សមត្ថកិច្ចកម្ពុជា បានបញ្ជូនលោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ចេញពីកម្ពុជា កាលពីវេលាម៉ោងប្រមាណ ៩យប់ ថ្ងៃច័ន្ទ ទី២៣ កុម្ភៈ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្ដមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា ការបញ្ជូនលោក អាឡិក ចេញពីក្រុងភ្នំពេញ គឺតាមជើងយន្តហោះថៃ អ៊ែរវេស៍ (Thai Airways) ធី.ជី.៥៨៥ (TG585) ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ។
លោក ខៀវ សុភ័គ អះអាងថា លោក អាឡិក នឹងមិនអាចអនុញ្ញាតឲ្យចូលកម្ពុជា បានទៀតទេ ដោយសារសកម្មជនការពារបរិស្ថានរូបនេះមានឈ្មោះរំលោភច្បាប់អន្ដោប្រវេសន៍របស់កម្ពុជា ដោយមិនព្រមចាកចេញតាមការស្នើរបស់សមត្ថកិច្ចកម្ពុជា កន្លងមក។
ការចាប់បញ្ជូនលោក អាឡិក ចេញពីស្រុកខ្មែរទាំងយប់នេះ គឺផ្ទុយពីព័ត៌មានផ្តល់ដោយអនុប្រធានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក នៅ លក្ខណា ក្នុងសន្និសីទកាសែតកាលពីព្រលប់ថ្ងៃទី២៣ កុម្ភៈ ដែលបញ្ជាក់ថា លោក អាឡិក នឹងមិនត្រូវបញ្ជូនចេញពីកម្ពុជា នៅយប់ថ្ងៃច័ន្ទ ទេ ដោយប្រកាសរបស់ក្រសួងមហាផ្ទៃ គឺទុកពេល ៧ថ្ងៃ ឱ្យលោក អាឡិក ចាកចេញពីកម្ពុជា បន្ទាប់ពីទិដ្ឋាការរបស់លោកផុតកំណត់នៅថ្ងៃទី២០ កុម្ភៈ។
សមត្ថកិច្ចបានចាប់ខ្លួនសកម្មជនការពារព្រៃឈើជនជាតិអេស្ប៉ាញ រូបនេះ កាលពីរសៀលថ្ងៃទី២៣ កុម្ភៈ ក្នុងទីក្រុងភ្នំពេញ ក្រោមហេតុផលផុតកំណត់ទិដ្ឋាការបន្តរស់នៅក្នុងប្រទេសកម្ពុជា។
មុនការចាប់ខ្លួន លោក អាឡិក ប្រមាណ ២ម៉ោង នៅថ្ងៃដដែលនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងជាសាធារណៈក្នុងពេលចែកសញ្ញាបត្រដល់និស្សិត ដោយព្រមានអ្នកនយោបាយ និងអង្គការសង្គមស៊ីវិល មិនឲ្យលូកដៃក្នុងករណីលោក អាឡិក នេះទៀត។
ការព្រមានរបស់លោកនាយករដ្ឋមន្ត្រី គឺសំដៅលើមន្ត្រីបក្សប្រឆាំងដែលស្នើឲ្យព្រះមហាក្សត្រប្រទានកិច្ចអន្តរាគមន៍ឲ្យលោក អាឡិក បានទិដ្ឋាការបន្តរស់នៅក្នុងប្រទេសកម្ពុជា៖ «អ៊ីចឹងទេ បើគ្រាន់តែធ្វើរដ្ឋអធិបតេយ្យមួយ គ្រាន់តែគេបំពានដែរ ចាំបាច់ទៅធ្វើរដ្ឋធ្វើអី? មិនថា ជនបរទេសបំពានទេ ជនជាតិខ្មែរបំពានក៏ត្រូវតែមានទោសដែរ។ អំណាចរដ្ឋសង្ឃឹមថា រឿងអស់ទាំងនេះត្រឹមតែរដ្ឋមន្ត្រីមហាផ្ទៃ ដោះស្រាយបានហើយ។ គេទៅរំខានដល់ព្រះមហាក្សត្រហ្ន៎! ព្រះមហាក្សត្រទ្រង់ចេញលិខិតមកខ្ញុំព្រះករុណាខ្ញុំ ប្រាប់ឯកឧត្ដម ស ខេង ថា សរសេរព្រាងឲ្យខ្ញុំផង ប៉ុន្តែមិនសមទៅរំខានព្រះមហាក្សត្រ។ សមត្ថកិច្ចគេទុកឲ្យអ្នកបញ្ហាអន្តោប្រវេសន៍នេះ គឺរដ្ឋមន្ត្រីមហាផ្ទៃ ចាត់ចែងទៅវាចប់ហើយ»។
លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន ជាអ្នកការពារបរិស្ថានតំបន់អារ៉ែង ខេត្តកោះកុង ដ៏ឈានមុខម្នាក់ក្នុងការទប់ស្កាត់គម្រោងសាងសង់ទំនប់វារីអគ្គិសនីរបស់ក្រុមហ៊ុនចិន ស៊ីណូ ហាយដ្រូ (Sino Hydro)។
ទាក់ទងនឹងការចាប់បញ្ជូនលោក អាឡិក ចេញពីកម្ពុជា នេះ ប្រធានអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង អះអាងថា ទង្វើរបស់រដ្ឋាភិបាលកម្ពុជា គឺជាការបំបាក់ស្មារតីដល់ក្រុមអ្នកហ៊ានចេញមុខការពារបរិស្ថានក្នុងប្រទេសកម្ពុជា ពីការបំផ្លាញធនធានធម្មជាតិដោយក្រុមឈ្មួញមានអំណាច។
នេះមិនមែនជាលើកទីមួយទេដែលរដ្ឋាភិបាលទីក្រុងភ្នំពេញ បណ្ដេញក្រុមអ្នកការពារបរិស្ថានឯករាជ្យចេញពីកម្ពុជា។ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០០៣ រដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បានបណ្ដេញអង្គការឃ្លាំមើលពិភពលោក គ្លបល វីនេស (Global Witness) ចេញពីកម្ពុជា ដែរ ក្រោយពីអង្គការនេះបានតាមដានយ៉ាងយកចិត្តទុកដាក់អំពីសកម្មភាពធ្វើអាជីវកម្មឈើប្រណីតនៅកម្ពុជា ដែលមានជាប់ពាក់ព័ន្ធជាមួយមន្រ្តីមានអំណាចកំពូលៗក្នុងជួររដ្ឋាភិបាល។ លើសពីនេះទៅទៀត ឃាតកម្មលើរូបលោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិក្នុងខេត្តកោះកុង កាលពីឆ្នាំ២០១២ ដោយសារសកម្មភាពការពារព្រៃឈើដ៏ឈានមុខរបស់លោកនោះ ក៏ឋិតក្នុងភាពអាថ៌កំបាំង ហើយជនដៃដល់មិនទាន់ត្រូវបាននាំខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់នោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ
។