សហគមន៍ព្រៃឡង់ខេត្តកំពង់ធំ នៅមិនទាន់ស្ងប់អារម្មណ៍នៅឡើយ ករណីមន្ត្រីបរិស្ថានខេត្តកំពង់ធំ បានរារាំង និងគំរាមចាប់ខ្លួនពួកគេ មិនឱ្យចុះល្បាតព្រៃឡង់ ស្របពេលដែលព្រៃឡង់កំពុងទទួលរងការកាប់ឈើ និងដឹកជញ្ជូនឈើទាំងយប់/ថ្ងៃ។ សហគមន៍ថា នាយកដែនជម្រកសត្វព្រៃឡង់ខេត្តកំពង់ធំ លោក លី ស្រេង បានហាមពួកគេមិនឱ្យចុះល្បាតព្រៃជាង ១០ថ្ងៃមកហើយ។
សហគមន៍ព្រៃឡង់ខេត្តកំពង់ធំ ចោទនាយកដែនជម្រកសត្វព្រៃឡង់ខេត្តកំពង់ធំ លោក លី ស្រេង ថា មានចេតនារារាំង និងគំរាមពួកគេមិនឱ្យចុះល្បាតព្រៃ ក្នុងបំណងផ្តល់ឱកាសឱ្យក្រុមជនល្មើស លួចអារឈើ និងដឹកជញ្ជូនឈើធ្វើអាជីវកម្មក្នុងតំបន់ព្រៃឡង់ បែបអនាធិបតេយ្យ។ ពួកគេអះអាងថា មន្ត្រីនគរបាលយុត្តិធម៌រូបនេះ គ្មានភាពស្មោះត្រង់ការពារព្រៃឡង់ស្របតាមច្បាប់នោះទេ ផ្ទុយទៅវិញបែរជាប្រើអំណាច រឹតត្បិតពួកគេមិនឱ្យចុះល្បាតព្រៃឡង់។
កាលពីថ្ងៃទី១១ កុម្ភៈ សហគមន៍ព្រៃឡង់ និង ក្រុមនិស្សិតមកពីរាជធានីភ្នំពេញ បានរួមគ្នាចុះល្បាតព្រៃឡង់ បំណងស្វែងយល់ពីស្ថានភាពព្រៃឡង់ និងកត់ត្រាក្នុងឯកសារស្រាវជ្រាវ ក៏ប៉ុន្តែត្រូវបានមន្ត្រីឧទ្យានុរក្ស ទីស្នាក់ការអូរងាវ ស្រុកសណ្ដាន់ខេត្តកំពង់ធំ ហាមឃាត់ ដោយលើកហេតុផលថា ជាបញ្ជាពីថ្នាក់លើ។

ចំណែកសហគមន៍ និងក្រុមនិស្សិត នៅតែបន្តចូលព្រៃឡង់ តាមផ្លូវវៀងផ្សេងទៀតនៅថ្ងៃដដែលនោះ។ នៅពេលដែលពួកគេចូលក្នុងព្រៃឡង់ បានប្រទះឃើញគល់ឈើរាប់រយដើម នៅចំណុចវាលពពេល និងចំណុចអូរជាំរៀម ត្រូវគេកាប់បំផ្លាញធ្វើអាជីវកម្មនៅពេលថ្មីៗ។ ទីតាំងដែលក្រុមជនល្មើសកាប់ឈើនោះ ជាតំបន់ស្នូលក្នុងព្រៃអភិរក្សមួយនេះ ដែលនៅសល់ឈើធំៗច្រើនជាងគេ ជាពិសេសដើមឈើដែលអ្នកស្រុកដុតយកជ័រទឹកលក់។
ក្រុមស្នូលព្រៃឡង់ ខេត្តកំពង់ធំ លោក ម៉ិញ នី ឱ្យដឹងនៅថ្ងៃទី១៦ កុម្ភៈថា មូលហេតុដែលមន្ត្រីបរិស្ថាន ហាមពួកគេមិនឱ្យចុះល្បាត ព្រោះខ្លាចប៉ះពាល់សកម្មភាពអារឈើ និងដឹកជញ្ជូនឈើខុសច្បាប់របស់ក្រុមជនល្មើស។ លោកថា ក្រុមល្បាតរបស់សហគមន៍ ឮសំឡេងរណាយន្តអារឈើទ្រហឹងពេញព្រៃ និងមានជំរំរបស់ក្រុមជនល្មើស ដែលសង់ ដើម្បីអារឈើលក់។ លើសពីនេះ ពួកគេប្រទះឃើញកាំភ្លើងកែច្នៃមួយគ្រឿង ម៉ាស៊ីនឆក់មួយគ្រឿង សាំងពីរកាន និងអន្ទាក់សត្វមួយចំនួនទៀតក្នុងជំរំនោះ និងបានដុតបំផ្លាញចោលនៅហ្នឹងកន្លែង។ លោកបារម្ភថា មន្ត្រីបរិស្ថានដែលឈរជើងនៅតំបន់នោះ គ្មានភាពស្មោះត្រង់ការពារព្រៃឈើនោះទេ ព្រោះក្រុមជនល្មើសអាចដឹកជញ្ជូនឈើចេញពីព្រៃឡង់បាន ត្រូវឆ្លងកាត់ទីស្នាក់ការមន្ត្រីបរិស្ថាន៖ «យើងទៅដល់កណ្ដាលព្រៃម៉ាស៊ីនអារឈើ លាន់ពេញហ្នឹង។ យើងអ្នកការពារគេមិនឱ្យចូល ប៉ុន្តែក្នុងព្រៃយើងជួបប្រទះមនុស្ស គោយន្ត បរចេញ ហើយនៅខាងក្រៅគេចរាចរបរចូល គេអត់ឃាត់។ គេឃាត់តែពួកខ្ញុំ»។
សហគមន៍ព្រៃឡង់ រូបនេះបន្ថែមថា ស្ទើរជារៀងរាល់ថ្ងៃ មានគោយន្តរាប់សិបគ្រឿង និងម៉ាស៊ីនត្រង់សឺន័រជាច្រើនគ្រឿង សម្រុកអារចោះយកឈើធំៗ ធ្វើអាជីវកម្ម ពាសពេញព្រៃឡង់ស្ទើរគ្រប់តំបន់។ លោកសង្កត់ធ្ងន់ថា ក្រុមអ្នកកាប់ឈើ បានបង់លុយឱ្យមន្ត្រីបរិស្ថានទាំងនោះ ទើបអាចដឹកឈើតាមគោយន្តចេញក្រៅបាន៖ «ខ្ញុំយល់ឃើញថា សភាពការណ៍របៀបនេះខ្ញុំថា វាសនាព្រៃឡង់មិននៅទេ ដូចព្រៃបឹងពែរទៀតហើយ ដាក់ក្រសួងបរិស្ថាន។ គេបិទមិនឱ្យសហគមន៍ព្រៃឡង់ចូលដូចថា ជិះសេះលែងដៃ គ្មានអ្នកណារាយការណ៍ គ្មានអ្នកណាដឹង គេតាមចិត្តហើយ លោកគ្រូ ហើយឈើដឹកចេញរាល់ថ្ងៃ កាប់ចេញរាល់ថ្ងៃ គ្មានអីនៅ យូរឆ្នាំទៅវានឹងក្លាយរលាយដូចព្រៃបឹងពែរ»។
អាស៊ីសេរីបានព្យាយាមទាក់ទង នាយកដែនជម្រកសត្វព្រៃឡង់ខេត្តកំពង់ធំ លោក លី ស្រេង ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាននៅថ្ងៃទី១៦ កុម្ភៈ។
ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា បកស្រាយថា ក្រសួងបរិស្ថានផ្ដល់កិច្ចសហការទាំងអស់ជាមួយសហគមន៍ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលទទួលស្គាល់ដោយច្បាប់ត្រឹមត្រូវ មានការចុះឈ្មោះនៅក្រសួងមហាផ្ទៃ ឬក្រសួងពាក់ព័ន្ធ។ ចំពោះសំណួរថា បើសហគមន៍ព្រៃឡង់ ដែលមិនទាន់ចុះបញ្ជីនៅក្រសួងមហាផ្ទៃ តើពួកគាត់មានសិទ្ធិចុះល្បាតព្រៃឡង់ឬទេ? អ្នកនាំពាក្យរូបនេះឆ្លើយថា ក្រសួងបរិស្ថានបានទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិចំនួន ១៩ កន្លែងកាលពីឆ្នាំ២០១៩ មានសិទ្ធិចូលរួមអភិរក្សធនធានធម្មជាតិ។ លោកបញ្ជាក់ថា សហគមន៍ទាំង ១៩នោះ កំពុងសហការជាមួយក្រសួងបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិនៅតំបន់ព្រៃឡង់។

ប្រធានសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ លោក ស្រី ថី បង្ហាញការសោកស្តាយយ៉ាងខ្លាំង ដែលក្រសួងបរិស្ថានបណ្ដែតបណ្ដោយឱ្យមានបទល្មើសទ្រង់ទ្រាយធំ កើតមានក្នុងតំបន់ព្រៃឡង់ ធ្វើឱ្យព្រៃការពារមួយនេះ មិនសល់ដើមឈើធំៗទៀតទេនៅពេលដ៏ខ្លីខាងមុខ។ លោកថា ក្រុមល្បាតសហគមន៍បានប្រទះឃើញ គល់ឈើធំៗរាប់រយដើម ជាឈើដែលអ្នកស្រុកដុតយកជ័រទឹកលក់ចិញ្ចឹមជីវិត ត្រូវបានគេកាប់យកដើមដឹកទៅបាត់៖ «ការសំណូកសូកប៉ាន់តាមច្រក អ្នកដែលនៅតាមច្រកទ្វារតាមមន្ត្រីហ្នឹង វាឱ្យលុយតាមហ្នឹងឯង។ ការដើរល្បាតគ្រាន់តែគម្រប់កិច្ចទេ ប៉ុន្តែតាមពិតគេនៅយកលុយស្រួលបំផុតហើយ។ គេយកមួយគោយន្ត ១០ម៉ឺន និង ៥ម៉ឺន តាមតិចតាមច្រើន»។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ចាត់ទុកការហាមឃាត់ សហគមន៍មិនឱ្យចុះល្បាតព្រៃ ពីសំណាក់មន្ត្រីបរិស្ថាន ខេត្តកំពង់ធំជាទង្វើល្មើសច្បាប់ដែលមានចែងក្នុងមាត្រា ៥២៨ នៃក្រមព្រហ្មទណ្ឌ។ លោកជំរុញឱ្យសហគមន៍ប្ដឹងបរិហារ មន្ត្រីបរិស្ថានទាំងនោះ ទៅតុលាការ ព្រោះការហាមឃាត់ និងការរឹតត្បិតនេះ ជារូបភាពនៃឧក្រិដ្ឋកម្មព្រៃឈើ៖ «លោកមិនចាត់ការ ថែមទាំងទប់ស្កាត់ សកម្មភាពស្របច្បាប់របស់សហគមន៍ទៀត។ នេះហើយ នៅក្នុងក្រមព្រហ្មទណ្ឌនិយាយថា មិនបង្ក្រាបបទល្មើសឬក៏គេនិយាយពាក្យផ្លូវច្បាប់ មិនប្ដឹងបរិហារ។ អ៊ីចឹងប្រសិនជាមានសកម្មភាពហ្នឹងកើតឡើងហើយ វាជាសកម្មភាពល្មើសហើយ។ នៅពេលដែលលាក់លៀម មិនបង្ក្រាប មិនប្ដឹងបរិហារ។ មានន័យថា មន្ត្រីទាំងអស់ហ្នឹង ក្នុងក្រមព្រហ្មទណ្ឌមាត្រា ៥២៨ ល្មើសនឹងអាហ្នឹងហើយ»។
មន្ត្រីសង្គមស៊ីវិលរូបនេះ ពន្យល់ថា ពលរដ្ឋគ្រប់រូបមានសិទ្ធិពេញលេញ ចុះល្បាតព្រៃ និងការពារធនធានធម្មជាតិស្របតាមតាមរដ្ឋធម្មនុញ្ញ ប្រសិនជាមានការរាំងដោយទម្រង់ណាមួយនោះ ជាទង្វើល្មើសច្បាប់ និងរួមចំណែកប្រព្រឹត្តបទល្មើសព្រៃឈើ។
ក្រមព្រហ្មទណ្ឌមាត្រា ៥២៨ ចែងថា អាជ្ញាធរដែលមិនប្ដឹងបរិហារ នៅពេលដឹងថា មានបទល្មើសឧក្រិដ្ឋ ឬមជ្ឈិមនោះ នឹងត្រូវទទួលការផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ដល់ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀលដល់ ៦លានរៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។