អ្នកភូមិចោទថា ក្រុមហ៊ុនបានបូមយកមាសពីបាតទន្លេ ផ្ទុយនឹងអាជ្ញាប័ណ្ណ និងបង្កផលប៉ះពាល់គុណភាពទឹក និងធនធានធម្មជាតិក្នុងទន្លេ។
ប្រជាពលរដ្ឋបណ្ដាញការពារទន្លេបី ក្នុងឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានអបអរសាទរចំពោះការសម្រេចរបស់អាជ្ញាធរខេត្ត ដែលបានផ្អាកសកម្មភាពក្រុមហ៊ុនបូមខ្សាច់ ប៉ុន្តែបានសំណូមពរដល់ប្រមុខរាជរដ្ឋាភិបាល និងមន្ត្រីក្រសួងពាក់ព័ន្ធ ឲ្យបញ្ឈប់អាជ្ញាប័ណ្ណក្រុមហ៊ុន និងតម្រូវឲ្យក្រុមហ៊ុនដកគ្រឿងចក្រចេញពីតំបន់អ្នកភូមិរស់នៅ ដើម្បីបញ្ចប់ផលប៉ះពាល់ប្រជាពលរដ្ឋ។
ប្រធានសហគមន៍ភូមិញ៉ាងស៊ុំ លោក ផន ភុំ នៅថ្ងៃច័ន្ទ ទី២៨ ខែតុលា មានប្រសាសន៍បញ្ជាក់ថា មន្ត្រីអាជ្ញាធរស្រុក កាលពីថ្ងៃទី២៣ កន្លងទៅ បានប្រជុំផ្សព្វផ្សាយពីករណីនេះជូនអ្នកភូមិរួចហើយ។ជាក់ស្ដែងសាឡង់រែងមាស ក៏បានផ្អាកសកម្មភាពរែងរកមាសក្នុងទន្លេដូចមុន ប៉ុន្តែគ្រឿងចក្រមិនទាន់បានដកចេញពីទីនោះនៅឡើយ ហេតុនេះអ្នកភូមិនៅតែបារម្ភថា ថ្ងៃណាមួយខាងមុខ ក្រុមហ៊ុននឹងបន្តសកម្មភាពឡើងវិញ និងធ្វើឲ្យប៉ះពាល់គុណភាពទឹក និងបរិស្ថានទន្លេ ជាពិសេសផលប៉ះពាល់អន្លង់អភិរក្សត្រីពងកូនរបស់សហគមន៍ដូចមុន។
លោកបន្តថា ទន្លេតំបន់នោះមិនមែនជាទីតាំងយុទ្ធសាស្ត្រត្រូវបូមខ្សាច់បម្រើសេវាសាងសង់នោះឡើយ៖ «ស្រុកគាត់បានបកស្រាយចេញមកហើយ គាត់ថាឥឡូវនេះឈប់ហើយ។ អ៊ីចឹងពួកខ្ញុំកំពុងតាមដានរហូត សហគមន៍យើងគាត់មិនបានឃើញសកម្មភាព គាត់មានការត្រេកអរហ្នឹងហើយ ប៉ុន្តែគាត់មិនទាន់សប្បាយចិត្តប៉ុន្មានទេ ព្រោះវាមិនទាន់ដកចេញ»។
ក្រុមហ៊ុនចិនឈ្មោះ ខ្មែរ ហ្វឺស ម៉ាញនីង អែន ឌីវឺឡុបមែន (Khmer First Mining and Development) កាលពីខែសីហា បាននាំយកសាឡង់រែងមាសចំនួនបីគ្រឿងមករែងមាសក្នុងទន្លេ ក៏ប៉ុន្តែក្រុមហ៊ុននេះមានអាជ្ញាប័ណ្ណបូមខ្សាច់សម្រាប់ការសាងសង់ទើបអ្នកភូមិធ្វើការតវ៉ាចំនួនពីរលើករួចមកហើយ។
មន្ត្រីសម្របសម្រួលអង្គការទន្លេបី លោក មៀច មាន ចាប់អារម្មណ៍ថា នេះគឺជាការតាំងចិត្តល្អប្រសើរមួយរបស់មន្ត្រីអាជ្ញាធរពាក់ព័ន្ធរួមគ្នាដោះស្រាយបញ្ហាជូនពលរដ្ឋ ក៏ប៉ុន្តែលោកសម្ដែងទុទិដ្ឋិនិយមខ្លាចក្រែងរាជរដ្ឋាភិបាលផ្ដល់អាជ្ញាប័ណ្ណរុករកមាសនៅតំបន់នោះវិញ ជាហេតុនាំឲ្យក្រុមហ៊ុនបន្តធ្វើសកម្មភាពឡើងវិញ បង្កផលប៉ះពាល់គុណភាពទឹកប្រជាពលរដ្ឋប្រើប្រាស់ និងអន្លង់អភិរក្សផលត្រីរបស់ប្រជាពលរដ្ឋដដែល។
លោក មៀច មាន៖ «សុំឲ្យអាជ្ញាធរដែនដីហ្នឹងគិតគូរបញ្ហាគុណភាពទឹក ពិសេសតំបន់ហ្នឹងសម្បូរអន្លង់ជ្រៅៗ ជាអន្លង់តំបន់អភិរក្សរបស់សហគមន៍ផងដែរ។ ការព្រួយបារម្ភរបស់យើងក្រែងថាមានមាសមានស្អីអ៊ីចឹងទៅ ហើយដាក់អាជ្ញាប័ណ្ណមាសទៅកន្លែងហ្នឹងទៀត វាធ្វើឲ្យមានផលប៉ះពាល់គុណភាពទឹកនិងត្រី»។
ទាក់ទិនកង្វល់ទាំងអស់នេះ អភិបាលរងខេត្តស្ទឹងត្រែង លោក យ៊ូ បាសិទ្ធ មានប្រសាសន៍ថា ដើម្បីបញ្ចៀសបញ្ហាប្រឈមជាមួយពលរដ្ឋ អាជ្ញាធរបានសម្រេចឲ្យផ្អាកសកម្មភាពក្រុមហ៊ុនបណ្ដោះអាសន្ន ដើម្បីក្រុមជំនាញត្រួតពិនិត្យសេចក្ដីចោទប្រកាន់របស់ពលរដ្ឋបន្ថែមទៀត។
លោកបន្តថា ទំនងនៅខែក្រោយនេះលទ្ធផលការសិក្សានឹងត្រូវបានបញ្ចប់ ហេតុនេះអាជ្ញាធរនឹងធ្វើការសម្រេចបែបណាចំពោះបញ្ហានេះ៖ «ដើម្បីកុំឲ្យមានបញ្ហា ឲ្យយុត្តិធម៌ទាំងអស់គ្នា យើងបានសុំឲ្យក្រុមហ៊ុនផ្អាកដើម្បីត្រួតពិនិត្យ យើងក៏បន្តត្រួតពិនិត្យ ដោយមានមន្ទីរឧស្សាហកម្ម មានក្រសួងគាត់ចុះពិនិត្យវាយតម្លៃ និងធ្វើរបាយការណ៍ដើម្បីសម្រេច។ ខាងអាជ្ញាធរខេត្ត ឯកឧត្ដមអភិបាលខេត្ត រង់ចាំរបាយការណ៍ហ្នឹងដើម្បីប្រជុំសម្រេចសាជាថ្មីថាយ៉ាងម៉េច»។
ទោះជាយ៉ាងនេះក្តី ក្រុមសហគមន៍នៅតែអះអាងថា បើទោះបីជាក្រុមហ៊ុនបូមខ្សាច់ក្តី ក៏គុណភាពទឹក និងបរិស្ថានទន្លេ ពិតជាត្រូវបំផ្លាញ ហើយករណីនេះជីវភាពរស់នៅប្រជាពលរដ្ឋនិងមច្ឆាជាតិក្នុងទន្លេ ពិតជារងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារអាជីវកម្មនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕