សហគមន៍ការពារព្រៃឡង់ ឲ្យដឹងថា សកម្មភាពកាប់ឈើ និងដឹកជញ្ជូនឈើយកទៅជួញដូរខុសច្បាប់នៅព្រៃឡង់ ខែត្រក្រចេះ កើតមានច្រើននៅរយៈពេល ៣ខែចុងក្រោយនេះ។ អ្នកភូមិថា អាជ្ញាធររដ្ឋាភិបាល និងមន្ត្រីបរិស្ថានមានកាតព្វកិច្ចអភិរក្សព្រៃឡង់ កំពុងជិះសេះលែងដៃ លែងខ្វល់ខ្វាយរឿងទប់ស្កាត់បទល្មើសព្រៃឈើក្នុងអំឡុងពេលដែលមានវិបត្តិនយោបាយ។
អ្នកភូមិរស់នៅឃុំបឹងចារ ស្រុកសំបូរ ខែត្រក្រចេះ ឲ្យដឹងនៅថ្ងៃទី១១ ខែវិច្ឆិកា ថា ការដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ និងព្រៃសហគមន៍ តាមផ្លូវទឹក និងផ្លូវគោក ដោយក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចឈ្មោះ ស៊ី បាយអូថេច (Ci-Biotech) និងឈ្មួញជួញដូរព្រៃឈើបានកើតមានដោយបើកចំហទាំងយប់ថ្ងៃអំឡុងពេលដែលកម្ពុជា កំពុងមានវិបត្តិនយោបាយ។
ពលរដ្ឋរស់នៅឃុំបឹងចារ ថ្លែងសុំមិនបញ្ចេញឈ្មោះដោយសារបារម្ភពីសុវត្ថិភាពឲ្យដឹងថា ការលួចកាប់ឈើតូច និងដឹកជញ្ជូនឈើខុសច្បាប់ចេញពីព្រៃឡង់ បានកើតមានទាំងយប់ទាំងថ្ងៃ ប៉ុន្តែមន្ត្រីបរិស្ថាន និងសមត្ថកិច្ចមិនបានទប់ស្កាត់បទល្មើសព្រៃឈើទាំងនោះតាមច្បាប់ទេ។ លោកថា ក្រុមហ៊ុន ស៊ី បាយអូថេច បានសម្រុកឈូសឆាយព្រៃយកឈើ និងដឹកជញ្ជូនតាមរថយន្តយីឌុប រយៈពេល ៣ខែមកហើយ។ លើសពីនេះ ការដឹកជញ្ជូនឈើតាមផ្លូវទឹកពីឃុំបឹងចារ ឆ្ពោះទៅទីរួមខែត្រក្រចេះ បានកើតមានស្ទើរជារៀងរាល់ថ្ងៃ ដែលឈ្មួញដឹកឈើប្រភេទសុក្រំ ដោយក្នុងមួយទូកអាចផ្ទុកឈើជាង ៣០ម៉ែត្រគូប។ លោកថា សកម្មភាពកាប់ឈើនោះ និងដឹកជញ្ជូនរយៈពេល ៣ខែចុងក្រោយនេះ ធ្វើឲ្យប៉ះពាល់ដើមឈើផលិតជ័រទឹករបស់ជនជាតិដើមភាគតិចស្ទើរទាំងស្រុង៖ «ក្រុមហ៊ុនស៊ីបាយអូថេច ឲ្យមើលរោងចក្រឥឡូវនេះកំពុងដឹកទាំងយប់ថ្ងៃ មិញនេះដឹកទៀត ដឹកចេញទៅក្រៅអីមិនដឹង ដាក់សុទ្ធតែយីឌុបចេញទៅ»។
មេឃុំកំពង់ចាម លោក ឈិត លាង ទទួលស្គាល់ថា បទល្មើសព្រៃឈើពិតជាកើតមានមែន តែអាជ្ញាធរឃុំពុំមានសមត្ថភាពទប់ស្កាត់បទល្មើសព្រៃឈើទាំងនោះទេ។ លោកថា កន្លងទៅអាជ្ញាធរឃុំធ្លាប់អប់រំផ្សព្វផ្សាយជូនពលរដ្ឋឲ្យរួមគ្នាការពារព្រៃឈើ និងរាយការណ៍ពីបទល្មើសព្រៃឈើទៅមន្ត្រីជំនាញអនុវត្តច្បាប់៖ «បទល្មើសមានមែន តែព្រៃឡង់ រដ្ឋាភិបាលឲ្យបរិស្ថានជាអ្នកគ្រប់គ្រងផ្ទាល់»។
អ្នកសម្របសម្រួលការពារព្រៃឡង់ ខែត្រក្រចេះ លោក ឯក វណ្ណា ឲ្យដឹងថា មន្ត្រីជំនាញហាក់លំបាកក្នុងការអនុវត្តច្បាប់ឲ្យបានពេញលេញក្នុងរឿងទប់ស្កាត់បទល្មើសព្រៃឈើ ត្បិតអ្នកដែលជួញដូរឈើច្រើនមានខ្នងបង្អែក ហើយអ្នកដែលលួចអារឈើសុទ្ធសឹងតែជាពលរដ្ឋក្រីក្រ។ លោកបារម្ភថា ភាពអនាធិបតេយ្យនៃបទល្មើសព្រៃឈើចេញពីតំបន់ព្រៃឡង់ បានកើតមានជាប្រព័ន្ធ ទាំងសកម្មភាពកាប់ព្រៃរានយកដីជាសម្បត្តិបុគ្គល និងការដឹកជញ្ជូនឈើជាដើម៖ «បើគាត់ធ្វើតឹងរ៉ឹងពេកទៅ វាប៉ះពាល់ដល់ប្រជាពលរដ្ឋ ហើយប្រសិនគាត់មិនធ្វើអាហ្នឹងវាមានបញ្ហាអ៊ីចឹងដែរ ហើយពួកគាត់ក៏ប្រឈមបញ្ហាហ្នឹងដែរ។ បទល្មើសភាគច្រើន អ្នកខ្លះក្រីក្រខ្លាំង អ្នកខ្លះមានខ្នងបង្អែក បើធ្វើចាប់ចងទៅវាពិបាក អ៊ីចឹងគាត់តែធ្វើឲ្យគេកាន់តែស្អប់»។
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើនៃសមាគមអាដហុក (ADHOC) លោក ប៊ី វ៉ាន់នី រកឃើញថា ស្ថាប័នជំនាញរបស់រដ្ឋាភិបាលគ្មានសមត្ថភាពការពារព្រៃឈើនៅកម្ពុជាទេ ខណៈដែលសហគមន៍រាយការណ៍ថា សកម្មភាពកាប់ទន្ទ្រានដីព្រៃឡង់ នៅតែកើតមានពេញបន្ទុក។ លោកថា បើទោះបីជាព្រៃឡង់ ត្រូវបានរដ្ឋាភិបាលបញ្ចូលជាព្រៃអភិរក្សក្តី តែការលួចកាប់ឈើនៅតែបន្តកើតមានពេញបន្ទុក ហើយកិច្ចសហការបង្ក្រាប និងការអនុវត្តច្បាប់នៅធូររលុងនៅឡើយ៖ «អ្នកប្រព្រឹត្តបទល្មើសព្រៃឈើ គាត់បង់លុយទិញផ្លូវដើម្បីដឹកឈើខុសច្បាប់ ហើយករណីនេះគឺជាបញ្ហាដដែលៗ វាធ្វើឲ្យធនធានធម្មជាតិកាត់តែវិនាសហិនហោចជាងនេះទៀត»។
សង្គមស៊ីវិលរកឃើញថា អំពើពុករលួយ និងការអនុវត្តច្បាប់ធូររលុង គឺជាដើមហេតុបំផ្លាញព្រៃឈើវិនាសមហន្តរាយ ស្របពេលដែលជនល្មើសដែលមានតួនាទីជាមន្ត្រីរដ្ឋាភិបាល ឧកញ៉ាធំៗ ហាក់មានឥទ្ធិពលលើគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើរបស់លោក សៅ សុខា និងស្ថាប័នតុលាការផង បើទោះបីជាឧកញ៉ាទាំងនោះត្រូវបានរកឃើញថា មានជាប់ពាក់ព័ន្ធដឹកឈើឆ្លងដែនខុសច្បាប់រាប់មិនអស់ក្តី។ លើសពីនេះ អំពើពុករលួយក៏ជាដើមហេតុនាំឲ្យជនល្មើសរួចផុតពីសំណាញ់ច្បាប់ ខណៈដែលគេនៅតែប្រទះឃើញជនល្មើសមុខដដែលធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើ និងការដឹកជញ្ជូនឈើឆ្លងដែនដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។