មេ​ឃុំ​អំពាវនាវ​ឲ្យ​ទប់ស្កាត់​ការ​កាប់​ឈើ​ក្រៅ​តំបន់​នៃ​គម្រោង​សង់​ទំនប់​វារីអគ្គិសនី​សេសាន

ដោយ រដ្ឋា វិសាល
2014-12-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​ស្ទឹងត្រែង
ផែនទី​ខេត្ត​ស្ទឹងត្រែង
Photo: RFA

សកម្មភាព​ឈូស​ឆាយ​ព្រៃ​ប្រមូល​ឈើ​ក្នុង​ផ្ទៃ​អាង​ស្តុក​ទឹក នៃ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ខេត្ត​ស្ទឹងត្រែង កំពុង​ដំណើរ​ការ​បាន​ប្រមាណ ២០​ភាគរយ​នៃ​ផ្ទៃដី ៣​ម៉ឺន ៦​ពាន់​ហិកតារ។

ស្រប​ពេល​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​សហគមន៍​នៅ​តំបន់​នោះ​អះអាង​ថា សកម្មភាព​លួច​កាប់​ឈើ​ពី​ព្រៃ​ក្រៅ​តំបន់​បោស​សម្អាត​អាង ក៏​កំពុង​កើត​ជា​ថ្មី។

មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​ស្រែគរ ស្រុក​សេសាន នៅ​ថ្ងៃ​ពុធ ទី​១៣ ខែ​ធ្នូ អំពាវនាវ​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ផែនការ​សម្អាត​អាង​ស្តុក​ទឹក នៃ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ខេត្ត​ស្ទឹងត្រែង ចាត់​វិធានការ​ទប់ស្កាត់​សកម្មភាព​កាប់​ឈើ​មូល​អនាធិបតេយ្យ​ពី​ព្រៃ​ក្រៅ​តំបន់​បោស​សម្អាត​អាង។

សេចក្តី​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ​សហគមន៍​នៅ​ឃុំ​ស្រែគរ រាយការណ៍​ថា ឈើ​មូល​រាប់​រយ​ដើម ត្រូវ​គេ​កាប់​ពី​ព្រៃ​ក្រៅ​បរិវេណ​អាង​ប្រមាណ​ពីរ​ខែ​កន្លង​ទៅ​នេះ។

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ មាន​ប្រសាសន៍​បញ្ជាក់​ថា សហគមន៍​បាន​រាយការណ៍​ថា ឈើ​មូល​នៅ​ចំណុច​វាល​តាម៉ាត ចម្ងាយ​ជាង ១០​គីឡូម៉ែត្រ​ពី​ភូមិ​ស្រែគរ​១​ត្រើយ​ម្ខាង​ទន្លេ ត្រូវ​កម្មករ​អារ​រំលំ​ហើយ​ច្រៀក​ជា​ឈើ​បួន​ជ្រុង។ ឈើ​ជ្រុង​នេះ​ត្រូវ​គេ​ប្រើប្រាស់​រថយន្ត​ប្រភេទ​ស្ទូច​ឈើ​ដឹក​ចេញ​ពី​ព្រៃ មក​ស្តុក​នៅ​ការដ្ឋាន​ស្តុក​ឈើ​ក្រុមហ៊ុន​នៅ​មាត់​ទន្លេ បន្ទាប់​មក​ឈើ​ត្រូវ​ដឹក​ជញ្ជូន​ឆ្លង​ទន្លេ​មក​ភូមិ​ស្រែគរ ហើយ​បន្ត​ដឹក​ចេញ​តាម​រថយន្ត​ធំៗ​ទៅ​កន្លែង​ស្តុក​ឈើ​របស់​ក្រុមហ៊ុន​សម្អាត​អាង នៅ​ចំណុច​ស្ពាន​ស្រែពក។ លោក​កត់​សម្គាល់​ថា នេះ​ជា​បទល្មើស​ព្រៃ​ឈើ​ធ្ងន់ធ្ងរ​លើក​ទី​២ បន្ទាប់​ពី​សកម្មភាព​ដូច​គ្នា​នេះ​កើត​មាន​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៣៖ «ប្រជាពលរដ្ឋ​ឲ្យ​របាយការណ៍​ខ្ញុំ វា​ធំធេង​ណាស់​កាប់​ដើម​ឈើ​ក្រំ​ដើម​ផ្ចឹក កាប់​អត់​មាន​ព្រំដែន ព្រោះ​វា​កាប់​លើស​ព្រំដែន​បាត​អាង»

ក្រសួង​កសិកម្ម កាល​ពី​ខែ​មីនា ឆ្នាំ​២០១៣ បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន អាំង អេន អាសូស៊ីអេត ឡយ័រ (ANG & Associates Lawyer) កាប់​ឈើ​សម្អាត​អាង​ស្តុក​ទឹក​នៃ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ។ ក៏ប៉ុន្តែ ក្រុមហ៊ុន​នេះ​មាន​ផ្តល់​សិទ្ធិ​ទៅ​ឲ្យ​អ្នក​ម៉ៅការ​កាប់​សម្អាត​ផ្ទៃ​អាង​បន្ត គឺ​ឧកញ៉ា លឹម ប៊ុណ្ណា។

ឆ្លើយ​តប​ការ​អះអាង​នេះ មេការ​ការដ្ឋាន​បោស​សម្អាត​អាង​របស់​លោក​ឧកញ៉ា លឹម ប៊ុណ្ណា ឈ្មោះ រេត បញ្ជាក់​ថា តាំង​ពី​រដូវ​ធ្លាក់​ភ្លៀង​រហូត​បច្ចុប្បន្ន​មិន​មាន​សកម្មភាព​កាប់​ឈើ​សម្អាត​អាង​នោះ​ទេ។ បច្ចុប្បន្ន ក្រុមហ៊ុន​កំពុង​ធ្វើ​ផ្លូវ​ត្រៀម​បោស​សម្អាត​អាង​បន្ត​នៅ​រដូវ​ប្រាំង​នេះ។ លោក​បដិសេធ​ថា ក្រុមហ៊ុន​មិន​ពាក់ព័ន្ធ​កាប់​ឈើ​ក្រៅ​ផ្ទៃ​អាង​អ្វី​នោះ​ឡើយ៖ «អត់​មាន​ទេ​បង ឥឡូវ​ធ្វើ​ផ្លូវ​សិន​អត់​ទាន់​ធ្វើ​បាន ព្រោះ​ខែ​ភ្លៀង​ខែ​វស្សា​កន្លង​មក យើង​ធ្វើ​អត់​បាន»

ទាក់ទិន​ករណី​នេះ​ដែរ អ្នក​ឃ្លាំ​មើល​បរិស្ថាន​អង្គការ​ទន្លេ​បី លោក មាច មៀន ចាត់​ទុក​បទល្មើស​ព្រៃ​ឈើ​ក្រៅ​តំបន់​បោស​សម្អាត​អាង ថា​ជា​បញ្ហា​ដដែល​ធ្លាប់​កើត​មាន​តាំង​ពី​ឆ្នាំ​២០១៣។ លោក​ចាត់​ទុក​ថា នេះ​ជា​ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ​ដែល​មន្ត្រី​ជំនាញ​ព្រៃ​ឈើ និង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ទទួល​ខុស​ត្រូវ៖ «ដោយសារ​ភាព​កម្សោយ​របស់​អាជ្ញាធរ​ដែនដី ជាពិសេស​មន្ត្រី​ជំនាញ​ព្រៃ​ឈើ​មិន​ព្រម​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ ឲ្យ​បាន​តឹងរ៉ឹង អាច​ថា​បាន​ចូល​ដៃ​ចូល​ជើង​ក៏​មិន​ដឹង»

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ មិន​អាច​ទាក់ទង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹងត្រែង លោក ឈាង តុលា សុំ​បញ្ជាក់​ពី​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ។

ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ អភិបាល​រង​ខេត្ត​ស្ទឹងត្រែង លោក ដួង ពៅ មាន​ប្រសាសន៍​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​នៅ​ឡើយ។ លោក​ថា នឹង​ត្រួត​ពិនិត្យ​បញ្ហា​នេះ​ទៅ​មន្ត្រី​ព្រៃ​ឈើ និង​ក្រុមហ៊ុន​ពាក់ព័ន្ធ​នៅ​តំបន់​នោះ៖ «ខ្ញុំ​មើល​ប្លង់​ផែនទី តើ​អា​ហ្នឹង​ឋិត​ក្នុង​តំបន់​ផ្ទៃ​អាង ឬ​អត់? ចាំ​មើល​ខ្ញុំ​សួរ​រដ្ឋបាល​ព្រៃ​ឈើ និង​អាជ្ញាធរ តើ​ក្រុមហ៊ុន​ណា​ធ្វើ​ហ្នឹង?»

អតីត​មេការ​ក្រុមហ៊ុន​ម៉ៅការ​សម្អាត​ផ្ទៃ​អាង លោក សាន ចយ ធ្លាប់​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា មន្ត្រី​ព្រៃ​ឈើ​បាន​វាយ​តម្លៃ​បរិមាណ​ផល​ព្រៃ​ឈើ​ដែល​ត្រូវ​ប្រមូល​ក្នុង​ផ្ទៃ​អាង​មាន​ចំនួន ៦៥​ម៉ឺន​ម៉ែត្រ​គូប។ ក៏ប៉ុន្តែ ប្រជាពលរដ្ឋ​សហគមន៍​អះអាង​ថា ឈើ​មាន​តម្លៃ​ក្នុង​តំបន់​ផ្ទៃ​អាង ត្រូវ​ក្រុមហ៊ុន​កាប់​យក​ចេញ​អស់​ហើយ​តាំង​ពី​ឆ្នាំ​២០១៣។ ក្នុង​នោះ​ដែរ ក្រុមហ៊ុន​បាន​បន្ត​ជួល​កម្មករ​កាប់​ឈើ​មូល​ពី​ព្រៃ​ក្រៅ​បរិវេណ​អាង​ដោយ​អនាធិបតេយ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

លោកមេឃុំជាទីរាប់អាន លោកមានជ្រាបរឿងកូនប្រសាភ្នែកប្រាក់​ដែរទេ បើលោកជ្រាបហើយអ្នកដឹកនាំប្រទេសពេលនេះ វាអន់ជាង​រឿង​​ហ្នឹងទៅទៀត ថាមើលមិនឃើញក៏អាចស្តាប់ឮខ្លះដែរ តែនេះ​ស្តាប់ក៏មិនឮមើលក៏មិនឃើញ ទើបប្រទេសជាតិ ប្រជារាស្រ្ត រង​គ្រោះ​​យ៉ាងនេះ យើងមិនអាចធ្វើអ្វីបានក្រៅពីការបន់ស្រន់សូម​អោយ​ទេវតាបរាមុខពួកដែលបំផ្លាញជាតិ និងសូមឲ្យអ្នកតាកាច់ពួកបំផ្លាញ​ធម្មជាតិទាំងនោះតែប៉ុណ្ណឹងអែង ក្រៅពីនោះយើងគ្មានសង្ឃឹមអ្វីទាំង​អស់ ឫក៏ទ្រាំចាំដល់ជិតថ្ងៃបោះឆ្នោតអាចមានសង្ឃឹមខ្លះ។

Dec 14, 2014 06:53 PM

គេហទំព័រ​ទាំងមូល