សហគមន៍ការពារព្រៃឈើឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ឲ្យដឹងថា ការដឹកជញ្ជូនឈើឆ្លងដែនទៅប្រទេសវៀតណាម តាមច្រកអន្តរជាតិដាក់ដាំ និងច្រករបៀង កើតមានពេញបន្ទុកនៅរយៈពេល ១ខែចុងក្រោយនេះ។ សហគមន៍ជនជាតិដើមភាគតិចបារម្ភថា ឈើមូលនៅក្នុងព្រៃក្នុងខេត្តនេះនឹងវិនាស ប្រសិនបើអាជ្ញាធរគ្មានវិធានការទប់ស្កាត់។
សហគមន៍ការពារព្រៃឈើ ស្រុកអូររាំង ខេត្តមណ្ឌលគិរី អះអាងនៅថ្ងៃទី២៩ វិច្ឆិកាថា បទល្មើសព្រៃឈើជាក្រុមតូចៗប្រព្រឹត្តឡើងដោយសមាជិកសហគមន៍ក្នុងភូមិ និងក្បែរតំបន់ព្រៃឈើកាន់តែរីកច្រើនឡើងនៅតាមបណ្ដាស្រុកមួយចំនួននៅខេត្តមណ្ឌលគិរី។ ការធ្វើអាជីវកម្មព្រៃឈើជាក្រុមៗនេះ ធ្វើឲ្យឈើមូលមានតម្លៃត្រូវគេអាររំលំ ហើយអារច្រៀកជាឈើជ្រុងនាំចេញឆ្លងដែនទៅលក់ឲ្យឈ្មួញវៀតណាម រាល់ថ្ងៃពុំសូវមានការទប់ស្កាត់។
ប្រជាសហគមន៍ការពារព្រៃឈើរស់នៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ថ្លែងសុំមិនបញ្ចេញឈ្មោះបញ្ជាក់ថា ការលួចកាប់ព្រៃក៏មានពលរដ្ឋជនជាតិដើមភាគតិចរស់នៅក្នុងភូមិលួចចូលព្រៃជាក្រុម មានគ្នា ៣ទៅ ៥នាក់ ប្រើម៉ាស៊ីនកាត់ឈើ និងមធ្យោបាយដឹកជញ្ជូនដោយម៉ូតូ សម្រាប់ដឹកជញ្ជូនឈើចេញពីព្រៃយកលក់ឲ្យឈ្មួញដែលចាំទិញនៅមូលដ្ឋានដោយដឹកតាមរថយន្តទៅលក់ឲ្យឈ្មួញនៅជាប់ព្រំដែនឆ្លងដែនទៅប្រទេសវៀតណាម។
លោកថា អ្នកភូមិជនជាតិដើមភាគតិចខ្លះ បានចាប់យករបរកាប់ឈើលក់ជាអាជីពចិញ្ចឹមជីវិត បោះបង់របរស្រែចម្ការលក្ខណៈប្រពៃណី៖ «ខ្ញុំឃើញបទល្មើសដឹកជញ្ជូនឈើមួយយប់មួយពី ១០ឡានទៅ ២០ឡាន ច្រកដាក់ដាំ។ ច្រកអន្តរជាតិផង និងច្រករបៀងផង។ អាជ្ញាធរខ្មែរខ្លះយាមតាមផ្លូវកាក់យកលុយ»។
នៅតាមបណ្ដាសហគមន៍ផ្សេងទៀតស្រុកអូររាំង ស្រុកពេជ្រាដា កែវសីមា ស្រុកកោះញែក និងក្រុងសែនមនោរម្យ ជំនួញឈើដឹកតាមម៉ូតូកើតមានរៀងរាល់ថ្ងៃ។ តាមការប៉ាន់ស្មាន ក្នុងមួយថ្ងៃម៉ូតូមួយគ្រឿងអាចដឹកជញ្ជូនឈើជិតកន្លះម៉ែត្រគូប ឬលើសនេះ រីឯក្នុងមួយស្រុកៗយ៉ាងហោចណាស់មានក្រុមម៉ូតូប្រហែល ១០គ្រឿង បានចូលព្រៃកាប់ឈើធ្វើអាជីវកម្មភាគច្រើននៅវេលាយប់។
ទោះជាយ៉ាងណា មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើនៃសមាគមអាដហុក ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា ឲ្យដឹងថា អាជ្ញាធរថ្នាក់ក្រោមជាតិ និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើមិនសូវអើពើការពារព្រៃឈើនោះទេ បង្កឲ្យឈ្មួញរកស៊ីឈើមានឱកាសរកស៊ីឈើខុសច្បាប់។ លោកបញ្ជាក់ថា បទល្មើសព្រៃឈើកើតឡើងបែបអនាធិបតេយ្យ ដោយសារមន្ត្រីជំនាញមិនយកចិត្តទុកដាក់អនុវត្តច្បាប់៖ «មានបទល្មើសព្រៃឈើកើតឡើងនៅមណ្ឌលគិរី គឺដោយសារតែមន្ត្រីជំនាញពាក់ព័ន្ធថ្នាក់ក្រោមជាតិ ដែលជាភ្នាក់ងារការពារ និងអភិរក្សព្រៃឈើ និងធនធានធម្មជាតិអីហ្នឹងនៅមានកម្រិត និងខ្វះខាត»។
ថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យមន្ត្រីថ្នាក់ក្រោមជាតិ ត្រូវពង្រឹងការអនុវត្តច្បាប់ព្រៃឈើ និងលុបបំបាត់បទល្មើសព្រៃឈើគ្រប់ប្រភេទ ក្នុងបំណងរក្សាសំឡេងឆ្នោតរបស់បក្សកាន់អំណាច បន្ទាប់ពីរដ្ឋាភិបាលរំលាយបក្សសង្គ្រោះជាតិដោយជោគជ័យ។ ប៉ុន្តែដូចពេលមុនៗដែរ សម្ដីរបស់នាយករដ្ឋមន្ត្រីកម្ពុជា ដូចចាក់ទឹកលើក្បាលទា នៅពេលលោកបញ្ជាអោយមន្ត្រីថ្នាក់ក្រោមទប់ស្កាត់ការពារព្រៃ ពោលគឺព្រៃឈើនៅតែត្រូវកាប់រំលំកាន់តែច្រើនឡើង។ ផ្ទុយគ្នាពីបញ្ជារបស់លោក ហ៊ុន សែន អោយចាប់ និងបង្ក្រាបបក្សប្រឆាំង និងសង្គមស៊ីវិល គឺថាមន្ត្រីថ្នក់ក្រោមទទួលបញ្ជា និងអនុវត្តបានលឿនណាស់។
ប្រធានសហគមន៍ការពារព្រៃឈើខេត្តមណ្ឌលគិរី សង្កត់ធ្ងន់ថា ការអនុវត្តច្បាប់ព្រៃឈើរបស់ស្ថាប័នពាក់ព័ន្ធនៅតែធូរលុងនៅឡើយ ហើយមន្ត្រីរដ្ឋាភិបាលនៅតែទទួលផលប្រយោជន៍ពីឈ្មួញឈើដដែលៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។