មន្ត្រីអង្គការសង្គមស៊ីវិលនៅខេត្តឧត្ដរមានជ័យព្រួយបារម្ភថា ព្រៃឈើដែលនៅសេសសល់ក្នុងខេត្តនេះប្រឈមនឹងវិនាសហិនហោចក្នុងពេលឆាប់ៗ ប្រសិនបើអាជ្ញាធរមិនទប់ស្កាត់ឲ្យមានប្រសិទ្ធភាពនោះ។ ការលើកឡើងនេះដោយសារជនខិលខូចនៅតែបន្តលួចកាប់ឈើតំបន់អភិរក្សដើម្បីយកឈើទៅធ្វើអាជីវកម្ម និងទន្ទ្រានព្រៃយកដីធ្វើកម្មសិទ្ធិកើតមានគ្រប់ទីកន្លែងនៅឡើយ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តឧត្ដរមានជ័យ លោក ស្រី ណារ៉េន ឲ្យដឹងអាស៊ីសេរីដឹងនៅថ្ងៃទី១៤ ធ្នូថា សព្វថ្ងៃអាជ្ញាធរពាក់ព័ន្ធបានចាត់វិធានការទៅលើជន ប្រព្រឹត្តខ្លះដែរ ប៉ុន្តែហាក់ធ្វើបែបគោះទឹកបង្អើលត្រី ហើយមិនសូវមានប្រសិទ្ធភាពនោះទេ ព្រោះជនល្មើសនៅតែបន្តធ្វើសកម្មភាពបានដដែល។ មន្ត្រីសង្គមស៊ីវិលរូបនេះ បន្ថែមទៀតថា ព្រៃឈើតាមសហគមន៍នានាក្នុងខេត្តនេះត្រូវបានជនល្មើសលួចកាប់ឈើយកទៅធ្វើអាជីវកម្មកើតមានគ្រប់ទីកន្លែង ហើយមិនមានការថមថយនោះទេ ដូចជា ព្រៃសហគមន៍សង្ឃរូបរុក្ខវន្តជាដើម ដែលជនខិលខូចតែងចូលកាប់ឈើជាប្រចាំ៖ « ព្រោះសហគមន៍មួយចំនួនគាត់ល្បាតបានតែពេលទេ ដល់ពេលយប់អត់មានអ្នកល្បាតទេ នេះដែលជាបញ្ហាមួយដែលជនល្មើសលួចកាប់បំផ្លាញព្រៃឈើជាបន្តបន្ទាប់។ដូច្នេះទាល់តែយើងគិតថារាប់តាំងពីឈ្មួញធ្វើសិប្បកម្មណាមានច្បាប់ និងសិប្បកម្មណាអត់ច្បាប់នឹងត្រូវរឹតបន្តឹងរឿងនេះបានតឹងរ៉ឹង ហើយបើយើងនៅតែបណ្ដែតបណ្ដោយឲ្យមានសិប្បកម្មខុសច្បាប់យូរទៅនឹងហិនហោចអស់ព្រៃឈើជាមិនខាន » ។
ចំណែកព្រះមេគុណខេត្តឧត្ដរមានជ័យ ព្រះតេជព្រះគុណ ប៊ុន សាលួត មានថេរដីកាថា ព្រៃឈើហិនហោច ដោយសារកន្លងមកខ្វះការសហការពីអាជ្ញាធរក្នុងមូលដ្ឋាន ហើយសព្វថ្ងៃព្រៃខ្លះមានតែព្រះសង្ឃ និងមន្ត្រីអង្គការសង្គមស៊ីវិលជាអ្នកការពារព្រៃឈើ ហើយម្យ៉ាងទៀតជាទូទៅអាជ្ញាធរច្រើនតែទៅយាយីដល់អ្នកការពារព្រៃឈើដូចជាយកអន្ទាក់ទៅដាក់ពាំងផ្លូវ មិនឲ្យពួកគាត់ចូលទៅដល់ទីតាំងដែលជនប្រព្រឹត្តធ្វើសកម្មភាពជាដើម។
ប្រធានមន្ទីរបរិស្ថានខេត្តឧត្ដរមានជ័យ លោក ភួង លីណា អះអាងប្រាប់អាស៊ីសេរីថា បទល្មើសព្រៃឈើនៅក្នុងដែនអភិរក្សព្រៃសង្ឃរុក្ខវន្ត មួយរយៈចុងក្រោយនេះ បានថយចុះច្រើនបើធៀបនឹងឆ្នាំកន្លង ដោយសារមានព្រះសង្ឃ មន្ត្រីអង្គការសង្គមស៊ីវិល និងអាជ្ញាធរពាក់ព័ន្ធសហការគ្នាទប់ស្កាត់បានល្អ ធ្វើឲ្យជនខិលខូចមានការខ្លាចរអាហ៊ានចូលទៅទន្ទ្រានព្រៃដូចពេលមុនៗ។ លោក ភួង លីណា អះអាងទៀតថា សព្វថ្ងៃអ្នកដែលទន្ទ្រានព្រៃយកដីធ្វើជាកម្មសិទ្ធិមិនមានទេ មានតែបទល្មើសអ្នកលួចកាប់ឈើប្រណិតយកទៅលក់ឲ្យឈ្មួញកើតមានតិចតួច៖ « មានការលបលួចពេលបាទ ដែលយើងមានការពិបាកបន្តិចចំពោះផ្នែកសហគមន៍សង្ឃរុក្ខវន្ត នៅរតនៈ រុក្ខា ស្ថានភាពបើប្រៀបធៀបពេលមុនវាមានការថយ ប៉ុន្តែវាអត់ថយដូចលឿននៅសង្ឃរុក្ខវន្តនៅឡើយទេ។មូលហេតុទី១ដោយសារតែកម្លាំងរបស់យើងទាំងអស់គ្នាមិនទាន់គ្រប់គ្រាន់នៅឡើយ។ពេលនេះយើងឃើញថាអាជ្ញាធរដែនគ្រប់ជាន់ថ្នាក់គាត់មានការចូលរួមច្រើនក្នុងការបង្ក្រាបនិងការពន្យល់ដល់ប្រជាពលរដ្ឋឲ្យយល់ដឹងពីសារប្រយោជន៍របស់ព្រៃឈើ » ។
ទោះជាយ៉ាងនេះក្ដីលោក ស្រី ណារ៉េន នៅតែអះអាងថាអ្នកលួចទន្ទ្រានដីព្រៃនិងអ្នកលួចកាប់ឈើលក់នៅតែកើតមានច្រើនដោយមិនមានការថយចុះនោះទេ ក្នុងនោះជនល្មើសមានទាំងអ្នកមានអំណាចនិងប្រជាពលរដ្ឋ។លោកថា សព្វថ្ងៃនៅតំបន់មួយចំនួនត្រូវជនល្មើសលួចកាប់ព្រៃឈើអស់ហើយដីក្លាយទៅជាទីវាល និងបន្តចូលទៅលួចកាប់ព្រៃឈើក្នុងសហគមន៍ ដែលប្រជាពលរដ្ឋការពារទៀតផង។
របាយការណ៍មន្ត្រីបរិស្ថានខេត្តឧត្ដរមានជ័យឲ្យដឹងថា សហគមន៍ព្រៃឈើសង្ឃរុក្ខវន្តលាតសន្ធឹងលើផ្ទៃដីចំនួន ៣ស្រុក រួមមានក្រុងសំរោង ស្រុកចុងកាល់ និងស្រុកអន្លង់វែង មានផ្ទៃដីជាង ១ម៉ឺន ៨ពាន់ហិកតារ (១៨.០០០) ក្នុងនោះព្រៃឈើប្រមាណ ៦ពាន់ហិកតារត្រូវលិចទឹកងាប់ដើមឈើ ដោយសារចិនធ្វើទំនប់និងប្រឡាយទឹកអោយប្រជាជនយកទឹកធ្វើស្រែប្រាំង។
លោក ស្រី ណារ៉េន កត់សំគាល់ទៀតថា ក្នុងខេត្តនេះមានសហគមន៍ព្រៃឈើទាំងអស់ចំនួន ១៣កន្លែង និងមានផ្ទៃដីរាប់ម៉ឺនហិកតារ ហើយសព្វថ្ងៃមន្ត្រីសហគមន៍មានការរុញរាក្នុងការការពារព្រៃឈើ ព្រោះពួកគាត់គ្មានអាវុធ និងគ្មានអំណាច ដើម្បីទប់ស្កាត់ជនប្រព្រឹត្តិបទល្មើសព្រៃឈើ ដែលជាទូទៅមានអាវុធហើយមានអំណាច តែងតែគំរាមកំហែងដល់ពួកគាត់ ធ្វើឲ្យអ្នកការពារព្រៃឈើមានការលំបាក ទើបបណ្ដាលឲ្យព្រៃឈើចេះតែហិនហោចជាបន្តបន្ទាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
