លោក ហ៊ុន សែន បានកាត់ផ្ទៃបឹងជើងឯកជិត ៦ ហិកតារប្រគល់ឱ្យអ្នកឧកញ៉ាពីររូបស្និទ្ធនឹងត្រកូលហ៊ុន ធ្វើជាកម្មសិទ្ធិ បើទោះបីជាឧកញ៉ាទាំងពីររូបនេះ ធ្លាប់ទទួលបានដីបឹងជើងឯកម្ដងរួចមកហើយកាលពីឆ្នាំ២០១៩។
មន្ត្រីសង្គមស៊ីវិល និងសកម្មជនបរិស្ថានបង្ហាញការព្រួយបារម្ភថា បើសិនជាអ្នកមានអំណាច ចេះតែសម្រេចបែបនេះ គឺជារឿងអយុត្តិធម៌សម្រាប់សង្គម និងប្រជាជាតិខ្មែរ។
អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន បានកាត់ផ្ទៃបឹងជើងឯកស្ថិតនៅខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញទំហំជិត៦ ហិកតារបន្ថែមទៀតប្រគល់ឱ្យអ្នកឧកញ៉ា លាង ឃុន និងអ្នកឧញ៉ា ថៃ ជាហួត ធ្វើជាកម្មសិទ្ធិ។
នេះបើយោងតាមអនុក្រឹត្យស្ដីពីការកែសម្រួលបឹងជើងឯក និងប្រឡាយដែលចុះហត្ថលេខាដោយអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៥ សីហា ឆ្នាំ២០២៣។
អនុក្រឹត្យនេះ លោក ហ៊ុន សែន បានកាត់ផ្ទៃដីទំហំជិត ៦ ហិកតារ (៥៨.១៦៧ម៉ែត្រការ៉េ) ស្ថិតក្នុង ភូមិសាស្ត្រសង្កាត់ចាក់អង្រែលើ និងចាក់អង្រែក្រោម ខណ្ឌមានជ័យ និងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបានកំណត់ ក្នុងអនុក្រឹត្យចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០០៨ ស្ដីពីការកំណត់ ផ្ទៃបឹងជើងឯក និងប្រឡាយ ដោយស្ថិតនៅខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ជាទ្រព្យសាធារណៈរបស់រដ្ឋ តាមប្រព័ន្ធកូអរដោណេ ដូចផែនទី និងតារានិយាមការ ភ្ជាប់ជាឧបសម្ពន្ធនៃអនុក្រឹត្យនេះ ធ្វើអនុបយោគជាដីឯកជន។
ផ្ទៃដីជិត ៦ហិកតារនេះ គឺលោក ហ៊ុន សែន កាត់ផ្តល់ឱ្យអ្នកឧកញ៉ា លាង ឃុន ប្រធានអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង គ្រុប និងអ្នកឧកញ៉ា ថៃ ជាហួត អនុប្រធានសមាគមឧកញ៉ា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ប៉េង ហួត គ្រុប (Peng Hout Group) ធ្វើជាកម្មសិទ្ធិ។
កាលពីឆ្នាំ២០១៩ លោក ហ៊ុន សែន បានកាត់ដីផ្ទៃដីបឹងជើងឯកទំហំជាង ១៩០ ហិកតារ (១៩.០៤ ២១១ម៉ែត្រក្រឡា) ស្ថិតក្នុងសង្កាត់ជើងឯក សង្កាត់ខណ្ឌដង្កោ និងសង្កាត់ចាក់អង្រែក្រោម ឱ្យទៅអ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា ថៃ ជាហួត ធ្វើជាកម្មសិទ្ធិម្ដងរួចហើយ។
វិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានទេ នៅថ្ងៃទី៥ មករា ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
ការទទួលបានផ្ទៃបឹងជើងឯកជាលើកទី២នេះ បន្ទាប់ពីអ្នកឧកញ៉ា លាង ឃុន បានបរិច្ចាគថវិកា ៣ ម៉ឺនដុល្លារ ហើយអ្នកឧកញ៉ា ថៃ ជាហួត បរិច្ចាគថវិកា ១៥ម៉ឺនដុល្លារ ចូលរួមជាមួយកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី៨ ឧសភា ២០២៣ ដែលភរិយារបស់លោក ហ៊ុន សែន គឺអ្នកស្រី ប៊ុន រ៉ានី ជាប្រធាន។
សកម្មជនចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៥ មករា ថា មុនពេលជិតផុតអាណត្តិ លោកកត់សម្គាល់ឃើញថា អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានសម្រុកកាត់ផ្ទៃដីបឹងធម្មជាតិ ដីឧទ្យានជាតិ ដែនជម្រកសត្វព្រៃ និងដែនគម្របព្រៃឈើជាច្រើនកន្លែង ដែលការកាត់នេះ ក៏បានប៉ះពាល់ ធនធានធម្មជាតិ និងប្រជាពលរដ្ឋ ហើយមិនផ្ដល់សំណងសមរម្យជូនពួកគាត់ឡើយ។
ក្រៅពីមិនដោះស្រាយហើយ មានទាំងប្ដឹងទៅតុលាការ រហូតដល់ចាប់ខ្លួនពលរដ្ឋ ដែលចេញទាមទារដំណោះស្រាយ និងយុត្តិធម៌ដាក់ពន្ធនាគារថែមទៀត ដែលនេះជារឿងដ៏ឃោរឃៅ នៅពេលយកទ្រព្យសម្បត្តិរបស់រដ្ឋទៅចែកឱ្យឯកជនហើយ មានបញ្ហាដល់ពលរដ្ឋ។
លោក ថុន រដ្ឋា៖ «ខ្ញុំគិតថាគាត់ប្រាកដជាបារម្ភគឺបារម្ភទៅដល់កូនរបស់គាត់ ដែលទើបនឹងឡើងកាន់តំណែងបើសិនភ្លាមៗកាត់អាចមានការរិះគន់ភ្លាម នៅពេលឡើងភ្លាមកាត់ភ្លាម។ អ៊ីចឹងទៅបានជាគាត់ប្រញាប់កាត់ទ្រព្យយើងនៃអាណត្តិរបស់គាត់ហ្នឹង ច្រើនកន្លែងហើយលឿនមែនទែន»។
កាលពីខែមីនា ឆ្នាំ២០២២នេះ រដ្ឋាភិបាលបានចេញអនុក្រឹត្យដោយកាត់ផ្ទៃដី «បឹងជើងឯក» ទំហំជាង១២ហិកតារ ស្ថិតក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ទៅឱ្យឧកញ៉ា ឡោក ហ៊ួរ និងក្រសួងមហាផ្ទៃសម្រាប់ធ្វើកម្មសិទ្ធិ និងអភិវឌ្ឍន៍ផ្សេងៗ។ជុំវិញរឿងនេះ ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា សង្កេតឃើញថា ការកាត់ដីសាធារណៈ របស់រដ្ឋកន្លងមក ប្រគល់ឱ្យតែអ្នកមានប្រាក់ និងមានអំណាច ប៉ុន្តែប្រជាពលរដ្ឋ ក្រីក្រមិនបានផ្ដល់ដល់ពួកគាត់ឱ្យបានសមរម្យឡើយ។
លោកបន្ថែមថា ការកាត់ដីបឹង ដែនជម្រកសត្វព្រៃជាដើម កន្លងមក គ្មានតម្លាភាព និងស្មើភាពគ្នា ដោយបង្ហាញការព្រួយបារម្ភ បើសិនជាអ្នកធំ មានសិទ្ធិ អំណាចហើយចេះតែសម្រេច ដោយមិនសមធម៌ ក្នុងចំណោមប្រជាជនបែបនេះ គឺជារឿងអយុត្តិធម៌សម្រាប់សង្គម និងប្រជាជាតិខ្មែរ។
លោក រស់ សុដ្ឋា៖ «យើងឃើញថា ការផ្ដល់ទៅទៀត សុទ្ធទៅ ដូចជាសាច់ញាតិ អ្នកទ្រទ្រង់អ្នកដែលមានភាពជិតសិ្នទ្ធជាបក្សនយោបាយអ៊ីចឹងទៅ ឃើញថា មានភាពអយុត្តិធម៌ដែលសម្រាប់សង្គមជាតិខ្មែរយើង។ អ្នកដែលស្និទ្ធជាមួយអ្នកធំចេះតែបានប្រយោជន៍ពីមួយថ្ងៃទៅមួយថ្ងៃជាប្រយោជន៍ជាតិ ជារបស់ជាតិ ហើយអ្នកដែលខ្វះខាត ហើយក្រីក្រមិនសូវទទួលបាននូវសម្បទានឱ្យបានសមរម្យ»។
កាលពីកន្លងទៅ អង្គការសមាគមធាងត្នោតបានចុះផ្សាយថា បឹងទំពុន និងបឹងជើងឯកនៅជាប់គ្នា ដែលមានផ្ទៃដីសរុប ២.៦០០ហិកតារ ស្ថិតក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ប៉ុន្តែនៅឆ្នាំ២០០៨ រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យមួយ កំណត់យកដីផ្ទៃបឹងនេះ ត្រឹម ៥២០ហិកតារប៉ុណ្ណោះ ជាផ្ទៃបឹងរក្សាទុក និងកំណត់ជា ទ្រព្យសម្បត្តិសាធារណៈ របស់រដ្ឋ។
អង្គការធាងត្នោតថា បឹងនេះមានមុខងារប្រើប្រាស់ច្រើនយ៉ាង ដូចជា អាងស្ដុកទឹក និងរំដោះទឹកភ្លៀងដ៏សំខាន់មួយ ពីការជន់លិចរាជធានីភ្នំពេញ ដោយរំដោះទឹក បានប្រមាណ ៧០ភាគរយ និងជាអាងបន្សុទ្ធទឹកកខ្វក់ក្នុងក្រុងបែបធម្មជាតិ ហើយក៏ជាតំបន់ផ្តល់នូវបរិយាកាសត្រជាក់ដល់ទីក្រុង តំបន់កសិកម្ម ជម្រកពពួកត្រី និងបក្សាបក្សីជាច្រើនប្រភេទកំពុងរស់នៅផងដែរ។
កាលពីអំឡុងឆ្នាំ២០១៩ រដ្ឋាភិបាលក៏បានចេញអនុក្រឹត្យ មួយកាត់ផ្ទៃដីបឹងជើងឯក ទំហំ១០ហិកតារ ឱ្យទៅក្រសួងមហាផ្ទៃ សម្រាប់សាងសង់អគ្គស្នងការដ្ឋាននគរបាលជាតិចំនួន ៥ហិកតារ អគ្គស្នងការដ្ឋានអត្តសញ្ញាណ កម្មទំហំ ១ហិកតារ សាលារដ្ឋបាលមូលដ្ឋាន ទំហំ ២ហិកតារ និងមន្ទីរពេទ្យនគរបាលជាតិទំហំ ២ហិកតារ និងកាត់ឱ្យក្រសួងរៀបចំដែនដី ទំហំ ៣២.១២៣ ម៉ែត្រក្រឡា សម្រាប់សាងសង់មន្ទីររៀបចំដែនដី និងកាត់ជូនពលរដ្ឋ ៦នាក់ ទំហំ១៦១ ៣៥៧ម៉ែត្រក្រឡា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
