ប្រជាពលរដ្ឋរស់នៅឃុំជីរោទិ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បារម្ភចំពោះការបាត់បង់ពូជត្រីនៅពេលខាងមុខ ដោយសារតែសកម្មភាពនេសាទខុសច្បាប់ ដើម្បីយកកូនត្រីតូចៗយ៉ាងច្រើនជារៀងរាល់ថ្ងៃដោយគ្មានការទប់ស្កាត់។ អាជ្ញាធរមូលដ្ឋានបញ្ជាក់ថា ពួកគេនឹងបង្កើតក្រុមការងារចុះពិនិត្យករណីនេះ ហើយរាយការណ៍ព័ត៌មានស្ដីពីការនេសាទខុសច្បាប់ទៅមន្ត្រីពាក់ព័ន្ធ។
ប្រជាពលរដ្ឋនៅឃុំជីរោទ៍២ ស្នើសុំឲ្យអាជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធ ជួយទប់ស្កាត់មិនឲ្យមានបទល្មើសនេសាទកើតឡើងបន្តទៀត និងជួយការពារធនធានមច្ឆជាតិនៅតំបន់ដែលពួកគាត់រស់នៅឲ្យបានគង់វង្ស។ ការស្នើសុំនេះ ក្រោយពេលពលរដ្ឋឃើញសកម្មភាពនេសាទយកកូនត្រីតូចៗក្នុងមួយថ្ងៃៗរាប់រយគីឡូក្រាមនៅតំបន់បឹងក្រចាប់។
ពលរដ្ឋនៅឃុំជីរោទ៍២ មួយរូបសុំលាក់អត្តសញ្ញាណឲ្យដឹងថា ក្នុងមួយថ្ងៃ កូនត្រីតូចៗចម្រុះគ្នាត្រូវបានអ្នកនេសាទដោយប្រើប្រាស់ឧបករណ៍ស្បៃមុងខុសច្បាប់ ចាប់យកចេញមកពីក្នុងបឹង លក់ឲ្យម៉ូយរបស់ពួកគេ គឺមិនក្រោមពី ១តោនឡើយ។ លោកបន្តថា មន្ត្រីជំនាញ ឬអាជ្ញាធរដែនដី គឺមិនឃើញបង្ក្រាបឲ្យមានប្រសិទ្ធភាពទេ ហើយបើក្រុមមន្ត្រីជលផលចុះទៅ នៅពេលពួកគេត្រឡប់ទៅវិញ បទល្មើសនេសាទកើតមានដដែល។ លោកបន្តថា នៅពេលមន្ត្រីជំនាញចុះទៅម្តងៗ ផ្ទៃបឹងស្ងប់ស្ងាត់ ដោយក្រុមជនល្មើសដឹងមុន ហើយជាន់ពន្លិចលូស្បៃមុងរបស់ខ្លួនចូលក្នុងទឹក ជាដើម៖ « ភ័យបារម្ភខ្លាចថ្ងៃក្រោយទៅ វាដាច់ពូជម៉ងហ្នឹង ! វាបានអីហូបតទៅទៀត។ រាល់ថ្ងៃកំពុងហូបត្រីចិញ្ចឹម ត្រីឆ្ដោ ត្រីប្រា ដែលនាំចូលទីយួន មកហ្នឹង »។
បទល្មើសលូស្បៃមុង គឺដាក់នៅក្នុងបឹងក្រចាប់ជាច្រើនវង់ ហើយមួយវង់ៗអាចមានប្រវែងពី ១០ម៉ែត្រទៅ ៥០ម៉ែត្រ ឬលើសពីនេះ។
មិនខុសគ្នានេះ ពលរដ្ឋមួយរូបទៀតនិយាយថា ដោយសារការនេសាទប្រើប្រាស់ឧបករណ៍ខុសច្បាប់ច្រើន ធ្វើឲ្យទិន្នផលត្រីកាន់តែហិនហោចពីមួយឆ្នាំទៅមួយឆ្នាំ ពិសេសនៅតំបន់បឹងក្រចាប់ដែលលោករស់នៅ។ ប្រភពដដែលនិយាយថា ប្រសិនបើគ្មានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាព ពូជត្រីនៅតំបន់បឹងមួយនេះ នឹងប្រឈមក្តីវិនាសមិនខាន៖ « ខ្ញុំឃើញបទល្មើសអ៊ីចឹង ខ្ញុំមិនដឹងធ្វើម៉េចដែរ ! ឃើញច្រើនពាសពេញតែម្តង »។
បឹងក្រចាប់មានទីតាំងនៅឃុំជីរោទ៍២ ហើយបឹងនេះនៅរដូវទឹកឡើងមានទំហំប្រមាណ ៦ ទៅ ៧គីឡូម៉ែត្រ ប៉ុន្តែនៅរដូវទឹកស្រក ផ្ទៃបឹងអាចមានទំហំ ១០ ទៅ ២០ហិកតារ។ ឃុំជីរោទ៍២ មានភូមិចំនួន ១២ភូមិ ហើយភូមិដែលមានពលរដ្ឋរស់ពឹងលើរបរនេសាទច្រើនជាងគេ គឺមានចំនួន ៣ភូមិ។
ទាក់ទងបញ្ហានេះ មេឃុំជីរោទ៍២ លោក ជា ប៊ុនពៅ មានប្រសាសន៍ថា នៅរដូវទឹកឡើងឆ្នាំនេះ ខាងអាជ្ញាធរមូលដ្ឋាននៅមិនទាន់ទទួលបានព័ត៌មានស្ដីពីបទល្មើសនេសាទឡើយ ប៉ុន្តែកន្លងមក ធ្លាប់មានមន្ត្រីជលផលចុះបង្ក្រាបបទល្មើសតំបន់បឹងក្រចាប់ដែរ។ លោកបន្តថា អាជ្ញាធរឃុំនឹងចាត់កម្លាំងចុះស្រាវជ្រាវបញ្ហានេះ ហើយនឹងរាយការណ៍ទៅមន្ត្រីជំនាញ ព្រមទាំងសមត្ថកិច្ចដើម្បីចាត់វិធានការ៖ « អ៊ីចឹងខ្ញុំនឹងរៀបចំគណៈកម្មការ ហើយនឹងជាមួយប៉ុស្តិ៍រដ្ឋបាល អាចចុះធ្វើសកម្មភាព ហើយនឹងទំនាក់ទំនងទៅមន្ត្រីពាក់ព័ន្ធ »។
មេឃុំដដែលឲ្យដឹងទៀតថា កន្លងមក អាជ្ញាធរធ្លាប់ផ្សព្វផ្សាយប្រាប់ពលរដ្ឋអំពីផលប៉ះពាល់នៃការនេសាទខុសច្បាប់ ហើយនឹងបន្តអប់រំអ្នកភូមិបន្ថែមទៀត ដើម្បីឲ្យពួកគាត់កាន់តែយល់ច្បាស់អំពីផលវិបាកនៃការនេសាទខុសច្បាប់ទាំងនោះ។
ទោះបីជាយ៉ាងនេះក្តី សមាជិកក្រុមប្រឹក្សាឃុំជីរោទ៍២ មកពីគណបក្សសង្គ្រោះជាតិ លោក គង់ ខុម មើលឃើញថា ដោយសារទិន្នផលត្រីកាន់តែថយចុះ ម្យ៉ាងការអនុវត្តច្បាប់នៅធូររលុង ព្រមទាំងមានអំពើពុករលួយខ្លះផង ជាហេតុធ្វើឲ្យបទល្មើសនេសាទនៅតែបន្តកើតមានឡើង។ លោកថា ដើម្បីឲ្យការបង្ក្រាបមានប្រសិទ្ធភាព ក្រសួងកសិកម្ម ឬអាជ្ញាធរពាក់ព័ន្ធ ត្រូវផ្តល់សិទ្ធិអំណាចដល់សហគមន៍តាមភូមិនីមួយៗដែលរស់នៅជាប់បឹងទាំងឡាយ ធ្វើសកម្មភាពការពារធនធានមច្ឆជាតិដោយខ្លួនឯង។ លោកកត់សម្គាល់ថា ទិន្នផលត្រីកាន់តែហិនហោចពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឲ្យប្រជានេសាទកាន់តែច្រើនជំពាក់បំណុលគេ ហើយចំណាកស្រុកក៏កាន់តែកើតមានច្រើនឡើងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។