បញ្ហា​អាកាសធាតុ​ឡើង​កម្ដៅ បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ​មួយ​ចំនួន

0:00 / 0:00

បញ្ហា​អាកាសធាតុ​កាន់តែ​ក្ដៅ នៅ​ក្នុង​រដូវប្រាំង​ឆ្នាំ​នេះ បាន​ប៉ះពាល់​ដល់​ការ​រស់នៅ​ប្រចាំថ្ងៃ សុខភាព និង​ដំណាំ​កសិកម្ម​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន។ ពួក​គាត់​ស្នើ​ដល់​រដ្ឋាភិបាល​ឱ្យ​បញ្ចុះ​ថ្លៃ​ទឹក​ភ្លើង និង​គិតគូរ​លើ​ការ​បង្កើន​ប្រព័ន្ធ​ធារាសាស្ត្រ ព្រម​ទាំង​ប្រភព​ទឹក សម្រាប់​ពលរដ្ឋ​នៅ​តំបន់​ដាច់​ស្រយាល ដើម្បី​សង្គ្រោះ​ពួកគាត់​ពី​ភាព​ក្ដៅ​ហួតហែង និង​គ្រោះ​រាំងស្ងួត​ក្នុង​រដូវ​ប្រាំង​នេះ។

កំណើន​សីតុណ្ហភាព​នា​រដូវប្រាំង​ក្នុង​ឆ្នាំ​នេះ កំពុង​ដុត​រោល​មនុស្ស​សត្វ និង​រុក្ខជាតិ ឱ្យ​រស់នៅ​ទាំង​ត្រដរ ដោយ​រំខាន​ដល់​ការ​រស់នៅ​ប្រចាំថ្ងៃ ការ​បំពេញ​ការងារ ការ​ប្រកប​របរ​រកស៊ី និង​ការ​ធ្វើ​កសិកម្ម ជា​ដើម។

នៅ​តាម​តំបន់​វាលស្រែ និង​ចម្ការ​ដំណាំ​មួយ​ចំនួន​ដូចជា​ខេត្ត​បាត់ដំបង ផល​ដំណាំ​របស់​កសិករ​ខ្លះ បាន​ងាប់​ក្រៀម​ស្វិត​ក្រញង់ ខ្លះ​ស្លឹក​រួញ​ឡើង​ក្រហម ចំណែក​នៅ​តាម​ថ្លុក ស្រះ និង​អណ្ដូង​មួយ​ចំនួន បាន​រីង​ទឹក​ជា​បន្តបន្ទាប់ ដែល​អាច​ឱ្យ​គេ​ចាប់​ត្រី​បាន។

ពលរដ្ឋ​នៅ​ឃុំ​រាំងកេសី ស្រុក​សង្កែ ខេត្ត​បាត់ដំបង លោក និល សុផល ប្រាប់​ថា ដោយសារ​តែ​រដូវប្រាំង​ឆ្នាំ​នេះ ក្ដៅ​ជាង​ឆ្នាំ​មុន និង​មាន​ភ្លៀង​កក់ខែ​យឺត និង​តិច​ជាង​ឆ្នាំមុន ទើប​បណ្ដាល​ឱ្យ​បឹងបួ អណ្ដូង ស្រះ និង​ប្រឡាយ​មួយ​ចំនួន រីងស្ងួត​លឿន​ជាង​ឆ្នាំ​មុន ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ប្រឈម​នឹង​ការ​ខ្វះ​ទឹក​សម្រាប់​ប្រើប្រាស់ ធ្វើ​កសិកម្ម និង​ការ​ចិញ្ចឹម​សត្វ។

លោក និល សុផល៖ «ក្ដៅ​ខ្លាំង​ណាស់! (ស្រះ អណ្ដូង)រីង​អស់​ហើយ។ កម្ដៅ​នេះ ប៉ះពាល់​ទាំងអស់ ចិញ្ចឹម​សត្វ​អត់​រីកចម្រើន​ទេ»។

ដោយឡែក ចំពោះ​របរ​រកស៊ី​វិញ​នៅ​តាម​ទីប្រជុំ​វិញ ពលរដ្ឋ​ប្រកប​របរ​រត់​ម៉ូតូ​កង់​បី នៅ​ខេត្ត​សៀមរាប លោក ស៊ិន ពិសិដ្ឋ លើក​ឡើង​ថា ដោយសារ​អាកាសធាតុ​ក្ដៅ​ខ្លាំង បាន​ធ្វើ​ឱ្យ​ពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​មួយ​ចំនួន មិន​សូវ​ចេញ​មក​ដើរ​កម្សាន្ត​ច្រើន​ឡើយ ដែល​ធ្វើ​ឱ្យ​ចំណូល​របស់​លោក​ធ្លាក់​ចុះ។ លោក​បន្ត​ថា ស្រប​ពេល​ដែល​ចំណូល​ធ្លាក់​ចុះ​ហើយ​នោះ ការ​ប្រើប្រាស់​អគ្គិសនី និង​ទឹក​ស្អាត​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​ផ្ទះ​របស់​លោក​កើន​ឡើង ខណៈ​កូនៗ របស់​លោក ក៏​ប្រឈម​នឹង​បញ្ហា​សុខភាព បណ្ដាល​មក​ពី​ការ​ឡើង​កម្ដៅ​នេះ​ដែរ ដែល​កត្តា​នេះ រឹតតែ​ធ្វើ​ប៉ះពាល់​ដល់​ជីវភាព​របស់​លោក​បន្ថែម​ទៀត។

លោក ស៊ិន ពិសិដ្ឋ៖«ដូច​យប់​មិញ​ដេក​អត់​ស្កប់ស្កល់ ក្ដៅ​ដេក​មិន​លក់ បើ​បើក​បង្ហា ពេល​ប្រើ​យូរៗ ទៅ រឹតតែ​ក្ដៅ​ទៅៗ។ រដ្ឋាភិបាល​គួរតែ​យកចិត្តទុកដាក់ បញ្ចុះតម្លៃ(ទឹក ភ្លើង)ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​ប្រាក់ចំណូល និង​ជីវភាព​ប្រចាំថ្ងៃ ដោយសារ​រាល់ថ្ងៃ​ពលរដ្ឋ​បាត់បង់​ចំណូល​ហើយ ហើយ​យើង​ប្រើប្រាស់​អស់​ច្រើន​ទៀត គឺ​ប៉ះពាល់»។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ចេញ​សេចក្ដីជូនដំណឹង កាលពី​ថ្ងៃ​ទី២ ខែ​មីនា ស្ដីពី​ការ​ព្យាករ​អាកាសធាតុ​លើក​ទី២ ចាប់ពី​ខែ​មីនា ដល់​ខែ​ឧសភា ថា សីតុណ្ហភាព​នៅ​រដូវប្រាំង​ឆ្នាំ២០២៤ នឹង​កើន​ឡើង ហើយ​មិនសូវ​មាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់​នៅ​រដូវវស្សា​ឡើយ។ បើ​តាម​ការ​ព្យាករណ៍​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី០៣ ដល់​ថ្ងៃ​ទី០៥ មេសា កម្ពុជា​នឹង​គ្រប​ដណ្ដប់​ដោយ​សម្ពាធ​ទាប ដែល​នឹង​ធ្វើ​ឱ្យ​តំបន់​វាលទំនាប​មាន​សីតុណ្ហភាព​ចន្លោះ​ពី ២៦អង្សាសេ ទៅ ៣៦អង្សាសេ។ ចំណែក​នៅ​តំបន់​ខ្ពង់​រាប​មាន​សីតុណ្ហភាព​ពី ២៣អង្សាសេ ទៅ ៣៧អង្សាសេ។ ដោយឡែក​តំបន់​មាត់​សមុទ្រ មាន​សីតុណ្ហភាព​ចន្លោះ​ពី ២៥អង្សាសេ ដល់ ៣៥អង្សាសេ និង​អាច​មាន​ភ្លៀង​ធ្លាក់​លើ​ផ្ទៃដី​ប្រមាណ ៥ភាគ​រយ។

ខេត្ត​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​កម្ពុជា រួមមាន បាត់ដំបង បន្ទាយមានជ័យ និង​ភាគ​ឦសាន​មាន​ខេត្ត​ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី មាន​កម្ដៅ​កើន​ឡើង​ដល់ ៤០ ទៅ ៤១អង្សាសេ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក ច័ន្ទ យុត្ថា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៣ ខែមេសា។

ទាក់ទិន​បញ្ហា​នេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង យល់​ឃើញ​ថា ក្នុង​ស្ថានភាព​ធាតុអាកាស​ក្ដៅ​ហួតហែង​បែប​នេះ ការ​ប្រើប្រាស់​អគ្គិសនី​ទៅ​លើ​ឧបករណ៍​អេឡិចត្រូនិក ដូចជា​កង្ហារ ម៉ាស៊ីនត្រជាក់ រួម​ទាំង​ការ​ប្រើប្រាស់​ទឹក​នឹង​មាន​ការ​កើន​ឡើង ដែល​រដ្ឋាភិបាល​គួរ​បញ្ចុះ​ថ្លៃ​ទឹក​ភ្លើង​ក្នុង​រដូវ​នេះ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ចំណាយ​របស់​ពលរដ្ឋ។ លើស​ពី​នេះ លោក​ស្នើ​ទៅ​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ ឱ្យ​ចាប់ផ្ដើម​គិតគូរ​លើ​ប្រព័ន្ធ​ធារាសាស្ត្រ និង​អាងស្តុកទឹក ដើម្បី​សង្គ្រោះ​ស្រែចម្ការ​របស់​ពលរដ្ឋ​ផង​ដែរ។

លោក យង់ គិមអេង៖ «ជា​ការពិត គឺ​ការ​ដោះស្រាយ គួរតែ​ចាប់ផ្ដើម​ពី​ឥឡូវ​ទៅ ព្រោះ​ដល់​ពេល​រដូវភ្លៀង​គឺ​កាន់តែ​ពិបាក​ក្នុង​ការ​ជីក។ បើសិនជា​អាច​ដោះស្រាយ​ពី​ឥឡូវ​បាន​វា​ជា​ការ​ប្រសើរ​សម្រាប់​ប្រជាពលរដ្ឋ សម្រាប់​គ្នា​ដែល​ត្រូវការ​ទឹក​ប្រើប្រាស់​សម្រាប់​ខែប្រាំង​ឆ្នាំក្រោយ ឱ្យ​មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់»។

រដូវប្រាំង​នៅ​ប្រទេស​កម្ពុជា គឺ​ចាប់​ពី​ខែ​វិច្ឆិកា ដល់​ខែមេសា។ ដោយ​ខែមីនា និង​ខែមេសា គឺ​ជា​ពេល​ដែល​ក្ដៅ​បំផុត ដែល​កំណត់ត្រា​បង្ហាញ​ថា កម្ដៅ​ឡើង​ដល់ ៤០អង្សាសេ។

បើ​តាម​ការ​ព្យាករណ៍​របស់ អង្គការ​ឧតុនិយម​ពិភពលោក​នៃ​អង្គការ​សហប្រជាជាតិ កាលពី​ដើម​ឆ្នាំ បង្ហាញ​ថា ក្នុង​ឆ្នាំ២០២៤ នេះ ពិភពលោក​នឹង​រង​កម្ដៅ​ក្ដៅ​ជាង​ឆ្នាំ២០២៣ ដែល​ជា​ការ​បំបែក​កំណត់ត្រា​អាច​ឈាន​ទៅ​រក​បាតុភូត​អាកាសធាតុ អែល នីណូ ដែល​បង្ក​ឱ្យ​មាន​ភាព​ក្ដៅ​ហួតហែង គ្រោះ​រាំងស្ងួត និង​មាន​សីតុណ្ហភាព​ចន្លោះ​ពី ៤០ ទៅ ៤២អង្សាសេ។

ចំណែក រដ្ឋបាល​មហាសមុទ្រ និង​បរិយាកាស​ជាតិ​អាមេរិក (NOAA) បាន​ព្យាករណ៍​ដែរ​ថា មាន​ឱកាស​មួយ​ក្នុង​ចំណោម​បី ដែល​ឆ្នាំ២០២៤ នឹង​ក្ដៅ​ជាង​ឆ្នាំ២០២៣ ហើយ​ក្នុង​នោះ ៩៩ភាគ​រយ បង្ហាញ​យ៉ាង​ច្បាស់​ថា ឆ្នាំ២០២៤ នឹង​ជាប់​ចំណាត់ថ្នាក់ ក្នុង​ចំណោម​ឆ្នាំ ដែល​ក្ដៅ​បំផុត​ទាំង​ប្រាំ ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។