អន្តរក្រសួង​ និង​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​​រួម​គ្នា​​ដោះ​ស្រាយ​​បញ្ហា​​ទឹក​​កខ្វក់​ ដែល​​ហូរ​​ចូល​​សមុទ្រ

0:00 / 0:00

សង្គម​ស៊ីវិល​ខេត្ត​ព្រះសីហនុ​យល់ថា បញ្ហា​ទឹក​កខ្វក់ ដែល​ត្រូវ​គេ​បង្ហូរ​ចូល​សមុទ្រ​នេះ ​គឺ​ជា​ជំងឺ​​រ៉ាំរ៉ៃ​​មួយ​ ដែល​​កើត​​លើ​​ខេត្ត​​នេះ​​ជា​​យូរ​​មក​​ហើយ។ ពួកគេ​ស្នើ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​បាន​ត្រឹមត្រូវ ស្រប​ពេល​ដែល អាជ្ញាធរ​របប​លោក ហ៊ុន សែន កំពុង​មាន​គម្រោង​ដោះស្រាយ​បញ្ហា​នេះ។

​ក្រសួង​បរិស្ថាន ក្រសួង​ទេសចរណ៍ ក្រសួង​ដែនដី និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ រួមគ្នា​ដោះស្រាយ​បញ្ហា​ទឹក​កខ្វក់​ដែល​ហូរ​ចូល​សមុទ្រ ក្នុង​នោះ​អាជ្ញា​ធរមាន​គម្រោង ស្ដារ​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កង្វក់​ចំនួន ១៦​ហិកតារ​នៅ​តំបន់​ឆ្នេរ​អូរ​ឈើទាល រៀបចំ​អាង​ស្ដុក​ស្ថានីយ​បូម​ទឹក កខ្វក់​នៅ​ចំណុច​អូរ​ចំណារ អូរឆ្នេរ​៧​ជាន់ និង​ស្ដារ​នៅ​តាម​តំបន់​មាត់សមុទ្រ​បន្ថែម​ទៀត និង​ធ្វើ​អាង​ចម្រោះ​ទឹក​កខ្វក់​តាម​អូរ​ដោយ​ចាប់ផ្ដើម​ដំបូង​ពី​អូរ​ម៉ារីយូ។

ការ​អន្តរាគមន៍​ពី​អន្តរក្រសួង និង​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ទៅលើ​បញ្ហា​ទឹក​កខ្វក់​ហូរ​ចូល​សមុទ្រ​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​មាន​ការ​រិះគន់ និង​ការ​ព្រួយបារម្ភ​ពី​អ្នក​បរិស្ថាន​ព្រមទាំង​ពលរដ្ឋ ខណៈ​ដែល​ពួកគេ​តែងតែ​ឃើញ​មានការ​បង្ហូរទឹក​ខ្វក់​ចូល​សមុទ្រ ជាពិសេស​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ នៅ​ពេល​ដែល​ជនជាតិ​ចិន​មក​រស់នៅ និង​រកស៊ី​នៅ​ខេត្ត​នេះ​ធ្វើ​ឲ្យ​បញ្ហា​ការ​បង្ហូរទឹក កខ្វក់​ចូល​សមុទ្រ​រឹតតែ​កើន​ឡើង។

សកម្មជន​បរិស្ថាន​លោក មួង សូនី ដែល​បាន​ចុះ​ស្រាវជ្រាវ​បញ្ហា​មួយ​ចំនួន​នៅ​ខេត្ត​ព្រះសីហនុ យល់ថា ប្រសិន​ក្រសួង​ពាក់ព័ន្ធ និង​អាជ្ញាធរ​ខេត្ត​មាន​ឆន្ទៈ​ដោះស្រាយ​បញ្ហា គឺ​នឹង​ដោះស្រាយ​បាន​ព្រោះ​ក្រសួង​ដែល​ចុះទៅ​គឺ​សុទ្ធ​តែ​ជា​ក្រសួង​ជំនាញ។ ប៉ុន្តែ​លោក​ព្រួយបារម្ភ​ថា បើ​គ្រាន់​តែ​ដោះស្រាយ​ឲ្យ​ពលរដ្ឋ​បាន​ឃើញ ក្រោយ​មានការ​រិះគន់​គឺ​បញ្ហា​នេះ​មិន​អាច​ដោះស្រាយ​បាន​ទេ៖ «យើង​ឃើញ​ថា ទាល់តែ​មានការ​រិះគន់​ពី​ពលរដ្ឋ​ទើប​ឃើញ​រដ្ឋមន្ត្រី​ទាំងអស់​ហ្នឹង​គាត់​ចុះទៅ​ដោះស្រាយ អ៊ីចឹង​យើង​មានតែ​ចាំ​មើល​ថា គាត់​ដោះស្រាយ​មាន​ប្រសិទ្ធភាព​កម្រិត​ណា»។

អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​ទេ​នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ឲ្យ​អាស៊ីសេរី​ដឹង​ថា សព្វថ្ងៃ​នេះ​បញ្ហា​ទឹក​កខ្វក់​ដែល​ហូរ​ចូល​សមុទ្រ បាន​បង្ក​ឲ្យ​មានការ​បារម្ភ​ជា​ខ្លាំង ព្រោះ​ទឹក​កខ្វក់​នោះ គឺ​ចេញ​សំណង់​អគារ​នៅ​តំបន់​ឆ្នេរ ខណៈ​សំណង់​អគារ​នៅ​តំបន់​នេះ​សព្វថ្ងៃ​កំពុង​កើតឡើង​យ៉ាង​ព្រោងព្រាត។ អ្នកស្រី​សង្កេតឃើញ​ទៀត​ថា សព្វថ្ងៃ​នេះ​លូ​បង្ហូរ​ទឹក​ក៏​កំពុង ចោទ​ជា​បញ្ហា​ដែរ ព្រោះ​លូ​ទាំងនោះ​តូចៗ និង​មិន​សមាមាត្រ​ទៅ​នឹង​ចំនួន​មនុស្ស​រស់នៅ​ក្នុង​តំបន់​ទេ៖ «សុំ​ឲ្យ​មាន​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស បើ​ថា​ធ្វើ​ប្រព័ន្ធ​ហ្នឹង​អត់​តុល្យភាព​ចំនួន​មនុស្ស​ក្នុង​តំបន់​នោះ​ទេ​បរិមាណ​ទឹក​ហ្នឹង​ហូរ​អត់​ទាន់​ទេ»។

អ្នកស្រី ជៀប សុធារី យល់ថា បញ្ហា​ទឹក​កខ្វក់​គឺ​ទាមទារ​ឲ្យ​មានការ​តាមដាន​ជា​លក្ខណៈ​បច្ចេកទេស​និង​ការ​សិក្សា​ច្បាស់លាស់​ពី​ភូមិសាស្ត្រ​នៃ​ខេត្ត​នេះ។ អ្នកស្រី​បន្ត​ទៀត​ថា បញ្ហា​ទឹក​កខ្វក់ នេះ​គឺជា​ជំងឺ​រ៉ាំរ៉ៃ​មួយ​ដែល​កើត​លើ​ខេត្ត​នេះ​ជា​យូរ​មក​ហើយ ប៉ុន្តែ​មិន​ឃើញ​អាជ្ញាធរ និង​អ្នក​ពាក់ព័ន្ធ​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ៖ «អ្នក​ដែល​ធ្វើ​អគារ​នៅ​តាម​តំបន់​នឹង​ត្រូវ​មានការ​សុំច្បាប់ និង​ត្រូវ​ចុះទៅ​ត្រួតពិនិត្យ​ទៅលើ​ការងារ​សាងសង់​តាំងពី​បច្ចេកទេស​សំណង់ ប្រព័ន្ធ​បង្ហូរ​ទឹក​កាកសំណល់​រឹង​រាវ ព្រោះ​ស្ថានភាព​ដី​ខុស​ពី​តំបន់​ផ្សេងទៀត​ព្រោះ​ជា​តំបន់​ភ្នំ»។

សង្គម​ស៊ីវិល​លើកឡើង​ថា កំណើន​ទេសចរ​បរទេស​ជាពិសេស​ជនជាតិ​ចិន​បាន ជះឥទ្ធិពល​ជា​ខ្លាំង​ទៅលើ​បញ្ហា​ធំៗ​មួយ​ចំនួន​រួមមាន​បញ្ហា​បរិស្ថាន ចរាចរណ៍ និង​សន្តិសុខ​សង្គម។ អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​លោក បណ្ឌិត មាស នី សង្កេត​ឃើញ​ថា អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​មិន​ទាន់​បាន​ត្រៀមខ្លួន​ទាន់​ពេល​វេលា​នៅ​ឡើយ​ទេ​ចំពោះ​ការ​វិវឌ្ឍ​របស់​ខេត្ត​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។