សហគមន៍​ការពារ​ព្រៃឡង់​ខេត្ត​កំពង់ធំ​ថា​បទល្មើស​កាប់​ឈើ​នៅ​តែ​កើត​មាន

ដោយ សូត សុខប្រាថ្នា
2017.08.23
កាប់​ឈើ​ព្រៃឡង់ កំពង់ធំ ២០១៧ ៦២២ បណ្ដាញ​ការពារ​ព្រៃឡង់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ លោក មីញ នី កំពុង​ពិនិត្យ និង​កត់​ចំនួន​ឈើ​ដែល​ជនល្មើស​កាប់​រួច​នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៧។ Photo Provided
Photo Provided

ប្រជា​សហគមន៍​ការពារ​ព្រៃឡង់​នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ អះអាង​ថា បទល្មើស​ព្រៃឈើ​នៅ​តែ​កើត​មាន​ឡើង​ក្នុង​តំបន់​ព្រៃ​អភិរក្ស​មួយ​នេះ បើ​ទោះ​បី​ជា​រដូវ​នេះ​ជា​រដូវ​ភ្លៀង​ធ្លាក់​ពិបាក​ធ្វើ​ដំណើរ​ចេញ​ចូល​ព្រៃ​យ៉ាង​ណា​ក៏ដោយ។ ពួក​គាត់​បារម្ភ​ថា ប្រសិន​បើ​បទល្មើស​នៅ​តែ​កើត​មាន​ឥត​ឈប់​ឈរ ព្រៃ​អភិរក្ស​មួយ​នេះ​ប្រហែល​មាន​តែ​ឈ្មោះ​ប៉ុណ្ណោះ។ មន្ត្រី​បរិស្ថាន​ខេត្ត​កំពង់ធំ បញ្ជាក់​ថា បទល្មើស​កាប់​ឈើ​នៅ​តំបន់​ព្រៃឡង់ ស្ទើរ​តែ​លែង​មាន ប៉ុន្តែ​កើត​មាន​នៅ​តំបន់​ព្រៃ​សហគមន៍​តែ​ប៉ុណ្ណោះ។

ជាង​មួយ​ឆ្នាំ​មក​ហើយ តំបន់​ព្រៃឡង់​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​តំបន់​ព្រៃ​អភិរក្ស​ដែន​ជម្រក​សត្វ ប៉ុន្តែ​ប្រជា​សហគមន៍​នៅ​តែ​រក​ឃើញ​ថា បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​ធ្វើ​អាជីវកម្ម​នៅ​មិន​ទាន់​អាច​ទប់ស្កាត់​បាន​ទាំងស្រុង​នោះ​ទេ។

ការ​លើក​ឡើង​បែប​នេះ ក្រោយ​ពេល​ប្រជា​សហគមន៍​ការពារ​ព្រៃឡង់​ចុះ​ល្បាត​ជា​បន្តបន្ទាប់ តែង​រក​ឃើញ​ស្នាម​កាប់ និង​កំណាត់​ឈើ​ដែល​ជនល្មើស​បន្សល់​ទុក​ជា​ប្រចាំ។ ជាក់ស្តែង​ការ​ចុះ​ល្បាត​របស់​សហគមន៍​នៅ​ស្រុក​សណ្ដាន់ កាល​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៩ សីហា រក​ឃើញ​បទល្មើស​មួយ​ចំនួន​កើត​ឡើង​នៅ​ចំណុច​អូរ​ងាវ ក្នុង​តំបន់​ព្រៃឡង់ ហើយ​ពួក​គេ​ប៉ាន​ប្រមាណ​ថា ឈើ​កាប់​រួច​នៅ​ក្នុង​ព្រៃ និង​ឈើ​ប្រគល់​ជូន​មន្ត្រី​បរិស្ថាន​មាន​ចំនួន​ជាង ៦​ម៉ែត្រ​គូប។

បណ្ដាញ​ស្នូល​ការពារ​ព្រៃឡង់​នៅ​ស្រុក​សណ្ដាន់ លោក មីញ នី មាន​ប្រសាសន៍​ថា បើ​ទោះ​បី​ជា​រដូវ​នេះ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ក៏ដោយ ប៉ុន្តែ​បទល្មើស​កាប់​ឈើ​នៅ​តែ​កើត​មាន។ លោក​ថា ជនល្មើស​អាច​បន្ត​សកម្មភាព​ចូល​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​ដដែល ហើយ​មន្ត្រី​ជំនាញ​មិន​អាច​ចាត់​វិធានការ​ឲ្យ​មាន​ប្រសិទ្ធភាព​ទាំងស្រុង​ឡើយ៖ «ខ្ញុំ​បារម្ភ​ថា បើ​សិន​ជា​ឧទ្យានរក្ស ឬ​រាជ​រដ្ឋាភិបាល ឬ​ក៏​ក្រសួង​បរិស្ថាន មិន​រឹត​បន្តឹង​ថ្នាក់​ក្រោម​ជាតិ​ទេ ដូចជា​ថ្នាក់​ឃុំ ថ្នាក់​ស្រុក​អី ខ្ញុំ​ជឿជាក់​ថា​មិន​បាត់»

កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៦ រាជ​រដ្ឋាភិបាល​ប្រកាស​បង្កើត​តំបន់​ព្រៃឡង់​ជា​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​មាន​ផ្ទៃដី​ជាង ៤៣​ម៉ឺន​ហិកតារ (៤៣១.៦៨៣​ហិកតារ) គ្រប​ដណ្ដប់​លើ​ខេត្ត​ចំនួន ៤ ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន ហើយ​ត្រូវ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ។

ទាក់ទង​បញ្ហា​នេះ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ លោក តុប កក្កដា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៣ សីហា ថា បទល្មើស​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ភាគច្រើន គឺ​មិន​មែន​កើត​ឡើង​នៅ​តំបន់​ព្រៃឡង់​ទេ។ លោក​បន្ត​ថា ជនល្មើស​ភាគច្រើន​ចូល​កាប់​នៅ​តាម​តំបន់​ព្រៃ​សហគមន៍​ដែល​ស្ថិត​ជាប់​តំបន់​ព្រៃឡង់​តែ​ប៉ុណ្ណោះ។ លោក​នៅ​តែ​អះអាង​ថា បទល្មើស​នៅ​តំបន់​ព្រៃឡង់​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ធំ គឺ​ស្ទើរ​តែ​លែង​មាន ហើយ​មន្ត្រី​ជំនាញ​ប្ដេជ្ញា​ថា នឹង​ខិតខំ​បំពេញ​ការងារ​អភិរក្ស​តំបន់​ព្រៃ​មួយ​នេះ​ឲ្យ​កាន់​តែ​សកម្ម​ថែម​ទៀត៖ «បន្ទាប់​ពី​បោះឆ្នោត​រួច​នេះ សហគមន៍​អូរ​ងាវ សហគមន៍​ជាំស្វាយ កក្រើក​សម្បើម​ណាស់ហើយ​ជាប់​នឹង​ព្រំប្រទល់​អ៊ីចឹង មន្ត្រី​ឧទ្យានុរក្ស​បង្ក្រាប​រាល់​ថ្ងៃ»

កាល​ពី​ថ្ងៃ​ទី​២២ សីហា ក្នុង​វេទិកា​ជាតិ​លើក​ទី​២ ស្ដីពី​កិច្ច​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់ និង​ការពារ​ធនធាន​ធម្មជាតិ ពិសេស​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា។ លោក​ថែម​ទាំង​លើក​ឡើង​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ​ណា​មួយ គឺ​មិន​ខុស​ពី​កាប់​ក្បាល​លោក​នោះ​ឡើយ ហើយ​លោក​ស្អប់​បំផុត​អ្នក​ដែល​កាប់​បំផ្លាញ​ព្រៃឈើ​ទាំងនោះ​ទៀត​ផង។ លោក​អះអាង​ថា រាល់​កិច្ចប្រជុំ​គណបក្ស​ម្តងៗ លោក​តែង​រំលឹក​ដល់​មន្ត្រី​របស់​ខ្លួន មិន​ត្រូវ​អត់ឱន​ចំពោះ​ជន​ដែល​ប្រព្រឹត្ត​អំពើ​អណាធិបតេយ្យ​ជុំវិញ​ការ​កាប់​បំផ្លាញ​ព្រៃឈើ បើ​ទោះ​បី​ជា​អ្នក​នោះ​មាន​ឋានៈ​អ្វី​ក៏ដោយ។

បើ​ទោះ​បី​ជា​លោក​នាយក​រដ្ឋមន្ត្រី​លើក​ឡើង​បែប​នេះ​ក្តី ប៉ុន្តែ​ប្រជា​សហគមន៍​ការពារ​ព្រៃឡង់​មិន​មាន​ជំនឿ​ទាល់​តែ​សោះ ពីព្រោះ​ប្រមុខ​ដឹកនាំ​ធ្លាប់​ប្ដេជ្ញា​ចិត្ត​ទប់ស្កាត់​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​ជាច្រើន​ដង​ណាស់​មក​ហើយ ប៉ុន្តែ​គ្មាន​ប្រសិទ្ធភាព​ទេ។

អ្នក​សម្របសម្រួល​បណ្ដាញ​ការពារ​ព្រៃឡង់ លោក សេង សុខហេង កត់​សម្គាល់​ថា បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តែ​កើត​មាន​ដដែល អាច​ដោយសារ​មាន​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ។ លោក​យល់​បែប​នេះ ដោយ​សំអាង​ថា ទីតាំង​ភូមិសាស្ត្រ​នៅ​តំបន់​ព្រៃឡង់ មន្ត្រី​ជំនាញ ឬ​អាជ្ញាធរ​អាច​គ្រប់គ្រង និង​បង្ក្រាប​បាន ព្រោះ​ផ្លូវ​ធ្វើ​ដំណើរ​ដឹក​ឈើ​ចេញ​ពី​ព្រៃ គឺ​មិន​មាន​ច្រើន​នោះ​ទេ។

ចំណែក​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន វិញ លោក សេង សុខហេង យល់​ថា មិន​មែន​ជា​រឿង​ថ្មី​នោះ​ឡើយ ព្រោះ​មាន​បទបញ្ជា និង​អនុក្រឹត្យ​ជាច្រើន​ស្ដីពី​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ។ ជាង​នេះ​ទៀត ប្រមុខ​ដឹកនាំ​ថែម​ទាំង​ធ្លាប់​ព្រមាន​កាត់​ក​ខ្លួន​ឯង​ទៀត​ផង ប្រសិន​បើ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​មិន​បាន ប៉ុន្តែ​បច្ចុប្បន្ន បទល្មើស​នៅ​តែ​កើត​ឡើង​ដដែល។ លោក​យល់​ថា ប្រសិន​បើ​រាជ​រដ្ឋាភិបាល​មិន​ព្រម​ចាត់​វិធានការ​ចំពោះ​ឧក្រិដ្ឋជន​ធំៗ រួម​មាន​មន្ត្រី ឧកញ៉ា និង​អាជ្ញាធរ​មួយ​ចំនួន​ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស និង​រក​ស៊ី​ឈើ​នោះ​ទេ មាន​ន័យ​ថា ប្រមុខ​ដឹកនាំ​កំពុង​បណ្ដោយ​ឲ្យ​ពួក​គេ​បន្ត​កាប់​ក្បាល​របស់​គាត់​បន្ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។