អ្នក​ឃ្លាំមើល​បរិស្ថាន​ថា ​ក្រសួងបរិស្ថាន​ឆ្លើយ​ដោះសា​មិន​ទទួល​ស្គាល់​ការ​ពិត​ ពី​ការ​ថយ​ចុះ​គម្រប​ព្រៃឈើ

ដោយ ឡេង ម៉ាលី
2021-09-24
Share
អ្នក​ឃ្លាំមើល​បរិស្ថាន​ថា ​ក្រសួងបរិស្ថាន​ឆ្លើយ​ដោះសា​មិន​ទទួល​ស្គាល់​ការ​ពិត​ ពី​ការ​ថយ​ចុះ​គម្រប​ព្រៃឈើ (ឆ្វេង) លោក ហេង ស្រស់ សកម្មជន​ការពារ​ព្រៃឈើ និង (ស្ដាំ) លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន ដែលបង្ហាញ​ព័ត៌មានអំពី​ព្រៃឈើផ្ទុយគ្នា។
រូប៖ ហ្វេសប៊ុកលោក ហេង ស្រស់ និង​ក្រសួងបរិស្ថាន

ក្រុម​អ្នក​ឃ្លាំ​មើល​បរិស្ថាន​ប្រតិកម្ម​ នឹង​ក្រសួង​បរិស្ថាន​ថា ​នៅ​តែ​បន្ត​ឆ្លើយ​ដោះសា​មិន​ទទួល​ស្គាល់​ការ​ពិត ពី​ការ​ថយ​ចុះ​គម្រប​ព្រៃ​ឈើ។ ប្រតិកម្ម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​បរិស្ថាន បាន​បន្ត​ចោទ​ប្រកាន់ ​និង​ព្យាយាម​វាយ​ប្រហារ​ទៅ​លើ​ក្រុម​សកម្មជន​ការពារ​ព្រៃឈើ ​និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ថា​ ធ្វើ​របាយការណ៍​ភូតភរ​រឿង​ការ​ថយ​ចុះ​ទំហំ​ព្រៃឈើ។

ក្រុម​អ្នក​ឃ្លាំ​មើល​បរិស្ថាន​ហួសចិត្ត​ នៅ​គ្រា​ដែល​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​បរិស្ថាន​នៅ​តែ​និយាយ​ការពារ​ស្ថាប័ន​របស់​ខ្លួន ​និង​បង្ហាញ​មោទនភាព ចំពោះ​ការ​អនុវត្ត​ គោល​នយោបាយ​ការពារ​ធនធាន​ធម្មជាតិ​ ក្នុង​តំបន់​ព្រៃ​អភិរក្ស​ថា មាន​ប្រសិទ្ធភាព​ខ្ពស់។ ក្រុម​អ្នក​ការពារ​បរិស្ថាន​អះអាង​ថា​ភស្តុតាង​ និង​ឯកសារ​ទាំង​ឡាយ​របស់ ​អង្គការ​ជាតិ​ និង​អន្តរជាតិ​បង្ហាញ​ថា កម្ពុជា​នៅ​តែ​មាន​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ ​និង​ការ​កាប់​រុករាន​ដី​ព្រៃ​អភិរក្ស​ទ្រង់​ទ្រាយ​ធំ។ ប៉ុន្តែ​ក្រសួង​បរិស្ថាន​មិន​បាន​យក​ភស្តុតាង និង​របាយការណ៍​ទាំង​នោះ ជា​មូលដ្ឋាន​ដើម្បី​ដោះស្រាយ​បញ្ហា​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ ក្រសួង​បែរ​ជា​ចោទ​ប្រកាន់ និង​គំរាមកំហែង​អ្នក​ការពារ​បរិស្ថាន​ទៅ​វិញ។

សកម្មជន​ការពារ​ព្រៃឈើ លោក ហេង ស្រស់ លើក​ឡើង​ថា ព្រៃឈើ​គ្រប់​តំបន់​អភិរក្ស នៅ​តែ​ប្រឈម​ការ​ថយ​ចុះ​យ៉ាង​គំហុក ដោយសារ​សកម្មភាព​កាប់​រុករាន​ទន្ទ្រាន​ព្រៃ ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ និង​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់។ លោក​បន្ត​ថា ការ​លើកឡើង​របស់​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​បរិស្ថាន​ដែល​ថា ក្រុម​សកម្មជន និង​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​របាយការណ៍​មិន​ពិត​រឿង​បាត់​បង់​​ព្រៃឈើ​នោះ គ្រាន់តែ​ជា​ការ​និយាយ​ការពារ​មុខមាត់​ក្រសួង​បរិស្ថាន​ប៉ុណ្ណោះ។​ លោក​ថា ការ​និយាយ​បែប​នេះ ​មិន​អាច​រក​ដំណោះ​ស្រាយ ​វិបត្តិ​ព្រៃឈើ​បាន​ជោគជ័យ​នោះ​ទេ​ ហើយ​បញ្ហា​ប្រឈម​នៅ​តែ​កើត​ឡើង​ដដែលៗ។ លោក​អំពាវ​នាវ​ឱ្យ​ក្រសួង​បរិស្ថាន ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ចូល​ល្បាត​ព្រៃឈើ​ឡើង​វិញ​ ដើម្បី​រួម​ចំណែក​ការពារ​ភោគ​ទ្រព្យ​ជាតិ​ ដែល​នៅ​សេសសល់​ចុង​ក្រោយ​ឱ្យ​បាន​គង់វង្ស៖ «យើង​មិន​ទាន់​ឃើញ​របាយការណ៍​របស់​ក្រសួងបរិស្ថាន​ បង្ក្រាប​ទៅ​លើ​ក្រុម​ឧក្រិដ្ឋជន​ធំៗ ណាមួយ ​ដើម្បី​ឱ្យ​សម​ស្រប​ទៅ​នឹង​ការ​បាត់​បង់​ព្រៃ​ឈើ ក្នុង​ប្រទេស​កម្ពុជា​ទេ ​ជាក់​ស្តែង​ដូចជា ​ឧកញ៉ា​មួយ​ចំនួន ​រក​ស៊ី​កាប់​បំផ្លាញ​ព្រៃឈើ ​ក្នុង​តំបន់​ភ្នំព្រេច កាល​ពី ២០១៧ និង ២០១៨ អា​ហ្នឹង​ជា​របាយការណ៍​ទាំង​អស់ ​កុហក ​សូម្បី​តែ​លោក ​សៅ ​សុខា ​ក៏​កុហក​ដែរ​។ នេះ​សាមញ្ញ​ទៅ​ហើយ ​ដែល​លោក នេត្រ ភក្រា និយាយ​ការពារ​មុខ​មាត់ ​ក្នុង​ស្ថាប័ន​រដ្ឋ​របស់​គាត់»

ជាមួយ​គ្នា​នេះ ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ​​នៃ​សមាគម​​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ហេង គឹមហុង មើល​ឃើញ​ថា ក្រុម​សកម្មជន​បរិស្ថាន​បាន​រក​ឃើញ​បទល្មើស​ព្រៃឈើ ​និង​ធ្វើ​របាយការណ៍​ជា​បន្ត​បន្ទាប់​ ដើម្បី​ឱ្យ​ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​បង្ក្រាប​បទល្មើស​ទាំងនោះ។ ប៉ុន្តែ​លោក​ថា ក្រសួង​តែង​តែ​ច្រាន​ចោល​ភ្លាមៗ ដោយ​ពុំ​បាន​សិក្សា និង​ពិនិត្យ​របាយ​ការណ៍​ទាំង​នោះ​ឱ្យ​បាន​ច្បាស់​លាស់​ឡើយ។ លោក​ជំរុញ​ឱ្យ​ក្រសួង​កែ​ប្រែ​ឥរិយាបថ​នេះ​ឡើង​វិញ​ ដោយ​ត្រូវ​ទទួល​យក​របាយការណ៍​ទាំង​ឡាយ ដើម្បី​ឈាន​ទៅ​ដោះស្រាយ​វិបត្តិ​ព្រៃឈើ​ឱ្យ​មាន​ប្រសិទ្ធភាព៖ «ជុំ​វិញ​ការ​លាប​ពណ៌​មក​លើ​សកម្មជន។ ខ្ញុំ​យល់​ថា កន្លង​មក​មិន​ដែល​មាន​សកម្មជន​ណា​និយាយ​ថា អស់​ព្រៃ​ឈើ​ទេ ប៉ុន្តែ​សកម្មជន​តែង​ផ្សព្វផ្សាយ​ពី​ការ​រក​ឃើញ​បទ​ល្មើស។ ប្រហែល​ជា​ក្រសួង​បរិស្ថាន​មិន​បាន​យក​ចិត្ត​ទុក​ដាក់​នៅ​ពេល​មាន​ការ​ផ្សព្វផ្សាយ​ដែរ ព្រោះ​អី​សកម្មជន​តែង​ផ្សព្វផ្សាយ​ពី​ការ​លើក​ឡើង​បទ​ល្មើស និង​រក​ឃើញ​បទ​ល្មើស​តែ​ប៉ុណ្ណោះ ដើម្បី​ឱ្យ​មាន​ចំណាត់​ការ តែ​បើ​ក្រសួង​មិន​ចំណាត់​ការ​មិន​មែន​ជា​គោល​នយោបាយ​របស់​រដ្ឋ​ទេ។

ក្រុម​សកម្មជន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បញ្ចេញ​ប្រតិកម្ម​បែប​នេះ បន្ទាប់​ពី​អ្នក​នាំ​ពាក្យ​ក្រសួងបរិស្ថាន​ លោក នេត្រ ភត្ត្រា បាន​ថ្លែង​ក្នុង​ឱកាស​ដាក់​ឱ្យ​ប្រើប្រាស់​របាយការណ៍​ស្ថានភាព​បរិស្ថាន​លើក​ទី៤ និង​សៀវភៅ​ធនធាន​គម្រប​ព្រៃឈើ​កម្ពុជា​ឆ្នាំ២០១៨» កាល​ពី​ថ្ងៃ​ទី២៣ កញ្ញា​ថា ការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ក្រុម​សកម្មជន​មួយ​ចំនួន​ជុំវិញ​ការ​បាត់​បង់​ព្រៃឈើ​នៅ​កម្ពុជា​នា​ពេល​កន្លង​ទៅ​នោះ ជា​រឿង​មិន​ពិត។ លោក​ថ្លែង​ទៀត​ថា សៀវភៅ និង​របាយការណ៍​ថ្មី​របស់​ក្រសួង​នេះ គឺ​ជា​ភស្តុតាង​រឹងមាំ​បង្ហាញ​ថា ក្រុម​សកម្មជន​បរិស្ថាន និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​តូច មិន​អាច​បន្ត​ភូត​កុហក​ពិភពលោក​បាន​ទេ ទាក់ទង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ពី​កម្ពុជា​ថា កម្ពុជា​អស់​ព្រៃ​ឈើ និង​កាប់​បំផ្លាញ​ព្រៃឈើ​ច្រើន​ជាង​គេ​លើ​ពិភព​លោក។

លោក នេត្រ ភក្ត្រា បញ្ជាក់​ថា ក្រសួង​បរិស្ថាន​បាន​រៀប​ចំ​បង្កើត​តំបន់​ការពារ​ធម្មជាតិ​ មាន​ផ្ទៃ​ដី​សរុប​ជាង ៧លាន​ហិកតារ (,៣លានហិកតា) ហើយ​បាន​បែង​ចែក​តំបន់​គ្រប់គ្រង ​ការ​បោះ​បង្គោល​ព្រំ​ បណ្ដុះ​បណ្ដាល​មន្ត្រី​ជំនាញ បំពាក់​ឧបករណ៍ និង​សម្ភារៈ​ចាំបាច់ ​ពង្រឹង​ការងារ​ល្បាត​ ជាពិសេស​ការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ។

វិទ្យុ​អាស៊ី​សេរី​នៅ​ពុំ​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បន្ថែម​រឿង​នេះ ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន ​លោក ​នេត្រ ភក្ត្រា បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២៤ កញ្ញា ដោយ​ទូរស័ព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​លើក។

បើ​តាម​របាយការណ៍​ថ្មី​របស់​ក្រសួង​បរិស្ថាន គម្រប​ព្រៃឈើ​ឆ្នាំ២០១៨ មាន​ជាង ៨លាន​ហិកតារ (.៥១០.៨០៧ ហិកតារ) ឬ​ស្មើ​នឹង​ជិត ៤៧% (៤៦,៨៦%) ធៀប​នឹង​ផ្ទៃ​ដី​សរុប​ទូទាំង​ប្រទេស។ ក្រសួង​បញ្ជាក់​ថា លទ្ធផល​នេះ រួម​បញ្ចូល​ទាំង​ផ្ទៃ​ដី​ចម្ការ​កៅស៊ូ ចម្ការ​ដូង​ប្រេង និង​ដំណាំ​ហូប​ផ្លែ​ដទៃ​ទៀត​ជា​ដើម។

ប៉ុន្តែ​សកម្មជន​បរិស្ថាន​យល់​ឃើញ​ថា ផ្ទៃ​ដី​ចម្ការ​កៅស៊ូ ចម្ការ​ដូង​ប្រេង និង​ដំណាំ​ហូប​ផ្លែ​ដទៃ​ទៀត​ជាដើម​ ដែល​គ្រប់គ្រង​ដោយ​កម្ម​សិទ្ធិ​ឯកជន ក្រសួង​បរិស្ថាន​មិន​គួរ​រាប់​បញ្ចូល​ក្នុង​របាយការណ៍​គម្រប​ព្រៃឈើ ​ឆ្នាំ ​២០១៨​នោះ​ទេ ​ព្រោះ​ធនធាន​ទាំង​នោះ ​មិន​ឋិត​ក្នុង​ទ្រព្យ​សម្បត្តិ​ជាតិ​ ឬ​តំបន់​ការពារ​ធម្មជាតិ​ដែល​ គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន​នោះ​ឡើយ។

ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ (ACNCIPO) លោក ជា ហ៊ាន សង្កេត​ឃើញ​ថា ប្រសិន​បើ​ពិនិត្យ​មើល​ផែនទី​តំបន់​ការពារ​ធម្មជាតិ ​ហាក់​នៅ​សល់​ព្រៃឈើ​ធំធេង ប៉ុន្តែ​ធាតុ​ពិត​ពុំ​ដូច្នោះ​ទេ។ លោក​អះអាង​ថា​ គ្រប់​តំបន់​អភិរក្ស​គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន ទទួល​រង​ការ​កាប់​ឈើ​ធំៗ និង​ទន្ទ្រាន​ដី​មក​ធ្វើ​ជា​កម្ម​សិទ្ធិ​ ដោយ​ករណី​ទាំង​នេះ​ភាគ​ច្រើន​ប្រព្រឹត្ត​ឡើង​ដោយ​បុគ្គល​មាន​លុយ​មាន​អំណាច​ និង​យក​ពលរដ្ឋ​ជា​ខែល។​ លោក​ថា ជាក់​ស្ដែង​គ្រាន់​តែ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់​មាន​ផ្ទៃ​ដី​ជាង ២សែន​ហិកតារ​ បច្ចុប្បន្ន​បាន​ក្លាយ​ជា​ដី​ចម្ការ​ គ្រប់គ្រង​ជា​កម្មសិទ្ធិ​ឯកជន​អស់​ប្រមាណ ៧០ភាគ​រយ ស្រប​ពេល​ដែល​ព្រៃស្រោង ​និង​ឈើ​មាន​តម្លៃ ​បាន​បាត់បង់​អស់​ទាំងស្រុង ​នៅ​រយៈ​ពេល ១០ឆ្នាំ​ចុង​ក្រោយ​នេះ៖ «ពិនិត្យ​មើល​តំបន់​ការពារ​វា​អស់​ហើយ ពោរពេញ​ទៅ​ដោយ​ចម្ការ​របស់​ពលរដ្ឋ​អស់​ហើយ ហើយ​មួយ​ផ្នែក​ទៀត ​មិន​ទាន់​បាន​ដាំ​ដំណាំ​មាន​ការ​ទន្ទ្រាន ហើយ​មាន​ការ​ដក​ហូត​ជា​បន្ត​បន្ទាប់ តែ​ការ​ដក​ហូត​អត់​មាន​ប្រសិទ្ធភាព ត្រង់​ថា យើង​មិន​អនុវត្ត​ដីកា​ដក​ហូត ស្មើ​នឹង​អត់​ដដែល»

 របាយការណ៍​របស់​ក្រសួង​បរិស្ថាន​បង្ហាញ​ថា គិត​ចាប់​ពី​ឆ្នាំ២០១៦ មក​ដល់​ឆ្នាំ២០២០ កម្ពុជា​បាន​លក់​ឥណទាន​កាបូន​ទទួល​បាន​ថវិកា​ជាង ១១លាន​ដុល្លារ។ លើស​ពី​នេះ ​កម្ពុជា​កំពុង​សិក្សា និង​អនុវត្ត​គម្រោង​ឥណទាន​កាបូន​សាកល្បង​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ឡង់ ក្នុង​ខេត្ត​ស្ទឹងត្រែង ជាមួយ​ក្រុមហ៊ុន​ជប៉ុន។ ទោះ​ជា​យ៉ាង​ណា​ក្ដី ក្រុម​អ្នក​ការពារ​បរិស្ថាន​លើក​ឡើង​ថា រដ្ឋាភិបាល​មិន​អាច​យក​ហេតុផល​រឿង​លក់​កាបូន​នេះ ដើម្បី​បកស្រាយ​ថា ព្រៃឈើ​នៅ​គង់វង្ស​នោះ​ទេ ពី​ព្រោះ​ស្ថានភាព​បច្ចុប្បន្ន​នេះ​បទ​ល្មើស​ព្រៃ​ឈើ​នៅ​តែ​កើត​មាន​សឹង​គ្រប់​ព្រៃ​អភិរក្ស ដោយ​មិន​មាន​ការ​អនុវត្ត​ច្បាប់​តឹងរ៉ឹង​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល