សកម្មជនការពារបរិស្ថានវ័យក្មេងលោក ហេង ស្រស់ ប្ដេជ្ញាបន្តការងារការពារព្រៃឈើ បើទោះជាវីរជនការពារបរិស្ថានត្រូវបានតុលាការដាក់កំហិតមិនឲ្យធ្វើសកម្មភាព បន្ទាប់ពីសន្តិសុខការពារឲ្យក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech) ឃាត់ខ្លួននាពេលកន្លងទៅថ្មីៗ នេះក្តី។
តើលោក ហេង ស្រស់ មានប្រវត្តិយ៉ាងណា និងជួបបញ្ហាប្រឈមអ្វីខ្លះក្នុងសកម្មភាពការពារព្រៃឈើជាច្រើនឆ្នាំកន្លងទៅនេះ?
ជ្រកក្រោមដំបូលព្រះពុទ្ធសាសនា ដើម្បីបន្តការសិក្សានៅរាជធានីភ្នំពេញ លោក ហេង ស្រស់ បច្ចុប្បន្នជាសកម្មជនការពារបរិស្ថាន និងជាអ្នកចេញមុខរិះគន់ឥតសំចៃមាត់ ចំពោះការកាប់បំផ្លាញព្រៃឈើនៅក្នុងប្រទេសកម្ពុជា។
លោក ហេង ស្រស់ អាយុ ២៦ឆ្នាំ ជាកូនកសិករ កើតនៅមានដើមកំណើតមកពីខេត្តព្រៃវែង និងជាកូនទី៥ ក្នុងចំណោមបងប្អូនចំនួន ៧នាក់។ បន្ទាប់ពីបញ្ចប់ការសិក្សានៅថ្នាក់អនុវិទ្យាល័យ យុវជនរូបនេះបានចាកចេញពីភូមិកំណើតរបស់ខ្លួននៅក្នុងឆ្នាំ២០០៨ ដើម្បីទៅបន្តការសិក្សានៅរាជធានីភ្នំពេញ។ បើទោះជាខំប្រឹងសិក្សាយ៉ាងណាក៏ដោយ ក៏ពីព្រោះតែកត្តាជីវភាព យុវជនរូបនេះបានបោះបង់ចោលការសិក្សាបន្ទាប់ពីបានបញ្ចប់ យុវជនរូបនេះបានសិក្សាថ្នាក់បរិញ្ញាបត្រត្រឹមឆ្នាំទី១ ក៏បានបោះបង់ចោលការសិក្សាព្រោះតែកត្តាជីវភាព។ នៅក្នុងជីវិតសិក្សានាទីក្រុងភ្នំពេញ យុវជន ហេង ស្រស់ បានសាងផ្នួសបួសជាព្រះសង្ឃអស់រយៈពេល ៥ឆ្នាំ ក៏លាចាកសិក្ខាបទ។
ក្រោយពីលាចាកសិក្ខាបទ យុវជនដែលមានរូបរាងតូចស្ដើង ពូកែក្រមិចក្រមើមនេះ បានចាប់ផ្តើមការងារជាលើកដំបូង នៅក្នុងឆ្នាំ២០១៤ ជាអ្នកហាត់ការស្ម័គ្រចិត្តឲ្យអង្គការក្រៅរដ្ឋាភិបាលមួយ មុននឹងឈានជើងចូលប្រឡូកជាអ្នកការពារព្រៃឈើ និងធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា៖ « អើ ខ្ញុំ ចាប់ផ្តើមធ្វើការងារសង្គម ខ្ញុំចូលតាំងពីឆ្នាំ២០១៤ ខ្ញុំធ្វើឱ្យអង្គការមួយកន្លែងដោយ Volunteer ធ្វើការឲ្យវិទ្យុមួយកន្លែង។ កាលនោះដូចខ្ញុំបានប្រាក់បៀវត្សតិចទេ ហើយរហូតខ្ញុំធ្វើការចាប់ពីឆ្នាំ២០១៤ រហូតធ្វើការដល់ឆ្នាំ២០១៦។ ខ្ញុំក៏ឃើញសកម្មភាព អឺ នៃការកាប់បំផ្លាញព្រៃឈើនៅក្នុងប្រទេសកម្ពុជា ឃើញមានការកាប់បំផ្លាញច្រើន ហើយខ្ញុំមិនដឹងថាខ្ញុំ ទៅចូលរួមជាមួយអ្នកណា ដើម្បីការពារព្រៃឈើ បន្ទាប់មកខ្ញុំក៏បានជួបនូវ បង អ៊ូច ឡេង ដែលគាត់ផ្ដល់ឱកាសឲ្យខ្ញុំចូលរួមការពារព្រៃឈើនៅក្នុងប្រទេសកម្ពុជា » ។
ការចូលខ្លួនការពារព្រៃឈើរបស់យុវជន ហេង ស្រស់ ដោយសារតែគិតថា ព្រៃឈើនៅក្នុងប្រទេសកម្ពុជា គឺជាសម្បត្តិជាតិហើយក្នុងនាមជាពលរដ្ឋខ្មែរលោកមានសិទ្ធិក្នុងការឈឺឆ្អាល ចំពោះការកាប់បំផ្លាញព្រៃឈើនៅក្នុងសហគមន៍។
លោកគិតថា បើសិនជាបាត់បង់ព្រៃឈើ គឺដូចជាបាត់បង់អ្វីមួយដ៏មានសារសំខាន់៖« ខ្ញុំសម្រេចចិត្តចូលខ្លួនទៅ ក្នុងការការពារព្រៃឈើនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំចូលរួមការពារព្រៃឈើតាំងពីឆ្នាំ២០១៦ ដោយកាលនោះបង អ៊ូច ឡេង បានផ្ដល់ឱកាសឲ្យខ្ញុំបានចុះសិក្សាស្រាវជ្រាវនៅតំបន់ព្រៃព្រះរកា ដែលឲ្យខ្ញុំស្រាវជ្រាវអំពីសិប្បកម្មកែច្នៃឈើក្រឡឹងជុំវិញថា មានប៉ុន្មាន កាលនោះខ្ញុំចាប់ផ្ដើមធ្វើការងារបែបស៊ើបអង្កេត និងស្រាវជ្រាវ » ។
ទោះបីជាការងារប្រឈម និងការបាត់បង់អាយុជីវិត ឬក៏ប្រឈមជាមួយឈ្មួញរកស៊ីបទល្មើសព្រៃឈើនៅកណ្ដាលព្រៃ ក៏ក្រុមរបស់លោក ហេង ស្រស់ ពុំមានការភ័យខ្លាចនោះទេ។ អ្វីដែលលោក ហេង ស្រស់ នឹងក្រុមការងាររបស់លោកធ្វើ គឺប្រមូលវត្ថុតាងនៃបទល្មើសព្រៃឈើទាំងអស់នៅក្នុងប្រទេសកម្ពុជា ដើម្បីដាក់ជូនរាជរដ្ឋាភិបាលឱ្យចាត់វិធានការទៅលើក្រុមអ្នក ដែលរកស៊ីបំផ្លាញព្រៃឈើខុសច្បាប់ទាំងនោះនៅកម្ពុជា៖ « ខ្ញុំនៅតែបន្តចូលរួមការពារព្រៃឈើ នៅតែបន្តប្រមូលភស្តុតាង នៅតែបន្ត ដើម្បីដាក់បង្ហាញឲ្យរាជរដ្ឋាភិបាលគាត់ធ្វើយ៉ាងណា ដើម្បីចាត់វិធានការទៅលើអ្នកដែលបំផ្លាញព្រៃឈើ។ ទោះបីមានការហាមឃាត់ទៅលើវីរបុរសការពារបរិស្ថានយ៉ាងណាក៏ដោយ ក៏ខ្ញុំមិនមានការភ័យខ្លាចទេ ខ្ញុំទៅតែនិយាយ ខ្ញុំនៅតែចូលរួមការពារ ខ្ញុំនៅតែអើ អើបន្ត ដើម្បីវែកមុខថា អ្នកណាខ្លះដែលជាអ្នកជាប់ពាក់ព័ន្ធក្នុងការបំផ្លិចបំផ្លាញព្រៃឈើនៅក្នុងប្រទេសកម្ពុជានឹងបាទ » ។
យុវជនរាងតូចល្អិតរូបនេះបានរៀបអាពាហិ៍ពិពាហិ៍នៅឆ្នាំ២០១៧ បង្កើតបានកូនប្រុសមួយ ប៉ុន្តែ លោក ហេង ស្រស់ ពុំសូវបានចំណាយពេលវេលាច្រើនសម្រាប់ក្រុមគ្រួសាររបស់ខ្លួននោះទេ។ ពេលវេលាភាគច្រើនរបស់លោកបានចំណាយលើការចុះអង្កេតបទល្មើសព្រៃឈើក្នុងខេត្តនានា នៅក្នុងប្រទេសកម្ពុជា៖ « ហើយចំពោះបញ្ហាគ្រួសារវិញ វាជាទូទៅយើងត្រូវគិតហើយ អើគ្រួសារខ្ញុំមិនមានលុយកាក់អីច្រើនដូចគេទេ គឺយើងរាល់ថ្ងៃសុំស្នាក់អាស្រ័យនៅលើគេទេ យើងមិនមានផ្ទះផ្ទាល់ខ្លួន យើងមានតែម៉ូតូ ហើយប្រពន្ធខ្ញុំក៏គាត់ធ្វើការយកលុយមក ដើម្បីទ្រទ្រង់គ្រួសារ ហើយសម្រាប់ខ្ញុំ ខ្ញុំក៏មានលុយខ្លះៗ ដើម្បីជួយគាត់ មិនជួយគាត់ឲ្យមានបានអីទេ។ ប៉ុន្តែ យើងជាប្ដីប្រពន្ធ យើងចាប់ដៃគ្នា គាត់បាននិយាយប្រាប់ខ្ញុំដែរថាគាត់មិនស្តីបន្ទោសទេ ចំពោះខ្ញុំ អឺ ឲ្យតែអឺ អឺ ខ្ញុំពេញចិត្តធ្វើការងារមួយណា គឺគាត់គាំទ្រខ្ញុំនឹងលើកទឹកចិត្តខ្ញុំជានិច្ច។ ក្តីសង្ឃឹមរបស់ខ្ញុំ ខ្ញុំនៅតែបន្តថា ទោះបីជា ខ្ញុំ ខ្ញុំនៅតែប្រើ ទោះបីជាខ្ញុំមិនសល់ជីវិតច្រើនយ៉ាងណាក្តី ប៉ុន្តែខ្ញុំតែប្រើជីវិត ដែលនៅសេសសល់ ដើម្បីចូលរួមការពារព្រៃឈើនៅក្នុងប្រទេសកម្ពុជាឲ្យទាល់តែបាន » ។
ដោយសារតែឃើញសកម្មភាពរបស់សហគមន៍ចូលរួមជាមួយលោកប្រឆាំងនឹងបទល្មើសព្រៃឈើនោះ ឈ្មួញរកស៊ីបទល្មើស បានប្រើគ្រប់រូបភាព ដើម្បីគំរាមកំហែង ឬក៏បំបាក់ស្មារតីសហគមន៍ តែលោកគិតថា ទង្វើនោះគឺពុំមែនជាឧបសគ្គសម្រាប់លោកនឹងប្រជាសហគមន៍នោះទេ៖ « វាមិនខុសច្បាប់ស្អីទេ អានេះ គឺជាការគ្រប់គ្រងរដ្ឋមួយ ដែល ផ្នែកមួយនៃការបំបាក់ស្មារតីចំពោះប្រជាពលរដ្ឋ ចំពោះការចូលរួមការពារព្រៃឈើ ក៏ជាការចូលរួមការពារសម្បត្តិជាតិទាំងមូល នេះមិនមែនការពារផលប្រយោជន៍ឱ្យនរណាម្នាក់ទេ នេះគឺការពារសម្បត្តិជាតិ ការពារកេរ្តិ៍ដូនតារបស់យើង ខ្ញុំគិតថា វាមិនខុសច្បាប់ទេ។ ចំពោះការងារនឹងទៀតយើងអឺ ... គិតហើយថា ថ្ងៃខាងមុខ គេនឹងមិនទុកយើងគេនឹងគិតអ្វីមកលើយើងផ្សេង ព្រោះអ្វីយើងជាបន្លានៅក្នុងទ្រូងគេ យើងដើរវែកមុខគេសព្វគ្រប់ទាំងអស់ អានេះចំពោះបញ្ហាប្រឈម » ។
លោកថា អ្វីដែលធ្វើឱ្យលោកសប្បាយចិត្តបំផុតនោះ គឺនៅពេលដាក់បង្ហាញរបាយការណ៍ជូនទៅរាជរដ្ឋាភិបាល ហើយពេលរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ និងបកអាក្រាតទៅលើក្រុមជនល្មើសមួយចំនួន ដែលជាអ្នកដែលបំផ្លាញព្រៃឈើនៅក្នុងប្រទេសកម្ពុជា។ ដើម្បីការពារព្រៃឈើ លោក ហេង ស្រស់ និងក្រុមរបស់លោក ត្រូវតែដាក់របាយការណ៍ស្ដីពីបទល្មើសព្រៃជូនទៅរដ្ឋាភិបាលជាភស្តុតាង ហើយដើម្បីបានភស្តុតាង លោក ហេង ស្រស់ ត្រូវតែចូលក្នុងព្រៃ ដើម្បីឃើញផ្ទាល់ភ្នែកនូវបទល្មើសជាក់ស្ដែង។ ហើយក្នុងពេលចូលព្រៃម្តងៗ លោក ហេង ស្រស់ ថា ក្រុមរបស់លោកតែងជួបការលំបាកជាច្រើន៖ « ភាពជូរចត់យើងមានច្រើន សម្រាប់យើងមានទាំងពេលយប់ ពេលខ្លះយើងទៅក្នុងព្រៃអត់មានទឹកមុជ អត់មានអី អត់មានទឹកដាំបាយ ពេលខ្លះមានទឹកដាំបាយទឹកនឹងក៏ខ្វក់ទៀត ពេលខ្លះសូមទឹកគេហូបយើងអត់មានទឹកហូប ទឹកនឹង ធុងសុទ្ធតែប្រេង សុទ្ធតែអី និយាយពីប្រវត្តិជូរចត់ច្រើន ហើយយើងមានទាំងពីក្រឡាប់ម៉ូតូ មានទាំងពីដួលរយះដៃរយះជើង អានេះវាជាភាពជូរចត់របស់យើង ហើយវាជាអនុស្សាវរីយ៍មិនអាចធ្វើឲ្យយើងបំភ្លេចបាន ហើយមានតាំងពីគេគំរាមកំហែង គេដេញបាញ់ក៏មានអីក៏មាន មានសព្វគ្រប់ទាំងអស់ ចំពោះបញ្ហាប្រឈម ចំពោះអាភាពជូរចត់ជាមួយកន្លងទៅ » ។
លោកផ្កាំដោយទទូចទៅដល់យុវជនកុំឱ្យមានភាពភ័យខ្លាច ចំពោះការងារការពារព្រៃឈើ ពីព្រោះការងារនេះមិនខុសច្បាប់ទេ។ ដោយសារតែសកម្មភាពនោះពុំមែនខុសច្បាប់ ហើយវាក៏មិនមែនជារឿងអ្វីត្រូវឲ្យរាជរដ្ឋាភិបាល និងមនុស្សមួយចំនួនចោទថា ជាមនុស្សអាក្រក់នោះទេ៖ « ការពារព្រៃឈើ គឺជាកិច្ចការពារសម្បត្តិជាតិយើង ការពារព្រៃឈើ គឺជាការការពារកេរ្តិ៍មរតកដូនតារបស់យើង ដែលគាត់បានបន្សល់ទុកឲ្យ បើសិនជាការការពារកេរ្តិ៍មរតកដូនតារបស់យើង ហើយនឹងការពារព្រៃឈើសម្បត្តិធនធានធម្មជាតិ របស់ប្រទេសយើង ហើយខុសច្បាប់ អានោះគឺជារឿងមួយ អ្នកដែលគិតមានបញ្ហាខួរក្បាល សម្រាប់ ដែលយើងជាយុវជនយើងត្រូវតែដាច់ខាត បន្តការការពារ ដើម្បីកុំឲ្យនរណាម្នាក់ចូលមកបំផ្លាញសម្បត្តិជាតិរបស់យើង សម្បត្តិដូនតារបស់យើង ដែលបានបន្សល់ទុកឲ្យ » ។
ភរិយារបស់លោក ហេង ស្រស់ គឺលោកស្រី ជូប ស្រីនុត និយាយថា បានលើកឡើងថា លោកស្រី តែងតែមានការភ័យព្រួយចំពោះស្វាមីរបស់លោកស្រី នៅពេលដែលគាត់ប្រាប់លោកស្រីម្ដងៗ ថា ចុះខេត្ត ដោយសារតែលោកស្រី យល់ថា ការងាររបស់ប្ដីលោកស្រី គឺជាការងារដែលប្រឈមខ្លាំងជាមួយរកស៊ី ដែលមានអំណាច និងមានលុយ៖ «ខ្ញុំដឹងថា ការងារដែលគាត់ស្រលាញ់ គឺជាការងារដែលប្រថុយប្រថានជាទីបំផុត ក្នុងនាមដែលខ្ញុំជាប្រពន្ធខ្ញុំ តែងតែមានចិត្តបារម្ភ និងភ័យខ្លាច ព្រោះយើងមើលអត់ដឹងទេថា អាចនឹងមានបញ្ហាអីកើតឡើងបន្ថែមទៀតនោះគឺ យើងដឹងថា អ្នកដែលបំផ្លាញដ៏ធំ អ្នកដែលបំផ្លាញព្រៃឈើដ៏ធំហ្នឹង គឺជាជនដែលមានអំណាច»។
លោកស្រីថា លោកស្រីតែងតែសួរខ្លួនឯងថា បើនៅពេលណាមួយមានរឿងកើតឡើងចំពោះប្តី តើលោកស្រីត្រូវធ្វើដូចម្ដេច? ហើយលោកស្រី តែងតែចោទសួរខ្លួនឯងស្ទើរតែរាល់ថ្ងៃអំពីសំណួរនេះ ប៉ុន្តែលោកស្រីពុំដែលបង្ហាញឲ្យប្ដីដឹងនោះទេ ដោយសារខ្លាចក្លាយជាការបន្ទច់បង្អាក់ របស់គាត់របស់អ្នកស្រីមានការស្ទាក់ស្ទើរក្នុងចិត្ត ចំពោះការចុះធ្វើការងារការពារព្រៃឈើរបស់ប្តីខ្លួន។
ប្រធានអង្គការ ក្រុមកិច្ចការពិសេសសិទិ្ធមនុស្សកម្ពុជា និងជាម្ចាស់ពានរង្វាន់វីរជនបរិស្ថាន លោក អ៊ូច ឡេង ថ្លែងថា លោក ហេង ស្រស់ គឺជាមនុស្ស ដែលមានការតាំងចិត្តខ្ពស់ក្នុងការការពារបរិស្ថាន។ លោកថា លោក ហេង ស្រស់ ពុំដែលត្អូញត្អែរអំពីការលំបាកនោះទេ បើទោះជាស្ថិតក្នុងស្ថានភាពលំបាកប៉ុណ្ណាក៏ដោយ ក៏គាត់តែងស៊ូទ្រាំអត់ធ្មត់ធ្វើការរហូតដល់សម្រេចនូវអ្វីដែលគាត់ចង់បាន។
ទាក់ទងនឹងការការពារព្រៃឈើនេះ សកម្មជនការពារបរិស្ថានដ៏ឈ្មោះល្បី គឺលោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិត្រូវបានឃាតកបាញ់សម្លាប់ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ នៅត្រង់ចំណុចវាលបី ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ខណៈ លោកចុះទៅស៊ើបអង្កេត និងថតរូបសកម្មភាពបទល្មើសព្រៃឈើខុសច្បាប់នៅតំបន់ជួរភ្នំក្រវាញភាគកណ្ដាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។