កូន​ក្រពើ​ភ្នំ​ចំនួន៨ ទៀត ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ក្នុង​ដែន​ជម្រក​ធម្មជាតិ​នៃ​តំបន់​ស្រែ​ពក

ក្រុម​អ្នក​វិទ្យាសាស្ត្រ​ផ្នែក​ស្រាវជ្រាវ​សត្វព្រៃ​នៃ​ក្រសួង​បរិស្ថាន និង​អង្គការ WWF បាន​ប្រទះ​ឃើញ​ហ្វូង​កូន​សត្វ​ក្រពើ​ភ្នំ (Crocodylus siamensis) ដែល​ជា​ប្រភេទ​សត្វ​កំពុង​រង​គ្រោះថ្នាក់​ជិត​ផុត​ពូជ​បំផុត សរុប​ចំនួន ៨ក្បាល នៅ​ក្នុង​ដែន​ជម្រក​ធម្មជាតិ​តំបន់​ស្រែ​ពក ក្នុង​អំឡុង​រដូវ​ពង និង​ញាស់​កូន​របស់​វា។

នេះ​ជា​ការ​ប្រទះ​ឃើញ​លើក​ដំបូង​បង្អស់​ ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​ចុងក្រោយ​ នូវ​ហ្វូង​កូន​សត្វ​ក្រពើ​ភ្នំ​ដ៏​កម្រ​បំផុត ដែល​នឹង​ផ្តល់​ក្ដី​សង្ឃឹម​ដល់​ការ​អភិរក្ស​ជា​សាកល នៃ​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក ក្នុង​ខេត្ត​មណ្ឌលគិរី។

បច្ចុប្បន្ន ហ្វូង​កូន​សត្វ​ក្រពើ​ភ្នំ​ទាំងនេះ កំពុង​រស់នៅ​ដោយ​សុវត្ថិភាព​នៅ​ក្នុង​ទីជម្រក​ធម្មជាតិ ក្រោម​ការ​ការពារ​យ៉ាង​តឹងរ៉ឹង ដោយ​មន្ត្រី​ឧទ្យានុរក្ស។

សត្វ​ក្រពើ​ភ្នំ​ធ្លាប់​មាន​នៅ​ពាសពេញ​តំបន់​អាស៊ីអាគ្នេយ៍ ប៉ុន្តែ​ចាប់​ពី​ដើម​ទសវត្សរ៍​ឆ្នាំ១៩៩០ មក សត្វ​ប្រភេទ​នេះ​ចាប់ផ្ដើម​បាត់បង់​បណ្ដើរៗ ពី​ដែន​ជម្រក​ធម្មជាតិ​របស់​ពួកវា។

កម្ពុជា​គឺ​ជា​ទីជម្រក​សំខាន់​​ជា​សកល​មួយ​សម្រាប់​ការរស់រាន​នៃ​សត្វ​ក្រពើ​ភ្នំ។ បើ​តាម​ការ​ប៉ាន់​ប្រមាណ​របស់​អ្នក​ស្រាវជ្រាវ មាន​ក្រពើ​ភ្នំ​ចំនួន​សរុប​ចន្លោះ​ពី ២០០ ទៅ ៤០០ក្បាល កំពុង​រស់​នៅ​ក្នុង​ទីជម្រក​ធម្មជាតិ​នានា​ ក្នុង​ប្រទេស​នេះ ខណៈ​នៅ​លើ​ពិភពលោក​មាន​សត្វ​ក្រពើ​ភ្នំ ដែល​ស្ថិត​ក្នុង​វ័យ​អាច​បន្ត​ពូជ​បាន មាន​ប្រមាណ​មិន​លើស​ពី ១ពាន់​ក្បាល​ឡើយ។

កត្តា​គំរាមកំហែង​ចំពោះ​ការរស់រាន​របស់​សត្វ​ក្រពើ​ភ្នំ​មាន​ដូចជា ការ​រេចរឹល និង​ការបាត់បង់​ទីជម្រក ការ​បរបាញ់​ខុសច្បាប់ ដែល​បណ្ដាល​មកពី​តម្រូវការ​នៃ​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់ ការ​ចាប់​ដោយ​ខុស​ច្បាប់ ដើម្បី​ផ្គត់ផ្គង់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ ការ​ចាប់​យក​ទៅ​បង្កាត់ពូជ​ជាមួយ​ពូជ​ក្រពើ​ផ្សេង ទំនប់​វារីអគ្គិសនី និង​ការ​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។