អាមេរិក​ទាមទារ​ភស្តុតាង​បន្ថែម​ពី​របប​ភ្នំពេញ​ពាក់ព័ន្ធ​ការ​នាំ​កាកសំណល់​សំរាម​មក​កម្ពុជា

ដោយ ហេង រស្មី
2019.07.18
កាកសំណល់​ពី​បរទេស ៦២២ មន្ត្រី​ចុះ​ត្រួត​ពិនិត្យ​កាកសំណល់​ពី​បរទេស​ចំនួន ៨៣​កុងតឺន័រ ទម្ងន់​ប្រមាណ ១.៦០០​តោន ចូល​មក​កំពង់ផែ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី១៦ កក្កដា ២០១៩។
រូប​ពី​ហ្វេសប៊ុក​ក្រសួង​បរិស្ថាន

សហរដ្ឋអាមេរិកស្នើ​ឱ្យ​របប​ក្រុង​ភ្នំពេញ​ផ្តល់​ព័ត៌មាន​បន្ថែម​ ទាក់ទិន​នឹង​ព័ត៌មាន​ថា ​កាក​សំណល់​សំរាម​ប្លាស្ទិក​ចំនួន ​៨៣កុងតឺន័រ​ ដែល​គេ​​រក​ឃើញ​កាល​ពី​ពេល​ថ្មីៗ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​​នេះ បាន​នាំ​ចូល​ពី​ប្រទេស​អាមេរិក​ និង​ប្រទេស​កាណាដា។​ មន្ត្រី​គយ និង​រដ្ឋាករ បញ្ជាក់​ថា កម្ពុជា​ត្រូវ​ការ​រយៈពេល ​១០​ថ្ងៃ​ទៀត ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​មុន​​នឹង​​សម្រេច​​បញ្ជូន​​កាក​​សំណល់​​នោះ​​ចេញ​​ពី​​កម្ពុជា។

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ប្រាប់​អាស៊ី​សេរី​កាលពី​​ថ្ងៃ​ទី១៨​ កក្កដា​ ថា​ សហរដ្ឋ​អាមេរិក​ចង់​​ឱ្យ​​អាជ្ញាធរ​​ក្រុង​​ភ្នំពេញ​​ផ្ដល់​​ព័ត៌មាន​​បន្ថែម​​ទៀត​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា​ កាក​សំណល់​ចំនួន​៨៣​ កុងតឺន័រ​បាន​នាំចូល​ពី​សហរដ្ឋអាមេរិក និង​ប្រទេស​កាណាដា។​

អ្នក​ស្រី អេមីលី ហ៊្សីប៊ើក Emily Zeeberg ​ អ្នក​នាំ​ពាក្យ​ស្ថានទូត ប្រាប់​តាម​រយៈ​សារ​អេឡិចត្រូនិក​ ឬ​អ៊ីមែល​ថា​ សហ​រដ្ឋ​អាមេរិក​កំពុង​តាម​ដាន​ព័ត៌មាន​ទាក់ទង​នឹង​រឿង​សំរាម​ប្លាស្ទិក​នៅ​ក្នុង​កំពង់ផែ​ស្វយ័ត​នៃ​ក្រុង​ព្រះសីហនុ​យ៉ាង​យក​ចិត្ត​ទុកដាក់​បំផុត​។

អ្នក​ស្រី​បញ្ជាក់​ទៀត​ថា សហរដ្ឋ​អាមេរិក​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្ដល់​ព័ត៌មាន​បន្ថែម​ជុំវិញ​រឿង​នេះ ហើយ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ក៏បាន​ស្នើសុំ​ជួយ​ដល់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​កំណត់​រក​ប្រភព​ដើម​នៃ​ប្រទេស និង​ស្ថាប័ន ឬ​ក្រុមហ៊ុន​ពាក់ព័ន្ធ នាំ​សំរាម​ប្លាស្ទិក​នេះ​ចូល​មក​ប្រទេស​កម្ពុជា។​

អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី១៦ ខែ​កក្កដា​កន្លងទៅ​នេះ​បាន​រក​ឃើញ​កាក​សំណល់​សំរាម​ប្លាស្ទិក​ដែល​បាន​វេច​ខ្ចប់​យ៉ាង​មាន​របៀប​រៀបរយ​ដាក់​នៅ​ក្នុង​កុងតឺន័រ​ចំនួន​៨៣​ មាន​ទម្ងន់​សរុប​ចំនួន​ ១៦០០​តោន​ នៅ​កំពង់​ផែ​ក្រុង​ព្រះសីហនុ ដែល​អាជ្ញាធរ​អះអាង​ថា ទុក​នៅ​ទី​នោះ​តាំង​ពី​ខែ​តុលា ឆ្នាំ២០១៨ មក​ម្ល៉េះ។

អគ្គនាយក​គយ​នឹង​រដ្ឋាករ​ លោក​ គុណ ញឹម​ ប្រាប់​អាស៊ី​សេរី​ថា​ កាក​សំណង់​ទាំង​៨៣កុងតឺន័រនេះបាន​​ចូល​មក​ជាច្រើន​លើក​​ពី​ប្រទេស​អាមេរិក​ចំនួន ៧០កុងតឺន័រ​​ និង​ ពី​ប្រទេស​កាណាដា​ចំនួន​១៣​ កុងតឺន័រ​ ហើយ​អាជ្ញាធរ​ត្រូវ​ការ​ពេល​១០​ថ្ងៃ​ទៀត ដើម្បី​ស្រាវជ្រាវ​ព័ត៌មាន​បន្ថែម​ទៀត​ពី​ភាគី​ពាក់ព័ន្ធ​មុន​នឹង​សម្រេច​បញ្ជូន​ចេញ​ពី​កម្ពុជា។

លោក​បញ្ជាក់​ថា​ ​កម្ពុជា​នឹង​បញ្ជូន​កាក​សំណល់​នេះ​ទៅកាន់​ប្រទេស​ដើម​វិញ​ដោយ​សារ​តែ​កម្ពុជា​បាន​ចុះ​ហត្ថលេខា​ក្នុង​ចំណោម​ប្រទេស​ចំនួន ១៨០ លើ​អនុសញ្ញា​បាសែល ស្ដីពី​ការ​គ្រប់គ្រង​កាក​សំណល់​មាន​គ្រោះថ្នាក់។

លោក​បញ្ជាក់​ថា​ យោង​អនុសញ្ញា​នេះ​កម្ពុជា​មាន​សិទ្ធិ​នាំ​ចេញ​កាកសំណល់​ប្លាស្ទិក​នេះ​ទៅ​កាន់​ប្រទេស​សាមី​ដែល​បាន​នាំចូល​កាកសំណល់​មក​កម្ពុជា៖ «យើង​មាន​កិច្ច​ព្រមព្រៀង​ជាមួយ​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​ហើយ​ក្នុង​មាត្រា​មួយ​នៃ​កិច្ច​ព្រមព្រៀង​ស្ដីពី​កិច្ចព្រមព្រៀង​ស្ដីពី​ការ​សម្រួល​ពាណិជ្ជកម្ម គឺ​មាន​មាត្រា​មួយ​ចែង​អំពី​ការ​បញ្ជូន​ទំនិញ​ត្រឡប់​ទៅ​វិញ។ ទំនិញ​ដែល​ត្រូវ​បាន​បដិសេធ​ដោយ​ប្រទេស​នាំចូល​គឺ​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​ដើម​វិញ»

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​លោក​ នេត្រ ភត្រា​ បញ្ជាក់​ថា ស្ថាប័ន​គយ​និង​រដ្ឋាករ​ រួម​ជាមួយ​នឹង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​កំពុង​រៀបចំ​បែប​បទ​បញ្ជូន​ចេញ​ពី​កម្ពុជា៖ «សម្រាប់​កម្ពុជា​យើង​មិន​អនុញ្ញាត​ឱ្យ​ចូល​ទេ ពីព្រោះ​អា​ហ្នឹង​អាច​ចាត់​ទុក​ថា ជា​សំណល់​គ្រោះ​ថ្នាក់​ដែរ​ដែល​អនុសញ្ញា​គឺ​ពេល​ប្រទេស​ដឹក​មកពី​ប្រទេស​ណា​គឺ​ប្រទេស​នោះ​គឺ​ជា​អ្នក​ដែល​ត្រូវ​ទទួល​យក​ទៅវិញ»

ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ាន​អាច​បញ្ជូន​កាកសំណល់​ទាំង​ឡាយ​ណា​ទៅ​កាន់​ប្រទេស​ដើម​វិញ​នៅ​ពេល​ដែល​រក​ឃើញ​ថា ប្រទេស​ណា​មួយ​ដឹក​ចូល​មក​កាន់​ប្រទេស​របស់​ខ្លួន​ដោយ​ខុស​ច្បាប់។ តែ​អាច​រក្សាទុក​កាកសំណល់​ទាំង​ឡាយ​ណា​ក្នុង​លក្ខខ័ណ្ឌ​មួយ​ដែល​ប្រទេស​ទាំង​នោះ​មាន​កិច្ចព្រមព្រៀង​មួយ​ដែល​ថា​ កាក​សំណល់​ទាំង​នោះ​អាច​រក្សា​ទុក​បាន ដ៏​រាប​ណា​កាក​សំណល់​ត្រូវ​បាន​គេ​រក​ឃើញ​ថា អាច​យក​ទៅ​កែច្នៃ​បាន​ដែល​មិន​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​។ ក៏​ប៉ុន្តែ​កម្ពុជា​មិន​ទាន់​មាន​កិច្ច​ព្រមព្រៀង​នាំ​កាក​សំណល់​ជាមួយ​ប្រទេស​ណាមួយ​នៅ​ឡើយ​ទេ។

សកម្មជន​បរិស្ថាន​លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន បញ្ជាក់​ថា របប​ក្រុង​ភ្នំពេញ​ត្រូវតែ​ហ៊ាន​ស៊ើប​អង្កេត​ច្បាស់លាស់​ ដើម្បី​ស្វែង​រក​ឱ្យ​ឃើញ​ថា ​តើ​ក្រុមហ៊ុន​ណា និង​ស្ថាប័ន ដែល​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​នាំ​ចូល​សំរាម​ចំនួន​ ៨៣​កុងតឺន័រ​មក​ក្នុង​ខេត្ត​ព្រះសីហនុ។

លោក​បញ្ជាក់​ថា​ មាន​ប្រទេស​មួយ​ចំនួន​ទៀត​ដូច​ជា​ទីក្រុង​ហុងកុង​​ប្រទេស​ចិន​ក៏​ធ្លាប់​នាំ​សំរាម​ចូល​មក​ប្រទេស​កម្ពុជា​ដែរ​តែ​មាន​ចំនួន​តិចតួច​មិន​មាន​បរិមាណ​ច្រើន​ដូច​ពេល​នេះ​ទេ។​លោក​បញ្ជាក់​ថា​ របប​ក្រុង​ភ្នំពេញ​គួរតែ​មាន​វិធានការ​ដាក់​ទោស​ទណ្ឌ​អ្នក​ពាក់ព័ន្ធ​រឿង​នាំ​សំរាម​ចូល​នេះ ចៀសវាង​ការ​ចោទ​ប្រកាន់​ថា រឿង​នាំ​សំរាម​ចេញ​ទៅ​វិញ​គ្រាន់​តែ​ជា​ការ​ធ្វើ​ប្រជាភិថុតិ។

កាល​ពី​ឆ្នាំ​១៩៩៨​ របប​ក្រុង​ភ្នំពេញ​បាន​រក​ឃើញ​កាក​សំណល់​ផ្ទុក​សារធាតុ​ពុល​ប្រមាណ​ជិត ៣ពាន់​តោន​បាន​ដឹក​តាម​នាវា​របស់​ក្រុម​ហ៊ុន​ចិន​តៃវ៉ាន់​មួយ​មក​ចាក់​ចោល​នៅ​ក្រុង​ព្រះសីហនុ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ ទើប​របប​ក្រុង​ភ្នំពេញ​សម្រេច​ដឹក​ជញ្ជូន​ចេញ​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ ក្រោយ​ពី​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ដែល​ភ័យ​ខ្លាច​ពី​ផល​ប៉ះពាល់​ដល់​សុខភាព​ដែល​បាន​ភាយ​ចេញ​ពី​កាក​សំណល់​ជាតិពុល​ទាំង​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។