ក្រុមយុវជន និងនិស្សិតបង្ហាញក្ដីបារម្ភជាថ្មីទៀត ពីជោគវាសនាព្រៃព្រះរកាថា នឹងអាចវិនាសហិនហោច បើក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ នៅតែបណ្ដោយឱ្យពលរដ្ឋនៅមូលដ្ឋានលួចកាប់ឈើធំៗ ក្នុងព្រៃអភិរក្សមួយនេះជាបន្តបន្ទាប់។ ពួកគេបង្ហាញកង្វល់បែបនេះ ក្រោយពីបានចុះល្បាតព្រៃព្រះរកា រយៈពេល ៣ថ្ងៃ កាលពីសប្ដាហ៍មុន ក្នុងបំណងស្វែងយល់ពីស្ថានភាពព្រៃអភិរក្សមួយនេះ និងប្រសិទ្ធភាពការងាររបស់មន្ត្រីពាក់ព័ន្ធ។
ក្រុមយុវជន និងនិស្សិតមួយក្រុម មើលឃើញថា ក្រសួងបរិស្ថាននៅតែឆកល្វែង ក្នុងការអនុវត្តច្បាប់ព្រៃឈើឱ្យបានតឹងរ៉ឹងក្នុងដែនជម្រកសត្វព្រៃព្រះរកា ដែលជាហេតុធ្វើឱ្យព្រៃការពារធម្មជាតិមួយនេះ ទទួលរងការកាប់ផ្ដួលឈើធំៗបន្តិចម្ដងៗ បណ្តាលឱ្យប៉ះពាល់ជីវភាពប្រជាជន មានបម្រែបម្រួលអាកាសធាតុ និងបាត់បង់សត្វព្រៃជាដើម។ ពួកគេសង្កេតឃើញថា ក្រុមជនល្មើសភាគច្រើន ជាពលរដ្ឋនៅមូលដ្ឋាន បានចាប់យកមុខរបរ អារឈើលក់ចិញ្ចឹមជីវិត។
ការអះអាងបែបនេះ គឺបន្ទាប់ពី ក្រុមយុវជនជិត ២០នាក់ រួមជាមួយសហគមន៍មូលដ្ឋាន និងឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន បានចុះល្បាតព្រៃព្រះរកា នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កាលពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២១ ខែតុលា។ ពួកគេបានប្រទះឃើញឈើមូលធំៗជាង ១០ដើម ត្រូវគេកាប់ផ្តួល នៅសល់តែគល់ និងមានឈើខ្លះទៀតត្រូវគេអារច្រៀកថ្មីៗទើបតែដឹកចេញក្រៅ។ ពួកគេបានឃាត់ចាប់ជនសង្ស័យ ២នាក់ ករណីបរបាញ់សត្វព្រៃខុសច្បាប់ និងរឹបអូសជ្រូកព្រៃពីរក្បាល សត្វឈ្លូស១ក្បាល និងរឹបអូសរណារយន្ត១គ្រឿង ប្រគល់ជូនឆ្មាំអភិរក្ស។
ក្រុមយុវជនដែលចុះស្រាវជ្រាវរឿងនេះ មកពីរាជធានីភ្នំពេញ លោក ម៉ា ចិត្រា ឱ្យដឹងនៅថ្ងៃទី២៦ តុលា ថា ព្រៃអភិរក្សមួយនេះ នឹងមិនគង់វង្សយូរអង្វែងទេ បើក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ ពុំមានភាពច្បាស់លាស់ការពារ។ លោកមើលឃើញថា រូបភាពនៃការកាប់ផ្ដួលឈើធំៗ ធ្វើអាជីវកម្ម នៅតែកើតមានជាបន្តបន្ទាប់ ជាទ្រង់ទ្រាយតូចៗ ដែលប្រព្រឹត្តឡើងដោយពលរដ្ឋនៅមូលដ្ឋាន។ រីឯសមត្ថភាពបង្ក្រាបបទល្មើសព្រៃឈើ របស់អាជ្ញាធរវិញ លោកថា នៅមានភាពធូររលុងច្រើន៖ «រដ្ឋាភិបាលដាក់ចេញវិធានការក្តៅមួយរយៈពេលមុន វាគ្រាន់តែជាការកាត់បន្ថយទេ ប៉ុន្តែបើជាជាប់លាប់ វាមិនអាចទៅរួចទេ ព្រោះអីដូចខ្ញុំបានចុះទៅឃើញផ្ទាល់ ការកាប់បំផ្លាញព្រៃនៅតែបន្តកើតមាន។ ខ្លាចតែមួយរយៈពេលខ្លី បន្ទាប់ពីពេលមួយរយៈខ្លីទៅ វិធានការហ្នឹងចាប់ផ្ដើមសាបម្តងបន្តិចៗ វាធ្វើឱ្យបញ្ហាកាប់ឈើនៅតែកើតមាន»។
ទោះជាយ៉ាងណា នាយកដែនជម្រកសត្វព្រៃព្រះរកា លោក យ៉ាន ប៊ុនធឿន បដិសេធថា បច្ចុប្បន្នពុំមានសកម្មភាពកាប់ឈើទ្រង់ទ្រាយធំនោះទេ ក៏ប៉ុន្តែលោកទទួលស្គាល់ថា មានការកាប់ឈើបន្តិចបន្តូច ប្រព្រឹត្តឡើងដោយពលរដ្ឋនៅមូលដ្ឋានដើម្បីធ្វើផ្ទះ។ លោកបញ្ជាក់ថា ព្រៃអភិរក្សនេះ ឆ្មាំអភិរក្សបានយាមល្បាតយ៉ាងប្រុងប្រយ័ត្ន មិនអនុញ្ញាតឱ្យយករណាយន្តចូល ទៅអារឈើធ្វើអាជីវកម្មបែបអនាធិបតេយ្យទៀតនោះទេ៖ «ឥឡូវអត់មានទេ មានតែពលរដ្ឋគាត់កាប់គ្រឿងផ្ទះ គាត់ចេះតែលួចគាត់អត់សុំច្បាប់ តែបើអនាធិបតេយ្យអត់មានទេ ក្នុងដីព្រៃព្រះរកាឥឡូវបច្ចុប្បន្នហ្នឹង»។
លោក ម៉ា ចិត្រា បន្ថែមថា លោកមិនស្ងប់អារម្មណ៍ទាល់តែសោះ ពីប្រសិទ្ធភាពការងាររបស់មន្ត្រី បរិស្ថានក្នុងកិច្ចការពារព្រៃអភិរក្សមួយនេះ ព្រោះដើមឈើធំៗ ដូចជាបេង ធ្នង់ នាងនួន គ្រញូង និង ផ្ចឹកជាដើម បានបាត់បង់អស់ទាំងស្រុងហើយ។ លោកថា បច្ចុប្បន្ននៅសល់តែដើមឈើទាល គ ស្រឡៅ និងផ្ដៀកជាដើម ប៉ុន្តែក្រសួងនៅតែគ្មានវិធានការទប់ទល់ និងការពារឱ្យគង់វង្ស សូម្បីតែដើមច្បោះជ័រអ្នកស្រុក ដែលអ្នកភូមិដុតយកជ័រទឹកលក់ នៅតែបាត់បង់អស់ជាបន្តបន្ទាប់៖ «ព្រៃហ្នឹងវាអត់គង់វង្សទៅថ្ងៃអនាគតទេ ប្រសិនជាកិច្ចការរាល់ថ្ងៃនេះ គ្រាន់តែជាការពន្យារពេលនៃការកាប់ទេ។ ប្រសិនជាសហគមន៍ចុះទៅ ៣ថ្ងៃ អាចថា ពន្យារពេលបាន ៣ថ្ងៃ នៃការកាប់បំផ្លាញព្រៃឈើពីសំណាក់ក្រុមជនខិលខូច។ អាជ្ញាធរពាក់ព័ន្ធគួរតែមានវិធានការជាប្រចាំចុះល្បាត»។
មន្ត្រីតស៊ូមតិនៃអង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ ចាត់ទុកការលើកឡើងរបស់ក្រុមយុវជន ជារឿងត្រឹមត្រូវ ខណៈបច្ចុប្បន្នបទល្មើសកាប់ឈើនៅតែកើតមានទ្រង់ទ្រាយតូចៗ ធ្វើឡើងដោយពលរដ្ឋនៅមូលដ្ឋាន។ លោកថា ឈើដែលក្រុមពលរដ្ឋកាប់ចេញពីព្រៃព្រះរកា ពុំមែនជាឈើសម្រាប់ធ្វើផ្ទះនោះទេ ប៉ុន្តែជាឈើសម្រាប់លក់ឱ្យឈ្មួញកណ្ដាលដែលចាំទទួលទិញនៅមូលដ្ឋាន៖ «មន្ត្រីជំនាញលោកយល់ថា ការកាប់ឈើរបស់ពលរដ្ឋជាការកាប់ធ្វើផ្ទះ ខ្ញុំមើលទៅមិនដូចអ្វីដូចការលើកឡើងរបស់មន្ត្រីអភិរក្សទេ។ ប៉ុន្តែអ្វីដែលខ្ញុំព្រួយបារម្ភខ្លាំង ហេតុអ្វីបានសកម្មភាពល្មើសនៅតែកើតមាន ព្រោះបទបញ្ជារដ្ឋាភិបាលមានវិធានការក្ដៅ តើវាអាចចេញប្រឡោះណា ? ដែលមន្ត្រីអនុរក្សបានធ្វើឱ្យកើតមានបន្តទៀត»។
ព្រៃព្រះរកា មានទំហំជាង ៩៦.០០០ហិកតារ នៅចន្លោះព្រំប្រទល់ស្រុកចំនួន៣ គឺស្រុកត្បែងមានជ័យ ស្រុកជាំក្សាន្ត និងស្រុកឆែប របស់ខេត្តព្រះវិហារ។ មកទល់ពេលនេះ ព្រៃអភិរក្សមួយនេះ មានឆ្មាំអភិរក្ស ១៤នាក់ និងធ្វើការសហការជាមួយអាជ្ញាធរដែនដី សហគមន៍ និងសមត្ថកិច្ចចម្រុះ ដើម្បីចុះល្បាត និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។