អង្គការមិនមែនរដ្ឋាភិបាល ផ្នែកអភិរក្សបរិស្ថានបញ្ជាក់ថា បទល្មើសព្រៃឈើនៅតើបន្តកើតឡើងយ៉ាងពេញបន្ទុក នៅតាមជួរភ្នំក្រវាញកណ្ដាល ចាប់ពីខេត្តពោធិ៍សាត់ កំពង់ស្ពឺ និងខេត្តកោះកុង។ប៉ុន្តែ មន្ត្រីមន្ទីរបរិស្ថានទាំងខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍ច្រានចោលការចោទប្រកាន់នេះ។
ក្រុមអ្នកស្រលាញ់បរិស្ថាន ផ្នែកសង្គមស៊ីវិល ឲ្យដឹងថា បច្ចុប្បន្នឈ្មួយឈើធំៗដែលសុទ្ធសឹងតែមន្ត្រីកងរាជអាវុធហត្ថ និងឧកញ៉ា នៅតែបន្តសម្រុកកាប់ និងដឹកចេញពីជួរភ្នំក្រវាញកណ្ដាលទៅលក់ប្រទេសវៀតណាម តាមច្រកទាន់ហន់ខេត្តកំពត យ៉ាងគគ្រឹកគគ្រេង។
ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់បំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ លោក ជា ហ៊ាន ត្អូញត្អែរថា ពេលនេះឈ្មួញហាក់បានដៃកាន់តែខ្លាំង ក្នុងការកាប់បំផ្លាញធនធានធម្មជាតិ។ លោកបន្តថា ការប្រឈមរបស់អង្គការមិនមែនរដ្ឋាភិបាលពេលនេះ គឺការចេញសារាចររបស់ក្រសួងបរិស្ថានដែលបញ្ញត្តិមិនឲ្យ អ្នកល្បាតព្រៃឈើចុះទប់ស្កាត់មុន ជូនដំណឹងដល់មន្ត្រីជំនាញព្រៃឈើរបស់រដ្ឋាភិបាល។ លោក ជា ហ៊ាន លើកឡើងថា មូលហេតុនេះហើយ ដែលកាន់តែលើកទឹកចិត្តឲ្យឈ្មួយ បានដៃបន្ថែមទៀត ក្នុងការកាប់ព្រៃឈើ៖ «ដូចជាមិនមានវិធានការណ៍ទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាពស្របតាមបទបញ្ជា និងសារាចររបស់រាជរដ្ឋាភិបាលទេដោយសារមន្ត្រីនៅថ្នាក់ក្រោមមានការលាក់បាំង។ ហើយខ្ញុំក៏ជួបឧបសគ្គជាច្រើននៅពេលដែលយើងចុះល្បាតតម្រូវឲ្យយើងជូនដំណឹងទៅមន្ទីរបរិស្ថាន ហើយកំណត់ទីតាំង និងកំណត់ពេលវេលា។ ដូច្នេះបើសិនជាធ្វើបែបហ្នឹងគឺមិនអាចបង្ក្រាបបទល្មើសបានទេ។ នៅពេលដែលយើងផ្ដល់ព័ត៌មានថាចុះទៅដល់មន្ទីរអ៊ីចឹងគេនឹងផ្ដល់ព័ត៌មានទៅឲ្យជនល្មើសហើយ អ៊ីចឹងទេយើងមានការលំបាកក្នុងការចុះល្បាតណាស់។ បទល្មើសព្រៃឈើមិនថយចុះទេ»។
អង្គការផ្នែកបរិស្ថានរកឃើញថា ក្នុងមួយថ្ងៃៗឈើដឹកចេញពីជួភ្នំក្រវាញកណ្ដាលនេះ មិនតិចជាង ១០០ម៉ែត្រគីបទេ។
ដោយឡែក អ្នកដែលស្ថិតនៅពីក្រោយនៃការកាបបំផ្លាញនេះ គឺជាមន្ត្រីកងរាជអាវុធហត្ថនៅក្នុងខេត្តកំពង់ស្ពឺ និងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ជាដើម។ ប៉ុន្តែ កម្លាំងប្រដាប់អាវុធទាំងនេះ មិនមែនជាអ្នកដែលអនុវត្តការកាប់បំផ្លាញដោយផ្ទាល់ទេ ពោលឈើដែលកាប់បានទាំងនោះ គឺតាមរយៈការជួលឲ្យពលរដ្ឋនៅក្នុងមូលដ្ឋានកាប់បន្ត។ ក្រោយពេលកាប់បានហើយ អនុផលព្រៃឈើនេះត្រូវប្រមូលដឹកចេញពីតំបន់ចំនួន ៣ រួមមាន ច្រកអូរត្រាវ និងច្រកជាំ ស្ថិតក្នុងខេត្តពោធិ៍សាត់ និងខេត្តកោះកុង។
នៅមានច្រកសំខាន់មួយទៀត គឺដឹកចេញពីឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ក្រោយកាប់រួច អនុផលព្រៃឈើទាំងនេះ ត្រូវដឹកចូលទៅប្រទេសវៀតណាម តាមច្រកទាន់ហន់ ខេត្តកំពត ដែលមានជនជាតិវៀតណាមឈ្មោះ សឺរ ស ត្រូវជាកូនប្រសារបស់មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជាអ្នកឈរជើងទិញ។
ឆ្លើយតបនឹងការចោទប្រកាន់នេះ ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ លោក ប៉ាន់ មរកត ទទួលស្គាល់ថា ពិតជាមានបទល្មើសកើតឡើងមែន។ ប៉ុន្តែមន្ត្រីជំនាញរូបនេះ អះអាងថា បទល្មើសព្រៃឈើដែលនៅតែកើតឡើងនេះ ហើយមិនអាចទប់ស្កាត់បាននោះ ពីព្រោះនេះជាតម្រូវការចាំបាច់របស់ពលរដ្ឋនៅក្នុងមូលដ្ឋាន រកគ្រាន់តែដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ៖ «ខ្ញុំ ដឹងប៉ុន្តែបច្ចុប្បន្នយើងធ្វើការងារបង្ក្រាបបទល្មើសទាំងរុករានព្រៃអីហ្នឹងទាំងអស់ហ្នឹង។ វាមិនមែនបានន័យថាយើងបង្ក្រាបទៅឲ្យអស់បានទេ ករណីប្រជាពលរដ្ឋយើងគាត់នៅតែអាស្រ័យផលហើយនិងប្រើប្រាស់ធនធានធម្មជាតិពីសហគមន៍។ អ៊ីចឹងយើងទទួលស្គាល់ថាបទល្មើសពិតជាមានការកើតឡើង»។
ផ្ទុយពីការលើកឡើងនេះ លោក អ៊ូច ឡេង ប្រធានអង្គការផ្នែកអភិរក្សបរិស្ថានយល់ឃើញថា នេះគឺជាការឆ្លើយដោះសារ ដើម្បីយករួចខ្លួនពីបទល្មើស ដែលខ្លួនបានរួមចំណែកប្រព្រឹត្តប៉ុណ្ណោះ។ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង បញ្ជាក់ថា បទល្មើសព្រៃឈើបច្ចុប្បន្ននេះ គឺមិនមែនជាពលរដ្ឋទេអ្នកប្រព្រឹត្តនោះ ផ្ទុយទៅវិញ សហគមន៍គ្រាន់តែជាឈ្នាន់សម្រាប់មន្ត្រីដែលស្និតនឹងរដ្ឋាភិបាល ជាអ្នកពាក់ព័ន្ធបំផ្លាញព្រៃឈើស្រុកខ្មែរខ្លាំងជាងគេបំផុត។ជាងនេះទៀត ឈ្មួយឧក្រិដ្ឋព្រៃឈើទាំងនោះ គឺជាក្រុមមនុស្សថ្នាក់កំពូលៗថែមទៀតផង ហើយអ្នកខ្លះបានយកព្រៃឈើប្រកបមុខរបរ ធ្វើមានធ្វើបាន រហូតក្លាយជាឧកញ៉ា ក៏មានថែមទៀត៖ «អត់មានលក្ខណៈប្រជាពលរដ្ឋក្រីក្រជាអ្នករកស៊ីទេ វាសុទ្ធតែមានលក្ខណៈជាប្រព័ន្ធរបស់ឈ្មួយឲ្យកម្មករគាត់លួចដឹកជញ្ជូនតាមឡានធំៗ ឬក៏តាមម៉ូតូ ដូចជាឧកញ៉ា ត្រឹង និងឈ្មួយតាម៉ៅនៅក្រវាញជាដើម។ និយាយទៅឈ្មួយដដែលៗទេ ស្ទើរតែដុះស្លែទៅហើយ។ អ្នកខ្លះជាប់គុកម្ដងពីរដងចាប់លែងៗទៅហើយនៅតែមុខដដែលហ្នឹង អត់មានការបង្ក្រាបឲ្យបានម៉ត់ចត់ទេ»។
ក្រុមអង្គការមិនមែនរដ្ឋាភិបាលផ្នែកបរិស្ថាន និងសហគមន៍ព្រៃឈើរកឃើញថា តំបន់ស្នូលព្រៃឡង់ តំបន់អភិរក្សកន្ទុយនាគ ឧទ្យានជាតិគិរីក្នុងកំពង់ស្ពឺ និងឧទ្យានជាតិវរជ័យក្នុងខេត្តព្រះវិហារជាដើម រួមទាំងជួរភ្នំក្រវាញកណ្ដាលផង ត្រូវបានមនុស្សដែលស្និតនឹងគណបក្សប្រជាជនកម្ពុជា កាប់បំផ្លាញស្ទើរគ្មានសល់ទៀតនោះទេ។ បើទោះជាបែបណា ការវិនាសកម្មព្រៃឈើនេះ សង្គមស៊ីវិល រកឃើញថា មានជាប់ទាក់ទិនខ្លាំងបំផុត គឺកងកម្លាំងរាជអាវុធហត្ថ ឧកញ៉ា មន្ត្រីបរិស្ថាននៅតាមគោលដៅ និងអង្គការអភិរក្សសត្វព្រៃ ឬវ៉ាយអេត (Wild Aid) ប្រចាំនៅតំបន់ជួរភ្នំក្រវ៉ាញ ជាដើមដែលរួមចំណែកក្នុងការធ្វើឲ្យមានបទល្មើសព្រៃឈើកើតឡើងខ្លាំងជាងគេ តាមរយៈអំពើពុករលួយ។
ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ លោក ឈឺន សុធន បដិសេធការចោទប្រកាន់ថា មន្ត្រីបរិស្ថានមានជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើទាំងនេះ។ លោកបន្តថា ក្រុមមន្ត្រីបរិស្ថាន ប្រឹងការពារសម្បើមណាស់ ក្នុងការបង្ក្រាបបទល្មើសព្រៃឈើទាំងនោះ ប៉ុន្តែដោយសារកម្លាំងមិនគ្រប់គ្រាន់ ក្នុងល្បាតទើបជំរុញឲ្យមានភាពចន្លោះប្រហោងខ្លះកើតឡើង៖ «អូរ អត់ទេបងយើងកំពុងតែអនុវត្តច្បាប់ហើយនេះ។ មន្ត្រីយើងវាតិចពេកដូចទឹកហូរអ៊ីចឹង វានៅខ្វះចន្លោះឲ្យតែមានកន្លែងវានឹងជ្រៀតចូលទៅហ្នឹង។ ការពារតែក្នុងដែនរបស់យើងទេ ព្រោះតំបន់អស់ហ្នឹងដូចអត់មានអីត្រូវកាប់ទៀតទេ។ វាអាចហូរចូលមកពីកោះកុង និងខេត្តពោធិ៍សាត់អីជាដើម។យើងកំពុងតែអនុវត្តច្បាប់ហើយ»។
ផ្ទុយពីការឆ្លើយការពាររបស់មន្ត្រីទទួលបន្ទុកបរិស្ថាន ពីខាងរដ្ឋាភិបាលនេះ គេសង្កេតឃើញថា ក្នុងមួយយប់ៗ រថយន្តប្រភេទយីឌុប ជាច្រើនគ្រឿងបន្តដឹកចេញតាមច្រកនៅក្នុងឃុំចំបក់ស្រុក ខេត្តកំពង់ស្ពឺ ឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ របស់មន្ត្រីបរិស្ថានដោយពុំមានឧបសគ្គអ្វីឡើយ។ អ្នកភូមិអះអាងថា រថយន្តឈ្មួយទាំងទាំងនោះ ដែលអាចដឹកបានគឺត្រូវឆ្លងកាត់ការបង់លុយជាប្រចាំ ឲ្យស្នាក់ការបរិស្ថាន និងមេព្រៃ ក្រោមហេតុផលថា ត្រួតពិនិត្យព្រៃឈើ។ តួលេខនេះ នៅមិនទាន់គិតដល់ច្រកដែលនាំឈើចេញដទៃទៀនៅឡើយផង ដូចជាច្រកអូរត្រាវ នៅខេត្តពោធិ៍សាត់ និងនៅក្នុងខេត្តកោះកុងនៅឡើយផង។ លោក ឆេង ឡុង ដែលជាសេនាធិការរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងលោក ប្រាក់ ស៊ីឡេង ដែលជាមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ដែលស្ថិតនៅក្នុងបញ្ជីរួមចំណែកប្រព្រឹត្តអំពើពុករលួយ និងការកាប់បំផ្លាញព្រៃឈើដោយផ្ទាល់ បដិសេធក្នុងអត្ថាធិប្បាយ។ ប៉ុន្តែ ជំនួយការ ឬជាមេការរបស់លោក ឆេង ឡុង ជាមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ច្រានចោលការចោទប្រកាន់នេះ។
លោក អ៊ូច ឡេង ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា មិនមានជំនឿថា មន្ត្រីជំនាញបរិស្ថាន របស់រដ្ឋាភិបាលទប់ស្កាត់បាននោះឡើយ។ លោកបន្តថា បទល្មើសព្រៃឈើនេះ ប្រសិនបើមិនបានបើកភ្លើងខៀវពីរដ្ឋាភិបាលទេ គឺមិនអាចដំណើរការទៅបានដោយស្រួលឡើយ។ លោក អ៊ូច ឡេង យល់ឃើញថា ថវិកាដែលបានមកពីអំពើពុករលួយតាមរយៈអនុផលព្រៃឈើទាំងនេះ ទំនងត្រូវសែនព្រេនឲ្យរដ្ឋាភិបាលដែរ ទើបអាចប្រកបមុខរបរបានដោយរលូនបែបនេះ ព្រោះអ្នកប្រព្រឹត្តភាគច្រើន គឺជាមនុស្សដែលស្និតនិងរដ្ឋាភិបាលទាំងអស់ គួបផ្សំនិងប្រព័ន្ធតុលាការគ្មានប្រសិទ្ធភាពផង៖ «ការរឹតបន្តឹងច្បាប់របស់រដ្ឋាភិបាលហ្នឹងគឺវាធូររលុងហើយបណ្ដោយឲ្យឈ្មួយឈើហ្នឹងដែលឈ្មួយទាំងអស់ហ្នឹងមាននិន្នាការទៅដល់គណបក្សកាន់អំណាចជាដើម ដែលពួកគាត់សុទ្ធតែមានអំណាចនៅក្នុងជួររដ្ឋាភិបាល។ឈ្មួយទាំងអស់ហ្នឹងមិនមានអ្នកណាហ៊ានទៅប៉ះពាល់ ឬក៏មានការជួយសម្រួលមានតុលាការអីហ្នឹងជាដើមគឺមានការពន្យារពេល មិនត្រូវបានចាប់ឈ្មួញ - ឧកញ៉ាទាំងអស់នោះដាក់ទោសទណ្ឌឲ្យបានតឹងរ៉ឹង ឬរឹបអូសទ្រព្យសម្បត្តិមកជាទ្រព្យសម្បត្តិរបស់រដ្ឋនៅឡើយទេ»។
លោក ហ៊ុន សែន ធ្លាប់ព្រមានកាត់ក្បាលលោកចោល ប្រសិនបើទប់ស្កាត់បទល្មើសព្រៃឈើមិនបានទេ។ ក្នុងពេលព្រៃឈើកាន់តែជិតអស់ ហើយចាប់អ្នកបំផ្លាញព្រៃឈើមិនទាន់បានទប់ស្កាត់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់ប្រកាសការពារព្រៃឈើបន្តទៀត។ ប៉ុន្តែយុទ្ធសាស្ត្រ រហូតធ្វើឲ្យប្រធានគណបក្សប្រជាជនកម្ពុជា គំរាមបាញ់រ៉ុកកែតផងនោះ ហាក់មិនបានធ្វើឲ្យឧក្រិដ្ឋជនព្រៃឈើ ខ្លាចរអានឹងការព្រមានរបស់លោក ហ៊ុន សែន នេះទេ។
ស្របពេលរដ្ឋាភិបាល ចាប់ផ្ដើមប្រើវិធីសាស្ត្រកម្ចាត់បក្សប្រឆាំង ចេញពីឆាកនយោបាយលោក អ៊ូច ឡេង ឲ្យដឹងថា ឈ្មួយក៏សម្រុកដឹកឈើកាន់តែខ្លាំងឡើងណាស់ដែរ។
អ្នកជំនាញផ្នែកបរិស្ថាន របស់អង្គការមិនមែនរដ្ឋាភិបាល បានប៉ាន់ប្រមាណថា សព្វថ្ងៃនេះព្រៃឈើដែលកំពុងគ្របដណ្ដប់នៅក្នុងប្រទេសកម្ពុជានៅសល់ប្រហែល ១៥ភាគរយទៀតប៉ុណ្ណោះ និងត្រូវបាត់បង់ជាស្ថាពរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។