ពលរដ្ឋរស់នៅភូមិស្រែគរ ស្រុកសេសាន ខែត្រស្ទឹងត្រែង បារម្ភពីការដាក់អួនចាប់ត្រីខុសច្បាប់ច្រើនកន្លែងតាមដងទន្លេសេសាន និងទន្លេស្រែពក ដែលពុំឃើញមានការបង្ក្រាប។ ក្តីបារម្ភនេះបន្ទាប់ពីការប្រមូលផលត្រីដងទន្លេរបស់ប្រជានេសាទពីមួយឆ្នាំទៅមួយឆ្នាំកាន់តែធ្លាក់ចុះ។ ចំណែកអ្នកភូមិប្រកបរបរនេសាទជាលក្ខណៈគ្រួសារបន្ទាប់បន្សំ ស្ទើរតែមិនអាចប្រមូលផលត្រីបាន។
អ្នកភូមិស្រែគរ នៃស្រុកសេសាន ខែត្រស្ទឹងត្រែង នៅថ្ងៃទី២៧ ខែវិច្ឆិកា អំពាវនាវឲ្យមន្ត្រីជំនាញ ឬមន្ត្រីរដ្ឋបាលផលចុះស៊ើបអង្កេតទាក់ទិនបទល្មើសនេសាទតាមដងទន្លេសេសាន និងទន្លេស្រែពក។ ការអំពាវនាវនេះ បន្ទាប់ពីបទល្មើសនេសាទនៅដងទន្លេសេសាន និងទន្លេស្រែពក យ៉ាងអនាធិបតេយ្យ ហាក់ពុំមានការទប់ស្កាត់។
ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋជាច្រើន គឺលោក សុត វ៉ាន់ រៀបរាប់ថា បច្ចុប្បន្នឃុំស្រែគរ មានអួនចំនួន ៥កន្លែង ត្រង់ចំណុចជួរពោន ជួរប៊ីខែត ជួរស៊ិនសឿ និងជួរផ្តាន់ បានដាក់រាំងខ្ទប់ចាប់ត្រីចន្លោះទឹកហូរច្រោះទន្លេប្រវែងពី ២០ម៉ែត្រ ដល់ជាង ៣០ម៉ែត្រ។ អួននេះអាចមានលទ្ធភាពប្រមូលផលត្រីធំៗជាច្រើនប្រភេទ និងច្រើនគីឡូក្រាមក្នុងមួយថ្ងៃៗ។
លោកអះអាងថា មេប៉ុស្តិ៍ស្រែគរ លោក ថាយ ស៊ុនអ៊ី ទំនងជាឃុបឃិតជាមួយឈ្មួញដាក់អួនខុសច្បាប់ ខណៈដែលបទល្មើសនេះ បានកើតឡើងដដែលពុំមានការបង្ក្រាប៖ «ខ្ញុំបារម្ភរឿងត្រីហ្នឹងហើយ អាត្រីល្អវាចូលក្នុងប្រឡោះហូរហ្នឹង។ ត្រីរឹតតែយ៉ាប់យ៉ឺនទៅៗពិបាកណាស់។ យើងទៅបង់សំណាញ់ដាក់មងមិនបានទេ ឥឡូវនោះ»។
ឆ្លើយតបការចោទប្រកាន់នេះ មេប៉ុស្តិ៍ស្រែគរ លោក ថាយ ស៊ុនអ៊ី បដិសេធការចោទប្រកាន់របស់ពលរដ្ឋ ដោយអះអាងថា កន្លងមកសមត្ថកិច្ចប៉ុស្តិ៍ស្រែគរ ធ្លាប់រឹបអូសអួនចំនួន ៧ករណី តាំងពីចុងឆ្នាំ២០១៤ ទល់បច្ចុប្បន្ន។ លោកទទួលស្គាល់ដែរថា ករណីដាក់អួនក្នុងទន្លេពិតជាកើតមានមែនតែករណីនេះ ធ្វើឡើងដោយការលួចលាក់៖ «បើគាត់ចង់សហការគាត់ថា មានអួន ឥឡូវនៅត្រង់ណាគាត់សហការជាមួយសមត្ថកិច្ចមក។ ខាងនោះបងប្អូនគេមានទូកច្រើន។ ទូកគេខ្ចីបានម្ដងម្កាល ព្រោះថា យើងអត់មានទូក»។
កាលពីថ្ងៃទី១១ ខែវិច្ឆិកា ពលរដ្ឋរស់នៅឃុំស្រែគរ ជាង ២០០នាក់ បានផ្ដិតមេដៃដាក់ញត្តិស្នើឲ្យអធិការស្រុកសេសាន ដកមេប៉ុស្តិ៍ឃុំស្រែគរ លោក ថាយ ស៊ុនអ៊ី ចេញពីតួនាទី បន្ទាប់ពីអ្នកភូមិរកឃើញថា មេប៉ុស្តិ៍រូបនោះជាប់ពាក់ព័ន្ធនេសាទខុសច្បាប់ ដោយអនុញ្ញាតឲ្យអ្នកភូមិ និងឈ្មួញដាក់អួនក្នុងទន្លេ។
មន្ត្រីសម្របសម្រួលនៃអង្គការបណ្ដាញការពារទន្លេបី លោក មៀច មានមើលឃើញថា មេប៉ុស្តិ៍ មន្ត្រីជំនាញ អាជ្ញាធរ និងសហគមន៍នេសាទហាក់ដូចជាមិនចុះសម្រុងគ្នាក្នុងការឃ្លាំមើលបទល្មើសនេសាទនៅមូលដ្ឋាន ដែលជាដើមចមបង្កឲ្យបទល្មើសនេះងាយកើតឡើង។
លោក មៀច មាន សង្កត់ធ្ងន់ថា ករណីកើតមានបទល្មើសនេសាទនេះ គឺជាសញ្ញាបង្ហាញឲ្យឃើញពីភាពអសកម្មរបស់មន្ត្រី ខណៈដែលការសហការគ្នាទប់ស្កាត់រវាងអាជ្ញាធរដែនដី និងមន្ត្រីជំនាញហាក់ទន់ជ្រាយនៅឡើយ៖ «កន្លែងដែលកើតគឺរឿងដដែលៗ នៅតែកន្លែងហ្នឹងមួយឆ្នាំទល់មួយឆ្នាំ។ ម្ចាស់អ្នកធ្វើហ្នឹងគឺអត់មានអ្នកថ្មីទេ គឺមានដដែលៗដូចគ្នា។ ចំណុចត្រង់ហ្នឹងបញ្ជាក់ថា វាត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរ ឬសមត្ថកិច្ចក្នុងហ្នឹង ទើបអាចដាក់បាន»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងនាយខណ្ឌរដ្ឋបាលជលផលខែត្រស្ទឹងត្រែង លោក ប៉ែន ឈុនឌី ដើម្បីសុំការបំភ្លឺបញ្ហានេះបានទេ នៅថ្ងៃទី២៧ ខែវិច្ឆិកា។
មេឃុំស្រែគរ លោក សៀក មេគង្គ ទទួលស្គាល់ថា បទល្មើសនេសាទដោយការដាក់អួនក្នុងទន្លេពិតជាកើតមានមែន ដែលអាជ្ញាធរឃុំធ្លាប់ប្រជុំអប់រំផ្សព្វផ្សាយដល់អ្នកភូមិស្ដីពីច្បាប់ជលផលកន្លងមក៖ «ក្នុងចង្កោមឃុំហ្នឹង ដល់យើងចុះទៅស្ងាត់ៗគ្នាគេចល័តទូរស័ព្ទប្រាប់។ ដល់អ៊ីចឹងពិបាកដល់យើងចុះទៅម្តងៗហ្នឹង»។
លោក មៀច មាន ឲ្យដឹងទៀតថា អួនដែលឈ្មួញដាក់ឋិតក្នុងចន្លោះខ្សែទឹកហូរខ្លាំង ឬផ្នែកម្ខាងនៃទន្លេដែលមានទឹកហូរច្រោះ ដូចជានៅតំបន់ក្បែរស្ពានស្រែពក មកទល់នឹងទំនប់វារីអគ្គិសនី និងទន្លេចាប់ពីឃុំភ្លុក ដល់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ មានជាច្រើនករណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។