ក្រុមនិស្សិត និងយុវជនរកឃើញថា ក្រសួងបរិស្ថានអសមត្ថភាពការពារព្រៃព្រះរកាខេត្តព្រះវិហារ
2019.05.02

ក្រុមយុវជន និងនិស្សិត អះអាងថា ទំហំព្រៃឈើ ដែលឋិតក្នុងដែនជម្រកសត្វព្រៃព្រះរការ ក្នុងខេត្តព្រះវិហារ នៅតែប្រឈមហានិភ័យខ្ពស់នៅឡើយ នៅគ្រាដែលពួកគេប្រទះឃើញ ដើមឈើធំៗ ក្នុងព្រៃអភិរក្សមួយនេះត្រូវបានគេកាប់ដួល ធ្វើអាជីវកម្មយ៉ាងពេញទំហឹង។ ការលើកឡើងនេះ ក្រោយពីពួកគេ បានចុះស្រាវជ្រាវពីស្ថានភាពព្រៃអភិរក្សមួយនេះ កាលពីដើមសប្ដាហ៍នេះ។
ក្រុមយុវជន និងនិស្សិតមួយក្រុម នៅមិនទាន់មានជំនឿចិត្ត ពីប្រសិទ្ធភាពការងាររបស់ក្រសួងបរិស្ថាន ដែលបញ្ជូនមន្ត្រីឧទ្យានុរក្ស ឱ្យឈរជើង ការពារព្រៃនៅតំបន់ដែនជម្រកសត្វព្រៃព្រះរកានៅឡើយទេ។ ការអះអាងនេះ បន្ទាប់ពីពួកគេប្រទះឃើញផ្ទាល់ភ្នែក ពីសកម្មភាពដឹកជញ្ជូនឈើតាមគោយន្តជារៀងរាល់ថ្ងៃ ចេញពីព្រៃអភិរក្សមួយនេះ គ្មានការអនុវត្តច្បាប់។ ពួកគេមើលឃើញថា ក្រសួងសាមី គ្មានសមត្ថភាព ការពារព្រៃអភិរក្សមួយនេះ ដើរតាមបន្ទាត់ច្បាប់នោះទេ ហើយមន្ត្រីដែលឈរជើងនៅតំបន់នោះ តែងទទួលប្រយោជន៍ពីអ្នកដឹកជញ្ជូនឈើខុសច្បាប់។
ក្រុមយុវជនដែលចុះស្រាវជ្រាវរឿងនេះ មកពីរាជធានីភ្នំពេញ លោក សាន ម៉ាឡា ឱ្យដឹងនៅថ្ងៃទី២ ឧសភាថា សកម្មភាពដឹកជញ្ជូនឈើចេញពីព្រៃព្រះរកា នៅឃុំប្រមេរ ក្នុងមួយថ្ងៃ មិនក្រោម ១០គោយន្តទេ ដោយក្នុងមួយគោយន្តអាចដឹកឈើបាន ២ម៉ែត្រគូប។ អាជីវកម្មឈើជាក្រុមៗនេះ បានធ្វើឱ្យប៉ះពាល់ ដើមឈើផលិតជ័រទឹករបស់អ្នកស្រុកធំធេង និងបាត់បង់ឈើមូលធំៗ ដែលមានអាយុកាលរាប់រយឆ្នាំ។ លោកបន្ថែមថា ក្រុមយុវជនបានផលិតវីដេអូ និងរូបភាព ពីស្ថានភាពព្រៃឈើនៅតំបន់នោះ ដើម្បីផ្សព្វផ្សាយស្នើឱ្យរដ្ឋាភិបាល និងក្រសួងបរិស្ថាន ពិនិត្យឡើងវិញ ពីប្រសិទ្ធភាពការងារមន្ត្រីឧទ្យានុរក្សដែលឈរជើងនៅទីនោះ៖ «ក្រុមល្បាតរបស់ក្រសួងចាប់ជនល្មើសហើយហ្នឹង ជាទូទៅយើងសង្កេតឃើញថា គេមិនបានស៊ើបអង្កេតថា តើនរណាជាអ្នកនៅ ពីក្រោយខ្នងនៃការកាប់ឈើមួយហ្នឹង។ នរណាជាអ្នកទទួលទិញឈើ ដេប៉ូមួយណាឬក៏ឧកញ៉ាទេ? មានការអាណិតសហគមន៍មូលដ្ឋាន ដោយសារគាត់បាត់បង់ដើមច្បោះខ្ទង់ ៧០ភាគរយ។ អីចឹងយើងស្នើទៅក្រសួងបរិស្ថាន មេត្តាស៊ើបអង្កេតមែនទែន តើមានក្រុមល្បាតពួកគាត់ហ្នឹង មានប្រព្រឹត្តអំពើពុករលួយអត់»។
លោក សាន ម៉ាឡា ផ្ដល់មតិថា ដើម្បីបោសសំអាតជនល្មើសកាប់ឈើបាន ក្រសួងត្រូវមានឆន្ទៈបោសសំអាត មន្ត្រីមូលដ្ឋានរបស់ខ្លួនដែរ កុំឱ្យប្រព្រឹត្តអំពើពុករលួយរឿងព្រៃឈើទៀត ស្របពេលដែលពលរដ្ឋនៅមូលដ្ឋានលែងមានទំនុកចិត្តពីប្រសិទ្ធភាពការងាររបស់មន្ត្រីជំនាញទាំងនោះ។ លោកជឿថា ព្រៃព្រះរកា ដែលគ្រប់ដណ្ដប់លើផ្ទៃដីជិត ១សែន ហិកតារ ក្រសួងអាចទប់ទល់ឈ្នះ ប្រសិនបើមានឆន្ទៈអនុវត្តច្បាប់ព្រៃឈើ គ្រប់រូបភាព និងលុបបំបាត់អំពើពុករលួយ៖ «តាមផ្លូវជាមួយសហគមន៍ គឺយើងឃើញគោយន្តដឹកឈើគាត់ជិះកាត់យើងទៅមកៗ គាត់កាត់ឈើទាំងយប់ថ្ងៃ។ ពេលយប់លែងមាន ឮសំឡេងសត្វ តែឮម៉ាស៊ីនអារឈើវិញ ហើយឃើញមានដើមឈើធំៗជាច្រើនដែលត្រូវបានដួល។ ជាក់ស្ដែងនៅពេលដែលពួកយើងបានទៅចូលរួម គឺឃើញមានដើមឈើ ៤ទៅ ៥ឱប ហើយយើងថតបង្ហោះ ហ្វេសប៊ុក។ ជារួមស្ថានភាពព្រៃឈើនៅទីនេះ មិនខុសពីព្រៃឡង់ប៉ុន្មានដែរ»។
អនុប្រធានសហគមន៍ការពារព្រៃឈើឃុំប្រមេរ លោកស្រី រឿន ខាន់ មានប្រសាសន៍ថា ប្រសិនបើរដ្ឋាភិបាលនៅតែបណ្ដោយឱ្យមន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធ ការពារព្រៃព្រះរកាទៀត មិនយូរទេព្រៃមួយនេះនឹងលែងមានដើមឈើធំៗ ព្រោះមន្ត្រីពាក់ព័ន្ធទាំងនោះមិនបានអនុវត្តច្បាប់ព្រៃឈើឱ្យគ្រប់ជ្រុងជ្រោយនោះទេ។ លោកស្រីថា សូម្បីតែដើមឈើផលិតជ័រទឹក ដែលជាដង្ហើមសេដ្ឋកិច្ចជនជាតិដើមភាគតិច ក៏ជនល្មើសសម្រុកកាប់លក់ស្ទើរគ្មានសល់ ហើយពួកគេទៅពឹងអាជ្ញាធរឱ្យជួយ តែគ្មានប្រសិទ្ធភាព៖ «បើសិនរដ្ឋាភិបាលជួយទប់ស្កាត់ គឺបានទាំងស្រុង តែបើគាត់ជួយផងលេងផង អីចឹងខ្ញុំបល់អស់ហើយ។ ខ្ញុំសំណូមពរពីរ ទៅ ៣ដងហើយ រដ្ឋាភិបាលមិនស្ដាប់ទេ ចង់ឱ្យឃើញដឹងឮថា ព្រៃព្រះរការលាយហើយ បើសិនមិនជួយទប់ស្កាត់ ចង់ឱ្យគាត់ជួយទប់ស្កាត់។ បើអស់ព្រៃព្រះរកាវារលាយ ទាំងខេត្តព្រះវិហារ គ្មានអីនឹងសង្ឃឹមទៀតទេ»។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា ផ្ដាំឱ្យយុវជនដែលស្រាវជ្រាវរឿងនេះ ត្រូវធ្វើរបាយការណ៍ ភ្ជាប់រូបភាពផ្ញើមកក្រសួង និងមន្ត្រីជំនាញ ដើម្បីឱ្យសមត្ថកិច្ចមានមូលដ្ឋានចុះអនុវត្តច្បាប់ព្រៃឈើជាក់ស្ដែង។ លោកថា ក្រសួងនឹងអនុវត្តច្បាប់ ដោយមិនរើសមុខចំពោះជនទាំងឡាយណា ដែលប្រព្រឹត្តបទល្មើសក្នុងតំបន់ព្រៃការពារ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ លោកបន្ថែមថា ក្រសួងគ្រោងបោះបង្គោលកំណត់ព្រំប្រទល់ ដែនជម្រកសត្វព្រៃព្រះរកា ដើម្បីបង្ហាញពីភាពច្បាស់លាស់ ក្នុងការកិច្ចគាំពារអភិរក្សនេះ។
ព្រៃព្រះរកា ដែលមានទំហំជាង ៩ម៉ឺនហិកតារ (៩៦.០០០) នៅចន្លោះព្រំប្រទល់ស្រុកចំនួន៣ គឺស្រុកត្បែងមានជ័យ ស្រុកជាំក្សាន្ត និងស្រុកឆែប របស់ខេត្តព្រះវិហារ។ ក្រុមយុវជន ផ្ដល់ទស្សនៈថា រដ្ឋាភិបាល និងក្រសួងបរិស្ថាន ត្រូវកំណែទម្រង់អភិបាលកិច្ចអភិរក្សព្រៃឈើជាបន្ទាន់ ក៏ប៉ុន្តែប្រសិនបើក្រសួងសាមី នៅតែជិះសេះលែងដៃ បណ្ដោយឱ្យមន្ត្រីថ្នាក់ក្រោមធ្វើព្យុះភ្លៀង មិនយូរទេ ព្រៃការពារធម្មជាតិមួយនេះនឹងរលាយហិនហោច ហើយក្រោយមកក្រសួង និងរដ្ឋាភិបាលនឹងឆ្លើយដោះសា យករួចខ្លួនដដែលៗ មិនទទួលខុសត្រូវ។
កាលពីដើមខែមេសាកន្លងទៅ សកម្មជនបរិស្ថានមួយក្រុមផ្សេងទៀត បានអះអាងស្រដៀងគ្នាថា ក្រុមហ៊ុន សំអឿន សុវណ្ណ បានបើកដេប៉ូធ្វើអាជីវកម្មឈើខ្នាតធំ ដោយប្រមូលពលរដ្ឋចូលព្រៃអភិរក្ស ព្រះរកាកាប់ឈើលក់ឱ្យខ្លួន។ រីឯពលរដ្ឋមួយចំនួន ដែលរស់នៅចំនួន ២៦ភូមិ ជាប់ដែនជម្រកសត្វព្រៃព្រះរកា និងព្រៃសហគមន៍ដែលជនជាតិដើមភាគតិចថែរក្សា បានក្លាយជាជនល្មើស កាប់ឈើលក់ឱ្យក្រុមហ៊ុន និងឈ្មួញ៕