សហគមន៍​ស្នើ​ឲ្យ​ទប់ស្កាត់​សកម្មភាព​កាប់​រាន​ព្រៃ​ក្នុង​តំបន់​អភិរក្ស​នៅ​មណ្ឌលគិរី

ក្រុម​សហគមន៍​ជនជាតិ​ដើម​ព្នង អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ទប់ស្កាត់​ជា​បន្ទាន់​ពី​សកម្មភាព​កាប់​រាន​ព្រៃ​ឈើ​មាន​តម្លៃ នៅ​ក្នុង​តំបន់​អភិរក្ស​ភ្នំ​ណាំលា។ អ្នក​ភូមិ​អះអាង​ថា ព្រៃ​ស្រោង​សម្បូរ​ដោយ​ឈើ​ប្រណីត និង​ឈើ​មាន​តម្លៃ​នៅ​តំបន់​នោះ ត្រូវ​ក្រុមហ៊ុន​មួយ​កាប់​រាន​យក​ឈើ និង​យក​ដី​ដាំ​ម្រេច។

0:00 / 0:00

ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​សហគមន៍​ចំនួន​បី ក្នុង​ខេត្ត​មណ្ឌលគិរី កំពុង​រៀប​ចំ​ពាក្យ​ប្ដឹង​តាម​ផ្លូវ​តុលាការ ដើម្បី​បញ្ឈប់​សកម្មភាព​កាប់​រាន​ព្រៃ​មាន​តម្លៃ​ពី​សំណាក់​ក្រុមហ៊ុន​ឈ្មោះ ខេ ភីស អ៊ិនវេសមែន (K Peace Investment)។

តំណាង​សហគមន៍​ភូមិ​ឡាមេះ ក្នុង​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា លោក ក្រោស សុក មាន​ប្រសាសន៍​បញ្ជាក់​ថា កាល​ពី​សប្ដាហ៍​មុន​នេះ អ្នក​ភូមិ​បាន​ប្រទះ​ឃើញ​ក្រុម​កម្មករ​រាប់​សិប​នាក់ បាន​អារ​រំលំ​ឈើ​ហ៊ុប​មូល នៅ​ចំណុច​ភ្នំ​កុងកាល់ និង​ភ្នំ​ណាំលា ក្នុង​ព្រៃ​ដែន​អភិរក្ស​សត្វ​ព្រៃ​ភ្នំ​ណាំលា ហើយ​ដឹក​ជញ្ជូន​ចូល​ការដ្ឋាន​មួយ មាន​ទីតាំង​នៅ​ចំណុច​ពាមអូរអន្ត្រត់ និង​អូរពោត ដែល​ជា​ទីតាំង​មាន​ម៉ាស៊ីន​រ៉ៃ​អារ​ច្រៀក​ឈើ និង​មាន​គំនរ​ឈើ​ហ៊ុប​រាប់​រយ​កំណត់​នៅ​ទី​នោះ។

លោក​បន្ត​ថា ក្រុម​អ្នក​កាប់​ឈើ​បាន​អះអាង​ថា រោង​អារ​ឈើ​នេះ​ជា​របស់​ក្រុមហ៊ុន​ឈ្មោះ ខេ ភីស អ៊ិនវេសមែន ឬ​ក្រុមហ៊ុន ៥០០​ហិកតារ៖ «គាត់​ទៅ​បណ្ដើរ​ឆ្កែ ហើយ​គាត់​បាន​ជួប​ខាង​អ្នក​ធ្វើ​ហ្នឹង គឺ​ថា​កូន​លោក​ខេត្ត។ ខាង​សហគមន៍​បាន​ចុះ​ទៅ គាត់​បាន​ឃើញ​មាន​ផ្ទះ​ធំ​មួយ​ប្រហែល ១០​ម៉ែត្រ ឃើញ​មាន​ម៉ាស៊ីន​រ៉ៃ​ពីរ​នៅ​ក្នុង​ហ្នឹង។ ក្រុមហ៊ុន​ហ្នឹង ដំបូង​គាត់​ថា​គាត់​ធ្វើ​ឈើ ហើយ​ក្រោយ​ពី​ធ្វើ​ឈើ​អស់ គាត់​មាន​គោលការណ៍​ថា​ដាំ​ម្រេច»

ដូច​គ្នា​នេះ​ដែរ តំណាង​សហគមន៍​ភូមិ​ពូស្យា លោក ប្រប់ ពេជ្រ មាន​ប្រសាសន៍​បញ្ជាក់​ដែរ​ថា ព្រៃ​ឈើ​នៅ​តំបន់​នោះ គឺ​ជា​តំបន់​ព្រៃ​ស្រោង ដែល​អ្នក​ភូមិ​អភិរក្ស​ជា​ព្រៃ​ធម្មជាតិ​ច្រើន​ជំនាន់​មក​ហើយ សម្រាប់​គោរព​បូជា និង​ជា​ព្រៃ​ធម្មជាតិ​ជម្រក​សត្វ និង​ជា​ព្រៃ​ផលិត​ជ័រ​ទឹក មុខ​របរ​ប្រពៃណី​អ្នក​ភូមិ។ ហេតុ​នេះ សកម្មភាព​កាប់​ព្រៃ​ឈើ​នៅ​តំបន់​នោះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជំនឿ​ប្រពៃណី និង​ជីវភាព​រស់​នៅ​ជនជាតិ​ដើម​ភាគ​តិច​នៅ​តំបន់​នោះ៖ «គេ​អារ​ឈើ​គេ​យក​ឡាន​អារ៉េវ គេ​ដឹក​គគីរ​ដើម​ជ័រ។ ខ្ញុំ​រាយការណ៍​ឲ្យ​មេ​ឃុំ ឃុំ​គាត់​ថា​រាយការណ៍​ឲ្យ​ស្រុក​ដែរ តែ​គេ​ធ្វើ​ដូច​មិន​ដឹង​អ៊ីចឹង​ណា! បាន​ថ្ងៃ​នេះ ខ្ញុំ​មក​ជួប​អាដហុក (Adhoc)»

៣០-តុលា-២០១៣៖ គំនរ​ឈើ​របស់​ក្រុមហ៊ុន ខេ ភីស អ៊ិនវេសមែន (K Peace Investment) នៅ​តំបន់​អភិរក្ស​ភ្នំ​ណាំលា ក្នុង​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី។
៣០-តុលា-២០១៣៖ គំនរ​ឈើ​របស់​ក្រុមហ៊ុន ខេ ភីស អ៊ិនវេសមែន (K Peace Investment) នៅ​តំបន់​អភិរក្ស​ភ្នំ​ណាំលា ក្នុង​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី។ (Adhoc Photo)

ទាក់ទិន​ករណី​នេះ​ដែរ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី លោក ឈិត សុផល មាន​ប្រសាសន៍​បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​បាន​ផ្តល់​ដី​នៅ​តំបន់​ភ្នំ​ឡាំលា ៥០០​ហិកតារ ទៅ​ឲ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ឈ្មោះ ខេ ភីស អ៊ិនវេសមែន និង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ដាក់​ម៉ាស៊ីន​កែច្នៃ​ឈើ ដែល​បាន​ប្រមូល​ពី​ការ​កាប់​រាន​ក្នុង​ដី​សម្បទាន ដើម្បី​បង់​ពន្ធ​ចូល​ថវិកា​ជាតិ។ ប៉ុន្តែ លោក​មិន​ប្រាកដ​ថា ចំណុច​ដែល​អ្នក​ភូមិ​អះអាង​ថា មាន​ការ​កាប់​ឈើ​នោះ​ស្ថិត​ក្នុង​តំបន់​សម្បទាន ឬ​យ៉ាង​ណា​នោះ​ឡើយ៖ «ខ្ញុំ​និយាយ​ជា​រួម​ថា នៅ​ហ្នឹង​មាន​ក្រុមហ៊ុន​ដី​សម្បទាន​ក្រុមហ៊ុន ខេ ភីស អា​ហ្នឹង​គេ​មាន​ច្បាប់​អនុញ្ញាត​ឲ្យ​ដាក់​រ៉ៃ​នៅ​មួយ​ច្រក​ហ្នឹង។ ដែន​ជម្រក​ហ្នឹង វា​ដី​សម្បទាន​សេដ្ឋកិច្ច​តើ! យើង​កាត់​ឲ្យ​គេ​ច្រៀក​ឈើ​ដែល​គេ​ដេញ​ថ្លៃ​បង់​ពន្ធ​ជូន​រដ្ឋ​ហ្នឹង​ណា!»

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា តំណាង​សហគមន៍​ពូលុ​ពូស្យា និង​សហគមន៍​ឡាមេះ មាន​គ្នា ៦​នាក់ បាន​នាំ​គ្នា​មក​ការិយាល័យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក សុំ​ឲ្យ​មន្ត្រី​សមាគម​នេះ​ជួយ​រៀប​ចំ​ពាក្យ​ប្ដឹង​ទៅ​ស្ថាប័ន​អយ្យកា ដើម្បី​ទប់ស្កាត់​ការ​កាប់​រាន​ទន្ទ្រាន​ព្រៃ​ឈើ​ធនធាន​ធម្មជាតិ​នេះ។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុខ រដ្ឋា មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​បាន​ចុះ​អង្កេត​ដល់​ទីតាំង​ដែល​អ្នក​ភូមិ​រាយការណ៍​ថា មាន​ការ​កាប់​រាន​ព្រៃ​នោះ សង្កេត​ឃើញ​ឈើ​មាន​តម្លៃ​កំពុង​ត្រូវ​បាន​ក្រុមហ៊ុន​កាប់​រាន និង​ដឹក​ជញ្ជូន​ចូល​ការដ្ឋាន​អារ​ឈើ។ លោក​បន្ត​ថា អ្នក​ភូមិ​មិន​បាន​ដឹង​ពី​ការ​ផ្តល់​ដី​សម្បទាន​នៅ​តំបន់​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ទេ ហើយ​អ្នក​ភូមិ​ក៏​មិន​យល់​ស្រប​ឲ្យ​ផ្តល់​ដី​សម្បទាន​ក្នុង​តំបន់​ព្រៃ​ឈើ​មាន​តម្លៃ​នេះ​ដែរ៖ «ទោះ​បី​ជា​មាន​អាជ្ញាប័ណ្ណ​ក៏ដោយ ខាង​សហគមន៍​ផ្ទាល់​គាត់​មិន​អស់​ចិត្ត​ទេ។ គាត់​នៅ​តែ​ធ្វើ​ការ​ដាក់​ពាក្យ​ប្ដឹង ដើម្បី​ទប់ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​នេះ ដែល​កើត​មាន​ជា​បន្តបន្ទាប់»

ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ អ្នក​ភូមិ​សំណូមពរ​ឲ្យ​ប្រមុខ​រាជ​រដ្ឋាភិបាល ជា​ពិសេស​ក្រសួង​បរិស្ថាន ចុះ​សិក្សា​ឡើង​វិញ​ពី​ទីតាំង​កាប់​ឈើ និង​ទីតាំង​ផ្តល់​ដី​សម្បទាន​នោះ ពីព្រោះ​ក្រុមហ៊ុន​កំពុង​តែ​កាប់​រាន​ព្រៃ​ស្រោង​យក​ឈើ​មាន​តម្លៃ មិន​មែន​ឈូស​ឆាយ​ដី​ព្រៃ​រិចរិល​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។