សហគមន៍ជនជាតិដើមភាគតិចព្នង ភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី អំពាវនាវឲ្យអាជ្ញាធរខេត្ត ជួយទប់ស្កាត់ និងស៊ើបអង្កេតករណីលួចកាប់ដើមឈើផលិតជ័រទឹក ឬដើមច្បោះរបស់អ្នកភូមិ។ អ្នកភូមិដាក់ការសង្ស័យទៅលើក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ប៊ិញភឿក១ ដែលមានភូមិសាស្ត្រនៅជិតនឹងព្រៃសហគមន៍ គឺជាអ្នកនៅពីក្រោយសកម្មភាពកាប់ដើមច្បោះនោះ។
ឈើមូលរាប់ពាន់ដើម ត្រូវបានក្រុមឈ្មួញកាប់នៅក្នុងតំបន់ព្រៃអភិរក្ស ក្នុងនោះឈើមួយផ្នែក គឺជាដើមឈើផលិតជ័រទឹក ដែលជាមុខរបរប្រពៃណីរបស់ជនជាតិដើមភាគតិចព្នង នៅភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ប្រជាពលរដ្ឋម្ចាស់ដើមឈើផលិតជ័រទឹក ឬហៅថាដើមច្បោះ សុំមិនឲ្យបញ្ចេញឈ្មោះរៀបរាប់ថា ឈើមូលដែលឈ្មួញកំពុងកាប់នោះ ឋិតក្នុងតំបន់ព្រៃអភិរក្សចំណុចអូរខ្ទង់ ដែលសម្បូរទៅដោយឈើមានតម្លៃ និងដើមច្បោះរបស់អ្នកភូមិរាប់ពាន់ដើម។ ម្ចាស់ដើមច្បោះរូបនេះកត់សម្គាល់ថា ប្រមាណមួយសប្ដាហ៍កន្លងទៅនេះ ឈើមូលក្នុងព្រៃ ជាពិសេសដើមច្បោះប្រជាពលរដ្ឋត្រូវគេលួចកាប់ ខណៈម្ចាស់ច្បោះវិលត្រឡប់មកផ្ទះ។ បន្ទាប់មក ឈ្មួញបានចូលមកទិញឈើដែលគេកាប់រំលំនោះពីម្ចាស់ច្បោះក្នុងតម្លៃ ៥ម៉ឺនរៀលក្នុងមួយដើម ហើយដឹកជញ្ជូនចូលទៅក្រុមហ៊ុនសម្បទាន ប៊ិញភឿក១ ជាហេតុធ្វើឲ្យម្ចាស់ដើមច្បោះមួយចំនួនភ័យខ្លាចគេកាប់យកដើមច្បោះរបស់ខ្លួនអស់ ទើបនាំគ្នាលក់ដើមច្បោះពួកគេទៅឲ្យពួកឈ្មួញទាំងនោះបន្តបន្ទាប់គ្នា៖ «ក្រុមហ្នឹងចេញពីក្រុមហ៊ុន ប៊ិញភឿក ដែលគេអ្នកលក់ទេ តែគាត់ខ្លាចគេលួចកាប់ម្តងពីរបីដើម ធ្វើឲ្យគាត់ភ័យខ្លាចគេលួចកាប់យកទៅទាំងអស់។ អ៊ីចឹងហើយរហូតមកដល់ពេលនេះ អ្នកខ្លះលក់ទាំងបង្ខំចិត្ត ទាំងស្រក់ទឹកភ្នែក អស់ពីរបីម្ចាស់ហើយ»។
ប្រធានសហគមន៍ចក់ចារ លោក នុត នុ ទទួលស្គាល់ថា ព្រៃឈើនៅតំបន់អូរខ្ទង់ ពិតជាត្រូវបានគេកាប់យកឈើមានតម្លៃ។ ដោយឡែកម្ចាស់ដើមច្បោះខ្លះ បានសម្រេចលក់ដើមច្បោះរបស់ខ្លួនទៅឲ្យឈ្មួញដោយខ្លួនឯង។ លោកថា ព្រៃឈើនៅតំបន់នោះ សហគមន៍ស្នើសុំទុកជាព្រៃអភិរក្ស ក៏ប៉ុន្តែមិនទាន់មានការកំណត់ផ្ទៃដីព្រៃសម្រាប់សហគមន៍គ្រប់គ្រងអភិរក្សនៅឡើយ៖ «អស់ហើយក្រៅពីរណ្ដៅជ័រ ខាងក្រុមហ៊ុនគេកាប់នៅប្លុកគេ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការបញ្ជាក់ពីតំណាងក្រុមហ៊ុន ប៊ិញភឿក១ ពាក់ព័ន្ធការអះអាងរបស់ប្រជាពលរដ្ឋភូមិចក់ចារ បានទេនៅថ្ងៃទី២៤ ខែធ្នូ។
រីឯនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោក វងសុក សិរី មានប្រសាសន៍ថា លោកមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយ។ លើសពីនេះ លោកថា ព្រៃដែលអ្នកភូមិអះអាងថាមានគេលួចកាប់ឈើនោះ លោកមិនប្រាកដថាឋិតក្រោមការគ្រប់គ្រងរបស់ខណ្ឌរដ្ឋបាលព្រៃឈើ ឬឋិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន នោះឡើយ។
យ៉ាងណាក៏ដោយ មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក (ADHOC) ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា បញ្ជាក់ថា សហគមន៍បានរាយការណ៍ផ្ទាល់តាមទូរស័ព្ទពីការលួចកាប់ឈើច្បោះរបស់ពួកគាត់ និងសុំឲ្យសមាគមអាដហុក ជួយអន្តរាគមន៍ទៅអាជ្ញាធរខេត្តជួយទប់ស្កាត់។ លោកបន្តថា អ្នកភូមិត្រូវដាក់ពាក្យប្ដឹងមកសមាគមលោក ដើម្បីជាមូលដ្ឋានចុះស៊ើបអង្កេតករណីនេះឲ្យបានជាក់លាក់៖ «បានទទួលសំណើពីប្រជាពលរដ្ឋតាមរយៈផ្ទាល់មាត់ហើយ។ អ៊ីចឹងយើងស្វាគមន៍ និងលើកទឹកចិត្តអ្វីដែលគាត់ដាក់ពាក្យប្ដឹងមកសមាគមសិន ដើម្បីឲ្យសមាគមចុះមកធ្វើការស៊ើបអង្កេត និងស្រាវជ្រាវបន្ថែម រួចអន្តរាគមន៍ពាក្យបណ្ដឹងនេះទៅស្ថាប័នអយ្យការជូនពួកគាត់»។
ភូមិចក់ចារ មានប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នង រស់នៅជាង ៤០គ្រួសារ។ ស្ទើរគ្រប់ក្រុមគ្រួសារនៃជនជាតិព្នង ទាំងនោះ គឺប្រកបរបរដងជ័រទឹកពីដើមឈើក្នុងព្រៃ។ អ្នកភូមិខ្លះមានដើមច្បោះពី ៥០ដើមរហូតទៅដល់ ២០០ដើមក៏មាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។