លោក ហ៊ុន ម៉ាណែត កាត់ដីគម្របព្រៃឈើខេត្តព្រះសីហនុទំហំជាង ៣១ហិកតារឱ្យឯកជនធ្វើជាកម្មសិទ្ធិ។ សកម្មជនសង្គម និងបរិស្ថានសោកស្ដាយដែលនាយករដ្ឋមន្ត្រីថ្មី នៅតែបន្តកាត់ដីគម្របព្រៃឈើប្រគល់ឱ្យបុគ្គលមានប្រាក់ ឬក្រុមហ៊ុនឯកជន។
ក្នុងអនុក្រឹត្យចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានកាត់ដីដែនគម្របព្រៃឈើឆ្នាំ២០០២ នៅខេត្តព្រះសីហនុទំហំជាង ៣១ហិកតារ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ ធ្វើអនុយោគជាដីឯកជន។អនុក្រឹត្យដដែលថា ដីទំហំជាង ៣១ហិកតារនេះ លោក ហ៊ុន ម៉ាណែត កាត់ប្រគល់ឱ្យឈ្មោះ ឡូ សុគន្ធ ធ្វើជាកម្មសិទ្ធិ ប៉ុន្តែអនុក្រឹត្យមិនបានបញ្ជាក់ទេថា ឈ្មោះឡូ សុគន្ធ ជានរណានោះទេ ទើបទទួលបានដីគម្របព្រៃឈើពីរដ្ឋាភិបាលថ្មី។
វិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយបញ្ហានេះ ពីប្រធានអង្គភាពអ្នកនាំរដ្ឋាភិបាល លោក ប៉ែន បូណា បានទេ នៅថ្ងៃ១០ កុម្ភៈ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
ការចេញអនុក្រឹត្យកាត់ដីគម្របព្រៃឈើរបស់រដ្ឋឱ្យឯកជន ឬអ្នកមានប្រាក់ នៅពេលនេះ បន្ទាប់ពីលោក ហ៊ុន ម៉ាណែត ឡើងកាន់តំណែងនាយករដ្ឋមន្ត្រីជំនួសឪពុករបស់លោក គឺលោក ហ៊ុន សែន បានប្រមាណ ៣ខែ។
សកម្មជនសង្គម និងបរិស្ថាន លោក ម៉ា ចិត្រា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១០ កុម្ភៈ ថា ដំបូងឡើយលោកមានសង្ឃឹមលើរដ្ឋាភិបាលថ្មី ពុំមានឃើញមានកាត់ដីព្រៃដូចរដ្ឋាភិបាលចាស់ ប៉ុន្តែនៅពេលឃើញដូច្នេះ លោកបាត់ក្ដីសង្ឃឹមទៅវិញ។
លោកថា គម្របព្រៃឈើបើការពារបានជាការល្អប្រសើរសម្រាប់ប្រយោជន៍សង្គមជារួម ហើយបើកាលណាកាត់ដីព្រៃឱ្យអ្នកមានអំណាច ឬអ្នកមានលុយ គួរស្វែងយល់មើលថា តើរវាងអ្នកដែលមានលុយ និងអ្នកគ្មានប្រាក់ វាយុត្តិធម៌ទេ? នៅពេលទទួលបានដីគម្របព្រៃឈើជាកម្មសិទ្ធិនោះ។
លោក ម៉ា ចិត្រា ថា កន្លងមករដ្ឋាភិបាលបានសន្យាថា រក្សាគម្របព្រៃឈើឱ្យបាន ៦០ភាគរយ ប៉ុន្តែជាក់ស្ដែង តើការពារយ៉ាងម៉េច? បើទើបឡើងបាន ៣ខែ ហើយគាត់កាត់ដីគម្របព្រៃឈើបាត់ទៅហើយនោះ? ថាតើគាត់មានលទ្ធភាពឯណាទៅរក្សាគម្របព្រៃឈើឱ្យបាន ៦០ភាគរយនោះ?
លោកស្នើឱ្យរដ្ឋាភិបាលថ្មី ត្រូវបញ្ឈប់ការកាត់ដីគម្របព្រៃឈើបន្តទៀត។
លោក ម៉ា ចិត្រា៖ «ខ្ញុំមិនយល់ហេតុអីប្រទេសយើងអភិវឌ្ឍន៍របៀបខុសគេបែបនេះ អភិវឌ្ឍន៍ដោយការបំផ្លិចបំផ្លាញធនធានជាតិបែបនេះ ហេតុអីក៏យើងមិនរកមធ្យោបាយផ្សេង ដើម្បីអភិវឌ្ឍន៍ ខ្ញុំគិតថា ដីនៅតំបន់ផ្សេងៗអត់មានព្រៃឈើមិនខ្វះទេ ដីនៅទំនេរ។ ខ្ញុំគិតថា រដ្ឋាភិបាលគួរទៅពិនិត្យដីទាំងអស់ហ្នឹងវិញ ហើយសម្បទានដីទាំងអស់ទៅឱ្យក្រុមហ៊ុនឯកជនទៅអាហ្នឹង ខ្ញុំគាំទ្រ ហើយកុំទៅកាប់ដីដែលមានព្រៃឈើស្រាប់ទៅឱ្យក្រុមហ៊ុនឯកជន អាហ្នឹងស្មើនឹងបំផ្លាញធនធានធម្មជាតិដែលនឹងកំពុងតែមាន ហើយខ្ញុំគិតថា វាជាការអាណោចអាធ័មណាស់ ដែលគាត់ទើបឡើងបាន ៣ខែ ហើយគាត់ទៅកាត់ដីព្រៃអ៊ីចឹង»។
មុនពេលផ្ទេរតំណែងនាយករដ្ឋមន្ត្រី ឱ្យកូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត បន្តវេននោះ អតីតនាយកមន្ត្រីលោក ហ៊ុន សែន កាត់ដីឧទ្យានជាតិ ដីព្រៃឬតំបន់ការពារ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ នៅតាមខេត្តផ្សេងៗបែងចែកប្រគល់ឱ្យទៅសែស្រឡាយរបស់លោក និងក្រុមហ៊ុនឯកជនព្រមទាំងបក្ខពួកនៅក្នុងជួរគណបក្សប្រជាជនកម្ពុជាបន្តបន្ទាប់។
កាលពីអំឡុងខែកក្កដា ឆ្នាំ២០២០ លោក ហ៊ុន សែន ក៏ធ្លាប់បានចេញអនុក្រឹត្យកាត់ដីជាង ៤០ហិកតារ ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ នៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្រគល់ឱ្យទៅអ្នកស្រី ហ៊ុន ម៉ាណា និងអ្នកស្រី ហ៊ុន ម៉ាលី ដែលត្រូវជាប្អូនស្រីបង្កើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
