មុនពេលផ្ទេរឱ្យលោក ហ៊ុន ម៉ាណែត ដឹកនាំបន្តនោះអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានកាត់ដីគម្របព្រៃឈើឆ្នាំ២០០២ នៅខេត្តកំពតជាង ៩១ ហិកតារដើម្បីប្រគល់ឱ្យរដ្ឋមន្ត្រីក្រសួងការងារ គឺលោក ហេង សួរ ធ្វើជាកម្មសិទ្ធ។
សកម្មជនបរិស្ថាន និងសង្គមស៊ីវិល បង្ហាញការសោកស្ដាយ និងស្នើឱ្យរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន ម៉ាណែត បញ្ឈប់សកម្មភាព ទាំងឡាយ ពាក់ព័ន្ធនឹងកាត់ដីព្រៃ ឬ នៅតំបន់ការពារ ដែលជាទ្រព្យ សម្បត្តិជាតិបន្តទៀត។
ក្នុងអនុក្រឹត្យចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ដែលចុះហត្ថលេខា ដោយលោក ហ៊ុន សែន បានកាត់ដីដែនគម្របព្រៃឈើឆ្នាំ២០០២ ចំនួន ៩១ហិកតារ ៥៥ អារ ស្ថិតនៅភូមិចង្ហោន សង្កាត់ព្រែកត្នោតក្រុងបូកគោ ខេត្តកំពតប្រគល់ឱ្យលោក ហេង សួរ ធ្វើជាកម្មសិទ្ធិ ដោយអនុក្រឹត្យអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
និស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាសកម្មជនការពារបរិស្ថាន កញ្ញា រស់ ស្រីរ័ត្ន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១០ ធ្នូ ថា លោក ហ៊ុន សែន ជាអ្នកកាត់ដីដែន គម្របព្រៃឈើក៏ដោយ ប៉ុន្តែកញ្ញាចង់ឱ្យរដ្ឋាភិបាលថ្មីដឹកនាំដោយលោក ហ៊ុន ម៉ាណែត បញ្ឈប់សកម្មភាពកាត់ដីព្រៃ និងនៅតំបន់ការពារកន្លងមក និងថ្ងៃខាងមុខ។
កញ្ញាថា បើប្រសិនលោក ហ៊ុន ម៉ាណែត មិនបញ្ឈប់ទេនោះ គឺបង្ហាញឱ្យប្រជាពលរដ្ឋឃើញថា រដ្ឋាភិបាលបានចូលរួមចំណែកក្នុងការបំផ្លាញធនធាន ធម្មជាតិនៅក្នុងប្រទេសកម្ពុជា។
កញ្ញា រស់ ស្រីរ័ត្ន៖ «ការដែលគាត់[រដ្ឋាភិបាល]ធ្វើអ៊ីចឹង គឺដូចគាត់ចូលរួមបំផ្លាញព្រៃឈើក៏រួមចំណែកឱ្យប្រជាពលរដ្ឋគាត់មានការក្ដៅក្រហាយទាក់ទងនឹងបញ្ហាទាំងអស់ហ្នឹងដែរ។ ណាមួយការធ្វើអ៊ីចឹង ធ្វើឱ្យប្រជាពលរដ្ឋភាគ ច្រើនគាត់ខាត ប្រយោជន៍រួម ទាក់ទងនឹងធនធានធម្មជាតិ ដូចជា សត្វព្រៃ ជាពិសេស តំបន់ព្រៃដែល ត្រូវបានអភិរក្ស ត្រូវបានកាត់បន្តបន្ទាប់ទៀត។ អ៊ីចឹងសូមឱ្យ រដ្ឋាភិបាលថ្មី ការពិចារណាឡើងវិញ បញ្ឈប់រាល់សកម្មភាព ទាំងឡាយណាដែលគ្មានការយល់ និងអនុញ្ញាត ពីប្រជាពលរដ្ឋ លើគម្រោងដែល បានកាត់ ដីព្រៃក្នុងតំបន់ការពារ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការអត្ថាធិប្បាយបញ្ហានេះពីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ហេង សួរ និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ផៃ ប៊ុនឈឿន បានទេនៅថ្ងៃទី១០ ធ្នូ ដោយទូរស័ព្ទ ចូលគ្មានអ្នកទទួល។
ក្រៅពីកាត់ដីគម្របព្រៃឈើនៅខេត្តកំពតនោះ កាលនៅខែឧសភា លោក ហ៊ុន សែន បានកាត់ដីដែនគម្របព្រៃឈើឆ្នាំ២០០២ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាង ៧០ហិកតារប្រគល់ឱ្យ ឧកញ៉ា រតនៈ សម្បត្តិ ខណៈខែកក្កដា ឆ្នាំ២០២៣ លោក ហ៊ុន សែន បានកាត់ដីជិត៣០ហិកតារពីដែនគម្របព្រៃឈើនៅខេត្តព្រះសីហនុ ប្រគល់ឱ្យប្រពន្ធលោក នេត សាវឿន គឺ លោកស្រី ហ៊ុន គឹមឡេង ដើម្បីធ្វើជាកម្មសិទ្ធិ ហើយខែកក្កដា ដដែល ផ្ទៃដីគម្របព្រៃឈើទំហំជិត ៥រយហិកតារ(៤៨៦.៨៦ហិកតា) ទៀត ស្ថិតនៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានកាត់ឱ្យក្រុមហ៊ុន ប៊ូយ៉ុងខ្មែរIiខូអិលធីឌី។
លើសពីនេះ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២០ លោក ហ៊ុន សែន ក៏ធ្លាប់បានចេញអនុក្រឹត្យកាត់ដីជាង ៤០ហិកតារចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ នៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្រគល់ឱ្យទៅអ្នកស្រី ហ៊ុន ម៉ាណា និងអ្នកស្រី ហ៊ុន ម៉ាលី ដែលត្រូវជាកូនស្រីបង្កើតរបស់គាត់ផងដែរ។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត កត់សម្គាល់ថា លោក ហ៊ុន សែន បានកាត់ដីព្រៃនៅក្នុងតំបន់ការពារច្រើន ប្រគល់ឱ្យក្រុមហ៊ុនឯកជន និងក្រុមគ្រួសារសាច់ញាតិរបស់អ្នកមានអំណាច ដោយគ្មានតម្លាភាព និងមិនបង្ហាញជាសាធារណៈឱ្យប្រជាពលរដ្ឋដឹងជាមុនឡើយ។
លោក វណ្ណ សុផាត៖ «យើងមានការបារម្ភថា ថ្ងៃក្រោយ ប្រជាពលរដ្ឋកាត់នឹងអស់ដី ដើម្បីអាស្រ័យផល ទី១ ហើយទី២ទៀត ដីសាធារណៈរបស់រដ្ឋ ដីរដ្ឋរបស់យើងហ្នឹង គឺថា ក្លាយជាដីឯកជនអស់ វាក្លាយទៅជាប្រទេសដែលពុះដីលក់អ៊ីចឹង។ អាហ្នឹងជាបញ្ហាមួយ ដែលចោទឡើងបច្ចុប្បន្ននេះ ហើយបញ្ហាដីធ្លីបច្ចុប្បន្នកក្រើន សឹងតែទូទាំងប្រទេសតែម្ដង ។ អ៊ីចឹងខ្ញុំសង្ឈឹមថា នាយករដ្ឋមន្ត្រីថ្មី លោកនឹងមានវិធានការដើម្បីទប់ស្កាត់ខ្លះៗ បើសិនមិនអ៊ីចឹងទេ ទំនាស់ដីធ្លីកាន់តែកើតមានឡើង ហើយប្រជាពលរដ្ឋជាអ្នករងគ្រោះផ្ទាល់តែម្ដង»។
ក្រៅពីដីគម្របព្រៃឈើឆ្នាំ២០០២នោះកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ លោក ហ៊ុន សែន កាត់ដីឧទ្យានជាតិសមុទ្រកោះរ៉ុង ជាង ៧០០ហិកតារ (៧៣១ហិកតារ) ឱ្យទៅក្រុមហ៊ុនកូនប្រុសពៅរបស់លោក យឹម ឆៃលី គឺលោក យឹម លក្ខណ៍ និង ឧទ្យានជាតិគិរីរម្យ ក៏ត្រូវបានលោក ហ៊ុន សែន កាត់ប្រគល់ឱ្យក្រុមហ៊ុន របស់អ្នកស្រី ជឹង សុគន្ធាវី ដែលស្និទ្ធនឹងត្រកូលហ៊ុនកាលពីពេលថ្មីៗនេះ។
លើសពីនេះ ដីព្រៃឬតំបន់ការពារ ដែលជា ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ នៅតាមខេត្តផ្សេងៗទៀត ដូចជា ខេត្តកំពត កែប កំពង់ស្ពឺ កោះកុង ពោធិ៍សាត់ និងខេត្តមណ្ឌលគិរីជាដើម ត្រូវបានលោក ហ៊ុន សែន កាត់ និងបែងចែក ដើម្បីប្រគល់ឱ្យទៅសែស្រឡាយរបស់លោក និងក្រុមហ៊ុនឯកជន ព្រមទាំងបក្ខពួកនៅក្នុងជួរគណបក្សប្រជាជនកម្ពុជាបន្តបន្ទាប់ មុនពេលផ្ទេរតំណែងនាយករដ្ឋមន្ត្រី ឱ្យលោក ហ៊ុន ម៉ាណែត បន្តវេនបច្ចុប្បន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។