សហគមន៍ព្រៃឡង់ខេត្តព្រះវិហារថា សកម្មភាពកាប់ឈើក្នុងព្រៃអភិរក្សបានកម្រើកឡើងវិញ
2019.10.21
សហគមន៍ព្រៃឡង់ខេត្តព្រះវិហារអះអាងថា សកម្មភាពកាប់ និងដឹកជញ្ជូនឈើ ក្នុងដែនជម្រកសត្វព្រៃឡង់ នៅតែកើតមានជាហូរហែ ដោយមានថៅកែចាំទទួលទិញឈើ ពីក្រុមកម្មករនៅមូលដ្ឋាន។ ចំណែក សកម្មភាពបរបាញ់សត្វព្រៃ និងការដាក់អន្ទាក់ចាប់សត្វព្រៃខុសច្បាប់ ក្នុងតំបន់ព្រៃការពារធម្មជាតិមួយនេះ ក៏កំពុងកើតមានច្រើនដែរ។
សហគមន៍ការពារព្រៃឡង់ខេត្តព្រះវិហារ ឱ្យដឹងនៅថ្ងៃទី២០ ខែតុលាថា ឈើមូលធំៗ ប្រភេទ គគីរ ផ្ចឹក និងឈើទាល មានមុខកាត់ ៥តឹកឡើងទៅ ឋិតនៅចំណុចអូរធ្នង់ ឃុំធ្មា ស្រុកជ័យសែន ក្នុងដែនជម្រកសត្វព្រៃឡង់ កំពុងទទួលរងការកាប់រំលំធ្វើអាជីវកម្មអស់ជាបន្តបន្ទាប់ កម្រមានការអនុវត្តច្បាប់។ សហគមន៍ត្អូញថា ពួកគេជួបការលំបាកក្នុងការចុះល្បាតព្រៃ ស្របពេលដែលក្រុមជនល្មើស មានអាវុធច្នៃ បានធ្វើសកម្មភាព បរបាញ់សត្វព្រៃ និងលួចកាប់ឈើ។
ក្រុមស្នូលព្រៃឡង់ ខេត្តព្រះវិហារ លោក ខេម សុខី ប្រាប់អាស៊ីសេរីថា ក្រុមកម្មករប្រដាប់ដោយរណារយន្ត និងកាំភ្លើងច្នៃ លួចចូលអារឈើនៅពេលយប់ នៅចំណុចអូរធ្នង់ រួចដឹកតាមគោយន្តឆ្លងកាត់ទីស្នាក់ការមន្ត្រីបរិស្ថាន នៅចំណុចស្រែវាល។ លោកថា ក្រុមជនល្មើសបានអារឈើជាបន្ទះក្តារ និងច្រៀកជាសន្លឹកៗ ក្នុងព្រៃ រួចដឹកលក់ឱ្យថៅកែចាំទទួលទិញនៅមូលដ្ឋាន។ ចំណែកមន្ត្រីបរិស្ថានដែលឈរជើងនៅទីនោះ មិនបានរារាំងក្រុមអ្នកដឹកឈើខុសច្បាប់ទាំងនេះទេ៖ «នៅតែកាប់នៅឡើយទេឈើ ដោយសារមានថៅកែគេដាក់ជួលនៅហ្នឹង។ ច្រើនដើមណាស់ តែកំពុងតែអារមុនៗ វាច្រើនដើម។ ឈើនៅសល់តាមគល់ទៀត។ ដេកយប់ឡើងនៅតែឮសំឡេងម៉ាស៊ីន គេអារតែពេលយប់ទេ»។
បុរសដដែលបន្ថែមថា កាលពីប៉ុន្មានថ្ងៃមុន ក្រុមល្បាតបានប្រទះឃើញ ឈើគគីរ ផ្ដៀក និងឈើទាលជាច្រើនដើម ត្រូវបានគេកាប់ផ្ដួល នៅសល់គល់ និងមានឈើខ្លះទៀតត្រូវគេអារច្រៀកជាបន្ទះក្តារ មិនទាន់ដឹកចេញក្រៅ។ លើសពីនេះ ក្រុមល្បាតបានឃាត់ចាប់រណារយន្ត ១គ្រឿង និងអាវុធច្នៃ ២ដើម និងបានផ្តល់ព័ត៌មានទាំងនេះ ទៅឆ្មាំអភិរក្ស ដើម្បីអនុវត្តច្បាប់៖ «ពួកខ្ញុំព្រួយបារម្ភការអនុវត្តច្បាប់មានចន្លោះប្រហោងច្រើន។ ចេះតែមានកើតឡើង ដោយសារជួបបទល្មើសជាក់ស្ដែងហើយ យើងអត់យកបទល្មើសទៅផ្ដន្ទាទោសតាមច្បាប់។ គ្រាន់តែដកវត្ថុតាងហើយ ឱ្យជនល្មើសទៅវិញ»។
អាស៊ីសេរីបានព្យាយាមទាក់ទងប្រធានស្នាក់ការស្រែវាល នៃក្រសួងបរិស្ថាន លោក លឹម វណ្ណៈ ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន។
ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា ក៏មិនលើកទូរស័ព្ទដែរនៅថ្ងៃនេះ។
ប្រធានសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ លោក ស្រី ថី បារម្ភថា សហគមន៍ជួបកាលំបាកចុះល្បាតព្រៃ ដោយសារក្រុមជនល្មើសមានកាំភ្លើងច្នៃ គំរាមកំហែងអាយុជីវិតរបស់ពួកគេនៅគ្រាចុះល្បាតព្រៃម្ដងៗ។ លោកថា ការបរបាញ់សត្វព្រៃ ការដាក់អន្ទាក់ និងសកម្មភាពកាប់ឈើនៅតែកើតមានជាហូរហែ។ ហេតុនេះលោកអំពាវនាវឱ្យក្រសួងបរិស្ថាន រកមធ្យោបាយដោះស្រាយរឿងនេះជាបន្ទាន់ បើពុំដូច្នេះទេ សត្វព្រៃក្នុងតំបន់ព្រៃការពារធម្មជាតិមួយនេះ នឹងប្រឈមហានិភ័យខ្ពស់៖ «មានការព្រួយបារម្ភច្រើនទាំងសត្វព្រៃ និងព្រៃឈើដែលមាន រដ្ឋាភិបាលថា ការពារព្រៃឈើ ក៏ប៉ុន្តែឈើដឹកចេញជាហូរហែ នៅតំបន់ព្រៃឡង់យើងហ្នឹង។ ខ្ញុំមើលទៅយប់ៗដឹកចេញរាល់យប់តាមគោយន្ត អា ! គោយន្តកន្ទ្រៃយើង ដឹកតាមមុខទីស្នាក់ការបរិស្ថាន។ ប្រហែលត្រូវគ្នាដឹង បានដឹកបាន»។
មន្ត្រីតស៊ូមតិនៃអង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ ចាត់ទុកបញ្ហាទាំងនេះ ជាការទទួលខុសត្រូវខ្ពស់របស់អាជ្ញាធរមូលដ្ឋាន ដែលមានភារកិច្ចអនុវត្តច្បាប់លើក្រុមជនល្មើសកាប់ឈើ និងប្រើកាំភ្លើងច្នៃខុសច្បាប់៖ «មុនៗ មកធ្លាប់មានអាជ្ញាធរលោកចាត់ការរឿងហ្នឹងដែរ ក៏ប៉ុន្តែហាក់ដូចជាអត់មានប្រសិទ្ធភាពវែងឆ្ងាយ បានតែមួយភ្លែតៗ។ ស្នើសុំយ៉ាងទទូចដែរ ប្រសិនបើបណ្ដែតបណ្ដោយរបៀបហ្នឹង នាំឱ្យគ្រោះថ្នាក់សត្វព្រៃកាន់តែច្រើន និងជីវិតមនុស្សផងដែរ ដែលមានឆន្ទៈការពារព្រៃឈើ និងសត្វព្រៃបរិស្ថាន»។
កាលពីសប្ដាហ៍មុន សត្វប្រើសឈ្មោល ១ ក្បាល ទម្ងន់ ២០០គីឡូក្រាម ត្រូវបានព្រានព្រៃបាញ់សម្លាប់ដោយប្រើ កាំភ្លើងកែច្នៃ ឋិតក្នុងដែនជម្រកសត្វព្រៃព្រះរកា នៃបុស្សធំ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ចំណែកក្រសួងបរិស្ថាន បានរុញឱ្យសមត្ថកិច្ចស៊ើបអង្កេតរកមុខជនសង្ស័យ។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា បានប្រាប់កាសែតក្នុងស្រុក (ភ្នំពេញប៉ុស្ដិ៍) ថា សមត្ថកិច្ចពាក់ព័ន្ធត្រូវពង្រឹងការអនុវត្តច្បាប់ប្រឆាំង ជនល្មើស និងអ្នកប្រើអាវុធកែច្នៃខុសច្បាប់។ លោកទទួលស្គាល់ថា មានពលរដ្ឋមួយចំនួនរស់នៅជុំវិញតំបន់ព្រៃការពារធម្មជាតិ បានលួចប្រើអាវុធកែច្នៃខុសច្បាប់។ ពួកគេបានលួចចូលព្រៃបរបាញ់សត្វព្រៃ និងដាក់អន្ទាក់ចាប់សត្វ ត្រូវតែប្រឈមមុខនឹងច្បាប់៕