច្បាប់។ លោកបន្តថា ព្រៃឈើនៅតំបន់នោះមានលក្ខណៈពិសេស ដែលអាចទាក់ទាញសត្វស្លាបដ៏កម្រនៅលើពិភពលោក ដូច្នេះការផ្សព្វផ្សាយអប់រំសហគមន៍នៅមូលដ្ឋាន ឲ្យយល់ដឹងពីអត្ថប្រយោជន៍ស្ដីពីការអភិរក្សសត្វស្លាប មានសារសំខាន់ណាស់ទៅថ្ងៃអនាគត។ លោកសង្កត់ធ្ងន់ថា អង្គការលោកកំពុងសម្លឹងមើលអំពីការបង្កើតប្រព័ន្ធទេសចរណ៍ធម្មជាតិ ដែលរំពឹងថាអាចរកចំណូលដល់សហគមន៍បាន៖ «មិនមែនខុសច្បាប់យើងមិនបានហាមឃាត់ទេ។ យើងនៅបន្តការពារតទៅទៀត ព្រោះថាវាជាតំបន់ដែលពិសេស។ វាមានវត្តមានសត្វជិតផុតពូជដែលជាសត្វស្លាបរហូតដល់ ១៥ប្រភេទ អាចអនាគតក្លាយជាតំបន់ដែលអាចទាក់ទាញភ្ញៀវទេសចរយ៉ាងសំខាន់»។
មន្ត្រីឃ្លាំមើលព្រៃឈើនៃសមាគមអាដហុក (ADHOC) ខេត្តស្ទឹងត្រែង លោក ហូ សំអុល គាំទ្រនូវគម្រោងអភិរក្សសត្វស្លាបរបស់អង្គការអភិរក្សសត្វស្លាបអន្តរជាតិ នៅតំបន់នោះ ដែលផ្តល់នូវលក្ខណៈសុវត្ថិភាពយ៉ាងធំសម្បើមដល់ប្រព័ន្ធជីវចម្រុះធម្មជាតិ ដែលកំពុងរងការគំរាមកំហែងស្ទើរគ្រប់តំបន់។ លោកថា ការព្រួយបារម្ភរបស់អាជ្ញាធរ និងមេភូមិ គ្រាន់តែជាចំណែកតូចមួយដែលមិនអាចធានាបាននិរន្តរភាពអត្ថប្រយោជន៍បានទូលំទូលាយនោះទេ។ តែយ៉ាងណាលោកថា សហគមន៍ និងអង្គការ រួមទាំងអាជ្ញាធរ និងមន្ត្រីជំនាញ ត្រូវតែសហការគ្នាដើម្បីចូលរួមលើកកម្ពស់សកម្មភាពអភិរក្សសត្វព្រៃ និងព្រៃឈើឲ្យមានប្រសិទ្ធភាព ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការទប់ស្កាត់ពីការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាល៖ «យើងច្រើនតែរិះគន់ថា យើងមិនឲ្យគេធ្វើ ឥឡូវរហូតដល់អង្គការគេចុះទៅធ្វើហើយ យើងបែរជាមិនយល់ស្របវិញ»។
អង្គការអភិរក្សសត្វស្លាបអន្តរជាតិ បានចុះសិក្សាស្រាវជ្រាវតាំងពីឆ្នាំ២០០៣ និងបានគ្រប់គ្រងដីព្រៃឈើចំនួនជាង ១០ម៉ឺនហិកតារ ឋិតនៅឃុំព្រែកមាស និងឃុំថ្មកែវ ក្នុងស្រុកសៀមប៉ាង ដែលមានប្រភេទសត្វកម្រនៅលើពិភពលោកកំពុងរស់នៅចំនួន ១៥ប្រភេទ ដូចជាសត្វត្មាត សត្វត្រយង និងសត្វត្រយងយក្ស ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។