ដើមឈើផលិតជ័រទឹក ដែលជាឆ្នាំងបាយរបស់ពលរដ្ឋមួយចំនួន នៅឃុំកំពង់ចាម ស្រុកសំបូរខេត្តក្រចេះ បានទទួលរងការកាប់បំផ្លាញធ្វើអាជីវកម្មទ្រង់ទ្រាយធំ អស់ជិត ១ពាន់ដើម ជាថ្មីទៀត។ ពលរដ្ឋជាម្ចាស់ដើមច្បោះបានកំណត់អត្តសញ្ញាណជនល្មើសមួយចំនួននៅមូលដ្ឋាន និងផ្ដល់ព័តមានទៅ ឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន និងអាជ្ញាធរ តែគ្មានប្រសិទ្ធភាព។
ដើមច្បោះមិនទាន់គ្រប់អាយុដុតយកជ័រទឹក មានមុខកាត់ចាប់ពី ៣តឹកឡើងទៅ និងច្បោះដែលអ្នកភូមិប្រមូលផលជាង២០ឆ្នាំមកហើយនោះ បានទទួលរងកាប់បំផ្លាញធ្វើអាជីវកម្មរឹតតែខ្លាំងឡើង នៅចំណុចអូរជាំ ក្នុងដែនជម្រកសត្វព្រៃឡង់ គ្មានការទប់ស្កាត់។
ពលរដ្ឋរស់នៅភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ថ្លែងមិនហ៊ានបញ្ចេញឈ្មោះ ព្រោះបារម្ភពីសុវត្ថិភាព ឲ្យដឹងនៅថ្ងៃទី១១ សីហាថា មនុស្សច្រើនក្រុមប្រដាប់ដោយម៉ាស៊ីនស្វ័យប្រវត្តិជិត ២០គ្រឿង បានអាររំលំឈើច្បោះ របស់ពួកគាត់អស់ជិត ១ពាន់ដើមជាថ្មីទៀត នៅរយៈពេល៣សប្ដាហ៍ចុងក្រោយនេះ។ លោកថា អ្នកភូមិដែលបានទៅដល់ទីតាំងនោះ ប្រទះគល់ធំច្បោះៗរាប់រយដើម និងចម្រៀកឈើច្បោះតិចតួច ដែលជនល្មើសអារច្រៀករួចដឹកតាមគោយន្តចេញក្រៅ។ លោកបន្ថែមថា គ្រួសារលោកបាត់បង់ដើមច្បោះជាង ១រយដើមថ្មីទៀតរួច បានផ្ដល់ដំណឹងទៅមន្ត្រីបរិស្ថានប្រចាំការតំបន់នោះ តែគ្មានពន្លឺលទ្ធផល។ លោកបន្ថែមថា ឈ្មួញខ្លះជាមន្ត្រីយោធាផង ចាំទទួលទិញឈើច្បោះក្នុងតម្លៃខ្ពស់ រួចដឹកតាមរថយន្តយីឌុបទៅក្រៅ ទំនងទៅលក់នៅប្រទេសវៀតណាម។ លោកថា ជនល្មើសខ្លះបានសារភាពថា ពួកគេចូលអារឈើបាន លុះត្រាបង់ប្រាក់ឲ្យមន្ត្រីបរិស្ថានម៉ាស៊ីនមួយគ្រឿង ២០ម៉ឺនរៀល ឬស្មើ៥០ដុល្លារ ជាថ្នូរមិនអនុវត្តច្បាប់៖ «ជនល្មើសកាប់ច្បោះជ័រពលរដ្ឋអស់អាលីង ម្តុំអូរជាំ កាប់ទាំងលើក្រោមអស់ច្រើនណាស់ ប៉ុន្មានហិកតារកាប់ឡើងពាយតែម្ដង។ និយាយរឿងមន្ត្រីបរិស្ថាន ខ្ញុំតឹងទ្រូងហ្មង លទ្ធផលអត់មានប្រសិទ្ធភាព និយាយក្រឡេចក្រឡុច ខ្ញុំឈប់ពឹងតែម្ដង»។
បុរសដដែលបន្ថែមថា ប្រសិនបើមន្ត្រីបរិស្ថាន និងសមត្ថកិច្ច មានឆន្ទៈអភិរក្សព្រៃឈើ ពួកគេច្បាស់ជាអាចបង្ក្រាបសកម្មភាពបំផ្លាញព្រៃឈើនេះបាន ព្រោះមេខ្លោងកាប់ច្បោះជិត១០នាក់ នៅមូលដ្ឋាន ក្នុងនោះមានមន្ត្រីយោធាផង អ្នកភូមិបានកំណត់អត្តសញ្ញាណអស់ហើយ និងបានស្នើឲ្យមន្ត្រីជំនាញអនុវត្តច្បាប់ តែមន្ត្រីពាក់ព័ន្ធទាំងនោះនៅតែស្ទាក់ស្ទើរ។ លោកថា ឈើមូលធំៗរួមមាន ផ្ចឹក បេង សុក្រំ និងគគីរជាដើម ក្នុងតំបន់ព្រៃឡង់ ត្រូវគេកាប់អស់ទាំងស្រុង ហើយមកទល់ពេលនេះ នៅសេសសល់តែដើមឈើផលិតជ័រទឹកតិចតួច ដែលជាដង្ហើមសេដ្ឋកិច្ចរបស់ពលរដ្ឋក៏កំពុងប្រឈមវិនាសហិនហោច៖ «ប៉ុន្មានឆ្នាំមុន ១០ឆ្នាំ មុនគេកាប់ដែរ ១ ដើម និង ២ដើម តែឥឡូវ អស់បេង នាងនួន និង សុក្រំ វាសម្រុកកាប់ច្បោះ ខ្លះទិញពីពលរដ្ឋមួយ ដើម ២ម៉ឺន និង ៣ម៉ឺន ចេះតែលក់ទៅ»។
អាស៊ីសេរីបានព្យាយាមទាក់ទងប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ លោក ដួង ឆាយសាវុធ តែទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកទទួល។ រីឯអ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព ក៏មិនអាចទាក់ទងបានដែរនៅថ្ងៃទី១១ សីហា។
អ្នកភូមិថា តំបន់ព្រៃឡង់នៅចំណុចអូរជាំ ជាជម្រកដើមឈើផលិតជ័រទឹករាប់ម៉ឺនដើម ដែលនៅសេសសល់ច្រើនជាងគេ និងជាជម្រកសត្វស្វាព្រៃច្រើនប្រភេទរស់នៅ។ ចំណុចអូរជាំ ក៏ជាជម្រកសត្វកន្ធាយកន្ទុយកង្កែប ដែលជាប្រភេទសត្វកម្រជិតផុតពូជពងកូន និងរស់នៅ តែបើដើមច្បោះវិនាសហិនហោចមែននោះ សត្វកម្រទាំងនោះនឹងផុតពូជដែរ។
ក្រុមស្នូលសហគមន៍ការពារព្រៃឡង់ ខេត្តក្រចេះ ថ្លែងសុំលាក់អត្តសញ្ញាណ កត់សម្គាល់ថា ពាក្យបណ្ដឹងរបស់អ្នកភូមិរាប់មិនអស់ ប្ដឹងឲ្យអាជ្ញាធរ និងមន្ត្រីបរិស្ថាន ការពារដើមច្បោះរបស់ខ្លួន តែគ្មានប្រសិទ្ធភាពនោះទេ ជាយូរណាស់មកហើយ ធ្វើឲ្យអ្នកភូមិអស់ជំនឿ។ លោកថា មន្ត្រីអនុវត្តច្បាប់ព្រៃឈើសុទ្ធសឹង តែក្រោមបញ្ជាមន្ត្រីគណបក្សកាន់អំណាច នៅគ្រាដែលពួកគេអនុវត្តច្បាប់ខ្លាំង ត្រូវមន្ត្រីបក្សស្តីបន្ទោសថា ប៉ះពាល់ដល់កិត្តិយសគណបក្សប្រជាជន។ លោកគ្មានសង្ឃឹមបន្តិចសោះថា អាជ្ញាធរដោះស្រាយរឿងនេះជូនពលរដ្ឋ ព្រោះឥទ្ធិពលអ្នកកាប់ឈើហាក់គ្រប់ដណ្ដប់លើអាជ្ញាធរអនុវត្តច្បាប់ពាក់ព័ន្ធ៖ «វាពិបាកមែនទែន រាល់ថ្ងៃអំណាចមកលើតែអាជ្ញាធរ នៅពេលយើងចុះអ៊ីចឹងទៅបែកការណ៍។ នៅគ្រាយើងមិនរាយការណ៍ប្រាប់គេ ហ្នឹងគេរករឿងយើង។ មន្ត្រីអនុវត្តការងារសុទ្ធក្រោមមន្ត្រីបក្ស។ សូម្បីមុនបោះឆ្នោត អត់ឲ្យសហគមន៍ឃាត់ទេ ខ្លាចប៉ះពាល់សន្លឹកឆ្នោត»។
សហគមន៍ការពារព្រៃឡង់អង្កេតឃើញថា ប្រាក់ចំណូលរបស់ពលរដ្ឋរស់នៅក្បែរតំបន់ព្រៃឡង់ បានធ្លាក់ចុះខ្លាំង ដោយសារដើមច្បោះពួកគាត់បានបាត់បង់ស្ទើរទាំងស្រុង ម្យ៉ាងទៀតអាជ្ញាធរតែងតែធ្វើទុក្ខបុកម្នេញ លើពលរដ្ឋណា ដែលចេញមុខឈឺឆ្អាលរឿងបទល្មើសព្រៃឈើ។
អ្នកភូមិចាត់ទុកឆ្នាំ២០១៨ ទើបតែបោះឆ្នោតរួចនៅអាណត្តិទី០៦នេះ ជាវិនាសកម្មដើមឈើផលិតជ័រទឹក ក្នុងដែនជម្រកសត្វព្រៃ ឡង់ទ្រង់ទ្រាយធំ។
កន្លងទៅពលរដ្ឋរស់នៅឃុំកំពង់ចាម ធ្លាប់ដាក់ពាក្យប្ដឹងឈ្មួញឈើ និងក្រុមហ៊ុនស៊ីបាយអូថេក (Ci-Biotech) ច្រើនសាពីបទកាប់បំផ្លាញដើមឈើផលិតជ័រទឹកអស់ច្រើនរាប់ពាន់ដើម តែរហូតមកទល់ពេលនេះ មានពលរដ្ឋមិនដល់១០គ្រួសារទេ ដែរទទួលបានសំណងតិចតួច ជំនួសពីការបាត់បង់ដើមច្បោះជ័ររបស់ខ្លួន ដែលធ្លាប់ទទួលផលពីការដុតយកជ័រទឹកលក់ក្នុងមួយខែៗច្រើនលានរៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។