សង្គម​ស៊ីវិល​និង​ពលរដ្ឋ​គ្មាន​ជំនឿ​លើ​ការ​ព្រមាន​រឿង​បទល្មើស​ឈើ​តាម​ច្រក​ព្រំដែន​ទៅ​វៀតណាម

ដោយ សេក បណ្ឌិត
2018.01.25
ដឹក​ជញ្ជូន​ឈើ​ទៅ​វៀតណាម ២០១៧ ១៤៤០ សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA
Photo courtesy of EIA

មន្ត្រី​សង្គម​ស៊ីវិល ក្រុម​យុវជន និង​ពលរដ្ឋ​នៅ​តំបន់​ភាគ​ឦសាន​អស់​ជំនឿ​ចំពោះ​សារ​ព្រមាន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពី​បទល្មើស​ជួញដូរ​ឈើ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម។ លោក ហ៊ុន សែន ធ្លាប់​បាន​ព្រមាន​អភិបាល​ខែត្រ​ត្បូងឃ្មុំ និង​អភិបាល​ខែត្រ​មួយ​ចំនួន​ទៀត​ច្រើន​លើក​មក​ហើយ ប៉ុន្តែ​ពលរដ្ឋ​សង្កេត​ឃើញ​ថា អាជ្ញាធរ​មិន​អើពើ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​ខុស​ច្បាប់​នោះ​ឡើយ។

​អ្នកឃ្លាំមើល​បរិស្ថាន ក្រុម​យុវជន និង​ពលរដ្ឋ ចាត់​ទុក​សារ​ព្រមាន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា​ពុំ​មាន​ឥទ្ធិពល​ជា​វិជ្ជមាន ដើម្បី​តម្រង់​ទិស​មន្ត្រី​រដ្ឋាភិបាល និង​អាជ្ញាធរ​ខែត្រ​ឲ្យ​រួមគ្នា​លុបបំបាត់​បទល្មើស​ព្រៃឈើ​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ ក៏ប៉ុន្តែ​ប្រសិនបើ​មន្ត្រី​ពាក់ព័ន្ធ​អនុវត្ត​នោះ គឺ​បាន​តែ​មួយ​ឆាវ ឬ​ដូច​ភ្លើង​ចំបើង។

​អនុ​ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា លោក សរ ម៉ូរី កត់សម្គាល់​ថា ប្រមុខ​រដ្ឋាភិបាល​បាន​ប្ដេជ្ញា​ចិត្ត​ច្រើន​ណាស់​មក​ហើយ​រឿង​បញ្ឈប់​នាំ​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម ក៏ប៉ុន្តែ​បទល្មើស​ព្រៃឈើ និង​ការ​នាំ​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម នៅ​តែ​ជា​ក្តី​បារម្ភ។ លោក​ថា បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃឡង់ នៅ​តែ​កើត​មាន​ច្រើន ដែល​គេ​ដឹក​តាម​ម៉ូតូ គោយន្ត ទូក និង​រថយន្ត ដើម្បី​លក់​ឲ្យ​ដេប៉ូ​ឈើ​នៅ​ក្បែរ​តំបន់​នោះ។

លោក​សង្កត់ធ្ងន់​ថា ការ​អនុវត្ត​ច្បាប់​ធូរ​រលុង និង​អំពើ​ពុករលួយ គឺ​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​ព្រៃឈើ​វិនាស​ហិនហោច ហេតុ​នេះ​រដ្ឋាភិបាល​គួរ​ពិនិត្យ​ករណី​នេះ ដោយ​ត្រូវ​ដាក់​ទោសទណ្ឌ​ដល់​ឈ្មួញ ឧកញ៉ា និង​អ្នក​មាន​អំណាច​ដោយ​មិន​រើសមុខ  ដែល​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​ឈើ​ខុស​ច្បាប់៖ «រដ្ឋាភិបាល​ប្ដេជ្ញា​ចិត្ត​ថា នឹង​អនុវត្ត​ច្បាប់​ព្រៃឈើ​ឲ្យ​មាន​ប្រសិទ្ធភាព ទាល់​តែ​រដ្ឋាភិបាល​បង្ហាញ​ថា នឹង​ចាប់​ជនល្មើស​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​មក​ផ្ដន្ទាទោស​ឲ្យ​ពលរដ្ឋ​បាន​ឃើញ​បាន​យើង​ជឿជាក់»

​សហគមន៍​ការពារ​ព្រៃឈើ​រស់នៅ​ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង លោក ថាន់ វ៉ន យល់​ថា សារ​ព្រមាន​របស់​ប្រមុខ​រដ្ឋាភិបាល​លើ​អភិបាល​ខែត្រ​ត្បូងឃ្មុំ នៅ​ពុំ​ទាន់​គ្រប់​ជ្រុងជ្រោយ​នៅ​ឡើយ​ទេ ដរាបណា​អ្នក​ពាក់ព័ន្ធ​បំផ្លាញ​ព្រៃឈើ រោងចក្រ​អារ​ឈើ និង​ដេប៉ូ​ទិញ​ឈើ រួម​ទាំង​ឧកញ៉ា​ដែល​ជួញដូរ​ឈើ​ខុស​ច្បាប់​នៅ​តែ​បន្ត​អាជីវកម្ម​ឈើ​ដដែលៗ ពុំ​មាន​ការ​ទប់ស្កាត់៖ «ដូច​ពួក​ខ្ញុំ​អ្នក​ការពារ​ព្រៃ​ឈើ ដូច​មិន​ឈឺ​ឆ្អាល​ទេ​រឿង​ការ​ព្រមាន គាត់​ព្រមាន​ឲ្យ​ផុយ​ពី​សម្ដី​គាត់​​តែប៉ុណ្ណោះ តែ​ការ​ជាក់ស្ដែង ការ​ព្រមាន​នេះ​អត់​មា​ប្រសិទ្ធភាព»

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ការ​ណែនាំ​របស់​ប្រមុខ​រដ្ឋាភិបាល​ទៅ​កាន់​មន្ត្រី​ថ្នាក់​ក្រោម​ជា​រឿង​ធម្មតា​សម្រាប់​ថ្នាក់ដឹកនាំ​ប្រទេស ប្រៀប​ដូចជា​ឪពុក​ម្ដាយ​ណែនាំ​កូន​ចៅ​ដូច្នេះ​ដែរ។ លោក​បញ្ជាក់​ថា ការ​លើក​ឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​ក្នុង​កិច្ចប្រជុំ​សន្និបាត​នេះ ជា​រឿង​ផ្ទៃក្នុង​របស់​បក្ស​ពុំ​មាន​អ្វី​ធំដុំ​នោះ​ទេ៖ «កុំ​ចាប់​អារម្មណ៍​ចង់​ដឹង​អី ការងារ​រាក់​ជ្រៅ ពីព្រោះ​ក្នុង​សន្និបាត​អា​ហ្នឹង​ថា​មាន​បញ្ហា​អី​ជា​រឿង​ផ្ទៃក្នុង​របស់​គណបក្ស​ដូច​គ្រួសារ​មួយ​អ៊ីចឹង​មាន​ការ​អី​ឪពុក​ម្ដាយ​ប្រដៅ​កូនចៅ​ជា​រឿង​ធម្មតា»

​អភិបាល​ខែត្រ​ត្បូងឃ្មុំ និង​អភិបាល​ខែត្រ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី​ព្រមាន​ធ្ងន់ៗ រឿង​បទល្មើស​ព្រៃឈើ​ឆ្លង​ដែន​ទៅ​វៀតណាម។ ក្រោយ​ពី​ការ​ព្រមាន​រួច អភិបាល​ខែត្រ​ត្បូងឃ្មុំ បាន​បញ្ជា​ឲ្យ​បិទ​ច្រក​របៀង​ចេញ​ចូល​ប្រទេស​វៀតណាម ខុស​ច្បាប់ និង​ត្រួត​ពិនិត្យ​មើល​ទំនិញ​គេច​ពន្ធ និង​កុងត្រូល​ជជុះ​ជាដើម។

​មន្ត្រី​ជាន់​ខ្ពស់​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់​ថា សារ​ព្រមាន​របស់​ប្រមុខ​រដ្ឋាភិបាល​ជា​ការ​ពញ្ញាក់​ស្មារតី​មន្ត្រី​ក្រោម​ឱវាទ​ឲ្យ​ធ្វើ​ការងារ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​វិញ និង​បញ្ឈប់​មិន​ឲ្យ​មានការ​កាប់​បំផ្លាញ​ព្រៃឈើ​បន្ត​ទៀត។ តែ​យ៉ាងណា​លោក​កត់សម្គាល់​ថា សារ​ព្រមាន​នេះ​ពុំ​មាន​ជា​រឿង​ថ្មី​ឡើយ ដែល​ប្រមុខ​រដ្ឋាភិបាល​តែង​ដាស់តឿន​អភិបាលខែត្រ និង​មន្ត្រី​ពាក់ព័ន្ធ​លុបបំបាត់​បទល្មើស​ព្រៃ​ឈើ តែ​ផ្ទុយ​ទៅ​វិញ អភិបាល​ខែត្រ​សាមី និង​មន្ត្រី​ពាក់ព័ន្ធ មិន​បាន​អនុវត្ត​តាម​ឲ្យ​បាន​ប្រសើរ​ទេ៖ «ការ​អនុវត្ត​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា​យើង​នេះ អត់​ឆ្លុះ​បញ្ចាំង​ឲ្យ​ទូលំទូលាយ​ជា​លក្ខណៈ​ប្រព័ន្ធ​ច្បាស់លាស់​ទេ គ្រាន់​តែ​ជា​ការ​អនុវត្ត​តាម​ចរិត​របស់​មន្ត្រី​តាម​តំបន់​នីមួយ​ប៉ុណ្ណោះ។ សមត្ថកិច្ច​ខ្លះ​គាត់​បាន​ធ្វើ​កិច្ចការ​របស់​គាត់ ហើយ​នៅ​តំបន់​មួយ​ចំនួន​ពុំ​សូវ​អើពើ​តាម​តួនាទី​របស់​ខ្លួន​ទេ»

​លោក ស៊ឹង សែនករុណា បន្ថែម​ថា រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ មក​ទល់​ពេល​នេះ​សកម្មភាព​គណៈកម្មការ​នេះ​ហាក់​ដូចជា​រលត់​ទៅ​វិញ។ លោក​ចង់​ឃើញ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​មួយ​ដោយ​ឯករាជ្យ តាមដាន និង​ត្រួត​ពិនិត្យ​តួនាទី​របស់​សមត្ថកិច្ច ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​អនុវត្ត​ច្បាប់​ឲ្យ​បាន​ពេញលេញ​កុំ​អោយ​មាន​តែ​ឈ្មោះ ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​ជំនឿ​ចិត្ត។ លើស​ពី​នេះ រដ្ឋាភិបាល​ត្រូវ​បិទ​មិន​ឲ្យ​មាន​ការ​នាំចេញ​ឈើ​គ្រប់​រូបភាព និង​ដក​អាជ្ញាប័ណ្ណ​លើ​ក្រុមហ៊ុន​ណា​ពាក់ព័ន្ធ​ជួញ​ដូរ​ឈើ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។