ក្រុមហ៊ុន មេស្កូ ហ្គោល (Mesco Gold) នៃប្រទេសឥណ្ឌា ដែលគ្រោងធ្វើឧស្សាហកម្មមាសនៅភូមិពាក់ ឃុំយ៉ាទុង ខេត្តរតនគិរី បានរៀបចំអភិវឌ្ឍវិស័យអប់រំ និងសិក្សាធិការផ្តល់ជូនកូនចៅសហគមន៍ជនជាតិដើមភាគតិចចារ៉ាយ។ ការរៀបចំនេះ ជាផ្នែកមួយទៀតបន្ទាប់ពីក្រុមហ៊ុន អង្គរ ហ្គោល (Angkor Gold) បានអភិវឌ្ឍវិស័យទឹកស្អាតតាមរយៈផ្តល់មូលនិធិផលិតពាងយក្សទៅឲ្យសហគមន៍ប្រើប្រាស់។ ការជួយជ្រោមជ្រែងរបស់ក្រុមហ៊ុននេះ គឺជាផ្នែកមួយនៃកិច្ចសន្យាវិនិយោគរបស់រាជរដ្ឋាភិបាល ដែលតម្រូវឲ្យក្រុមហ៊ុនជួយធ្វើការអភិវឌ្ឍនៅមូលដ្ឋាន។
សិស្សសាលាបឋមសិក្សាភូមិពាក់ ជាង ១០០នាក់ បានទទួលឧបករណ៍សិក្សាបន្ថែមទៀតពីក្រុមហ៊ុន មេស្កូ ហ្គោល កាលពីដើមសប្ដាហ៍នេះ ស្របទៅតាមគោលនយោបាយអភិវឌ្ឍន៍សហគមន៍ ខណៈក្រុមហ៊ុននេះត្រៀមខ្លួនធ្វើឧស្សាហកម្មមាសនៅតំបន់ជនជាតិដើមភាគតិច ក្នុងឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
កាលពីខែកក្កដា សមាជិកសហគមន៍បានស្នើនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយមន្ត្រីអង្គការសង្គមស៊ីវិល និងមន្ត្រីក្រុមហ៊ុនពាក់ព័ន្ធ នៅសាលាប្រជុំភូមិពាក់ ដាក់ចេញជាផែនការអភិវឌ្ឍន៍ភូមិ ជូនក្រុមប្រឹក្សាឃុំ អនុម័តដើម្បីធ្វើសមាហរណកម្មក្នុងកម្មវិធីអភិវឌ្ឍន៍នៅមូលដ្ឋាន ក្នុងនោះរួមមាន វិស័យអប់រំ ជាពិសេសកង្វះសមត្ថភាពផ្នែកភាសាខ្មែរ និងអង់គ្លេស គឺជាកង្វល់អាទិភាពមួយក្នុងចំណោមបញ្ហាអាទិភាពចំនួន ៥ចំណុច ដែលសមាជិកសហគមន៍បានស្នើឡើងក្នុងកិច្ចប្រជុំពិគ្រោះយោបល់នោះ។
ភូមិពាក់ មានសាលារៀនមួយខ្នងមាន ៦បន្ទប់ និងមានសិស្សរៀន ១០៨នាក់ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ ក្នុងនោះសិស្សជាជនជាតិដើមភាគតិចមានស្ទើរមួយរយភាគរយ ក្នុងចំណោមសិស្សកំពុងសិក្សានៅសាលារៀនមួយនេះ។
នាយកសាលាបឋមសិក្សាភូមិពាក់ លោក សេវ ហួត កត់សម្គាល់ថា ភូមិពាក់ ជាតំបន់ដាច់ស្រយាលមិនមានការអភិវឌ្ឍ ក៏ប៉ុន្តែតំបន់នេះមានប្រភពរ៉ែមាសដែលអ្នកភូមិរុករកបែបប្រពៃណីជនជាតិដើមភាគតិច។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន មេស្កូ ហ្គោល ចូលវិនិយោគរ៉ែមាសនៅតំបន់នេះ និងបានរួមចំណែកអភិវឌ្ឍវិស័យអប់រំ រួមមាន ផ្តល់តុកៅអីសម្រាប់គ្រូ និងសិស្ស ជាពិសេសបានផ្តល់គ្រូបង្រៀនភាសាអង់គ្លេសដល់កូនចៅសហគមន៍ ដែលជាផ្នែកមួយនៃតម្រូវការអាទិភាពរបស់សហគមន៍នៅតំបន់នេះ។ លោកបន្តថា តម្រូវការចាំបាច់បន្ថែមទៀត ដើម្បីវិស័យសិក្សាធិការនៅតំបន់នេះ គឺការរៀបចំបរិស្ថានមានរបងទីតាំងសាលា អគារសិក្សា ការដាំកូនឈើ បង្គន់អនាម័យ និងសម្ភារៈសិក្សាសម្រាប់សិស្សក្រីក្រ៖ «យើងដឹងហើយ សិស្សនៅតំបន់នេះមានការខ្វះខាតឧបករណ៍ ដូចជាសៀវភៅ កាតាប ដោយសារគ្រួសារគាត់ខ្វះខាត។ បើសិនមានសប្បុរសជនចង់ជួយគាត់ ខ្ញុំសំណូមពរឲ្យជួយពួកគាត់ផង»។
ចំណែកគ្រូបង្រៀនសាលារៀនភូមិពាក់ កញ្ញា រម៉ាស់ សុខា បង្ហាញអារម្មណ៍រីករាយ ខណៈសិស្សនៅសាលារៀននេះទទួលបានការឧបត្ថម្ភផ្នែកសម្ភារៈសិក្សា ក៏ដូចជាសម្ភារៈដទៃទៀតសម្រាប់ការអភិវឌ្ឍសាលានៅតំបន់ជនបទមួយនេះ។ កញ្ញាកត់សម្គាល់ថា សិស្សនៅក្នុងភូមិនេះ ភាគច្រើនគ្រួសារមានជីវភាពក្រីក្រ។ ហេតុនេះ សម្ភារៈសិក្សា និងមធ្យបាយផ្សេងទៀត ដូចជាសម្លៀកបំពាក់សិស្ស និងអាហារូបត្ថម្ភ គឺជាតម្រូវការចាំបាច់សម្រាប់កាត់បន្ថយការបោះបង់ចោលសាលារបស់សិស្ស៖ «ថ្ងៃនេះក្រុមហ៊ុន មេស្កូ ហ្គោល គាត់ចែកសៀវភៅ ខ្មៅដៃ ដើម្បីលើកទឹកចិត្តឲ្យក្មេងខំរៀន។ ខ្ញុំមានអារម្មណ៍រំភើបសប្បាយជំនួសសិស្ស ពីព្រោះពីមុនមកមិនបានគិតដល់សម្ភារៈសិក្សាដោយផ្ទាល់អ៊ីចឹង»។
ដូចគ្នានេះដែរ សិស្សឈ្មោះ សែវ បែក បង្ហាញអារម្មណ៍ត្រេកអរ ខណៈសិស្សនៅសាលានេះទទួលបានការឧបត្ថម្ភជាសម្ភារៈសិក្សា តាមរយៈក្រុមហ៊ុនដែលចូលមកវិនិយោគនៅតំបន់នេះ។
ប្រធានសមាគមខ្មែរលើ អ្នកស្រី ដាំ ចន្ធី បានកត់សម្គាល់ថា ក្រុមហ៊ុន មេស្កូ ហ្គោល គឺជាក្រុមហ៊ុនដំបូងដែលបានអនុវត្តគោលការណ៍វិនិយោគ ផ្សារភ្ជាប់ជាមួយដំណោះស្រាយផលប៉ះពាល់ និងរួមចំណែកអភិវឌ្ឍនៅមូលដ្ឋានជូនសហគមន៍បានត្រឹមត្រូវ។ អ្នកស្រីគាំទ្រចំពោះផែនការអភិវឌ្ឍន៍នៅមូលដ្ឋាន ដែលជាផ្នែកសំខាន់សម្រាប់កាត់បន្ថយផលប៉ះពាល់ និងជួយពង្រឹងជីវភាពរស់នៅរបស់សហគមន៍បានកាន់តែប្រសើរ។
ទោះជាយ៉ាងនេះក្តី ប្រធានភូមិពាក់ លោក សេវ ចិន មានប្រសាសន៍ថា នេះជាជំហានដំបូង ដោយសារក្រុមហ៊ុន មេស្កូ ហ្គោល មិនទាន់បានចាប់ដំណើរការឧស្សាហកម្មមាសនៅតំបន់នេះនៅឡើយ។ លោកថា តម្រូវការអាទិភាពរបស់សហគមន៍ គឺការអភិវឌ្ឍផ្លូវ បណ្ដាញទឹកស្អាត ការចិញ្ចឹមសត្វ និងកសិកម្ម៖ «ខ្ញុំគិតទៅវាអាចធ្វើបាន ព្រោះគាត់អត់ទាន់យកផល ហើយគាត់អត់ទាន់ធ្វើអាជីវកម្មដែរ។ បើសិនគាត់ទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាល យើងនឹងដឹងពីការសន្យារបស់គាត់»។
គម្រោងធ្វើអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុន មេស្កូ ហ្គោល មានផលប៉ះពាល់ប្រជាពលរដ្ឋនៅភូមិពាក់ ១៨គ្រួសារ លើផ្ទៃដី ២៦ហិកតារ និងដីរួមសហគមន៍ ១២ហិកតារ ក៏ប៉ុន្តែក្រុមហ៊ុនបានដោះស្រាយសំណងផលប៉ះពាល់ជូនពលរដ្ឋរួចអស់ហើយ។ ចំណែករ៉ែមាសដែលមានក្នុងដីនៅតំបន់នោះ លាតសន្ធឹងរហូតដល់ព្រំប្រទល់ប្រទេសវៀតណាម និងប្រទេសឡាវ។ ក្នុងរ៉ែមួយតោន គេអាចចម្រាញ់បានមាសពី ៤ ទៅ ៥ក្រាម។
ប្រធានប្រចាំប្រទេសនៃក្រុមហ៊ុន មេស្កូ ហ្គោល លោក ខេ ហ្គាំហ្គារាជូ អះអាងថា បន្ទាប់ពីក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណនៅពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុននឹងអភិវឌ្ឍវិស័យទឹកស្អាត និងផ្តល់ការងារធ្វើដល់សហគមន៍ប្រមាណ ២០០នាក់នៅតំបន់នេះជាអាទិភាព។ លោកទទួលស្គាល់ថា ការផ្តល់សម្ភារៈសិក្សាចំពោះសិស្សនៅពេលនេះ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ដូចមានចែងក្នុងកិច្ចព្រមព្រៀងវិនិយោគវិស័យរ៉ែ ដែលមិនបង្កផលលំបាកដល់ពលរដ្ឋ៖ «ថ្ងៃនេះគឺជាសកម្មភាពនៃការទទួលខុសត្រូវរបស់ក្រុមហ៊ុន។ យើងនឹងរើសបុគ្គលិកដែលចេញពីសហគមន៍ផ្ទាល់ នៅពេលយើងទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាល»។
កាលពីឆ្នាំ២០១២ ក្រុមហ៊ុន អង្គរ ហ្គោល នៃប្រទេសអូស្ត្រាលី ដែលបានចូលមកសិក្សាស្រាវជ្រាវរ៉ែលោហៈនៅតំបន់ភូមិពាក់ បានផ្តល់មូលនិធិផលិតពាងខ្នាតធំ ដែលគេហៅថាពាងយក្ស ជិត ១០០ពាង សម្រាប់ស្តុកទឹកភ្លៀងនៅរដូវវស្សា ទៅឲ្យសមាជិកសហគមន៍ស្ទើរគ្រប់លំនៅឋាន រួមទាំងផ្តល់ដើមស្វាយរាប់រយដើមឲ្យអ្នកភូមិដាំ ដើម្បីលើកកម្ពស់វិស័យកសិកម្មជូនសហគមន៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។