អាជ្ញាធរ​ចុះ​ពិនិត្យ​ភាព​មិន​ប្រក្រតី​អាជីវកម្ម​ឈើ​ក្រុមហ៊ុន​ស៊ីងបាយអូថេក ខេត្ត​ក្រចេះ

0:00 / 0:00

គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បាន​ចុះ​ពិនិត្យ​ពី​ភាព​មិន​ប្រក្រតី នៃ​អាជីវកម្ម​ឈើ របស់​ក្រុមហ៊ុន ស៊ីងបាយអូថេក (THINK BIOTECH CAMBODIA) ឋិត​ក្នុងស្រុក​សំបូរ ខេត្ត​ក្រចេះ។ សកម្មជន​បរិស្ថាន​សង្ស័យ​ថា ក្រុមហ៊ុន​នេះ អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កាប់​ព្រៃ​អភិរក្ស។

អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក អេង ហ៊ី ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី៤ កញ្ញា ថា អាជ្ញាធរ​មិនទាន់​បញ្ចេញ​លទ្ធផល​នៃ​ការ​ត្រួត​ពិនិត្យ​នេះ​នៅឡើយ​ទេ ដោយសារតែ លោក​មិនទាន់​បង្ហាញ​ពី​លទ្ធផល ព្រោះ​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​ស៊ើបអង្កេត​ក្រុមហ៊ុន​ស៊ីងបាយអូថេក ឱ្យ​រួចរាល់​សិន​។ លោក​ថា ប្រសិនបើ សហគមន៍​ព្រៃឡង់ និង​ពលរដ្ឋ​មូលដ្ឋាន រក​ឃើញ​ភស្តុតាង​នានា ទាក់ទិន​ពី​ភាព​មិន​ប្រក្រតី​អាជីវកម្ម​ឈើ​ក្រុមហ៊ុន​នេះ សូម​ផ្តល់​ព័ត៌មាន​ទៅ អយ្យការ និង​កងរាជអាវុធហត្ថ​ខេត្ត​សាមី។ លោក​បញ្ជាក់​ថា បើ​រក​ឃើញ​ថា ក្រុមហ៊ុន​នេះ​មាន​កំហុស អាជ្ញាធរ​នឹង​អនុវត្ត​តាមច្បាប់៖ «គ្មាន​អី​ត្រូវ​រាយការណ៍​ទេ ព្រោះ​នេះ​គេ​ធ្វើ​ការងារ​របស់​គេ ការ​ស្រាវជ្រាវ​នេះ​។ ហ្នឹងហើយ​គេ​ធ្វើការងារ​គេ​សិន​។ អ្នក​ដែល​មាន​សិទ្ធិ​ផ្តល់​ព័ត៌មាន​ជា​ភស្តុតាង សូម​ឱ្យ​គាត់​ទំនាក់ទំនង យក​ភស្តុតាង​ហ្នឹង ទៅ​បង្ហាញ​ទៅ​ខាង​អយ្យការ ឬក៏​ខាង​រាជ​អាវុធហត្ថ​។ ខេត្ត​ណា គាត់​ទៅ​ខេត្ត​ហ្នឹង​ទៅ»។

អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង តំណាង​ក្រុមហ៊ុន ស៊ីងបាយអូថេក ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​បាន​ថា​យ៉ាងណា​នៅឡើយ​ទេ នៅ​ថ្ងៃ​ទី៤ កញ្ញា។

សកម្មជន​បរិស្ថាន និង​សហគមន៍​ព្រៃឡង់ ចាត់​ទុក ការ​ចុះ​ស្រាវជ្រាវ​នេះ ហាក់​ដូចជា​ការរៀបចំ​ទុក​មុន ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពួកគេ​បារម្ភ​ថា អាជ្ញាធរ​អាច​នឹង​សម្រួល​ឱ្យ​ក្រុមហ៊ុន​កាប់​ឈើ​ក្នុង​ព្រៃ​ឡង់ និង​ដើម​ច្បោះ​ជ័រ​អ្នកស្រុក​បន្ថែម​ទៀត។ ពួកគេ​ព្រមាន​ថា ប្រសិនបើ​គណៈកម្មការ​ជំនាញ និង​ក្រសួង​ពាក់ព័ន្ធ នៅតែ​បណ្ដោយ​ឱ្យ​ក្រុមហ៊ុន​នេះ​ដំណើរការ​អាជីវកម្ម​ទៀ​ត មានន័យថា ស្ថាប័ន​កំពូល​ថ្នាក់​ជាតិ​រួម​ទាំង​រដ្ឋាភិបាល​ផង បាន​រួម​ចំណែក​បំផ្លាញ​ទំហំ​ព្រៃឡង់​ធំធេង និង​បំផ្លាញ​ជីវភាព​ប្រជាជន ដោយសារ​បាត់បង់​រណ្ដៅ​ជ័រទឹក និង​បាត់បង់​កន្លែង​រក​អនុផល​ព្រៃឈើ។

ឯកសារ​ដែល​អាស៊ីសេរី​ទទួល​បាន ស្ដីពី​កំណត់ហេតុ នៃ​ការ​ចុះ​វាស់វែង ក្រុមហ៊ុន​ស៊ីងបាយអូថេក ធ្វើឡើង​កាលពី​ពាក់​កណ្តាល​ខែ​សីហា ឆ្នាំ ២០១៩​កន្លងទៅ របស់​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បង្ហាញ​ថា គណៈកម្មការ​នេះ​រក​ឃើញ ឈើ ៦៧០ កំណាត់ ឈើ​ហ៊ុប​លេខ​ពីរ ចំនួន ៧៧​កំណាត់ ឈើ​លេខ ៣​ចំនួន ៩១ កំណាត់ និង​ឈើ​ហ៊ុប​ក្រៅ​លំដាប់ថ្នាក់​ចំនួន ១៤៦ កំណាត់ ។ ក្រោយពី​ការ​វាស់វែង​រួច ក្រុមហ៊ុន បាន​ឯកភាព រក្សាទុក​ឈើ​នោះ​ជា​បណ្ដោះអាសន្ន និង​ព្រម​បង់ថ្លៃ​ពន្ធ ឬ​សួយ​សារ លើ​អនុផល​ព្រៃឈើ។

សហគមន៍​ព្រៃឡង់ ខេត្ត​ស្ទឹងត្រែង លោក យឹម សុភ័ក្រ ថ្លែង​ថា កំហុស​ជាច្រើន​ដែល​ក្រុមហ៊ុន​នេះ អនុវត្ត​ផ្ទុយ​ពី​ច្បាប់ និង​កិច្ចសន្យា​វិនិយោគ​រួមមាន ក្រុមហ៊ុន បាន​បើក​ទីតាំង​ប្រមូល​ទិញ​ឈើ​ខ្នាត​ធំ ជាប់​ព្រៃ​អភិរក្ស និង​កាប់​បំផ្លាញ​រណ្ដៅ​ជ័រទឹក របស់​ពលរដ្ឋ​ក្នុង​ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង​ស្ទើរ​អស់ទាំង​ស្រុង​។ លើស​ពី​នេះ ក្រុមហ៊ុន​មិនបាន​កាត់​ឆ្វៀល​ផល​ប៉ះពាល់ ព្រៃ​នៅ​តំបន់​ប្រមូល​ផល​របស់​សហគមន៍ ថែមទាំង​ឈូស​ឆាយដី​ចំណី​អូរ​ធម្មជាតិ និង​ជួល​កម្មករ កាប់​ឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃឡង់ លក់​ឱ្យ​ខ្លួន៖ «សូម​ឱ្យ​គណៈកម្មការ​ហ្នឹង ធ្វើ​យ៉ាងណា​ដាក់​បន្ទុក​ធ្ងន់​លើ​ក្រុមហ៊ុន ដែល​បាន​អនុវត្ត​ខុស​កន្លងមក​ដូចជា ផល​ប៉ះពាល់​ពី​ដើម​ច្បោះ​របស់​ប្រជា​សហគមន៍​ជាដើម សូម​ឱ្យ​ក្រុមហ៊ុន​ទទួលខុសត្រូវ លើ​ការ​ផល​ប៉ះពាល់​អស់ទាំង​ហ្នឹង។ មួយទៀត ការខូចខាត​នៅ​តំបន់​ដែន​ជម្រក​សត្វព្រៃ ក្រុមការងារ​របស់​ក្រុមហ៊ុន​បាន​បំពាន​ចូល គួរតែ​គណៈកម្មការ​ពិនិត្យ​ដាក់​បន្ទុក​ធ្ងន់ធ្ងរ​ចំណុច​នេះ និង​ពិនិត្យមើល​ករណី​នេះ​បាន​ល្អិតល្អន់ លើ​ករណី​នេះ​ផង​ដែរ»។

សកម្មជន​បរិស្ថាន លោក ហេង ស្រស់ មើល​ឃើញ​ថា បេសកកម្ម​របស់ គណៈកម្មការ​ជំនាញ គ្រាន់តែ​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ ខណៈ​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ​ជាច្រើន និង​ការ​ស្រែក​តវ៉ា​ទាមទារ​យុត្តិធម៌ របស់​សហគមន៍​ព្រៃឡង់ មិន​ត្រូវ​បាន​គណៈកម្មការ​នេះ ដាក់បញ្ចូល​ក្នុង​កំណត់ហេតុ​នេះ​ទេ​។ លោក​ថា រយៈពេល ៣ ខែ អំឡុង​ដើម​ឆ្នាំ ២០១៩ ក្រុម​សកម្មជន​បរិស្ថាន ប្រទះឃើញ ឈើ​មូល​ធំៗ រាប់ពាន់​ម៉ែត្រ​គូប ឋិត​ក្នុង​បរិវេណ​ក្រុមហ៊ុន​ស៊ីងបាយអូថេក ហើយ​ឈើ​ទាំងនោះ​ប្រមូល​ចេញពី​ខាងក្រៅ បរិវេណ​ក្រុមហ៊ុន ឬ ដែន​ជម្រក​សត្វព្រៃ​ឡង់ និង​មួយ​ចំនួន​ទៀត ប្រមូល​ពី​តំបន់​ដែល​អ្នកភូមិ​អាស្រ័យ​ផល៖ «ខ្ញុំ​គិត​ថា វា​ជា​ការ​រៀបចំ​ទុក​ហើយ​អស់ហើយ បាន​គណៈកម្មការ​គាត់​ចុះទៅ ធ្វើការ​ត្រួត​ពិនិត្យ ដឹង​ស្រាប់​ហើយ​ថា ក្រុមហ៊ុន​ស៊ីងបាយអូថេក គឺជា​ក្រុមហ៊ុន​មួយ ដែល​ពលរដ្ឋ​តែង​ចោទ​ថា ជា​ក្រុមហ៊ុន​លួច​កាប់​បំផ្លាញ​ព្រៃ​ដើម​ច្បោះ​របស់​គាត់ លួច​ចូល​កាប់​ព្រៃ ដឹក​ចេញពី​តំបន់​ឡង់ ចេញពី​ខេត្ត​ស្ទឹងត្រែង​ទៀត។ ហេតុអ្វី​បានជា​គណៈកម្មការ ទៅ​រាប់​ឈើ​ចាស់ៗ គេ​ទុកចោល​រាប់​ឆ្នាំ​។ នេះ​ហើយ​ហាក់​បី ដូចជា​រៀបចំ​មួយ សម្រួល​ឱ្យ​ក្រុមហ៊ុន​កាប់​តំបន់​ព្រៃ​ការពារ ព្រៃ​ឡង់»។

សហគមន៍​ព្រៃឡង់ បន្ថែម​ថា ទំហំ​ព្រៃឈើ​ជាង ៣​ម៉ឺន ៤​ពាន់​ហិកតារ ដែល​រដ្ឋាភិបាល​ផ្ដល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​ភាគច្រើន សម្បូរ​ដោយ​ព្រៃស្រោង និង​ជា​ជម្រក​សត្វព្រៃ​កម្រ​រស់នៅ មិន​គួរ​ជា​កម្មវត្ថុ អនុញ្ញាត​ឱ្យ​មាន​វត្តមាន​ក្រុមហ៊ុន​ឯកជន​វិនិយោគ​នោះ​ទេ។

កំណត់ហេតុ​របស់​គណៈកម្មការ​ជំនាញ បាន​ស្រង់​សំដី​តំណាង​ក្រុមហ៊ុន ឱ្យ​ដឹងទៀត​ថា ក្រុមហ៊ុន​ទទួល​សិទ្ធិ​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ផ្ទៃដី​សរុប ជាង ៣ ម៉ឺន ៤​ពាន់​ហិកតារ (៣៤.០០៧) តែ​ការអនុវត្ត​ជាក់ស្ដែង ក្រុមហ៊ុន​គ្រប់គ្រង​ដី​ចំនួន ២​ម៉ឺន ៥​ពាន់​ហិកតារ (២៥.០០០) ប៉ុណ្ណោះ ក្រោយពី​កាត់​ឆ្វៀល​ផល​ប៉ះពាល់ ចេញ​ពី​តំបន់ ដី​ចំណី​ផ្លូវ ដី​ជាប់​មាត់ទឹក ដី​ព្រៃ​រក្សាទុក ដី​គម្រប​ព្រៃ និង​ដី​ប៉ះពាល់​ពលរដ្ឋ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។