ក្រសួងបរិស្ថាន អង្គការ អេច្ឆ.អី.ឌី.ស៊ី (HEDC) និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន សហការបើកសិក្ខាសាលាមួយស្ដីពី "ភាពជាអ្នកដឹកនាំភពផែនដី ការយល់ដឹងថ្មី និងទំនាក់ទំនងរបស់ផែនដីនិងមនុស្សក្នុងសតវត្សទី២១" នៅព្រឹកថ្ងៃទី២៦ មករា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន។ សិក្ខាសាលាដែលមានសិក្ខាកាមជាង ៥០០នាក់ ដែលភាគច្រើនជាយុវជនផ្ដោតសំខាន់ទៅលើកិច្ចគាំពារបរិស្ថាន។
មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថានអំពាវនាវឲ្យពលរដ្ឋទាំងអស់ចូលរួមការពារបរិស្ថាននៅពេលដែលមានការកត់សម្គាល់ឃើញថា ពលរដ្ឋខ្លះហាក់ព្រងើយកន្តើយ ហើយមិនអើពើនឹងកិច្ចគាំពារបរិស្ថានជុំវិញខ្លួន។
ថ្លែងនៅក្នុងសិក្ខាសាលាស្ដីពីភាពជាអ្នកដឹកនាំភពផែនដីការយល់ដឹងថ្មី និងទំនាក់ទំនងរបស់ផែនដី និងមនុស្សក្នុងសតវត្សទី២១ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ស៊ូ សាវុត ឲ្យដឹងថា ការយល់ដឹងរបស់ពលរដ្ឋខ្មែរពីបញ្ហាបរិស្ថានមានដំណើរយឺត។ បញ្ហាសង្គ្រាមរ៉ាំរ៉ៃដែលកម្ពុជា ជួបប្រទះកន្លងមក ភាពក្រីក្ររបស់ពលរដ្ឋ គឺកត្តាចម្បង ដែលធ្វើឲ្យពលរដ្ឋមិនសូវយល់ដឹងពីបរិស្ថាន។
តាមការប៉ាន់ស្មានរបស់លោក ពលរដ្ឋកម្ពុជា មានប្រមាណពី ៦០ ទៅ ៧០ភាគរយ ដែលយល់ដឹងពីកិច្ចគាំពារបរិស្ថាន ប៉ុន្តែមានពលរដ្ឋខ្លះយល់ដឹងបញ្ហាបរិស្ថានហើយ តែមិនបានចូលរួមការពារបរិស្ថានទេ៖ «អ្នកខ្លះយល់ពីបញ្ហាបរិស្ថានតែធ្វើមិនយល់ ភ្នែកភ្លឺតែធ្វើជាងងឹត ត្រចៀកស្ដាប់លឺតែធ្វើជាថ្លង់ នេះបានជាការលំបាក។ បើគាត់ជិះឡានទំនើប បើកកញ្ចប់បោះកន្ទុយបារី បោះក្រដាស ខាកស្ដោះនេះមែន ពួកគាត់មិនយល់ទេ តែគាត់មិនចូលរួម»។
លោកបញ្ជាក់ថា បញ្ហាបរិស្ថានកើតឡើងដោយសារកត្តាធម្មជាតិ និងកើតឡើងដោយសារមនុស្សជាអ្នកបង្កើត។ ពលរដ្ឋខ្លះបានយករួចខ្លួន និងគេចវេះមិនការពារបរិស្ថាន និងបានចូលរួមបំផ្លាញបរិស្ថានថែមទៀត។ លោកសង្កត់ធ្ងន់ថា បញ្ហាបរិស្ថានសំខាន់ ដែលកម្ពុជា ចាត់ទុកជាអាទិភាពចម្បងក្នុងការដោះស្រាយនោះ គឺបញ្ហាសំរាមដែលពលរដ្ឋចេះតែបោះចោលពាសវាលពាលកាល។
ពាក់ព័ន្ធការអំពាវរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថាន ឲ្យពលរដ្ឋចូលរួមការពារបរិស្ថាននេះ ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង គិតថា ជាការប្រសើរ។ ប៉ុន្តែរដ្ឋាភិបាល ពិសេសក្រសួងពាក់ព័ន្ធ ក៏ត្រូវអំពាវនាវឲ្យអ្នកមានអំណាច មន្ត្រីពាក់ព័ន្ធនឹងអាជ្ញាធរដែនដី កងទ័ពត្រូវបញ្ឈប់សកម្មភាពបទល្មើសព្រៃឈើ។
លោកកត់សម្គាល់ថា អ្នកដែលបំផ្លាញព្រៃឈើនិងបំផ្លាញប្រព័ន្ធការពារបរិស្ថានច្រើនជាគេនោះ គឺអ្នកមានអំណាច និងមន្ត្រីពាក់ព័ន្ធរបស់រដ្ឋាភិបាល៖ «យើងឃើញថា កងកម្លាំងប្រដាប់អាវុធ អ្នកមានអំណាច ឧកញ៉ាធំៗ គឺរកស៊ីមុខរបរធំបំផុតនោះ គឺការកាប់បំផ្លាញព្រៃឈើ ហ្នឹងហើយដែលបំផ្លាញធ្ងន់ធ្ងរដល់ប្រព័ន្ធការពារបរិស្ថាននៅកម្ពុជា ក៏ដូចជាប្រព័ន្ធការពារបរិស្ថានពិភពលោក ដែលធ្វើឲ្យមានការប្រែប្រួលអាកាសធាតុ មានគ្រោះមហន្តរាយធម្មជាតិដូចយើងបានឃើញនៅពេលកន្លងមក»។
ព្រៃឈើគឺជាប្រព័ន្ធការពារបរិស្ថានដ៏សំខាន់។ កម្ពុជាបាត់បង់ព្រៃឈើជាច្រើន តាមរូបភាពផ្ដល់ ដីសម្បទានសេដ្ឋកិច្ច ឲ្យក្រុមហ៊ុនវិនិយោគ។
តាមរបាយការណ៍របស់អង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា រកឃើញកាលពីឆ្នាំ២០១៣ ថា គម្របព្រៃឈើទាំងមូលនៅសល់ប្រមាណ ២៨ភាគរយប៉ុណ្ណោះ នៃផ្ទៃព្រៃឈើសរុបដែលមានចំនួន ១០លានហិកតារ នៅចន្លោះឆ្នាំ១៩៧៣ រហូតដល់ឆ្នាំ១៩៩២។
តំបន់ព្រៃឡង់ដែលព្រៃធំជាងគេ និងលាតសន្ធឹងទំហំជាង ១លានហិកតារ (១.០៤៩.៦៥៤) ត្រូវបានរដ្ឋាភិបាលពុះច្រៀកដីគម្របព្រៃឈើជាង ៩សែនហិកតារឲ្យក្រុមហ៊ុនចំនួន៣៤ ដើម្បីវិនិយោគរុករករ៉ែ និងវិនិយោគដាំដំណាំកសិឧស្សាហកម្ម ដែលភាគច្រើនក្រុមហ៊ុនទាំងនោះជាក្រុមហ៊ុនវៀតណាម។
មានមូលហេតុ ៥ ដែលអង្គការក្រៅរដ្ឋាភិបាលរកឃើញថា នាំឲ្យមានកើតការបំផ្លាញព្រៃឈើយ៉ាងគំហុក។ ទី១ គឺការផ្ដល់ដីសម្បទានសេដ្ឋកិច្ច។ ទី២ ផែនការអភិវឌ្ឍន៍គម្រោងថាមពលវារីអគ្គិសនី។ ទី៣ តម្លៃឈើនៅក្នុងទីផ្សារមានហាងឆេងខ្ពស់ និងសំបូរដោយសិប្បកម្មកែច្នៃឈើ។ ទី៤ ការកាប់បំផ្លាញព្រៃឈើយកដីធ្វើកម្មសិទ្ធិក្នុងតំបន់ដែលមានព្រៃឈើ និងទី៥ ការផ្លាស់ប្ដូរ និងការសាងសង់មូលដ្ឋានកងកម្លាំងប្រដាប់អាវុធថ្មី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។