សហគមន៍ការពារព្រៃឈើភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី អះអាងថា ជនជាតិវៀតណាម បានឆ្លងដែនមកលួចកាប់ឈើក្នុងព្រៃសហគមន៍ ហើយដឹកជញ្ជូនឆ្លងតាមច្រករបៀងព្រំដែនចូលទៅទឹកដីប្រទេសវៀតណាម។ ក្រុមល្បាតព្រៃសហគមន៍អះអាងថា សកម្មភាពលួចកាប់ឈើ ច្រើនធ្វើនៅពេលយប់ ហេតុនេះក្រុមល្បាតមិនអាចទប់ស្កាត់ករណីនេះបាន។
ឈើមូលប្រមាណ ២០ដើម ត្រូវបានក្រុមល្បាតសហគមន៍ភូមិឡំ រកឃើញនៅក្នុងបរិវេណដីសម្បទានរបស់ក្រុមហ៊ុន ម៉ែនសារុន ឬក្រុមហ៊ុន៧២ កាលពីដើមសប្ដាហ៍ ខណៈឈើនេះត្រូវបានជនល្មើសលួចកាប់ចេញពីព្រៃសហគមន៍អភិរក្ស។
តំណាងសហគមន៍ លោក រចំ ខាំ ឲ្យដឹងថា ឈើមូលនេះត្រូវបានជនជាតិវៀតណាម លួចឆ្លងដែនចូលមកកាប់យកឈើធ្វើអាជីវកម្ម។ ជនល្មើសបានដឹកជញ្ជូនឈើមូលចូលក្នុងដីសម្បទានសេដ្ឋកិច្ច បន្ទាប់មកឈើមូលនេះត្រូវគេអារច្រៀកជាសសរជ្រុង ទើបគេដឹកជញ្ជូនឆ្លងដែនតាមច្រករបៀងព្រំដែនប៉ុស្តិ៍ភ្នំក្រហម និងប៉ុស្តិ៍អូរថ្មដា ដែលមានភូមិសាស្ត្រជាប់នឹងព្រៃសហគមន៍។ លោកបន្តថា នឹងចាត់ក្រុមល្បាតសហគមន៍ឲ្យយាមនៅពេលយប់ ដើម្បីឃ្លាំមើលការដឹកជញ្ជូនឈើឆ្ពោះទៅតំបន់ព្រំដែននេះ៖ «ពួកយួន ដឹកតាមប៉ុស្តិ៍ច្រកថ្មដា ហ្នឹងណា! ឈើហ្នឹងៗគេកាប់តាំងពីខែមុន។ ថ្ងៃមុនខ្ញុំចុះ គេអារត្រង់ស៊ីន័រតូចៗអារឈើគេទម្លាក់ក្នុងចម្ការកៅស៊ូហ្នឹងណា! គេអារសសរខ្លះ ៦ម៉ែត្រ ខ្លះ ៧ម៉ែត្រ»។
ទាក់ទិននឹងរបាយការណ៍របស់សហគមន៍នេះ នាយផ្នែកព្រៃឈើស្រុកអូរយ៉ាដាវ លោក ឡេង យុគ អះអាងថា លោកទើបចុះត្រួតពិនិត្យនៅតំបន់នោះដែរ ក៏ប៉ុន្តែមិនឃើញមានភស្តុតាងស្ដីពីការលួចកាប់ឈើខុសច្បាប់នោះឡើយ។ លោកកត់សម្គាល់ថា សមត្ថកិច្ចជំនាញបានបិទរោងចក្រកែច្នៃផលឈើរបស់ក្រុមហ៊ុន ម៉ែនសារុន យូរហើយ ហេតុនេះសកម្មភាពលួចកាប់ឈើនោះមិនទាក់ទិនក្រុមហ៊ុនសម្បទាននេះទេ៖ «ដូចជាអត់ទេ ក្រែងពួកហ្នឹងលួចលាក់ ខ្ញុំក៏មិនដឹង ព្រោះខ្ញុំទៅដល់ប៉ុស្តិ៍សួរនាំអស់រលីង ហើយខាងក្រសួងចុះមកមួយសាហើយតើ! អត់ស្អីទេ ចាំខ្ញុំឲ្យសង្កាត់ចុះទៅស៊ើបសួរថែមទៀតមើល ខ្ញុំទើបតែចុះមកដែរហ្នឹង»។
ចំណែកស្នងការរងទទួលបន្ទុកកិច្ចការព្រំដែននៃស្នងការដ្ឋានប៉ូលិសខេត្តរតនគិរី លោក ហេង រតនា ចាត់ទុកសកម្មភាពឆ្លងដែនលួចកាប់ឈើក្នុងដីខ្មែរ ថាជាអំពើខុសច្បាប់។ លោកអំពាវនាវឲ្យសហគមន៍ផ្តល់ព័ត៌មានបន្ទាន់មកសមត្ថកិច្ចប៉ូលិស ខណៈសហគមន៍បានឃើញ ឬឃាត់ខ្លួនជនជាតិវៀតណាម លួចឆ្លងដែនចូលដីខ្មែរ៖ «ចាប់ហើយ ទូរស័ព្ទមកខ្ញុំភ្លាម ខ្ញុំឲ្យកម្លាំងអន្តរាគមន៍ ហើយខ្ញុំចុះផ្ទាល់។ ឲ្យលេខទូរស័ព្ទខ្ញុំទៅគាត់ផ្ទាល់ ទូរស័ព្ទមកខ្ញុំ»។
សហគមន៍ការពារព្រៃឈើភូមិឡំ កាលពីឆ្នាំ២០១៤ បានសម្រេចសង់រោងយាមការពារព្រៃឈើ ខណៈជនជាតិវៀតណាម បានឆ្លងដែនលួចកាប់ឈើជាច្រើនលើក។ ចំណែកសហគមន៍បានចាប់ឃាត់ខ្លួនជនជាតិវៀតណាម គ្រឿងចក្រមានរណារយន្ត ត្រាក់ទ័រ រួមទាំងមធ្យោបាយប្រព្រឹត្តបទល្មើសព្រៃឈើមួយចំនួនទៀត ក៏ប៉ុន្តែសកម្មភាពលួចឆ្លងដែនមកកាប់ឈើក្នុងដីខ្មែរនៅតែបន្តកើតមាន។
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើនៃសមាគមអាដហុក (adhoc) លោក ឆាយ ធី ចាត់ទុកបទល្មើសព្រៃឈើឆ្លងដែនកើតមាននេះ មកពីការបណ្តែតបណ្តោយ និងធ្វេសប្រហែសរបស់តម្រួតព្រំដែនខ្មែរនៅតំបន់នោះ។ លោកកត់សម្គាល់ថា កន្លងទៅនេះ មន្ត្រីការពារព្រំដែនខ្លះបានចេញមុខអន្តរាគមន៍ឲ្យសហគមន៍ប្រគល់វត្ថុតាង និងដោះលែងពលរដ្ឋវៀតណាម ដែលចូលកាប់ឈើក្នុងដីខ្មែរខុសច្បាប់ទៀតផង៖ «សម្ដេច ស ខេង បានបញ្ជាក់ឲ្យបិទច្រករបៀង អ៊ីចឹងយើងកំពុងតាមដានថាតើការដឹកឈើនេះនៅតែបន្តតាមច្រករបៀង ឬយ៉ាងណា?»។
កាលពីឆ្នាំ២០១២ សហគមន៍ភូមិឡំ បានរកឃើញឈើមូលរាប់ពាន់ដើម ត្រូវគេលួចកាប់ពីព្រៃសហគមន៍ ហើយដឹកជញ្ជូនចូលការដ្ឋានក្រុមហ៊ុន ម៉ែនសារុន ដើម្បីកែច្នៃជាឈើជ្រុងសម្រាប់នាំចេញ ស្របពេលដែលក្រសួងកសិកម្ម បានចេញអាជ្ញាប័ណ្ណរោងចក្រកែច្នៃផលព្រៃឈើដែលប្រមូលក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។