អ្នក​អភិរក្ស​ព្រៃឈើ​បង្ហាញ​ឈ្មោះ​អ្នក​ពាក់ព័ន្ធ​ការ​កាប់​ឈើ​នៅ​ភាគ​ឦសាន

ដោយ តាំង សារ៉ាដា
2014.04.30
Share on WhatsApp
Share on WhatsApp
កាប់​ឈើ រតនគិរី ៦១០ ឈើ​មូល​ដែល​គេ​កាប់​នៅ​ក្នុង​ព្រៃ​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ក្នុង​ខេត្ត​រតនគិរី កាល​ពី​ខែ​មេសា ឆ្នាំ​២០១៣។
Adhoc Photo

ក្រុម​អ្នក​អភិរក្ស​ធនធាន​ធម្មជាតិ​ក្នុង​ប្រទេស​កម្ពុជា បាន​បង្ហាញ​ភស្តុតាង​ជាច្រើន​អំពី​ក្រុម​ឧកញ៉ា​មហាសេដ្ឋី​ដែល​មាន​អំណាច  និង​ជា​សាច់ញាតិ​របស់​លោក ហ៊ុន សែន កំពុង​រកស៊ី​កាប់​ព្រៃឈើ​ប្រណិតៗ​ក្នុង​ខេត្ត​ក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី លក់​ទៅ​ឲ្យ​ឈ្មួញ​ចិន និង​វៀតណាម។

សកម្មជន​ឃ្លាំមើល​ភោគទ្រព្យ​ធម្មជាតិ​ឲ្យ​ដឹង​ថា ក្រុម​ឧកញ៉ា​ដែល​កំពុង​កាប់​ឈើ​ក្នុង​ស្រុក​សំបូរ ខេត្ត​ក្រចេះ ស្ថិត​ក្នុង​តំបន់​ព្រៃឡង់ និង​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង រួម​មាន​លោក​ឧកញ៉ា ឡឹម ប៉ុណ្ណា ហៅ​ឧកញ៉ា ខ្នា និង​លោក​ឧកញ៉ា គិត ម៉េង ដែល​ជា​នាយក​ក្រុមហ៊ុន​ទូរស័ព្ទ​ម៉ូប៊ីថែល (Mobitel) និង​ទូរទស្សន៍ ស៊ី.ធី.អិន (CTN)។

ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈឹម សាវុធ ដែល​កំពុង​តាម​ដាន​សកម្មភាព​កាប់​ឈើ​ដើម្បី​ចងក្រង​ជា​របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៤ នោះ​បញ្ជាក់​ថា ក្រុម​ឧកញ៉ា​ទាំងពីរ​ប្រើ​រូបភាព​ជា​អ្នក​ទទួល​អាជ្ញាប័ណ្ណ​សំអាត​ផ្ទៃ​អាង​នៃ​ទំនប់​វារីអគ្គិសនី "សេសាន​ក្រោម​២" តែ​ធាតុ​ពិត​គឺ​ប្រមូល​កាប់​ឈើ​ប្រណិត​នៅ​តំបន់​នោះ ហើយ​លក់​ចេញ​ទៅ​ប្រទេស​វៀតណាម រាប់​ពាន់​ម៉ែត្រ​គូប​ក្នុង​មួយ​ថ្ងៃៗ។

លោក ឈឹម សាវុធ៖ «គាត់​ទៅ​ម៉ៅការ​បាត​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ដែល​មាន​ផ្ទៃដី​ប្រមាណ ៣​ម៉ឺន​ហិកតារ​ក្នុង​បាត​អាង​នោះ​គ្មាន​ឈើ​ប្រណិត​ទេ ប៉ុន្តែ​ពួកគេ​គ្រាន់តែ​ម៉ៅ​ការ​យក​ទីតាំង​ដើម្បី​ស្តុក​ឈើ​ដែល​កាប់​ពី​ខាង​ក្រៅ​នាំ​ចេញ​មក ហើយ​នាំ​ចេញ​ទៅ​ក្រៅ​ទៅ ហើយ​ក៏​អាជ្ញាប័ណ្ណ​ឈើ​ស្រប​ច្បាប់។ ប៉ុន្តែ​ធាតុ​ពិត​ពួកគេ​កាប់​នាំគ្នា​ប្រមូល​ជុំវិញ​ហ្នឹង​តាំង​ពី​ស្រុក​វ៉ឺនសៃ សេសាន និង​សៀមប៉ាង ទាំង​អស់​ហ្នឹង ហើយ​នាំ​ចេញ។ ស្ថានភាព​ឈើ​ស្រុក​ខ្មែរ​ចុង​ក្រោយ​នេះ គឺ​រាប់​រយ​រាប់​ពាន់​ម៉ែត្រ​គូប​ក្នុង​មួយ​ថ្ងៃៗ​នាំ​ទៅ​ប្រទេស​វៀតណាម»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​លោក គិត ម៉េង សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ​បាន​ទេ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៨ ខែ​មេសា។

ក្រៅ​ពី​ក្រុម​ឧកញ៉ា ឡឹម ប៉ុណ្ណា ហៅ​ឧកញ៉ា ខ្នា និង​លោក​ឧកញ៉ា គិត ម៉េង ដែល​កំពុង​រក​ស៊ី​ឈើ​ក្នុង​ខេត្ត​ក្រចេះ និង​ស្ទឹងត្រែង ក៏​មាន​ក្រុម​ឧកញ៉ា​ផ្សេង​ទៀត គឺ​លោក ទ្រី ភាព និង​លោក អាន ម៉ារឌី កំពុង​សម្រុក​ដឹក​ជញ្ជូន​ឈើ​ពី​តំបន់​ឧទ្យានជាតិ​វីរជ័យ​ក្នុង​ខេត្ត​រតនគិរី លក់​ទៅ​ឲ្យ​ក្រុម​ឈ្មួញ​ចិន និង​វៀតណាម ដូច​គ្នា​ដែរ។

​ចំណែក​នៅ​ខេត្ត​មណ្ឌលគិរី ឯ​ណោះ​វិញ លោក ឈឹម សាវុធ អះអាង​ថា លោក​ឧកញ៉ា ហ៊ុន ជា ដែល​ជា​ក្មួយ​បង្កើត​របស់​លោក ហ៊ុន សែន និង​អ្នកស្រី សេង គាង ដែល​ជា​អតីត​ភរិយា​របស់​លោក ឌី ចូច ហៅ ហ៊ុន ចូច ជា​បង​ប្អូន​ជីដូន​មួយ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​រក​ស៊ី​លក់​ឈើ​ប្រណិត​ផ្ដាច់មុខ​ជាមួយ​ជនជាតិ​វៀតណាម ម្នាក់​ឈ្មោះ យឿង ដែល​ជា​អ្នក​ចាំ​ទទួល​ទិញ​ឈើ​នៅ​ច្រក​ព្រំដែន​ដាក់ដាំ និង​ដាក់ប៊ី រវាង​កម្ពុជា និង​វៀតណាម។

លោក ឈឹម សាវុធ៖ «ហើយ​នៅ​មណ្ឌលគិរី ដែល​មាន​ជំទាវ សេង គាង អតីត​ប្រពន្ធ ហ៊ុន ចូច ហ្នឹង ហើយ​និង​ឧកញ៉ា ហ៊ុន ជា ហើយ​ឮ​រហូត​ដល់​មាន​ប្អូនថ្លៃ​លោក​ឧត្ដមសេនីយ៍ គន់ គីម ទៀត ប៉ុន្តែ​ព័ត៌មាន​នេះ​នៅ​មិន​ទាន់​ច្បាស់។ ប៉ុន្តែ​អ្វី​ដែល​ច្បាស់ គឺ​ជំទាវ សេង គាង និង​ឧកញ៉ា ហ៊ុន ជា។ ក្នុង​ហ្នឹង គឺ​គេ​ម៉ៅ​ផ្ដាច់មុខ​ទៅ​ឲ្យ​មេការ​ម្នាក់​ជា​ជនជាតិ​យួន​ហ្នឹង សម្រាប់​យក​លុយ​ឈើ​ដែល​នាំ​ចេញ​តាម​ច្រក​ដាក់ដាំ និង​ដាក់ប៊ឺ ច្រក​អី​ហ្នឹង ដើម្បី​ឆ្លង​ទៅ​វៀតណាម។ មេការ​នោះ​ឈ្មោះ យឿង  ប៉ុន្តែ​យើង​អត់​ដឹង​ថា គេ​ត្រូវរ៉ូវ​គ្នា​បង់​ឲ្យ​សមត្ថកិច្ច​ជំនាញ ហើយ​និង​ចៅហ្វាយ​ខេត្ត​ចំនួន​ប៉ុន្មាន​ទេ»

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​សេចក្ដី​អត្ថាធិប្បាយ​ពី​លោក ហ៊ុន ជា ដែល​រង​នូវ​ការ​ចោទ​ប្រកាន់​អំពី​ការ​ធ្វើ​អាជីវកម្ម​ឈើ​ខុស​ច្បាប់​ទាំង​នេះ​បាន​ទេ។ ប៉ុន្តែ​មនុស្ស​ជំនិតៗ​របស់​លោក ហ៊ុន ជា បាន​បដិសេធ​ថា ការ​ចោទ​ប្រកាន់​ទាំង​នោះ​ថា ជា​រឿង​មិន​ពិត ហើយ​ថា លោក ហ៊ុន ជា មាន​តែ​ចម្ការ​ម្រេច​ពីរ​បី​ហិកតារ​ប៉ុណ្ណោះ​ក្នុង​ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី។

លោក ហាក់ ហួត ដែល​អះអាង​ថា ជា​អ្នក​មើល​ការ​ខុសត្រូវ​ចម្ការ​ម្រេច​របស់​លោក​ឧកញ៉ា ហ៊ុន ជា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា លោក ហ៊ុន ជា មិន​មាន​ជាប់​ព័ន្ធ​ក្នុង​កិច្ចការ​រកស៊ី​កាប់​ឈើ​ជាមួយ​អ្នកស្រី សេង គាង នោះ​ទេ។

លោក ហាក់ ហួត៖ «សម្រាប់​គាត់​គឺ​គាត់​បដិសេធ ហើយ​សម្រាប់​គាត់ គឺ​គាត់​មិន​ដែល​ប៉ះ​ទេ។ ប៉ុន្តែ​ធ្លាប់​មាន​អ្នក​យក​ឈ្មោះ​គាត់​ធ្វើ ហើយ​គាត់​ទៅ​ចាប់​បាន​ហើយ ថែម​ទាំង​បាន​បញ្ជូន​ទៅ​ឲ្យ​រដ្ឋបាល​ព្រៃឈើ​ផ្ទាល់ដៃ​គាត់​ទៀត។ មិន​ថា​ព្រៃ​ឈើ​ទេ តែ​សូម្បី​ជ្រែ​អីវ៉ាន់​ស្អីៗ​គ្រប់​បែប​យ៉ាង​ទាំង​អស់។ ដោយសារ​ខ្លួន​គាត់​ជា​អ្នក​ណា​អ៊ីចឹង ដូច្នេះ​ពួក​ខិលខូច​តែងតែ​យក​ឈ្មោះ​ប្រើ​ហើយ។ គាត់​ផ្កាំ​ឲ្យ​ខ្ញុំ​ប្រាប់​ប៉ុណ្ណឹង​ទៅ​គាត់​ថា បើ​ចង់​ដឹង​ច្បាស់​ថា​គាត់​ធ្វើ​ស្អី គឺ​សម្រាប់​បទល្មើស​ព្រៃឈើ គឺ​គាត់​សូម​បដិសេធ​ថា គាត់​មិន​ដែល​ប៉ះពាល់​ទេ។ ប៉ុន្តែ​បើ​ថា គាត់​ដាំ​ម្រេច អ្នក​ណា​ក៏​ដឹង​ថា​គាត់​ធ្វើ​ចម្ការ​ម្រេច​ដែរ»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈឹម សាវុធ អះអាង​ថា ខ្សែ​ឡាន​ដឹក​ជញ្ជូន​ឈើ​ប្រណិត​របស់​លោក​ឧកញ៉ា ហ៊ុន ជា សរសេរ​ដោយ​អក្សរ​កាត់ ស៊ី.អេច្ឆ (C.H)។

លោក ឈឹម សាវុធ អះអាង​ថា អ្នកស្រី សេង គាង ទទួល​បាន​គម្រោង​ដី​សម្បទាន​សង្គមកិច្ច​ទំហំ​ជិត ២​ពាន់​ហិកតារ​ក្នុង​ស្រុក​កោះញែក ដើម្បី​ទុក​ចែក​ឲ្យ​ពលរដ្ឋ​ណា​ដែល​ក្រីក្រ​ខ្វះ​ដី​បង្កបង្កើន​ផល ប៉ុន្តែ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង​ទៅ អ្នកស្រី សេង គាង បាន​បោះ​ទីតាំង​បង្កើត​រោងចក្រ​អារ​ឈើ​ដែល​កាប់​ដឹក​ជញ្ជូន​ពី​តំបន់​ផ្សេងៗ ដើម្បី​ទុក​លក់​ចេញ​ទៅ​ក្រៅ​ប្រទេស។

ការ​បង្កើត​រោងចក្រ​កែច្នៃ​ឈើ ឬ​អារ​ឈើ​ប្រណិត​របស់​អ្នកស្រី សេង គាង មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ។ អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អង់គ្លេស ធ្លាប់​បាន​រាយការណ៍​កាល​ពី​ឆ្នាំ​២០០៧ ម្ដង​រួច​ទៅ​ហើយ ក្នុង​របាយការណ៍​មួយ​ដែល​មាន​ចំណង​ជើង​ថា "សែ​ស្រឡាយ​អ្នក​លក់​ជាតិ" បាន​រក​ឃើញ​ថា អ្នកស្រី សេង គាង ធ្លាប់​មាន​រោងចក្រ​អារ​ឈើ​ធ្វើ​ក្ដារ​បន្ទះ​ក្នុង​តំបន់​ព្រៃឡង់ ស្ថិត​ក្នុង​ស្រុក​ទំរីង ខេត្ត​កំពង់ធំ ដែល​ធ្វើការ​កែច្នៃ​ឈើ​ប្រមាណ ១​សែន​ម៉ែត្រ​គូប មាន​តម្លៃ ១៣​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

អង្គការ​ឃ្លាំមើល​ពិភពលោក​រាយការណ៍​ថា ចំនួន​ទឹក​ប្រាក់​ដ៏​សន្ធឹកសន្ធាប់​ទាំង​នេះ មិន​ឃើញ​មាន​ចុះ​ក្នុង​ខ្ទង់​ចំណូល​ចំណាយ​ថវិកា​ជាតិ​នោះ​ឡើយ ស្រប​ពេល​ដែល​សហគមន៍​អន្តរជាតិ​តែង​រិះគន់​ថា កម្ពុជា​បាត់​ថវិកា​ជាតិ​ជាង ១​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ ស្ទើរ​គ្រប់​វិស័យ។

ទាក់ទិន​នឹង​ការ​បង្កើត​រោងចក្រ​អារ​ឈើ​ក្នុង​ព្រៃ​នោះ​ដែរ មាត្រា ៩៩ នៃ​ច្បាប់​ស្ដីពី​ព្រៃឈើ​នៃ​ប្រទេស​កម្ពុជា ចែង​ថា ជន​ណា​ដែល​បង្កើត​រោងចក្រ​កែច្នៃ​ឈើ​ប្រណិត​ឲ្យ​ទៅ​ជា​ផលិតផល​ឈើ​ប្រណិត​ក្នុង​តំបន់​ព្រៃ​ការពារ​ដោយ​រដ្ឋបាល​ព្រៃឈើ​គឺជា​អំពើ​ខុស​ហើយ ដែល​ត្រូវ​ផ្ដន្ទាទោស​ដាក់គុក​ពី ១​ខែ ទៅ ១​ឆ្នាំ ហើយ​ផាក​ពិន័យ​ពី ១​លាន​រៀល ទៅ ១០​លាន​រៀល។

​ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ ជន​ល្បី​ឈ្មោះ​ជា​ច្រើន ដូចជា​លោក​ឧកញ៉ា ទ្រី ភាព លោក​ឧកញ៉ា លឹម ប៉ុនណា ហៅ​ឧកញ៉ា ខ្នា ឧកញ៉ា អាន ម៉ារឌី ឬ​អ្នកស្រី សេង គាង ដែល​សុទ្ធសឹងតែ​ជា​ក្រុម​មាន​បទពិសោធន៍​ខ្ពស់​ខាង​ការ​កាប់​បំផ្លាញ​ឈើ​ប្រណិត និង​រក​ស៊ី​ឈើ​ពី​ប្រទេស​កម្ពុជា ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម ឬ​ចិន​នោះ នៅ​មិន​ទាន់​ត្រូវ​បាន​ចោទ​ប្រកាន់ និង​នាំ​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​នៅ​ឡើយ។

អតីត​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ លោក ច័ន្ទ សារុន ធ្លាប់​មាន​ប្រសាសន៍​ក្នុង​រដ្ឋ​សភា​កាល​ពី​ឆ្នាំ​២០០៧ ថា ដើម្បី​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​រីក​ចម្រើន និង​ទាន់​សភាពការណ៍ ​គឺ​គេ​ត្រូវ​ផ្លាស់ប្ដូរ​ពី​ព្រៃ​ឈើ​ឲ្យ​ទៅ​ជា​ដំណាំ​កសិ-ឧស្សាហកម្ម។

លោក ច័ន្ទ សារុន ថ្លែង​ដូច្នេះ៖ «នៅ​ពេល​ដែល​ដូង​ប្រេង ឬ​កៅស៊ូ បាន​តម្លៃ​ថ្លៃ រដ្ឋាភិបាល​ក៏​សម្រេច​កាប់​ព្រៃ​ឈើ ឬ​កៅស៊ូ​ដាំដូង​ប្រេង​ភ្លាម។ ឥឡូវនេះ​នៅ​ពេល​ដែល​កៅស៊ូ​មាន​តម្លៃ​ចុះ គេ​កាប់​កៅស៊ូ​ចេញ​ហើយ​ដាំដូង​ប្រេង​វិញ។ នេះ​ផ្ទេរ គឺ​របៀប​អ៊ីចឹង។ តាម​លក្ខណៈ​នៃ​ការវិវឌ្ឍន៍​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ។ ឧទាហរណ៍​នៅ​ប្រទេស​ម៉ាឡេស៊ី ប្រសិនបើ​ដី​នេះ​វា​ផ្ដល់​សេដ្ឋកិច្ច​ឲ្យ​ប្រទេស​ជាតិ ហើយ​ព្រៃ​ហ្នឹង​វា​បម្រុង​ខូច​ទៅ​ហើយ ម៉េច​ក៏​មិន​ផ្លាស់ប្ដូរ​ដី​នេះ​ជា​ប្រញាប់ ឲ្យ​មក​ក្លាយ​ជា​ដី​ដែល​មាន​ប្រសិទ្ធភាព​ខាង​ផ្នែក​សេដ្ឋកិច្ច​ខ្ពស់? នេះ​ជា​ផលប្រយោជន៍​នៃ​ការ​ផ្ទេរ​នេះ»

របាយការណ៍​របស់​អង្គការ​ស្បៀង​អាហារ និង​កសិកម្ម​របស់​អង្គការ​សហប្រជាជាតិ ដែល​ហៅ​កាត់​ថា ហ្វៅ (FAO) បង្ហាញ​ថា ព្រៃឈើ​របស់​កម្ពុជា មាន​ទំហំ​ជាង ១៣​លាន​ហិកតារ គ្រប​ដណ្ដប់​លើ​ផ្ទៃដី​ទូទាំង​ប្រទេស ប៉ុន្តែ​ព្រៃឈើ​ទាំងនេះ​បាន​បន្ត​បាត់បង់​ជាង ៣​សែន​ហិកតារ​ក្នុង​១​ឆ្នាំៗ ដោយសារ​បទល្មើស​ព្រៃឈើ​ខុស​ច្បាប់​យ៉ាង​អនាធិបតេយ្យ។

​លោក ហ៊ុន សែន ធ្លាប់​សច្ចា​ថា លោក​នឹង​សម្លាប់​ខ្លួន​ឯង​ប្រសិន​បើ​លោក​ការពារ​ព្រៃ​មិន​បាន៖ «សុំ​សាក​មើល​ទៅ បើ​មិន​គោរព​ក៏​សុំ​សាក បើ​មិន​ដក​យក​ព្រៃ​បិទ​រោងចក្រ​ទេ ខ្ញុំ​ហ៊ាន​កាត់​ក​ខ្ញុំ​ចោល»

ទោះ​បី​ជា​យ៉ាងណា​ក៏ដោយ ក្រុម​សង្គម​ស៊ីវិល​អះអាង​ថា លោក ហ៊ុន សែន មិន​ចាំបាច់​ធ្វើ​ដល់​ថ្នាក់​នោះ​ទេ ប៉ុន្តែ​ពួកគេ​សុំ​ត្រឹមតែ​ឲ្យ​មាន​វិធានការ​តឹងរ៉ឹង​ក្នុង​ការ​នាំ​ខ្លួន​ជន​ដៃ​ដល់​ដែល​កំពុង​រក​ស៊ី​ឈើ​ខុស​ច្បាប់​យក​មក​ផ្ដន្ទាទោស​ជា​សាធារណៈ ខណៈ​ក្រុម​ឧកញ៉ា​មហា​សេដ្ឋី​ទាំង​នោះ កំពុង​ហែក​ព្រៃ​ឈើ​របស់​ខ្មែរ​ជា​ចម្រៀកៗ​ចែក​គ្នា​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ធនាគារ​ABA មិន​ព្រម​បើកប្រាក់​ជាង​១​ម៉ឺន ៥​ពាន់​ដុល្លារ ដែល​ឧបត្ថម្ភ​ដល់​បុគ្គលិក​ណាហ្គាវើលដ៍
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។